២០២២
ដោយមាន​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ដោយមាន​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ » លីអាហូណា ខែ កក្កដា/សីហា ឆ្នាំ ២០២២ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ដោយមាន​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់

នៅគ្រា​ជួបទុក្ខ​លំបាក ខ្ញុំ​រៀន​ថា ខ្ញុំ​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន ។

រូបភាព
គិលានុ​បដ្ឋាក​កំពុងជួយ​អ្នកជំងឺ​ម្នាក់

រចនា​រូបភាព​ដោយ ស្ទេផានី ហូក

ក្នុងនាម​ជា​គិលានុបដ្ឋាក​ដាក់ថ្នាំ​ស្ពឹក​នៅក្នុង​កងទ័ព​ជើងទឹក​បម្រុង​របស់​សហរដ្ឋ​អាមេរិក​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ខ្ញុំ​ត្រូវចល័ត និង​ចាត់​ឲ្យ​ទៅ​មន្ទីរពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មជ្ឈមណ្ឌល​សន្និបាត ចាកុប ខេ ចាវីធស៍ ក្នុង​ទីក្រុង ញូវយ៉ក ដោយ​ផ្តល់​ការថែទាំ​ជួរមុខ​អំឡុងពេល​នៃ​ការផ្ទុះឡើង នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​នេះ ។

កាលដែល​ខ្ញុំ​បានចាប់ផ្តើម​ការងារ​របស់​ខ្ញុំ ខ្ញុំ​បាន​ព្រួយបារម្ភ​ជាខ្លាំង ។ ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ជាពិសេស​អំពី​ការមើល​ថែ​អ្នកជំងឺ និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដ៏​សាហាវ​នេះ ។

ខ្ញុំ​មាន​អារម្មណ៍​ដូចជា​នីហ្វៃ​និយាយថា​« ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ » ( នីហ្វៃទី ១ ៤:៦ ) ។ គំនិតនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​អធិស្ឋាន​ជាញឹកញាប់ ដើម្បី​ខ្ញុំ​នឹង​ឮ​ព្រះសូរសៀង​ទ្រង់ ធ្វើ​តាម​ការណែនាំ​របស់​ទ្រង់ ហើយ​មើលថែ​អ្នក​ជំងឺ​របស់​ខ្ញុំ​ឲ្យ​អស់ពី​លទ្ធភាព​របស់​ខ្ញុំ ។

ក្នុង​អំឡុងពេល​ប្រចាំការ​របស់​ខ្ញុំ​នៅ​យប់​ដំបូង មាន​អ្នក​ជំងឺ​ម្នាក់​ចូល​មក​សម្រាក​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ កាលដែល​ខ្ញុំ និង​មិត្ត​រួមការងារ​របស់ខ្ញុំ បាន​ចាប់ផ្តើម​វាយតម្លៃ​ស្ថានភាព​របស់​គាត់ ភ្លាមៗ ខ្ញុំ​បាន​ដឹងថា​គាត់​អាច​ប្រាស្រ័យ​ទាក់ទង​តែ​ជា​ភាសា​អេស្ប៉ាញ​ប៉ុណ្ណោះ ។ ខ្ញុំ​ជាមនុស្ស​ម្នាក់​គត់​នៅ​ទីនោះ​ដែល​ចេះ​និយាយ​ភាសា​អេស្ប៉ាញ ដែល​ខ្ញុំ​បាន​រៀន​ភាសា​នេះ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ​នៅ​វ៉េណេស៊ុយអេឡា ។

កាល​ដែល​ខ្ញុំ​ចាប់ផ្តើម​និយាយ​ជាមួយ​អ្នក​ជំងឺ គាត់​បាន​សួរ​ថា តើ​ស្ថានភាព​របស់​គាត់​មិនអី​ទេ​មែនទេ ។ ខ្ញុំ​បាន​ធានា​ដល់​គាត់​ជាថ្មី ដោយ​ប្រាប់​គាត់​ថា គាត់​នឹង​ទទួល​បាន​ការមើលថែ​ដ៏​ល្អបំផុត​ដែល​អាច​ធ្វើ​ទៅបាន ។ ខ្ញុំ​បាន​មើលឃើញ​ពី​កំណើន​នៃ​ទំនុកចិត្ត និង​ការលួងលោម​នៅក្នុង​កែវភ្នែក​របស់​គាត់ ។ នៅ​ពេញ​មួយ​យប់​នោះ ខ្ញុំ​បាន​ទៅ​ជិតគ្រែ​របស់​គាត់​ជាញឹកញាប់ ដោយ​ធ្វើ​ការ​វាយតម្លៃ និង​ធ្វើ​បច្ចុប្បន្នភាព ។ ក្នុង​រយៈពេល​ពីរបី​ថ្ងៃ ស្ថានភាព​របស់​គាត់​បាន​ប្រសើរ​ឡើង​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​បានឲ្យ​គាត់​ចេញពី​មន្ទីរពេទ្យ ។

នៅអំឡុងពេល​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​បាន​ជួប​អ្នកជំងឺ​ជាច្រើន​ដែល​ចេះ​សន្ទនា​​តែ​ជា​ភាសា​អេស្ប៉ាញ​តែ​ប៉ុណ្ណោះ ។ សមត្ថភាព​និយាយ​របស់​ខ្ញុំ​ទៅកាន់​ពួកគេ​ បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការធូរស្រាល និង​ការ​ធានា​អះអាង​ក្នុង​អំឡុង​ពេល​នៃ​ការជា​សះស្បើយ​របស់​ពួកគេ ។ 

កាល​ដែល​ខ្ញុំ​គិតពិចារណា​ពី​បទពិសោធន៍​នេះ ក្នុងការ​ការស្វែងរក​ការណែនាំ​ពី​សួគ៌ា ដើម្បី​ផ្តល់​ការមើលថែ​ដ៏​ប្រសើរ​បំផុត​ដល់​អ្នកជំងឺ ខ្ញុំ​បាន​នឹកឃើញ​ដល់​ដំបូន្មាន​របស់​អែលឌើរ ប្រ៊ូក ភី ហែលស៍ នៃ​ពួក​ចិតសិបនាក់ ។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះ​វរបិតាសួគ៌​ចូលរួម « នៅក្នុង​កិច្ចការ​តូចតាច​នៃ​ជីវិត​យើង » ហើយ​ថា « យើង​ទទួល​បាន​សិទ្ធិ​ដើម្បី​មាន​ការណែនាំ​ដ៏​ទេវភាព​ជា​បន្ត​បន្ទាប់​ឥត​ឈប់ឈរ​តាមរយៈ​ឥទ្ធិពល និង​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ខ្ញុំ​បានដឹង​យ៉ាង​ច្បាស់​ថា សមត្ថភាព​និយាយ​ភាសា​អេស្ប៉ាញ គឺ​មាន​តម្លៃ​ដូចជា​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​របស់​ខ្ញុំ​ដែរ ។ នៅពេល​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដទៃ ខ្ញុំ​ក៏បាន​ទទួល​នូវ​ទស្សនៈ​ដ៏​ច្បាស់​មួយ​ថា នៅគ្រា​ជួបទុក្ខ​លំបាក និង​ដោយ​មាន​ការណែនាំ​ពី​ព្រះអម្ចាស់ ខ្ញុំ​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន ។

កំណត់​ចំណាំ

  1. ប្រ៊ូក ភី ហែលស៍ « Answers to Prayer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១១ ។

បោះពុម្ព