២០២២
យើង​បាន​ទ្រទ្រង់​ដល់​កូន
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« យើង​បាន​ទ្រទ្រង់​ដល់​កូន » Liahona ខែ​កក្កដា ឬ​សីហា ឆ្នាំ​២០២២

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

យើង​បាន​ទ្រទ្រង់​ដល់​កូន

អារម្មណ៍ដ៏​អស្ចារ្យ​ដែល​បាន​កើត​មាន​មកលើ​ខ្ញុំ​មានភាព​ខ្លាំង​ក្លា​ណាស់​រហូត​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ចុះ ។

រូបភាព
ក្មេង​ស្រីតូច​បិទ​ភ្នែក

កាលនោះ​ខ្ញុំមានអាយុ​ទើប​បីឆ្នាំប៉ុណ្ណោះ ហើយខ្ញុំ​មិនចង់ចេញ​ពី​មន្ទីពេទ្យ ដែល​បាន​ព្យាបាល​ឪពុក​ម្ដាយ របស់​ខ្ញុំ​ឲ្យ​ជាសះស្បើយ​ក្រោយពី​ជួប​គ្រោះថ្នាក់​រថយន្ត​នោះទេ ។

ផ្ដល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​រូបថត​របស់​អ្នក​និពន្ធ ទម្រង់​ស៊ុម​រូបថត​ដោយ​Getty Images

ជាច្រើន​ឆ្នាំមក​នេះ ខ្ញុំ​ពុះពារ​នឹង​របួស ហើយ​មាន​ការ​ថប់បារម្ភ​ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរ​ដែល​ឪពុកម្ដាយ​ខ្ញុំ និង​ខ្ញុំ​បាន​ជួប ពេលខ្ញុំ​មាន​អាយុ​បីឆ្នាំ ។ ប្អូន​ប្រុស​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ ។

នៅ​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​គ្រោះថ្នាក់​នោះ ខ្ញុំ​បាន​នឹក​ឃើញ​ពី​ព្រឹត្តិការណ៍​នោះ​ម្តង​ទៀត ។ បីបួន​ខែក្រោយ​មក ខ្ញុំ​នៅ​តែ​មាន​បញ្ហា​នេះ ពេលនោះ មាន​មិត្ត​ម្នាក់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ងាក​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សើច រួច​សួរថា « តើ​ទ្រង់​នឹង​ធ្វើ​អ្វី​ខ្លះ​ឲ្យ​ខ្ញុំ ? »

ការ​ពិបាកចិត្ត​របស់​ខ្ញុំ​នៅ​តែ​បន្ត ។ មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​បន្ទាប់មក ខ្ញុំ​មាន​ការ​នឿយហត់​ចំពោះ ការ​ឈឺចាប់ ហើយ​ទុក្ខសោក​របស់​ខ្ញុំ​បាន​ប្រែក្លាយ​ទៅជា​កំហឹង ។ ខ្ញុំ​បាន​ធ្វើ​តាម​ការណែនាំ​របស់​មិត្ត​ខ្ញុំ ហើយ​បាន​ចាប់ផ្ដើម​ងាក​ទៅ​រកព្រះ ។

ខ្ញុំ​បាន​អធិស្ឋាន​ថា « បើ​ទ្រង់​ពិត​ជា​គង់​នៅ​ទី​នេះ​មែន សូម​ចាត់​នរណា​ម្នាក់​មក—នរណា​ក៏​បាន​ដែរ » ។ « ខ្ញុំ​ត្រូវការ​នរណា​ម្នាក់ ! »

ពេលវេលា​ចេះតែ​កន្លង​ផុត​ទៅ កាល​ខ្ញុំ​ឈរ​នៅ​មាត់ទ្វារ​របស់​ខ្ញុំ​រង់ចាំ​ទាំង​ឥត​ប្រយោជន៍ ។

« ព្រះអើយ មើលចុះគ្មាន​នរណា​ម្នាក់​ខ្វល់ខ្វាយ​នោះ​ទេ ! » ខ្ញុំ​បាន​និយាយ ។ « គ្មាន​នរណា​ម្នាក់​មក​ទេ ! »

ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​យឺតៗ​ទាំង​ទឹក​ភ្នែក ហើយ​ក៏​បាន​បិទទ្វារ ។ ខ្ញុំ​បាន​ដើរ​ឡើង​កាំជណ្ដើរ​ទាំង​អារម្មណ៍​អស់សង្ឃឹម ។ ប៉ុន្តែ​ពេល​ខ្ញុំ​ឡើង​ដល់​កាំ​ចុង​ក្រោយ នោះ​ស្រាប់​តែ​មាន​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​បាន​បំផុស​ខ្ញុំ ។ អារម្មណ៍​នោះ​មាន​ភាព​ខ្លាំង​ក្លា​ណាស់​រហូត​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់​ចុះ ។

រួច​អារម្មណ៍​នោះ​បាន​ចូល​មក​ក្នុង​គំនិត​ខ្ញុំ ៖ « រេណែ យើង​បាន​ទ្រទ្រង់​ដល់​កូន » ។

ព្រះវរបិតា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំនិត​ដ៏​អស្ចារ្យ​នោះ​តាម​របៀប​ដ៏​ទន់ភ្លន់​មួយ ពេល​ខ្ញុំ​ត្រូវការ​វា​បំផុត ។ ខ្ញុំ​បាន​ដឹង​ថា ទ្រង់ ពិតជា ស្រឡាញ់​ខ្ញុំ ហើយ​ថា​ទ្រង់ ពិតជា ស្គាល់​ខ្ញុំ ។ ទ្រង់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​រហូត​ដល់​ទ្រង់​បាន​ប្រទាន​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​ដល់​ខ្ញុំ ។ ទ្រង់​នឹង​មិន​បង្ខំ​ខ្ញុំ ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​ឲ្យ​ធ្វើ​តាម​ទ្រង់​ឡើយ ប៉ុន្តែ​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់​អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់​( សូមមើល​ម៉ាថាយ ១១:២៨–៣០ ) ។

ចាប់ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ពឹងផ្អែក​លើ​ទ្រង់​បាន ។ ឥឡូវ​នេះ​ជីវិត​របស់​ខ្ញុំ​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​ខ្ញុំ​ខិតខំ​ធ្វើ​តាម​ទ្រង់ ហើយ​ស្ដាប់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។ ខណៈ​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បណ្តោយ​ឲ្យ​ខ្ញុំ​ទទួល​ការ​ឈឺចាប់ នោះ​ទ្រង់ទាំងទ្វេ​ក៏​ប្រទាន​ដល់ខ្ញុំ​នូវ​សេចក្ដី​សុខសាន្ត ការ​លួង​លោម​ចិត្ត កម្លាំង និង​ភាពក្លាហាន ដើម្បី​ខ្ញុំ​អាច​រៀន​ចេញ​ពី​រឿង​លំបាកៗ​ទាំងឡាយ​ដែរ ។ ការ​មាន​នូវ​ភាព​ឈឺចាប់ ជួយ​ខ្ញុំ​ឲ្យ​យល់ដឹង ហើយ​គាំទ្រ​ដល់​មនុស្ស​ដទៃ​ទៀត ដែល​កំពុង​ជួប​បញ្ហា​ផង​ដែរ ។

យើង​ប្រហែល​ជា​មិន​អាច​ដឹង​អស់​នោះ​ទេ​ពី​អ្វី​ដែល​មនុស្ស​ដទៃ​កំពុង​ឆ្លង​កាត់ ប៉ុន្តែ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​ស្ដាប់​ខ្ញុំ ពេល​ខ្ញុំ​អំពាវ​នាវ​រក​ទ្រង់ ។

បោះពុម្ព