២០២២
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ ការ​ស្ថាបនា​នគរ​តាមរយៈ​ការបម្រើ និង​សេចក្ដីស្រឡាញ់
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ ការ​ស្ថាបនា​នគរ​តាមរយៈ​ការបម្រើ និង​សេចក្ដីស្រឡាញ់ » លីអាហូណា ខែ កក្កដា/ខែ សីហា ឆ្នាំ ២០២២ ។

យុវមជ្ឈិមវ័យ

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ ការ​ស្ថាបនា​នគរ​តាមរយៈ​ការបម្រើ និង​សេចក្ដីស្រឡាញ់

ខ្ញុំ​ឆ្ងល់​ថា តើ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម មាន​ន័យ​ថា​ខ្ញុំ​មិន « ល្អ​គ្រប់គ្រាន់ » មែន​ដែរ​ទេ ។

រូបភាព
ស្រ្តី​យុវមជ្ឈិមវ័យ​កំពុង​លាបថ្នាំ

នៅពេល​ដែល​ប្រធាន​ស្តេក​របស់​ខ្ញុំ​បាន​សួរ​ខ្ញុំ​ជា​លើកដំបូង ថាតើ​ខ្ញុំ​នឹង​ស្ម័គ្រចិត្ត​ដើម្បី​បម្រើ​បេសកកម្ម​ផ្នែក​សេវាកម្ម​ឬ​ទេ គំនិត​ដំបូង​របស់​ខ្ញុំ​គឺ « យល់ព្រម ! »

ខ្ញុំ​មានទំនុក​ចិត្ត​ថា​ព្រះអម្ចាស់​មាន​កិច្ចការ​ឲ្យ​ខ្ញុំ​ធ្វើ ហើយ​ខ្ញុំ​ជឿថា​អ្វីក៏​ដោយ​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រីកចម្រើន និង​មាន​សុភមង្គល ពីព្រោះ​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​ចង់​ឲ្យ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ។

គំនិត​ទីពីរ​របស់​ខ្ញុំ​គឺ « តើ​បេសកកម្ម​ផ្នែក​សេវាកម្ម​គឺជា​អ្វី ? »

ប្រធាន​ស្តេក​របស់​ខ្ញុំ​បាន​ពន្យល់​ពី​អ្វី​ដែល​ជា​បេសកកម្ម​ផ្នែក​សេវាកម្ម កាល​ដែល​ពួកយើង​បាន​ជួបគ្នា​នៅក្នុង​ការិយាល័យ​របស់​លោក​នៅ​ថ្ងៃ​អាទិត្យ​នោះ ប៉ុន្តែ​ខ្ញុំ​ពុំបាន​យល់​ច្បាស់​អំពី​បេសកកម្ម​នោះ ឬ​សារៈសំខាន់​របស់​បេសកកម្ម​នោះ​ច្រើនទេ រហូតដល់​មួយ​រយៈ​ពេល​ក្រោយមក ។ នៅពេល​នោះ ខ្ញុំ​ថែមទាំង​ឆ្ងល់ថា តើ​ការហៅបម្រើ​នេះ​មានន័យ​ថា ខ្ញុំ​មិន​ប្រក្រតី ពីព្រោះ​ខ្ញុំ​ពុំបាន​មើលឃើញ​ពី​គោលបំណង​ធំដុំ​ដែល​នៅ​ពីក្រោយ​បេសកកម្ម​ផ្នែក​សេវាកម្ម​នេះ​ឡើយ ។

តើ​គេ​ត្រូវការ​ខ្ញុំ​ដែរ​ឬ​ទេ ?

ខ្ញុំ​បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​របស់​ខ្ញុំ​ប្រហែល​ជា​មួយ​ខែ​ពីមុន​បេសកកម្ម​របស់​ខ្ញុំ​ចាប់ផ្តើម​ពិតប្រាកដ ។ ការណ៍​នេះ​មាន​ន័យថា ខ្ញុំ​បាន​ជួបជាមួយ​នឹង​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់ខ្ញុំ ចូលរួម​សន្និសីទ​បេសកកម្ម​ផ្នែក​សេវាកម្ម​នៅក្នុង​តំបន់​របស់​ខ្ញុំ ហើយ​ថែមទាំង​បាន​ស្នើសុំ​ឲ្យ​ដឹកនាំ​ការសិក្សា​ជា​ដៃគូ​ជាមួយ​នឹង​ស៊ីស្ទើរ​ពីររូប​ផ្សេងទៀត​នៅក្នុង​តំបន់​របស់​ខ្ញុំ ពីមុន​ខ្ញុំ​បាន​ទទួល​ពិធី​ញែកចេញ ។

ខ្ញុំ​បាន​ចំណាយពេល​ខ្លះ​នៅ​ចន្លោះ​ការហៅ​របស់​ខ្ញុំ និង​ការថ្លែង​ទីបន្ទាល់ « លាគ្នា » ( ទោះបីជា​ខ្ញុំ​មិន​ចេញទៅ​ណា​ក៏​ដោយ ) ដើម្បី​រៀន​អំពី​បេសកកម្ម​ផ្នែក​សេវាកម្ម និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដែល​នៅជុំវិញ​ខ្លួន​ខ្ញុំ ។

នៅ​ក្នុង​សន្និសីទ​បេសកកម្ម​ផ្នែក​សេវាកម្ម​ដែល​ខ្ញុំ​បាន​ចូលរួម ខ្ញុំ​បានរៀន​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ជាច្រើន នៅពេល​ដែល​ពួកគាត់​បាន​ទទួល​ការហៅ​ជាលើក​ដំបូង មាន​អារម្មណ៍​ថា​ពួកគាត់​ពុំមាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បម្រើ​បេសកកម្ម​ផ្នែក​ផ្សព្វផ្សាយ​នោះទេ ។ ខ្ញុំ​ខ្មាស់អៀន​ពេល​នឹកឃើញ​ពី​ប្រតិកម្ម​ដំបូង​របស់​ខ្ញុំ​ផ្ទាល់​ចំពោះ​ការហៅ​របស់​ខ្ញុំ ។

ទីបំផុត ខ្ញុំ​បាន​ដឹងថា ខ្ញុំ​មិនមែន​ហៅ​ដើម្បី បម្រើ​បេសកកម្ម​ផ្នែក​សេវាកម្ម ដោយសារ​ខ្ញុំ​ពុំមាន​លក្ខណៈគ្រប់គ្រាន់​នោះទេ ប៉ុន្តែ​ដោយសារ​នេះ​គឺជា​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ខ្ញុំ ។ ខ្ញុំ​ពុំមាន​តម្លៃ « តិចជាង » ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ផ្សព្វផ្សាយ​នោះទេ ផ្ទុយទៅវិញ ទ្រង់​ត្រូវការ​ខ្ញុំ​ឲ្យ​ជួយ​ស្ថាបនា​នគរ​របស់ទ្រង់​តាមរយៈ​ផ្នែក​សេវាកម្ម​នេះ ។ ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​ដ៏​រឹងមាំ​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់​គឺ​សំខាន់​ចំពោះ​ព្រះវរបិតាសួគ៌ ហើយ​សំខាន់​ចំពោះ​កិច្ចការ​របស់​ទ្រង់ ពីព្រោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់​មាន​គោលបំណង​ចង់​បម្រើ​ទ្រង់ និង​កូនចៅ​របស់ ទ្រង់ ។

បន្ទាប់ពី​ការរៀនសូត្រ​ពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅ​តំបន់​របស់​ខ្ញុំ​ដទៃទៀត ដោយ​ការជួប​ជាមួយ​ពួកគាត់ និង​ការស្តាប់​ពី​ដំណើររឿង​របស់​ពួកគាត់ ខ្ញុំ​បានដឹងថា ពួកគាត់​ជា​មនុស្ស​អស្ចារ្យ​ណាស់ គឺជា​ពួក​អ្នកបម្រើ​ដ៏​សុចរិត​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ដឹង​ថា ទោះបីជា​ពួកយើង​មួយ​ចំនួន​មាន​អារម្មណ៍​សោកស្ដាយ​បន្តិចបន្តួច​ចំពោះ​ខ្លួន​ឯង នៅពេល​ចាប់ផ្តើម​បេសកកម្ម​របស់យើង​ក៏ដោយ ក៏​យើង​ទាំងអស់គ្នា​បាន​សន្និដ្ឋាន​ដូចគ្នា ៖ ព្រះអម្ចាស់​ស្រឡាញ់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ហើយ​ថា​យើង​នៅចំ​កន្លែង​ដែល​ទ្រង់​ចង់​ឲ្យ​យើង​នៅ ដើម្បី រៀនសូត្រ និង​រីកចម្រើន​ខណៈពេល​កំពុងបម្រើ​ទ្រង់ ប្រៀប​ដូចជា​ព្រះហស្ត​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។

របៀប​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ស្ថាបនា​ស៊ីយ៉ូន

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ចំពោះ​គ្រប់​សមត្ថភាព​ដែល​ពួកគេ​បាន​បម្រើ ។ ពួកយើង​ត្រូវការ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​ចាកចេញ​ពី​ក្រុមគ្រួសារ និង​គេហដ្ឋាន​របស់​ពួកគេ​សម្រាប់​រយៈពេល​ពីរឆ្នាំ ដើម្បី​បង្រៀន និង​ប្រកាស​ពី​ដំណឹងល្អ​ដល់​ពិភពលោក​ទាំងមូល ។ ប៉ុន្តែ​យើង​ក៏​ត្រូវការ​ស្ថាបនា​សហគមន៍​ស៊ីយ៉ូន​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​អ្នកដទៃ និង​បំណងប្រាថ្នា​ដើម្បី​បម្រើ និង​លើកស្ទួយ​ដល់​អ្នក​ដែល​តូចតាច​នៅក្នុង​ចំណោម​ពួកគេ​ផងដែរ ។ នេះ​គឺជា​អ្វី​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ធ្វើ ។ យើង​ស្ថាបនា​ស៊ីយ៉ូន​ដោយការ​បង្កើត​វប្បធម៌​នៃ​ក្តីស្រឡាញ់ និង​ការបម្រើ ។ ការណ៍​នេះ​បង្កើត​ការស្វាគមន៍ ភាពសុចរិត និង​លើកស្ទួយ​សហគមន៍​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទាំងអស់—ទាំង​អ្នក​ដែល​កើត​ក្នុង​សាសនាចក្រ អ្នក​ប្រែ​ចិត្តជឿ​ថ្មី និង​មនុស្ស​គ្រប់ៗគ្នា ។

បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​ខ្ញុំ​ជាមួយនឹង​ទស្សនាវដ្តី​សាសនាចក្រ បាន​ជួយ​ខ្ញុំ​មើលឃើញ​ថា តើខ្ញុំ​ពិតជា​មាន​ពរជ័យ​ប៉ុណ្ណា ។ ខ្ញុំ​អាច​ប្រើប្រាស់​អ្វី​ដែល​ខ្ញុំ​បានរៀន​អំពី​ឧបសគ្គ​របស់​ខ្ញុំ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​ជួយ​លើកស្ទួយ​ដល់​អ្នក​ដទៃ​ដែល​ជួប​បញ្ហា​ផងដែរ ។ ខ្ញុំ​បាន​ខិតខំ​ចែកចាយ​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​អ្នកដទៃ ហើយ​ការធ្វើ​ដូច្នោះ បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​ចែកចាយ​ដំណើររឿង​របស់​ពួកគេ​ផងដែរ ។ បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​គឺ​មាន​សារៈសំខាន់ ។ បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ជួយ​ពួកគេ​ទទួល​បាន​ព្រះគុណ​ថែមទៀត ហើយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្រឡាញ់​ពួកគេ ជា​ពួកគេ កាលដែល​យើង​ខិតខំ​ដើម្បី​មករក​ព្រះគ្រីស្ទ​ជាមួយ​គ្នា ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ចំណាយ​ពេលវេលា និង​កម្លាំង​របស់​ពួកគេ​បង្កើត​ស៊ីយ៉ូន​តាម​របៀប​ផ្សេងៗ ប៉ុន្តែ​មាន​សារៈប្រយោជន៍ ។ អ្នកខ្លះ​ជួយ​ផ្នែក​សេវាកម្ម​ផ្ទាល់ៗ​នៅ​នឹង​កន្លែង ដូចជា វិសាលដ្ឋាន​សុខុមាលភាព ឬ​កន្លែង​ស្តុក​អាហារ​ក្នុង​មូលដ្ឋាន​ជាដើម ។ មាន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដែល​ធ្វើ​ការលម្អ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ និង​បម្រើ​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ អ្នក​ខ្លះ​ទៀត​ជួយ​ចែកអាហារ​ដល់​កុមារ​ដែល​គ្មានអាហារ នៅពេល​រៀនចប់ និង​បម្រើ​ពួកគេ​ដោយ​ការស្ថាបនា​ពួកគេ ។ អ្នកផ្សេង​ទៀត​ជួយ​ផ្សព្វផ្សាយ​ដំណឹងល្អ និង​ពង្រឹង​ដល់​សមាជិក​ដែល​មាន​ដំណឹងល្អ​រួច​ហើយ ។ សូម្បីតែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ផ្នែក​ថែទាំ​យានជំនិះ​ប្រភេទ​ផ្សេងៗ របស់​សាសនាចក្រ​ក៏​មាន​ដែរ ។

រូបភាព
បុរស​ម្នាក់​កំពុង​ជួសជុល​ឡាន

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ក៏​បម្រើ​តាម​របៀប​ផ្សេងៗ​ទៀត​ដែរ ដូចជាការដាក់​ស្លាកសញ្ញា​សម្រាប់​ប៊ីស្សព​នៅក្នុង​អគារ​សាសនាចក្រ ធ្វើការ​នៅក្នុង​ស្ទូឌីយ៉ូ​ រូបភាព ជីវ​ចល របស់​សាសនាចក្រ និង​សម្អាត​អ្វីៗ​ជាច្រើន ដើម្បី​រក្សា​សុវត្ថិភាព​ដល់​មនុស្ស​គ្រប់គ្នា​នៅក្នុង​គ្រា​ដែល​មាន​ជំងឺ​កូវីដ-១៩ នេះ ។ មិនថា​ការចាត់តាំង​របស់​យើង​ម្នាក់ៗ​ជា​អ្វី​នោះ​ទេ យើង​ជួយ​ស្ថាបនា​ស៊ីយ៉ូន​ដោយ​បណ្តុះ​បរិយាកាស​នៃ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ ។

យើង​ទាំងអស់​គ្នា​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចូលរួម​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ បង្រៀន​មេរៀន ចូលរួម​ក្នុង​មេរៀន និង​ក្រុមប្រឹក្សា​មណ្ឌល និង​ពង្រឹង ហើយ​លើក​ស្ទួយ​គ្នា​ទៅវិញ​ទៅមក ព្រមទាំង​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញ​យើង មិនថា​វា​ជា​ផ្នែក​មួយ​នៃ​ការចាត់តាំង​ជា​ផ្លូវការ​របស់​យើង ឬ​អត់​នោះ​ទេ ។

កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​ខ្ញុំ​ធ្វើ​គឺ​មិន​សូវ​ទាក់ទង​នឹង​ការចាត់តាំង​ផ្លូវការ​របស់ខ្ញុំ​ជាមួយ​ក្រុម​រៀប​មាតិកា​សម្រាប់​យុវមជ្ឈិមវ័យ ​សម្រាប់​ទស្សនាវដ្ដី​សាសនាចក្រ​នោះ​ទេ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ការបម្រើ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​នៅក្នុង​ក្រុម​របស់ខ្ញុំ នៅឯ​ទីកន្លែង​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ច្រើនជាង ។ ខ្ញុំ​បម្រើ​ដោយ​ធានា​ឲ្យ​បាន​ថា​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវបាន​មើលឃើញ និង​ឮ ហើយ​ថា​ពួកគេ​ដឹង​ថា​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ហើយ​ថា​ពួកគេ​មានចំណែក​ផងដែរ ។

តើ​នោះ​មិនមែន ជា​អ្វីៗ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់ ធ្វើទេ​ឬ​អី ? តើ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់​មិន​បញ្ជាក់​ដល់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ពិភពលោក​ថា នៅទីនេះ នៅក្នុង​នគរ​របស់​ព្រះ មាន​កន្លែង​សំខាន់ និង​ផ្ទាល់ខ្លួន​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ទេ​ឬ​អី ? ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ផ្សព្វផ្សាយ ​ជួយ​បង្រៀន​ដល់​ពិភពលោក​ថា នគរ​របស់​ព្រះ​គឺ​នៅលើ​ផែនដី​នេះ ហើយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ជួយ​អ្នក​ដទៃ​ឲ្យ​មើលឃើញ​ថា នគរ​នោះ​គួរ​មាន​លក្ខណៈ​បែបណា នៅពេល​យើង​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ—ជា​កន្លែង​ដែល​ដួងចិត្ត​របស់​យើង​ងាក​ទៅ​ជួយ​អ្នកដទៃ ជា​កន្លែង​ដែល​យើង​បម្រើ​ដោយ​គ្មាន​ការបម្រុង​ទុក និង​ជា​កន្លែង​ដែល​យើង​ជួយ​អ្នក​ដទៃ​ឲ្យ​ដឹង​ថា​ពួកគេ​មាន​ចំណែក ។

ការបម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ—ដោយ​ស្វែងរក​កូន​ចៀម​មួយ​ដែល​បាត់

ទោះជា​យើង​បម្រើ​ដោយ​របៀប​ណា​ក៏​ដោយ និង​នៅ​កន្លែង​ណា​ក៏ដោយ រឿង​តែមួយ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ធ្វើ—បម្រើ​ឲ្យ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ដោយ​ផ្ដល់​ការងារបម្រើ​ដល់​បុគ្គល​នោះ ។

លើស​ពី​ការបំពេញ​ការចាត់តាំង​រៀងៗខ្លួន​របស់​យើង​គឺ « គោលបំណង​របស់​យើង​គឺ​ជួយ​អ្នក​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ដោយ​បម្រើ​ពួកគេ​ឲ្យ​ដូច​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ » ។ យើង​បម្រើ​ដោយ​ស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​សប្បុរសធម៌ ធុរកិច្ច​របស់​សាសនាចក្រ និង​នៅក្នុង​សហគមន៍ ។ យើង​នឹង​ផ្ដល់​ការងារបម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ទៅ​កាន់​បុគ្គល​នោះ គឺ​ដូចជា​ទ្រង់​បាន​ធ្វើ ដោយ​ការបង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស​របស់​ទ្រង់ » ។

យើង​ដែល ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ចារ​ពាក្យ​ពេចន៍​នៅក្នុង​គោលបំណង​របស់យើង ពីព្រោះ​យើង​ដឹងថា​ព្រះអង្គ​សង្គ្រោះ​​ធ្វើការងារ​បម្រើ​ដល់​យើង​ជា​បុគ្គល​ម្នាក់ៗ ហើយ​យើង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស​របស់​ទ្រង់ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ កាល​ដែល​ខ្ញុំ​ខិតខំ​ស្វែងយល់​អំពី​ទ្រង់ កាល​ដែល​ឧបសគ្គ​របស់​ខ្ញុំ​ត្រូវ​បាន​សម្រាល កាល​ទីបន្ទាល់​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង និង​នៅពេល​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជុំវិញ​ខ្ញុំ​បាន​ស្រឡាញ់ និង​លើកស្ទួយ​ខ្ញុំ​ឡើង ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ខិតខំ​ចែក​ចាយ​សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស​របស់​ព្រះគ្រីស្ទ ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញ​ពួកគេ ហើយ​យើង​លះបង់​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​ដូច្នេះ​ ពេញ​មួយ​បេសកកម្ម​របស់​យើង—និង​ពេញ​មួយ​ជីវិត​របស់​យើង ។

បោះពុម្ព