២០២២
ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ » លីអាហូណា ខែ កក្កដា/ខែ សីហា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

នាង​អេសធើរ

ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់

ប្រសិនបើ​យើង​ធ្វើតាម​ព្រះវិញ្ញាណ ហើយ​មានដួងចិត្ត​ដែល​ស្ម័គ្រតាម នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ ។

រូបភាព
នាង​អេសធើរ

រចនា​រូបភាព​ដោយ ឌីលីន ម៉ាស្ស

ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់​គឺ​មាន​ភាពងាយស្រួល​ទេ ។ យើង​គ្រាន់តែ​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​យើង ហើយ​មាន​សេចក្តីក្លាហាន​ដើម្បី​ធ្វើតាម​ការបំផុសគំនិត​របស់​ទ្រង់​តែប៉ុណ្ណោះ ។ ករណី​បែបនោះ​កើតឡើង​នៅពេល​ឪពុកម្តាយ​ក្មេក​របស់​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នា​ឆ្នាំ ១៩៦៨ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ម្នាក់​ដែល​ចង់​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​បានជួយ​នាំ​ក្រុមគ្រួសារ​របស់​ពួកគាត់​ចូល​សាសនាចក្រ ។

ខាង​សាច់ថ្លៃ​របស់​ខ្ញុំ​បានជួប​ជាមួយនឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ម្តង ប៉ុន្តែ​បន្ទាប់ពី​ពេលនោះ​មក ឪពុក​ក្មេក​របស់​ខ្ញុំ​មិនចង់​បន្តជួប​ទៀត​នោះ​ទេ ។ បន្ទាប់មក​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​ម្នាក់​មាន​ឈ្មោះ​ថា អែលឌើរ ហ្វេតសឺរ បាន​ផ្ទេរ​ចូល​ក្នុង​តំបន់ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​រូបនេះ និង​ដៃគូ​របស់​គាត់​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​ទៅ​សួរសុខទុក្ខ និង​ផ្តល់ការងារ​បម្រើ​ដល់​គ្រួសារ​នេះ ។ អែលឌើរ ហ្វេតសឺរ អាច​ប៉ះដួងចិត្ត​សមាជិក​នៃ​គ្រួសារ​នេះ​តាមរបៀប​មួយ​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដទៃទៀត​មិនបាន​ធ្វើ ។

សម្រាប់​រយៈពេល​ប្រាំមួយខែ​ខាងមុខ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​គ្រួសារ​នេះ ។ ក្រោយមក ព្រះវិញ្ញាណ​បាន​ប៉ះ​ដួងចិត្ត​របស់​ឪពុកម្តាយ​ក្មេក​របស់​ខ្ញុំ ហើយ​ពួកគាត់​បាន​ចូល​ក្នុង​សាសនាចក្រ ។ ពួកគាត់​បាន​ទទួល​ពរជ័យ​ដែល​បាន​មក​តាម​រយៈ​ការ​ចុះ និង​រក្សា​សេចក្តី​សញ្ញា​របស់​យើង ។ ដោយសារ​ពួកគាត់ មាន​ក្រុមគ្រួសារ​ជាច្រើន​បាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​បាន​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ ។

ការណ៍​នេះ​បានកើតឡើង​ជា​ផ្នែកៗ ដោយសារ​យុវជន​ម្នាក់​មកពី​រដ្ឋយូថាហ៍​បាន​ស្ម័គ្រចិត្ត « ទុក​ឲ្យ​ព្រះ​ឈ្នះ » នៅក្នុង​ជីវិត​របស់​គាត់ ។ គាត់​មាន​សេចក្តីក្លាហាន​ដើម្បី​ចាកចេញ​ពី​ផ្ទះ​ដ៏​សុខស្រួល ទៅរៀន​ភាសា​ថ្មី ហើយ​បម្រើ​ព្រះអម្ចាស់​នៅ​ប្រទេស​ប្រេស៊ីល ។

ការសន្ទនា​ដ៏​សាមញ្ញ

ប្រហែល​ជាមួយ​ឆ្នាំ​កន្លងទៅ​ភរិយា​របស់​ខ្ញុំ អាឡិចសាន់ត្រា បាន​ទទួលសារ​នៅលើ​ទូរសព្ទ​របស់​គាត់​ពី​ស្រ្តី​ម្នាក់​នៅក្នុង​វួដ​កំណើត​របស់​យើង​នៅ​ប្រទេស​ប្រេស៊ីល ។ តាំងពី​ពួកគាត់​បាន ជួបគ្នា​មក វា​កន្លងទៅ​អស់​រយៈពេល​ពីរឆ្នាំ​មកហើយ ។ ស្រ្តី​រូប​នេះ​បាន​សរសេរ ៖ « នៅ​ថ្ងៃ​ដ៏​នឿយហត់​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​ទៅ ដល់​ព្រះវិហារ​ដោយ​របៀប​ណា​ទេ ។ ពេល​ខ្ញុំ​ទៅ​ដល់ បង​បាន​ឃើញ​ខ្ញុំ ។ បង​បាន​កាន់ដៃ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​អង្គុយ​នៅ​ជិត​បង ។ ខ្ញុំ​បាន​និយាយ​ជាមួយ​បង ។ បង​ស្តាប់ ហើយ​បាន​ផ្តល់​ការប្រឹក្សា​ដល់​ខ្ញុំ » ។

នៅ​ពេល​នោះ​វា​ហាក់​ដូចជា​ការសន្ទនា​ដ៏​សាមញ្ញ​មួយ ។ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ឱកាស​សម្រាប់​ភរិយា​របស់​ខ្ញុំ​ដើម្បី​ធ្វើជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ គាត់​បាន​ផ្តល់​ការងារ​បម្រើ​ដល់​បងប្អូន​ស្រី​ដែល​កំពុង​ឆ្លងកាត់​ឧបសគ្គ ។ អាឡិចសាន់ត្រា មិនបាន​គិត អំពី​រឿង​នោះ​ទេ ។ គាត់​បាន​ទទួល​អារម្មណ៍​ឲ្យ​ស្តាប់ និង​ផ្តល់​ការលួងលោម ហើយ​គាត់​ធ្វើតាម​ការបំផុសគំនិត ។ ឥឡូវ​នេះ​ពីរឆ្នាំ​ជាង​មកហើយ គាត់​បាន​ទទួល​សារ​នេះ​ពី​បងប្អូន​ស្រី​រូបនោះ​ដែល​បង្ហាញ​អំណរគុណ​របស់​គាត់ ។

តាមរយៈ​ហេតុការណ៍​ទាំងនេះ ខ្ញុំ​បានរៀន​ថា យើង​ពុំ​ត្រូវការ​ការហៅបម្រើ​មួយ​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​នោះ​ឡើយ ។ យើង​គ្រាន់តែ​ត្រូវការ​ឲ្យ​មាន​បំណងប្រាថ្នា​ប៉ុណ្ណោះ ។ « ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​បម្រើ​ព្រះ នោះ​អ្នក​រាល់​គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:៣ ) ។

« សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង »

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​យើង​បាន អាន​អំពី​មនុស្ស​ម្នាក់ទៀត​ដែល​បាន​បម្រើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ ។ នាងអេសធើរ​គឺជា​យុវនារី​ម្នាក់​ដែល​ឪពុកម្តាយ​របស់​នាង​បាន​ស្លាប់​ចោល​តាំងពី​នាង​នៅ​តូច ។ ម៉ាដេកាយ​ជា​បងជីដូន​មួយ​របស់​នាង​បាន​ចិញ្ចឹមបីបាច់​នាង ។

បន្ទាប់ពី​សេ្តច អ័ហាស៊ូរុស បាន​លែងលះ​ជាមួយ​មហាក្សត្រី វ៉ាសធី ទ្រង់​បាន​ជ្រើសរើស​នាង​អេសធើរ​ឲ្យ​ធ្វើ​ជា​មហាក្សត្រី​របស់​ទ្រង់ ។ « ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះគុណ និង​សេចក្តី​ប្រោសប្រាណ នៅ​ចំពោះ​ទ្រង់ » ( នាងអេសធើរ ២:១៧ ) ។ នាង​អេសធើរ​គឺជា​សាសន៍​យូដា ប៉ុន្តែ​ស្តេច​ពុំបាន​ដឹង​អំពី​រឿង​នេះ​ទេ ។

ហាម៉ាន គឺជា​ទីប្រឹក្សា​ម្នាក់​របស់​ស្ដេច​ត្រូវ​បាន​លើក​ឡើង​តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ជាមួយ​គាត់​( សូមមើល​នាងអេសធើរ ៣:១ ) ។ ហើយ​បាន​រៀបគម្រោង​« បំផ្លាញ​សំឡាប់ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់​វិនាស​បង់ ទោះ​ទាំង​ចាស់​ទាំង​ក្មេង »​( អេសធើរ ៣:១៣ ) ។

ពេល​នាង​អេសធើរ​បាន​ដឹង​ពី​គម្រោង​របស់​ហាម៉ាន នោះ​ម៉ាដេកាយ​បាន​ជំរុញ​ឲ្យ​នាង​អេសធើរ​ទៅ​គាល់​នឹង​ស្ដេច ។ ការ​ធ្វើ​កិច្ចការ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​រូបនាង​ផ្ទាល់ ប៉ុន្តែ​នាង​ទទួល​បាន​សេចក្ដីក្លាហាន​ដោយសារ​ពាក្យ​សម្ដី​របស់​ម៉ាដេកាយ ។ លោក​បាន​ប្រកាស​ថា « ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង ? » ( នាងអេសធើរ ៤:១៤ ) ។

នាង​បាន​តប​ថា « បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ »​( នាងអេសធើរ ៤:១៦ ) ហើយ​បាន​ទៅគាល់​ស្ដេច​ដោយគ្មាន​ការ​កោះហៅ ។ ការធ្វើ​បែបនេះ​អាច​ទទួល​ទោស​ដល់​ស្លាប់ ។ ដោយសារ​តែ​ភាព​វៃឆ្លាត​របស់​នាង នោះ​នាង​អេសធើរ​បាន​ធ្វើ​ឲ្យ​ស្ដេច​ជឿ ។ ជាលទ្ធផល នោះ​ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​ឲ្យ​ទុក​ជីវិត​ដល់​សាសន៍​យូដា ។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​នោះ ទ្រង់​« អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បាន​មូល​គ្នា ដើម្បី​ការពារ​ជីវិត​ខ្លួន »​( នាងអេសធើរ ៨:១១ ) ។

តួនាទី​ទាំងអស់​មាន​សារៈសំខាន់

នាងអេសធើរ​បាន​មាន​ឆន្ទៈ​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់ ។ ជីវិត​នៃ​ការគោរព​ប្រតិបត្តិ និង​ការ​លះបង់ខ្ពស់​របស់​នាង​បាន​រៀបចំនាង ។ ពេល​ខ្ញុំ​គិត​ពី​នាង​ចូលទៅ​គាល់​ស្ដេច​ដោយគ្មាន​ការ​អញ្ជើញ ខ្ញុំ​ស្ងប់ស្ងែង​ពី​ភាព​ក្លាហាន​របស់​នាង ។ វា​រំឭក​ខ្ញុំ​ពី​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន​មក​កាន់​យើង​ទាំងអស់គ្នា​ដើម្បី​ឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។ នាង​អេសធើរ​បាន​មាន​ឆន្ទៈ​ឲ្យ​ព្រះ​ឈ្នះ ។

បងប្រុស​ជីដូន​មួយ​របស់​នាងអេសធើរ ឈ្មោះ​ម៉ាដេកាយ​ក៏​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់​ដែរ ។ គាត់​បាន​ចិញ្ចឹម​បីបាច់​នាង​អេសធើរ​បាន​យ៉ាងល្អ ។ គាត់​ផ្ដល់​ការគាំទ្រ ភាព​ក្លាហាន និង​ការ​បំផុស​គំនិត​ដល់​នាង ។ យើង​គ្រប់គ្នា​មាន​តួនាទី​មួយ​ដែល​ត្រូវ​ធ្វើ ហើយ​តួនាទី​នីំមួយៗ​គឺ​មាន​សារៈសំខាន់ ហើយ​ចាំបាច់​ដូចគ្នា ។

ព្រះអម្ចាស់​បាន​ដាក់​នាង​អេសធើរ​នៅ​ក្នុង​ដំណាក់​របស់​ស្ដេច​នៅ​ក្នុង​គោលបំណង​មួយ—គឺ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពួក​សាសន៍​យូដា ។ ដូចជា​គាត់​បាន​ធ្វើជាមួយ​នឹង​នាងអេសធើរ​ដែរ នោះ​ព្រះអម្ចាស់​ដាក់​យើង​នៅ​កន្លែង​ដែល​យើង​អាច​ជួយ​បំពេញ​ព្រះរាជ​បំណង​របស់​ទ្រង់​បាន ។ ដោយសារ​តែ​ហេតុផល​នេះហើយ យើង​ត្រូវ​តែ​ត្រៀមខ្លួន​ជាស្រេច ហើយ​ស័ក្ដិសម​ពេល​ជួប​នឹង​ឱកាស​ដែល​ទ្រង់​ប្រទាន​ឲ្យ ។

ឱកាស​នៅ​ជុំវិញ​ខ្លួន​យើង

ឱកាស​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់​គឺ​មាន​នៅជុំវិញ​ខ្លួន​យើង ។ ការទទួលខុសត្រូវ​របស់​យើង​គឺ​ត្រូវ​ត្រៀមខ្លួន​ធ្វើ​សកម្មភាព ។ ជារឿយៗ យើង​មិន​ដឹងពី ពេល ឬ​របៀប​ដែល​ឱកាស​ទាំងនោះ​នឹង​កើតឡើង​ឡើយ ។ យើង​ចាំបាច់​ត្រូវ​តែ​រស់នៅ​ដោយ​ស័ក្ដិសម​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ មានដួងចិត្ត​ដែល​ស្ម័គ្រតាម ។ បន្ទាប់មក​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ ។

នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៣​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដល់ ស៊ីឌនី រិកដុន ៖ « យើង​បាន​ទត​មើល​មក​លើ​អ្នក និង​កិច្ចការ​របស់​អ្នក ។ យើង​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ប៉ុន្មាន​របស់​អ្នក ហើយ​បាន​រៀបចំ​អ្នក​សម្រាប់​កិច្ចការ​ដ៏​លើសលែង​ទៅ​ទៀត » ។

ព្រះអម្ចាស់​ស្គាល់​យើង និង​មាន​កិច្ចការ​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ ។ ពេលខ្លះ វាគឺជា​កិច្ចការ​ដែល​មាន​តែ​យើង​ម្នាក់គត់​ដែល​អាច​ធ្វើបាន ។ កិច្ចការ​នេះ​អាច​ជា​ឪពុកម្ដាយ​ជួយ​ដល់​កូន​ប្រុស ឬ​កូនស្រី​ដែល​កំពុង​ជួបបញ្ហា​នៅ​ក្នុង​ផ្ទះ ។ ឬ​វា​អាច​ជា​ការទទួលខុសត្រូវ​របស់​យើង​នៅ​ក្នុង​សាសនាចក្រ ។ ពិតណាស់ វា​អាច​មាន​នៅគ្រប់​ពេល គ្រប់​ទីកន្លែង និង​ជាមួយ​មនុស្ស​គ្រប់គ្នា ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖ « ព្រះអម្ចាស់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​របស់​បងប្អូន​ដល់​បងប្អូន​ដោយសារ​តែ​ហេតុផល​មួយ ។ ប្រហែល​ជា​មាន​មនុស្ស និង​ដួងចិត្ត​ទាំងនោះ​មាន​តែ​បងប្អូន​ប៉ុណ្ណោះ​ដែល​អាច​ឈោង​ទៅប៉ះ​បាន ។ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​ផ្សេងទៀត​អាច​ធ្វើ​វា​តាម​របៀប​ដូចគ្នា​នោះ​បាន​ឡើយ » ។

ប្រធាន អុជដូហ្វ ក៏​បាន​ថ្លែង​ផង​ដែរ​ថា « នៅពេល​យើង​ធ្វើតាម​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​[ របស់​ព្រះអង្គសង្គ្រោះ ] នោះ​ដៃ​របស់​យើង​ក្លាយ​ជា​ព្រះហស្ដ​របស់​ទ្រង់ ភ្នែក​របស់​យើង​ក្លាយ​ជា​ព្រះនេត្រ​របស់​ទ្រង់ ដួងចិត្ត​របស់​យើង​ក្លាយ​ជា​ដួង​ចិត្ត​របស់​ទ្រង់ » ។

ដូចជា នាងអេសធើរ, ម៉េដេកាយ, ដែរ អែលឌើរ ហ្វេតសឺរ និង​ភរិយា​របស់​ខ្ញុំ ព្រមទាំង​មនុស្ស​ជាច្រើន​នាក់​ទៀត​គឺ យើង​គ្រប់គ្នា​អាច​ធ្វើ​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​បាន ។

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះឈ្នះលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « Lift Where You Stand » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៦ ។

  3. ឌៀថើរ អេស្វ អុជដូហ្វ « You Are My Hands » លីអាហូណាខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៨ ។

បោះពុម្ព