២០២២
ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ ការរៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ ការរៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ » លីអាហូណាខែ​កក្កដា/សីហា ឆ្នាំ​២០២២ ។

ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ ការរៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ

ខ្ញុំ​សូម​អញ្ជើញ​ប្អូនៗ​ឲ្យ​សិក្សា​ដោយ​ឧស្សាហ៍ព្យាយាម និង​អរគុណ​ពី​សារៈសំខាន់​ដ៏​អស់កល្ប​នៃ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅពេល​ប្អូនៗ​ព្យាយាម​មករក​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ការបើកសម្ភោធ​ព្រះវិហារបរិសុទ្ធ​មេស្សា អារីហ្សូណា

រូបថត​ការបើកសម្ភោធ​ព្រះវិហារបរិសុទ្ធ​មេស្សា អារីហ្សូណា ដោយ លេសលី នីលសុន

កិច្ចការ និង​សិរីល្អ​របស់ទ្រង់​គឺ « គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ )—ដើម្បី​រៀបចំ​យើង​រស់នៅ « តាម​វិធី​ដ៏​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង » ដើម្បី​យើង​អាច​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ទ្រង់ ។

នៅក្នុង​សេចក្ដី​មេត្តា​ករុណា​ដ៏​គ្មាន​ទីបញ្ចប់ និង​អស់​កល្ប​ជានិច្ច​របស់ទ្រង់ តាមរយៈ​ព្យាការី និង​សាវក​ទាំងឡាយ​របស់ទ្រង់ ព្រះអម្ចាស់​បានបន្ត​អញ្ជើញ​បុត្រា និង​បុត្រី​របស់ទ្រង់ ឲ្យ​រៀបចំខ្លួន​សម្រាប់​ការយាង​មក​របស់ទ្រង់ ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីយ៉ូន—គឺ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​នាំទៅ​ជួប​នឹង​ទ្រង់ ( សូមមើល អាលម៉ា ១២:២៤; ៣៤:៣២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៤៥; ៦៥:៥; ៨៨:៩៦–៩៧ ) ។ ហើយ​ជានិច្ចកាល ចំណុច​សំខាន់​ចំពោះ​ការរៀបចំ​នោះ​គឺ​ការរៀនសូត្រ​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ការ​អនុវត្តសេចក្ដី​ជំនឿ​លើ​ទ្រង់ ការ​ប្រែចិត្ត និង​ការទទួល​បាន​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។

គំរូ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​អំពី​ការអញ្ជើញ​របស់​ព្រះ​ទៅកាន់​បុត្រាបុត្រី​របស់​ទ្រង់​ដើម្បី​រៀបចំខ្លួន​រស់នៅ​តាម​ក្រឹត្យវិន័យ​ដែល​ខ្ពស់ជាង ព្រមទាំង​ទទួល​បាន​សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ​គឺជា​សេចក្ដីណែនាំ​សម្រាប់​យើង​នាសព្វថ្ងៃនេះ ។

ក្នុង​និក្ខំមនំ ព្រះបាន​លើកទឹកចិត្ត​អ៊ីស្រាអែល​ឲ្យ​ធ្វើជា « របស់​ផង​យើង » ហើយ​ញែក​ខ្លួន​របស់​ពួកគេ​ក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​ជួប​ទ្រង់ ( សូមមើល​និក្ខមនំ ១៩:៤–៦, ១០–១១, ១៧ ) ។ ព្រះ​យេស៊ូវ​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល « ក្រឹត្យវិន័យ ហើយនឹង​សេចក្តី​បង្គាប់​ទាំង​ប៉ុន្មាន…បាន​ចារឹក​ទុក​នៅ​លើ​បន្ទះ​ថ្ម » ( និក្ខមនំ ២៤:១២ ) ហើយ​ពួកគេ​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ដោយ​និយាយ​ថា « យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី​ដែល​ព្រះ​យេស៊ូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​មក នោះ » ( និក្ខមនំ ១៩:៨; សូមមើល​ផងដែរ ២៤:៣ ) ។ ព្រះអម្ចាស់​បានសន្យា ប្រសិនបើ​ពួកគេ​គោរពតាម​សេចក្ដីសញ្ញា​របស់​ពួកគេ នោះ​ទ្រង់​នឹង​គង់​នៅក្នុង​ចំណោម​ពួកគេ ( សូមមើល និក្ខមនំ ២៩:៤៥–៤៦ ) ។ ទោះជា​យ៉ាង​ណា​ក៏ដោយ នៅពេល​អ៊ីស្រាអែល​បាន​ធ្វើ​ជា​សាក្សី​ចំពោះ « សិរីល្អ​នៃ​ព្រះ​យេហូវ៉ា » ( និក្ខមនំ ២៤:១៦ ) នៅលើ​ភ្នំ​ស៊ីណៃ ពួកគេ​បាន​ភ័យខ្លាច បានឈរ​នៅ​ឆ្ងាយ ហើយ​ទីបំផុត​បះបោរ​ទាស់​នឹង​ព្រះ ( សូមមើល និក្ខមនំ ២០:១៨–២១; ៣២:១–៦ ) ។

ឧទាហរណ៍​ទីពីរ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ស្តេច សាឡូម៉ូន កំពុង​សាងសង់​ព្រះដំណាក់​ថ្វាយ​ព្រះអម្ចាស់ ( សូមមើល ពង្សាវតារក្សត្រទី ១:១១–១៣ ) ។ ហិប​នៃ​សេចក្តី​សញ្ញា និង​វត្ថុ​ពិសិដ្ឋ​ផ្សេងទៀត​ត្រូវបាន​តម្កល់​ទុក​នៅ « ទី​បរិសុទ្ធ​បំផុត » ( ពង្សាវតារក្សត្រ​ទី ១ ៨:៦ ) និង « សិរីល្អ​នៃ​ព្រះ​យេហូវ៉ា​…​បាន​នៅពេញ​ក្នុង​ព្រះវិហារ​នៃ​ព្រះអង្គ​ហើយ » ( ពង្សាវតារក្សត្រ ទី១ ៨:១១ ) ។ សាឡូម៉ូន​បានថ្វាយ​ការអធិស្ឋាន​ឆ្លង ហើយ​បានទូល​សូម​ពរជ័យ​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​ដើម្បី​ប្រទាន​ដល់​អ៊ីស្រាអែល​ដែល​ប្រែចិត្ត និង​ប្រកប​ដោយ​ការអធិស្ឋាន ។ ព្រះអម្ចាស់​បាន​ឮ​ពាក្យ​អធិស្ឋាន​អង្វរ​របស់​ពួកគេ ហើយ​បានសន្យា​នឹង​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​អ៊ីស្រាអែល ប្រសិនបើ​ពួកគេ​គោរពប្រតិបត្តិ ។ យ៉ាងណា​ក៏ដោយ អ៊ីស្រាអែល​បានបោះបង់​ចោល​ព្រះអម្ចាស់ ហើយ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ។ ( សូមមើល ពង្សាវតារក្សត្រ ទី១ ៩–១១ ) ។

ព្យាការី​ដទៃ​ទៀត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ បានខិតខំ​បង្រៀន និង​ញែក​អ៊ីស្រាអែល​ជា​បរិសុទ្ធ​ដើម្បី « ឲ្យ​ពួក​គេ​អាច​បាន​មើល​ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ ។ ប៉ុន្តែ​ពួក​គេ​ពង្រឹង​ចិត្ត​របស់​គេ ហើយ​ពុំ​អាច​ទ្រាំ​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:២៣–២៤ ) ។

កូនចៅ​នៃ​អ៊ីស្រាអែល​មិនជឿ ភ័យខ្លាច ឬ​មិនចង់​ផ្លាស់ប្តូរ​ម្តងហើយ​ម្តងទៀត ដោយ​ចង់​បាន​ផ្លូវ​ស្រួលៗ ចិត្ត​របស់​ពួកគេ​នៅលើ​វត្ថុ​ខាង​លោកិយ ឬ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់​ដោយពេញចិត្ត ។ រាល់ពេល​ដែល​អ៊ីស្រាអែល​ងាកចេញ​ពី​ព្រះ ហើយ​បោះបង់ចោល​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​របស់​ពួកគេ « ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​បាន​ឆួលឡើង​ទាស់​នឹង​ពួក​គេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២៤ ) ហើយ​ពួកគេ​មិនអាច​ទទួល​បាន​សិរីល្អ​នៃ​ភាពពេញលេញ​របស់​ទ្រង់​ឡើយ ។

គោលបំណង​ដ៏​ទេវភាព​ក្នុង​ការប្រមូលផ្ដុំ

ការខិតខំ​របស់​ព្រះអម្ចាស់​ក្នុងការ​ប្រមូលផ្តុំ​ប្រជារាស្រ្ត​របស់ទ្រង់ ហើយ​ប្រទានពរ​ដល់​ពួកគេ​តាមរយៈ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក៏​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី និង​ព្រះគម្ពីរ​មរមន​ផងដែរ ។ ព្រះអង្គសង្រ្គោះ​បាន​ទួញសោក​ថា « តើ ប៉ុន្មាន ដង ហើយ ដែល យើង ចង់ ប្រមូល កូន ឯង ទាំង ប៉ុន្មាន ដូច ជា មេ មាន់ ក្រុង កូន វា ឲ្យ ជ្រក ក្រោម ស្លាប តែ ឯង មិន ព្រម ទេ ! » ( ម៉ាថាយ ២៣:៣៧; សូម​មើល​ផងដែរ នីហ្វៃទី ៣ ១០:៤–៦ ) ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា « តើ​អ្វី​ជា​វត្ថុ​បំណង​នៃ​ការប្រមូល​ផ្តុំ …រាស្ត្រ​នៃ​ព្រះ​នៅ​គ្រប់​ជំនាន់​នៃ​មនុស្ស​លោក ? … គោលបំណង​ចម្បង​គឺ​ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ​អម្ចាស់ ជាទី​ដែល​ទ្រង់​អាច​បើក​សម្ដែង​ដល់​រាស្ត្រ​ទ្រង់​នូវ​ពិធីបរិសុទ្ធ​នៃដំណាក់​របស់​ទ្រង់ និង​សិរីល្អ​នៃ​នគរ​របស់ទ្រង់ ហើយ​បង្រៀន​ប្រជាជន​ពី​របៀប​នៃ​សេចក្ដី​សង្គ្រោះ … ដើម្បី​ពួកគេ​អាច … ទទួល​បាន​វិវរណៈ​មកពី​ស្ថានសួគ៌ ហើយ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​កិច្ចការ​នៃ​ព្រះនគរ​នៃ​ព្រះ—ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​ឡើយ » ។

ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ដើម្បី​ប្រមូលផ្តុំ​បុត្រាបុត្រី​របស់ ទ្រង់​នៅ​សម័យ​កាន់កាប់​ត្រួតត្រា ហើយ​បាន​បើកសម្តែង​នូវ « ការណ៍​ទាំង​ឡាយ ដែល​បាន​លាក់​ទុក​មុន​កំណើត​លោកិយ​មក​ម្ល៉េះ … ការណ៍​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​ដំណាក់​នេះ និង​បព្វជិតភាព​នៃ​ដំណាក់​នេះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤:៤១–៤២ ) ។ ទ្រង់​បាន​លើកទឹកចិត្ត​ដល់​យើង​ទាំងអស់​គ្នា​ឲ្យ​រៀបចំខ្លួន​ត្រឡប់ ទៅកាន់​ទីវត្តមាន​របស់​ទ្រង់​វិញ—ដែល​អាច​ធ្វើទៅបាន​តាមរយៈ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ « មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​របស់​យើង ថា​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​យើង ហើយ​ថ្វាយ​បង្គំ​យើង​តាម​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង នោះ​ត្រូវ​ប្រមូល​គ្នា ហើយ​ឈរ​នៅ​ទី​បរិសុទ្ធ​នានា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:២២ ) ។

ហេតុអ្វី​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ ?

ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​បំផុត ជាង​កន្លែង​ណាៗ​ទៀត​ទាំងអស់ ។ អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​រៀនសូត្រ និង​អ្វីៗ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គូស​បញ្ជាក់​ពី​ផែនការ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះរបស់​យើង ។ សេចក្ដី​សញ្ញា​ដែល​បាន​ទទួល និង​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើឲ្យ​ដួងចិត្ត​យើង​បាន​បរិសុទ្ធ និង​សម្រាប់​ការលើក​តម្កើង​ដ៏​ខ្ពង់ខ្ពស់​ដល់​បុត្រា និង​បុត្រី​នៃ​ព្រះ ។

« ហើយ​បព្វជិតភាព​ដ៏​​ធំ​ជាង​នេះ ចាត់ចែង​ដំណឹង​ល្អ ហើយ​កាន់​កូន​សោ​នៃ​សេចក្តី​អាថ៌កំបំាង​ទំាងឡាយ​នៃ​នគរ គឺ​ជា​កូនសោ​នៃ​ចំណេះ​វិជ្ជា​ពី​ព្រះ ។

« ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទំាងឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ ។

« ហើយ​បើ​សិន​ជា​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ទេ នោះ​អំណាច​នៃ​ព្រះ ពុំ​អាច​បាន​សម្ដែង​ដល់​មនុស្ស​នៅ​ក្នុង​សាច់​ឈាម​បាន​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២១ ) ។

ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដែល​ទទួល​បាន​ដោយ​ភាព​ស័ក្តិសម និង​បាន​ចងចាំ​ជានិច្ច​នឹង​បើក​ទំនាក់​ទំនង​សួគ៌ា ដែល​ធ្វើឲ្យ​អំណាច​នៃ​ព្រះ​អាច​ហូរ​ចូល​ក្នុង​ជីវិត​របស់​យើង​បាន ។ តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​ការរក្សា​សេចក្តី​សញ្ញា​ពិសិដ្ឋ នោះ​យើង​ត្រូវ​បាន​ទឹម​ជាមួយ​ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ហើយ​អាច​បាន​ប្រទានពរ​ដោយ​កម្លាំង​លើស​ពី​ខ្លួន​យើង​ដើម្បី​យក​ឈ្នះ​លើ​ការល្បួង និង​ឧបសគ្គ​នៃ​ជីវិត​រមែងស្លាប់ នៅពេល​យើង​រៀបចំ​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ ។

ពរជ័យ​នៃ​សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

រូបភាព
រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តី​លម្អិត​មកពី​ព្រះគ្រីស្ទ និង​កុមារ​តូច ដោយ ខាល ហេនរីក​ប្លក់

ពរជ័យ​ដ៏​សំខាន់​ពីរ​ដែល​បានទទួល​ពី​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​បង្កើន​អំណរ និង​អានុភាព ។

ព្រះ​ដ៍​ប្រោសលោះ​គឺ​ជាប្រភព​ដ៏​ចម្បង​នៃ​អំណរ​យូរអង្វែង ។ អំណរ​ពិតប្រាកដ​កើត​មក​ពី​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដោយ​ការទទួល និង​ការគោរព​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​ដោយ​ស័ក្តិសម ហើយ​ព្យាយាម​ប្រែចិត្តជឿ​កាន់តែខ្លាំង​ឡើង​លើ​ព្រះអង្គសង្គ្រោះ និង​ព្រះរាជបំណង​របស់​ទ្រង់ ។

អាលម៉ា​បាន​បង្រៀន​កូនប្រុស​របស់លោក​ថា ភាពបរិសុទ្ធ និង​អំណរ​ដ៏ធំ​នៅក្នុង​ជីវិត​របស់​យើង​គឺ​អាចធ្វើ​ទៅបាន កាល​យើង​ត្រូវបាន​សម្អាត និង​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ មានតែ​តាមរយៈ​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះ​ដ៏​ប្រោសលោះ ការប្រែចិត្ត និង​ការរក្សា​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ ទើប​យើង​អាច​ទទួល​បាន​សុភមង្គល​ជា​និរន្ដរ៍ ដែល​យើង​ទាំងអស់​គ្នា​ប្រាថ្នា​ចង់​បាន និង​ដក​ពិសោធន៍ ។

សូម​កត់ចំណាំ​សេចក្តីសន្យា​នៃ​អំណរ​មកពី ប្រធាន​រ័សុល អិម ណិលសុន ៖ យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទាំង​នៅ​សង្ខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​ស័ក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច » ។

កាលដែល​អំណាច​នៃ​សេចក្តី​ងងឹត​គ្រប់គ្រង​នៅ​សម័យ​របស់​យើង​ហើយ « ចង់​បំផ្លាញ​សេចក្ដីសុខ​យើង​ចោល » នោះ​អំណាច​ការពារ​មាន​សម្រាប់​យើង​ម្នាក់ៗ​នៅក្នុង និង​តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៨:៣២; ៤៣:១៦; ៧៦:៣៩–៤២; ១០៥:១១–១២, ៣៣; ១៣៨:១២–១៥ ) ។ នីហ្វៃ បាន​ឃើញ​នៅក្នុង​ទស្សននិមិត្ត ហើយ « ឃើញ​ថា​ព្រះចេស្ដា​នៃ​កូនចៀម​នៃ​ព្រះ បាន​យាងចុះ​មក​សណ្ឋិត​លើ​… រាស្ត្រ​ដែល​នៅក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះអម្ចាស់​… ហើយ​ពួក​គេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ( នីហ្វៃទី ១ ១៤:១៤ ) ។

នៅ​ក្នុង​ការអធិស្ឋាន​ឧទិ្ទសឆ្លង​នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ព្យាការី​យ៉ូសែប​ស្ម៊ីធ បាន​ទូលសូម​ព្រះ​វរបិតា « សូម​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​អាច​បាន​ចេញ​ពី​ដំណាក់​នេះ​ទៅ​ប្រដាប់​ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់ » ហើយ « សូម​កុំ​ឲ្យ​បក្ស​ពួក​មនុស្ស​ទុច្ចរិត​… ផ្ទុះ​កើត​ឡើង​ហើយ​ឈ្នះ​លើ​រាស្ត្រ​របស់​ទ្រង់ ដែល​ព្រះ​នាម​របស់​ទ្រង់​នឹង​បាន​ដាក់​លើ​ពួក​គេ​នៅ​ក្នុង​ដំណាក់​នេះ​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:២២, ២៦ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ពន្លឺ​ដ៏​ត្រចះត្រចង់—ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ហ្លែន​ អេស ហបគីនសុន ហាមថត​ចម្លង

យើងម្នាក់ៗ​គួរតែ​ខិតខំ​សិក្សា​អំពី និង​យល់​ឲ្យ​កាន់តែច្បាស់​អំពី​អានុភាព​ការពារ​នៃ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ដែល​មាន​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់—ដើម្បី​យើង​ជា​សិស្ស​អាច « ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​ … នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣២ ) និង « ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់ » ( អេភេសូរ ៦:១៣ ) ។

ការអញ្ជើញ និង​ទីបន្ទាល់

ខ្ញុំ​សូម​អញ្ជើញ​ប្អូនៗ​ឲ្យ​សិក្សា​ដោយ​ឧស្សាហ៍ព្យាយាម និង​អរគុណ​ពី​សារសំខាន់​ដ៏​អស់កល្ប​នៃ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅពេល​ប្អូនៗ​ព្យាយាម​មករក​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​ពរជ័យ​ដែល​អាច​កើត​មាន​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដោយ​អំណរ​ដ៏​ពេញលេញ​ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ព្រះរាជ​បំណង​ដ៏​ធំ​បំផុត​របស់​ទ្រង់​គឺ​ដើម្បី​ឲ្យ​យើង​ត្រឡប់​ទៅ​រក​វត្តមាន​របស់​ទ្រង់​វិញ ហើយ​ទទួល​យក​សិរីល្អ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៦; ១០១:៣៨ ) ។

បោះពុម្ព