សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មេសា ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្តារ​សាសនា​ចក្រ​របស់​ទ្រង់​ឡើង​វិញ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ


ខែ មេសា

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្តារ​សាសនា​ចក្រ​របស់​ទ្រង់​ឡើង​វិញ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ

« យើង​បាន​បញ្ជូន​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​របស់​យើង​ដោយ​ ដៃ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង » ( គ. និងស. 35:17) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ » សូម​សួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? » 

សប្តាហ៍​ទី 1 ៖ បន្ទាប់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ពួក​សាវក​របស់​ទ្រង់​បាន​ទទួល​មរណភាព ដំណឹងល្អ​នៃ​សេចក្តី​ពិត​ត្រូវ​បាន​បាត់​បង់ ។

ស្វែងរក​គោលលទ្ធិ( ពិភាក្សា )៖ សុំ​ឲ្យ​កុមារ​រៀប​រាប់​ពី​ឈ្មោះ​នៃ​ការណ៍​​មួយ​ចំនួន​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្រៀន កាលដែល​ទ្រង់​គង់​នៅលើ​ផែន​ដី ។ បង្ហាញ​រូប​ភាព​នៃ​ព្រះ​គ្រីស្ទ​ធ្វើ​ការ​តែង​តាំង​ពួក​សាវក ។ ពន្យល់​ថា បន្ទាប់​ពី​ព្រះ​គ្រីស្ទ​បាន​សុគត ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​សាវក​របស់​ទ្រង់​បាន​បង្រៀន​ដំណឹង​ល្អ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​មិន​បាន​ស្តាប់​តាម​ពួក​គាត់​នោះ​ឡើយ មិន​យូរ​ប៉ុន្មាន ពួក​សាវក​បាន​ទទួល​មរណភាព ហើយ​សេចក្តី​ពិត​ដ៏​មាន​សារៈ​សំខាន់​មួយ​ចំនួន​អំពី​ដំណឹងល្អ​មិន​មាន​គេ​បង្រៀន​ទៀត​ឡើយ ។ សូម​សរសេរ​នៅ​លើ​ក្តារ​ខៀន​ថា ៖ « បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​សុគត និង​ពួក​សាវក​របស់​ទ្រង់​បាន​ទទួល​មរណភាព នោះ​សេចក្តី​ពិត​ដំណឹងល្អ​ត្រូវ​បាន​បាត់​បង់ » ហើយ​សុំ​ឲ្យ​កុមារ​ថា​តាម​អ្នក ។

កុមារ​គូរ​គំនូរ

ការ​គូរ​គំនូរ​ធ្វើ​ឲ្យ​កុមារ​បង្ហាញ​ពី​ការ​យល់​ដឹង​របស់​ពួក​គេ​ពី​គោលការណ៍​ដំណឹង​ល្អ ។ កុមារ​ចូល​ចិត្ត​មើល​រូប​ភាព​របស់​ពួក​គេ ធ្វើ​ជា​ជំនួយ​ដល់​ចក្ខុ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង ( គូរគំនូរ ) ៖ សូម​សរសេរ​នៅ​លើ​ក្តារ​ខៀន​ពី​គោលការណ៍​ដំណឹងល្អ​មួយ​ចំនួន ដែល​ត្រូវ​បាន​បាត់​បង់ ឬ​ផ្លាស់​ប្តូរ​នៅ​ពេល​ដែល​មាន​ការ​ក្បត់​សាសនា ( ឧទាហរណ៍ ពិធីបុណ្យ​ជ្រមុជ​ទឹក បព្វជិតភាព ព្រះ​វិហារ​បរិសុទ្ធ ព្យាការី​ដែល​នៅ​រស់ និង​ពិធី​សាក្រាម៉ង់ ) ។ សូម​បំបែក​កុមារ​ទៅ​ជា​ក្រុម​តូចៗ ។ ឲ្យ​ក្រដាស​ដល់​ក្រុម​នីមួយៗ​ព្រម​ជា​មួយ​នឹង​គោលការណ៍​ដំណឹង​ល្អ​នានា​នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​សុំ​ឲ្យ​កុមារ​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​គោលការណ៍​នោះ ។ អញ្ជើញ​កុមារ​នៅ​ក្នុង​ក្រុម​នីមួយៗ​យក​រូប​ភាព​របស់​ពួក​គេ​បិទ​លើ​ក្តារ​ខៀន ។ សូម​ពន្យល់​ថា នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​គង់​នៅ​លើ​ផែន​ដី ទ្រង់​បាន​បង្រៀន​ពី​សេចក្តី​ពិត​នៃ​ដំណឹងល្អ​ដ៏​មាន​សារៈ​សំខាន់​ទាំង​នេះ ។ សុំ​ឲ្យ​កុមារ​បិទ​ភ្នែក​របស់​ពួក​គេ ។ ដក​រូប​ភាព​ទាំង​អស់​ចេញ ហើយ​លាក់​រូប​ទាំង​នោះ​នៅ​កន្លែង​ណា​មួយ ។ បន្ទាប់​មក សុំ​ឲ្យ​កុមារ​បើក​ភ្នែក​របស់​ពួក​គេ ។ សូម​ពន្យល់​ថា សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​បាត់​បង់​បន្ទាប់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​សុគត និង​ពួក​សាវក​របស់​ទ្រង់​បាន​ទទួល​មរណភាព ។ សុំ​ប្រាប់​កុមារ​ថា ដំណឹង​ល្អ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​តាម​រយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សុំ​ប្តូរ​រូបភាព ហើយ​ថ្លែង​ទីបន្ទាល់​ថា សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​សេចក្តី​ពិត​ទាំង​អស់​ដែល​បាន​បាត់​បង់​កាល​ពី​គ្រា​មួយ​នោះ ។ ( សូម​រក្សា​រូប​ភាព​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​សប្តាហ៍​ទី 4 ) ។

សប្តាហ៍​ទី 2 ៖ ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយដល់​យ៉ូសែប ស្ម៊ីធ ។

ស្វែងរក​​គោលលទ្ធិ( មើល​រូបភាព ) ៖ សូម​បិទ​បំណែក​ក្រដាស​តូចៗ​នៅ​លើ​រូបភាព​​ទស្សន​និមិត្ត​លើក​ដំបូង ។ អញ្ជើញ​កុមារ​ឲ្យ​ដក​យក​បំណែក​ក្រដាសម្តង​មួយៗ​ចេញ ។ ចូរ​សុំ​ឲ្យ​កុមារ​លើក​ដៃ​ឡើង​ដោយ​ស្ងៀមស្ងាត់ នៅ​ពេល​ពួកគេ​ដឹង​ថា​រូបភាព​នោះ​ជា​អ្វី ។ បន្ទាប់​ពី​បំណែក​ក្រដាស​ទាំងអស់​ត្រូវ​បាន​ដោះ​ចេញ សូមឲ្យ​កុមារ​ប្រាប់​អ្នក​ថា តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​រូបភាព​នោះ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការ​អាន​ព្រះ​គម្ពីរ ) ៖ ចូរ​បង្ហាញ​ដល់​កុមារ​ពី​កន្លែង​នៅក្នុង​ព្រះគម្ពីរ​ដែល​យើង​អាច​អាន​ពី​ការពិពណ៌នា​របស់​យ៉ូសែប ស្ម៊ីធ​ស្ដី​ពី​បទពិសោធន៍​របស់​លោក​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ យ៉ូសែប ស្ម៊ីធ–ប្រវត្តិ 1:14–19 ។ ចូរ​អាន ឬ​សុំ​ឲ្យ​កុមារ​មួយ​ចំនួន​អាន​ខគម្ពីរ​ខ្លះៗ​ដែល​រៀបរាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង ។ អ្នក​គប្បី​សុំ​ឲ្យ​កុមារ​តូចៗ​ឲ្យ​ធ្វើ​នូវ​សកម្មភាព​សាមញ្ញ​នានា ដូចជា ការក្រោកឈរ ហើយ​លើក​ដៃ​ពួកគេ​ឡើង​ទៅ​លើ​ត្រង់​ដូច​ជា​ដើមឈើ ឬ​ឱប​ដៃ​ហាក់​ដូច​ជា​ពួកគេ​កំពុង​តែ​អធិស្ឋាន ។ សូម​សួរ​ដល់​កុមារ​ថា តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែបណា​ដែរ ប្រសិន​បើ​ពួកគេ​បាន​មើល​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យាង​មក ហើយ​មាន​បន្ទូល​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ​នោះ ។ ចូរ​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្ត( ការចែកចាយ​ពី​ទីបន្ទាល់​ទាំងឡាយ ) ៖ សូម​ឲ្យ​កុមារ​ច្រៀង​បទ « ព្រៃ​ពិសិដ្ឋ » (  ច.ក. 87 ) ។ បន្ទាប់​មក​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ ។ អញ្ជើញ​កុមារ​ពីរ ឬ​បី​នាក់​ឲ្យ​ឡើង​ចែកចាយ​ពី​ទីបន្ទាល់​របស់​ពួកគេ​ស្ដី​ពី​ទស្សននិមិត្ត​ដំបូង ។

សប្តាហ៍​ទី 3 ៖ សិទ្ធិ​អំណាច​បព្វជិតភាព​ត្រូវ​បាន​ស្តារ​ឡើង​វិញ​តាម​រយៈ​ពួក​សារទូត​ស្ថានសួគ៌ ។

ស្វែងរក​​គោលលទ្ធិ ( ច្រៀង​ចម្រៀង ) ៖ សួរ​កុមារ​ពី​របៀប​ដែល​ពួក​គេ​អាច​ប្រកាស​ពី​អ្វី​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត ។ សូម​ពន្យល់​ថា កាល​ពី​បុរាណ​កាល​គេ​ផ្លុំ​ត្រែ នៅ​ពេល​ណា​ដែល​មាន​សេចក្តី​ប្រកាស​ពី​អ្វី​មួយ​ដែល​មាន​សារៈ​សំខាន់ ។ សុំ​ឲ្យ​កុមារ​បិទ​ភ្នែក​របស់​ពួក​គេ ហើយ​ស្រមៃ​ថា ពួក​គេ​បាន​ឮ​សម្លេង​ត្រែ នៅ​ពេល​ដែល​ពួក​គេ​ឮ​សម្លេង​ព្យាណូ « បព្វជិតភាព​ត្រូវ​បាន​ស្តារ​ឡើង​វិញ » ( ច…ក. 89 ) ។ សុំ​ឲ្យ​កុមារ​ច្រៀង​ចម្រៀង​ ហើយ​ស្វែង​រក​សារ​លិខិត​ដែល​មាន​សារៈ​សំខាន់​ដែល​ប្រកាស​នៅក្នុង​ចម្រៀង​នេះ ។ សូម​សួរ​កុមារ​ពីរ​បី​នាក់​ឲ្យ​ពន្យល់​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ស្តាប់​ភ្ញៀវ​ឡើង​និយាយ ) ៖ សូម​បង្ហាញ​រូប​ភាព​ការ​ស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន និង​ការ​ស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ។ សូម​អញ្ជើញ​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់ ឲ្យ​ចែកចាយ​ដំណើរ​រឿង​នៃ​ការ​ស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ ដោយ​ត្រួសៗ ( សូម​មើលគ. និង ស. 13; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:68–72 ) ។ បន្ទាប់​មក អញ្ជើញ​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សា​ដែក​ម្នាក់ ឲ្យ​ប្រាប់​ដល់​កុមារ​អំពី​ការ​ស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សា​ដែក ( សូម​មើល គ. និង ស. 27:12–13; យ៉ូសែប ស្ម៊ីធ —ប្រវត្តិ 1:72 ) ។ សូម​បង្ហាញ​រូបភាព​ម្តង​ទៀត ហើយ​សុំ​ឲ្យ​កុមារ​ប្រាប់​ពី​ឈ្មោះ​របស់​មនុស្ស​ដែល​មាន​នៅ​ក្នុង​រូប​ភាព ។

ពួក​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សា​ដែក និង​បព្វជិកភាព​អេរ៉ុន

​ភ្ញៀវ​កិត្តិយស​អាច​បន្ថែម​អ្វីៗ​ផ្សេង​ទៀត និង​ធ្វើ​ឲ្យ​ថ្នាក់​កុមារ​ចាប់​អារម្មណ៍ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ចែក​ចាយ​ទីបន្ទាល់ ) ៖ សុំ​ឲ្យ​ថ្នាក់​នីមួយៗ​សរសេរ​នៅ​លើ​ក្រដាស​ពី​ការណ៍​មួយ​ដែល​យើង​មាន​សព្វ​ថ្ងៃ​ដោយ​សារ​តែ​មាន​បព្វជិតភាព​អើរ៉ុន ​ត្រូវបាន​ស្តារ​ឡើង​វិញ ( ឧទាហរណ៍ ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​សាក្រាម៉ង់ ) ហើយ​និង​ការណ៍​មួយ​ដែល​យើង​មាន ដោយ​សារបព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវ​បាន​ស្តារ​ឡើង​វិញ ( ឧទាហរណ៍ ពិធី​បញ្ជាក់ ប្រសិទ្ធ​ពរ​ជ័យ​ដល់​អ្នក​ដែល​ឈឺ ) ។ សុំ​ឲ្យ​កុមារ​មួយ​ចំនួន​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​សរសេរ ។ បង្ហាញ​ពី​អំណរ​គុណ​របស់​អ្នក​ចំពោះ​ពរជ័យ​ទាំង​ឡាយ​ដែល​បាន​មក​ពី​ព្រះ​វរបិតា​សួគ៌ដោយ​សារ​តែ​ការស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព ។

សប្តាហ៍​ទី 4 ៖ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បក​ប្រែ​ព្រះគម្ពីរ​មរមន និង​បាន​សា្តរ​ឡើង​វិញ​នូវ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ។

ស្វែងរក​គោលលទ្ធិ និងលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ពិភាក្សា ) ៖​ ពី​មុន​ចាប់​ផ្តើម​ថ្នាក់​អង្គការ​បឋមសិក្សា សូម​សរសេរ​ថា « យ៉ូសែប ស្ម៊ីធ បាន​បក​ប្រែ​ព្រះ​គម្ពីរ​មរមន ហើយ​បាន​ស្តារ​ឡើង​វិញ​នូវ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ » នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​សូម​កាត់​វា​ទុក​ធ្វើ​ជា​ល្បែង​ផ្គុំ​ពាក្យ ។ នៅ​លើ​ខ្នង​ក្រដាស​មួយ​សន្លឹកៗ សូម​សរសេរ​ឈ្មោះ​របស់​មនុស្ស​ម្នាក់ ឬ​វត្ថុ​អ្វី​មួយ​ដែល​ទាក់​ទង​នឹង​ការ​បក​ប្រែ​នៃ​ព្រះ​គម្ពីរ​មរមន ( ឧទាហរណ៍ យ៉ូសែប ស្ម៊ីធ , យូរ៉ីម និង​ធូមីម , ទេវតា​មរ៉ូណៃ , ផ្ទាំង​មាស , អំណាច​នៃ​ព្រះ និង​អូលីវើ ខៅឌើរី ) ។ សូម​ឲ្យ​ថ្នាក់​នីមួយៗ​នូវ​បំណែក​នៃ​ល្បែង​ផ្គុំ​ពាក្យ ហើយ​សុំ​ឲ្យ​ពួក​គេ​ពិភាក្សា​អំពី​របៀប​ដែល​វត្ថុ ឬ​បុគ្គល​ដែល​នៅ​ខាង​ខ្នង​ក្រដាស​មាន​ទំនាក់​ទំនង​នឹង​ព្រះ​គម្ពីរ​មរមន ។ សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ឡើង​មក​ខាង​មុខ​ថ្នាក់ ឲ្យ​ចែក​ចាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ពិភាក្សា រួច​ដាក់​ពាក្យ​ផ្គុំរបស់​ពួក​គេ​នៅ​លើ​ក្តារ​ខៀន ។ នៅ​ពេល​ដែល​ល្បែង​ផ្គុំ​ពាក្យ​ពេញ​លេញ​ហើយ សូម​អាន​ឃ្លា​ជាមួយ​គ្នា ។

ល្បែង​ផ្គុំ​ពាក្យ

ល្បែង​ផ្គុំ​ពាក្យមាន​នៅsharingtime.lds.org

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ស្តាប់​ភ្ញៀវ​ឡើង​និយាយ ) ៖ អញ្ជើញ​អ្នក​ដឹកនាំ​បព្វជិភាព​ម្នាក់​ឲ្យ​បង្ហាញ​រូប​យ៉ូសែប ស្ម៊ីធ និង​ប្រាប់​នូវ​ដំណើរ​រឿង​ពី​របៀប​ដែល​លោក​បាន​បក​ប្រែ​ព្រះ​គម្ពីរ​មរមន ។ សូម​ឲ្យ​រូប​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សប្តាហ៍​ទី 1 ឲ្យ​កុមារ ហើយ​សុំ​ឲ្យ​ភ្ញៀវ​កិត្តិយស​ចែក​ចាយ​អំពី​របៀប​ដែល​គោលការណ៍​ដំណឹង​ល្អ​ត្រូវ​បាន​ស្តារ​ឡើង​វិញ តាម​រយៈ​យ៉ូសែប ស្ម៊ីធ ។ ភ្ញៀវ​កិត្តិយស​អាច​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ដូច​ជា ក្រវ៉ាត​ករ​ជា​បូរ​ពណ៌​ខ្មៅ​មួយ ។ អញ្ជើញ​គាត់​ឲ្យ​ផ្លាស់​សម្លៀក​បំពាក់​ប្រពៃណី​ចេញ ហើយ​ថ្លែង​ទីបន្ទាល់​ពី​ព្យាការីយ៉ូសែប ស្ម៊ីធ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ចែក​ចាយ​​គំនិត ) ៖ សុំ​ឲ្យ​កុមារ​ក្រោក​ឈរ នៅ​ពេលពួក​គេ​អាច​រៀប​រាប់​ពី​គោលការណ៍​ដំណឹងល្អ​មួយ​ដែល​ត្រូវ​បាន​បាត់​បង់ ហើយ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សុំ​ឲ្យ​កុមារ​ពីរ​បី​នាក់​ចែកចាយ​ពី​គំនិត​របស់​ពួក​គេ ។ ចែកចាយ​ទីបន្ទាល់​របស់​អ្នក ពី​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ និង​ពី​ព្រះ​គម្ពីរ​មរមន ។