២០២២
ព្រះអម្ចាស់​បាន​រក្សា​ការសន្យា​របស់​ទ្រង់
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ព្រះអម្ចាស់​បាន​រក្សា​ការសន្យា​របស់ទ្រង់ » Liahonaខែ​កក្កដា/សីហា ឆ្នាំ​២០២២

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ព្រះអម្ចាស់​បាន​រក្សា​ការសន្យា​របស់​ទ្រង់

ចំពោះ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ ពរជ័យ​របស់​ព្រះអម្ចាស់​បានកើតឡើង​បន្ទាប់​ពី​ការគោរព​ប្រតិបត្តិ​របស់​ខ្ញុំ ។

រូបភាព
តំណក់​ប្រេង​ស្រក់​ចូលទៅ​ក្នុង​ចាន

បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ហៅ​ជា​ទីប្រឹក្សា​ម្នាក់​នៅ​ក្នុង​គណៈប្រធាន​ស្តេក​បាន​ពីរ​ខែ ខ្ញុំ​បាន​បាត់បង់​ការងារ ។ ខ្ញុំ​បាន​ព្រួយ​ចិត្ត​ថា តើ​ខ្ញុំ​នឹង​ផ្គត់ផ្គង់​ដល់​ភរិយា និង​កូន​ទាំងពីរ​របស់​ខ្ញុំ​បាន​យ៉ាង​ដូចម្ដេច ។

ខណៈ​ដែល​កំពុង​ស្វែង​រក​ការងារ​ថ្មី ខ្ញុំ​បាន​ថ្វាយ​ខ្លួន​ខ្ញុំ​សម្រាប់​ការ​ហៅ​របស់​ខ្ញុំ ដែល​វា​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន​ដើម្បី​បម្រើ​បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ។ ពិតណាស់ ខ្ញុំ​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការហៅ​របស់​ខ្ញុំ រហូត​ដល់​ភរិយា​ខ្ញុំ​បាន​ងឿងឆ្ងល់​ថា តើ​អាច​មាន​នរណា​ម្នាក់​ផ្សេងទៀត​នៅ​ក្នុង​ស្តេក ដែល​អាច​ធ្វើ​ការចាត់​តាំង​ខ្លះ​របស់​ខ្ញុំ​បាន​ទេ ។

នា​យប់មួយ​ដែល​មាន​ភ្លៀង​ធ្លាក់ គឺ​ពីមុន​រាត្រីជួបជុំ​ក្រុម​គ្រួសារ​បន្តិច នោះ​ទូរសព្ទ​បាន​រោទិ៍​ឡើង ។ នៅ​ក្នុង​ស្តេក​មាន​បងប្រុស​ម្នាក់​ដែល​ឈឺធ្ងន់​ត្រូវការ​ការប្រសិទ្ធពរ ហើយ​ខ្ញុំ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ទៅ​មើល​គាត់ ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ធ្វើ​ការរៀបចំ​ដើម្បី​ឲ្យ​មិត្ត​ម្នាក់​ទៅ​ជាមួយ​នឹង​ខ្ញុំ ។

ពេល​យើង​ទៅ​ដល់ រំពេច​នោះ ខ្ញុំ​បាន​ស្គាល់​បងប្រុស​ដែល​ឈឺនោះ​ភ្លាម ហើយមាន​អំណរគុណ​ចំពោះ​អ្នក​ដែល​បាន​ទូរសព្ទ​មក​ខ្ញុំ ។ ពីរបី​ថ្ងៃ​មុននោះ គាត់​បាន​សម្ភាស​​សម្រាប់​ការហៅ​នៅ​ក្នុង​ស្តេក ។ បន្ទាប់ពី​យើង​បាន​ចាក់​ប្រេង​តាំង និង​បាន​ប្រសិទ្ធពរ​គាត់​ហើយ យើង​បាន​ប្រាប់​គាត់​ថា យើង​នឹង​ត្រឡប់​មកវិញ​ពេល​ក្រោយ ដើម្បី​សួរ​សុខទុក្ខ​គាត់​ម្ដងទៀត ។

ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​វិញ​នៅ​ពេល​យប់​ទាំង​ទទឹក​ខ្លួន​ជោគ ប៉ុន្តែ​យើង​នៅ​តែ​មាន​ពេល​ខ្លី​មួយ សម្រាប់​មេរៀន​រាត្រី​ជួបជុំ​គ្រួសារ ។ យើង​បាន​សម្រេច​ចិត្ត​មើល​វីដេអូ​មួយ​អំពី​អេលីយ៉ា និង​ស្ត្រី​មេម៉ាយ នៅ​ក្រុង​សារិបតា ។

កាល​ស្ត្រី​មេម៉ាយ​នោះ​កំពុង​រៀបចំ​ចម្អិន​អាហារ​ចុង​ក្រោយ​សម្រាប់​នាង និង​កូន​របស់​នាង នោះ​អេលីយ៉ា​បាន​ពោល​ទៅ​កាន់​នាង​ថា « សូម​ធ្វើ​នំ​១​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សម្រាប់​អ្នក និង​កូន​អ្នក​ចុះ » ។ ដោយ​សារ​តែ​ការគោរព​ប្រតិបត្តិ​របស់​នាង « ម្សៅ​ក្នុង​ខាប់​នោះ នឹង​មិន​ដែល​[ បាន ] ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប ក៏​មិន​ដែល​[ បាន ] រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​នឹង[ ចាត់​ឲ្យ ]​បង្អុរ​ភ្លៀង​មក​លើ​ផែនដី »​( ពង្សាវតាក្សត្រ​ទី ១ ១៧:១៣–១៤ ) ។

ពាក្យ​របស់​អេលីយ៉ា​« ធ្វើ … មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន »​បាន​ចាក់​ដោត​ដល់​ដួង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ទៅ​ភរិយា​ខ្ញុំ​ទាំង​ទឹក​ភ្នែក​ថា « វា​ត្រឹមត្រូវ​ណាស់ ! ដំបូង យើង​ត្រូវ​ធ្វើ​អ្វីៗ​ដែល​ព្រះអម្ចាស់​បង្គាប់ ហើយ​បន្ទាប់មក​ពរជ័យ​នឹង​កើត​ឡើង » ។

ដូចគ្នា​នឹង​ការ​បំពេញ​សេចក្ដី​សន្យា​របស់​អេលីយ៉ា​ចំពោះ​ស្ត្រី​មេម៉ាយ​នោះ​ដែរ នោះ​ម្ហូបអាហារ និង​ប្រេង​របស់​យើង​« មិនផុត » ឡើយ ខណៈ​ដែល​ខ្ញុំ​គ្មាន​ការងារ​ធ្វើ ។ ព្រះអម្ចាស់​ទ្រង់​បាន​ជ្រាប​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​លំបាក​របស់​យើង ហើយ​បាន​ប្រទាន​ពរយើង ។ លុះ​ព្រឹកស្អែក បន្ទាប់​ពី​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​នោះ​មក ខ្ញុំ​ទទួល​បាន​ការងារ​មួយ ។

ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​រក្សា​ការ​សន្យា​របស់ទ្រង់ ។ ដោយសារ​តែ​បទពិសោធន៍​នេះ សេចក្ដីជំនឿ​ខ្ញុំ​គឺ​អស្ចារ្យ ហើយ​ខ្ញុំ​ក៏​មាន​អំណរគុណ​កាន់​តែ​ខ្លាំង​ចំពោះ​ទ្រង់​ផងដែរ ។

បោះពុម្ព