២០២២
មានសេចក្ដី​ក្លាហាន​ដើម្បី​ឈោង​ទៅ​ជួយ
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« មានសេចក្ដី​ក្លាហាន​ដើម្បី​ឈោង​ទៅ​ជួយ » Liahona ខែ កក្កដា ឬ​សីហា ឆ្នាំ ២០២២ ។

គោលការណ៍​ទាំងឡាយ​នៃ​ការងារ​បម្រើ

មានសេចក្ដី​ក្លាហាន​ដើម្បី​ឈោង​ទៅ​ជួយ

ព្រះនឹង​ប្រើ​យើង​ដើម្បី​ធ្វើ​ឲ្យ​មានភាព​ខុស​ប្លែក ប្រសិន​បើ​យើង​នឹង​យកឈ្នះ​លើ​ការ​ភ័យខ្លាច ។

រូបភាព
បុរស​ពីរ​នាក់​កំពុង​និយាយគ្នា​ទាំង​ស្នាមញញឹម

ក្នុងនាម​ជា​ពួក​អ្នក​ជឿ យើង​មាន​សេចក្ដីត្រូវការ​យ៉ាងខ្លាំង​ដើម្បី​មាន​សេចក្ដីក្លាហាន​នៅ​ក្នុង​គ្រានេះ សូម្បី​នៅ​ក្នុង​បទពិសោធន៍​របស់​យើង​ជាមួយ​នឹង​ការងារ​បម្រើ​ក្ដី ។ ចន ( ឈ្មោះត្រូវ​បាន​ផ្លាស់ប្ដូរ )​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការងារ​បម្រើ​ដល់​ភីធើរ ជា​សមាជិក​ម្នាក់​ដែល​មិន​ធ្លាប់​ចូលរួម​ការប្រជុំ​វួដ​ឡើយ ។ ចន​បាន​ភ័យព្រួយ​ចំពោះ​ការ​ទាក់ទង​ទៅ​ភីធើរ ដោយសារ​ពួកគេ​មិន​ធ្លាប់​ជួបគ្នា និង​មិនស្គាល់​ប្រវត្តិ​គ្នា​ឡើយ ។ ប៉ុន្តែ​ដោយ​ចងចាំ​ដល់​ការប្រឹក្សា​ឲ្យ​« ស្រឡាញ់ ចែកចាយ និង​អញ្ជើញ » នោះ​ចន បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ រួចហើយ​បាន​ចាប់ផ្ដើម​ដំណើរ​ដើម្បី​ក្លាយ​ជាមិត្ត​ដ៏​ស្មោះត្រង់​របស់​ភីធើរ​ជា​លើក​ដំបូង ។ គាត់​បាន​ចំណាយពេល​រៀនស្គាល់​ភីធើរ ដោយការ​ទៅ​លេង ការ​ទូរសព្ទ ជាញឹកញាប់ និង​ការ​ចេញ​ទៅ​ហូប​អាហារ​ពេល​ព្រឹក​ម្ដងម្កាល ។ ចន បាន​ស្គាល់​ភីធើរ​កាន់តែ​ច្រើន ហើយ​ភីធើរ​បាន​ទុកចិត្ត​លើ​មិត្តភាព​របស់​ពួកគេ ។ នៅពេល​គាត់​ត្រូវការ​ជំនួយ គាត់​បាន​ទាក់ទង​ទៅ​ចន​ដែល​បាន​ឆ្លើយតប​យ៉ាង​រីករាយ ។

មានថ្ងៃមួយ ចន​បាន​ទទួល​ការបំផុស​គំនិត​ថា ប្រហែល​ភីធើរ​បាន​ត្រៀមខ្លួន​សម្រាប់​ការអញ្ជើញ​ឲ្យ​ត្រឡប់មក​ព្រះវិហារ​វិញ ។ អំឡុងពេល​មួយ​ដែល​គាត់​បាន​ទៅ​លេង គាត់​បាន​លើកឡើង​ពី​គំនិត​នោះ​ដោយ​ចេញ​ពីចិត្ត ។ ភីធើរ​បាន​ផ្អាក ។ គាត់​បាន​ពោលថា « ខ្ញុំ​មិន​បាន​ទៅ​ព្រះវិហារ​អស់​១៧ ឆ្នាំ​ហើយ » ។ « តែ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទៅ » ។ ពេល​ភីធើរ​បាន​ទៅ​ដល់​វួដ នោះ​ចន​បាន​នៅ​ទីនោះ​ដើម្បី​ស្វាគមន៍​គាត់ និង​បាន​អង្គុយ​ជាមួយ​គាត់ ។ ចន​មាន​អំណរគុណ​ដែល​គាត់​អាច​យក​ឈ្នះ​លើ​ការភ័យ​ខ្លាច​របស់​គាត់​កាល​ពី​ដើម ។ តាមរយៈ​ការខិតខំ​ទាំងនេះ មនុស្ស​ទាំងពីរ​នាក់​នេះ​បាន​ទទួល​មិត្តភាព​ពិត​ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។

ចូរ​ក្លាហាន​ឡើង

រូបភាព
នាង​អេសធើរ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ស្ដេច

នាង​អេសធើរ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ស្ដេចដោយ មីននេវ៉ា ខេ តៃចិត

ដំណើររឿង​អំពី​នាងអេសធើរ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​( សូមមើល​នាងអេសធើរ ១-១០ )​បង្រៀន​នូវ​គោលការណ៍​ជាច្រើន ប៉ុន្តែ​ដំណើររឿង​ដ៏មាន​ប្រជាប្រិយ​បំផុត​នោះ​គឺ​អំពី​សេចក្ដីក្លាហាន ។ នាងអេសធើរ​គឺជា​ស្ត្រី​សាសន៍​យូដា​វ័យ​ក្មេង​ម្នាក់ នៅពេល​នាង​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់​ក្សត្រី ហើយ​បាន​បង្ហាញ​សេចក្ដីក្លាហាន​ដ៏​អស្ចារ្យ ពេល​នាង​ប្រថុយ​យក​ជីវិត​របស់​នាង​ដើម្បី​សង្គ្រោះ​ដល់​ប្រជាជន​នាង ។

ដោយសា​តែ​ឧបាយកល នោះ​ស្ដេច​ត្រូវ​បាន​គេ​បោកបញ្ឆោត​ឲ្យ​ចេញ​ព្រះរាជក្រឹត្យ​ថា សាសន៍​យូដា​គ្រប់រូប​នៅ​ក្នុង​នគរ​គួរ​តែ​សម្លាប់​ចោល ។ នាង​អេសធើរ​បាន​គិត​ឃើញ​ពី​ផែនការមួយ​ដែល​វា​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ​ដ៏​ធំ ហើយ​អាច​ជា​ឱកាស​តែ​មួយ​គត់​ដើម្បី​ផ្លាស់ប្ដូរ​ព្រះតម្រិះ​របស់​ស្ដេច​បាន ។

តាម​ទម្លាប់​ក្នុង​វប្បធម៌​របស់​នាង ការ​ចូលទៅ​គាល់​ស្ដេច​ដោយគ្មាន​ការ​អញ្ជើញ​អាច​ត្រូវ​យក​ទៅ​សម្លាប់ចោល ។ ប៉ុន្តែ​នាង​បាន​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ផែនការ​របស់​នាង​ដោយ​ភាព​ក្លាហាន ហើយ​បាន​សុំ​ប្រជាជន​របស់​នាង​ឲ្យ​តមអាហារ​ជាមួយ​នឹង​នាង​( សូមមើលនាងអេសធើរ ៤:១៦ ) ។ តាមរយៈ​ទង្វើ​ដ៏​ក្លាហាន​របស់​នាង និង​សកម្មភាព​របស់​មនុស្ស​ដទៃ​ទៀត នាង​អាច​ធ្វើ​ឲ្យ​ស្ដេច​ប្ដូរ​ព្រះរាជ​ក្រឹត្យ​របស់​ទ្រង់ ។ ការអធិស្ឋាន​របស់​នាង​អេសធើរ និង​ប្រជាជន​របស់​នាង​បាន​ទទួល​ចម្លើយ ។

យើង​អាច​យក​នាង​អេសធើរ​ធ្វើ​ជា​គំរូ​អំពី​ភាព​ក្លាហាន ទោះជា​ក្នុង​ការងារ​បម្រើ​ក្ដី ពេល​យើងទុក​ការ​ភ័យខ្លាច​របស់​យើង​មួយ​អន្លើរ ដើម្បី​រៀនស្គាល់​មនុស្ស​ម្នាក់ ហើយ​ជួយ​ពួកគេ​នៅ​ក្នុង​បញ្ហា​របស់​ពួកគេ ។

គោលការណ៍​ដែល​ត្រូវ​ពិចារណា

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ប្រសិនបើ​យើង​ឃើញ​ថា​ខ្លួន​ឯង​នៅ​ក្រៅ​តំបន់​សុខស្រួល​របស់​យើង​ពេល​ធ្វើ​ការងារ​បម្រើ ?

  • ចន​បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ព្រះ ។ ដោយ​មាន​ជំនួយ​របស់​ព្រះ យើង​អាច​យក​ឈ្នះ​ការ​ភ័យខ្លាច​បាន​( សូមមើលទំនុកដំកើង ៣៤:៤ ) ។

  • យើង​ក៏អាច​អធិស្ឋាន​ដើម្បី​ទទួល​បាន​សេចក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​មនុស្ស​ដទៃ ។ « សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ » ( យ៉ូហាន​ទី ១ ៤:១៨ ) ។

  • ដូចជា​នាង​អេសធើរ​ដែរ យើង​អាច​ប្រើ​ការតមអាហារ និង​ការអធិស្ឋាន​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ក្នុង​ការ​ធ្វើ​សកម្មភាព​( សូមមើលនាងអេសធើរ ៤:៣ ) ។

  • យើង​អាច​ទុកចិត្ត​ថា មាន​អំណាច​នៅ​ក្នុង​ការរក្សា​សេចក្ដីសញ្ញា​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៩ ) ។ ការ​រស់នៅតាម​សេចក្ដីសញ្ញា​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ទទួល​ជំនួយ​របស់​ទ្រង់ ។

  • យើង​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ដោយ​ការ​តមអាហារ ហើយ​ជឿជាក់​លើ​ការសន្យា​រ​បស់​ព្រះអម្ចាស់​ចំពោះ​យើង ។ សូម​ពិចារណា​លើ​ការ​សន្យា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ ចោទិយកថា ៣១:៦; អេសាយ ៤១:១០; ធីម៉ូថេ​ទី ២ ១:៧; គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៣ ។

តើយើង​អាច​ធ្វើ​អ្វី​ខ្លះ ?

មាន​សេចក្ដី​ក្លាហាន​ដើម្បី​ឈោង​ទៅ​ជួយ ។ មិនថា​ជា​ការ​រៀនស្គាល់​មនុស្ស​ម្នាក់ ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ​នោះ​ទេ ព្រះនឹង​ជួយ​ប្អូនៗ ។

បោះពុម្ព