សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មីនា ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង


ខែ មីនា

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង

« ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្តាប់​តាម​ព្រះ​បន្ទូល​ទាំងនេះ​ចុះ យើង​ជា​ព្រះយេស៊ូវ ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក » ( គ&ស 43:34 ) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ »សូម​សួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? »

សប្តាហ៍​ទី 1 ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​អំពី​ដំណឹង​ល្អ ហើយ​ធ្វើ​ជា​គំរូ​ដល់​យើង ។

ស្វែងរក​​គោលលទ្ធិ( ច្រៀង​ចម្រៀង ) ៖ សូម​ច្រៀង​រួមគ្នា​នូវ​បទ « Do As I’m Doing » ( ច.ក. ទំព័រ 276 ) ពីរ​បី​ដង​ជា​មួយ​គ្នា ដោយ​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​នូវ​សកម្មភាព​ដើម្បី​សម្តែង ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​ធ្វើ​សម្មភាព​តាម​នរណា​ម្នាក់ គឺ​យើង​ធ្វើ​តាម​គំរូ​របស់​គាត់ ។ សួរ​ថា​តើ​នរណា​បាន​ធ្វើ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​សម្រាប់​យើង​ឲ្យ​ធ្វើ​តាម ( ព្រះយេស៊ូវគ្រីស្ទ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​រួមគ្នាថា « ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ជា​គំរូ​សម្រាប់​យើង » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការ​អាន​ព្រះ​គម្ពីរ ) ៖ សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រឹត្តិការណ៍​ខាង​ក្រោម​នៅ​លើ​ក្តារ​ខៀន ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​នៅ​ជា​មួយ​កុមារ ព្រះ​យេស៊ូវ​គ្រីស្ទ​អធិស្ឋាន និង​ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​បង្រៀន ។ សូម​អាន​បទ​គម្ពីរ​ខាង​ក្រោម​ជា​មួយ​នឹង​កុមារ ហើយ​សុំ​ឲ្យ​កុមារ​ពន្យល់​ពី​អ្វី​ដែល​ព្រះ​គ្រីស្ទ​កំពុង​បង្រៀន​នៅ​ក្នុង​បទគម្ពីរ ៖ម៉ាកុស 16:15 យ៉ូហាន 13:34–35នីហ្វៃ ទី 3 11:37; នីហ្វៃ ទី3 18:19 ។ ចង្អុល​រូបភាព​នីមួយៗ​ដោយ​យឺតៗ ហើយ​សុំ​ឲ្យ​កុមារ​ក្រោក​ឈរ នៅ​ពេល​អ្នក​ចង្អុល​ទៅ​រូប​មួយ​ដែល​បង្ហាញ​ថា​ល្អ​បំផុត​ពី​​អ្វី​ដែល​ព្រះ​គ្រីស្ទ​កំពុង​ធ្វើ តាម​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ នៅក្នុង​បទ​គម្ពីរ​ដែល​អ្នក​អាន ។ សូម​ធ្វើ​ដូច​គ្នា​ដដែល​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ផ្សេង​ទៀត ។

គ្រូ​បង្រៀន​ចង្អុល​រូប​ភាព

កុមារ​កាន់​តែ​មាន​គារវភាព​ថែម​ទៀត នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​រួម​ចំណែក​នៅ​ក្នុង​ការ​រៀន​សូត្រ ។ នៅ​ក្នុង​សកម្មភាព​នេះ ការ​ធ្វើ​ឲ្យ​កុមារ​ឈរ និង​អង្គុយ​ដោយ​មានគារវភាព​នឹង​ជួយ​ពួកគេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( គូរ​រូបភាព ) ៖ សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​កុមារ​ម្នាក់ៗ រួច​ឲ្យ​ពួក​គេ​គូរ​រូប​របស់​ខ្លួនឯង​ក្នុង​ការ​ធ្វើ​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ ។ ឧទាហរណ៍ កុមារ​អាច​គូរ​រូប​ខ្លួន​គាត់​ជ្រមុជ​ទឹក បង្រៀន​ដំណឹង​ល្អ​ដល់​មិត្ត​ភក្តិ ឬ​ជួយ​ដល់​នរណា​ម្នាក់ ។ អញ្ជើញ​កុមារ​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​រូបភាព​របស់​ពួក​គេ​ជា​មួយ​នឹង​កុមារ​ដទៃ​ទៀត ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ចែកចាយ​គំនូរ​នោះ​ជា​មួយ​នឹង​ក្រុមគ្រួសាររបស់​ពួក​គេ ។

សប្តាហ៍​ទី 2 ៖ ដោយ​សារ​តែ​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ ខ្ញុំ​អាច​ប្រែ​ចិត្ត ហើយ​រស់​នៅ​ជា​មួយ​ព្រះ​ម្តង​ទៀត ។

ស្វែងរក​​គោលលទ្ធិ( ការបំពេញ​នៅ​ក្នុង​ចន្លោះ ) ៖ ពី​មុន​ដល់​ម៉ោង​ថ្នាក់​កុមារ សូម​សរសេរ​នៅ​លើ​ក្តារ​ខៀនថា « ដោយ​សារ​តែ _______ របស់​ព្រះ​គ្រីស្ទ ខ្ញុំ​អាច ______ រស់​នៅ​ជា​មួយ _____ ម្តង​ទៀត » ។ សូម​សរសេរ​ពាក្យដង្វាយ​ធួន ប្រែ​ចិត្ត និងព្រះ នៅ​លើ​ស្លាក​ពាក្យ​ខុសៗ​គ្នា ហើយ​បិទ​វា​នៅ​ក្រោម​កៅ​អី​នានា​នៅ​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​កុមារ​ឲ្យ​ស្វែង​រក​ស្លាក​ពាក្យ​នោះ ហើយ​បិទ​វា​នៅ​លើ​ក្តារ​ខៀន​តាម​ចន្លោះ​ត្រឹម​ត្រូវ ។ សូម​អាន​ប្រយោគ​នេះ​រួមគ្នា ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( អាន​គម្ពីរ និង​​ឆ្លើយសំណួរ ) ៖ សូម​ដាក់​រូប​ព្រះ​គ្រីស្ទ​នៅ​ក្នុង​សួន​កែត​សេម៉ានី ហើយ​និង​រូប​ភាព​ការឆ្កាង​នៅ​លើ​ក្តារ​ខៀន ។ សូម​បិទបាំង​រូបភាព​ដោយ​ប្រើ​បំណែក​ក្រដាស​តូចៗ ។ នៅ​លើ​បំណែក​ក្រដាស​នីមួយៗ សូម​សរសេរ​សំណួរ​អំពី​ហេតុការណ៍​ដែល​កើត​មាន​នៅ​ក្នុង​រូបភាព និង​សេចក្តី​យោង​បទ​គម្ពីរ ដក​ស្រង់​ចេញ​ពី ម៉ាថាយ 26–27លូកា 22–23 ដែល​មាន​ចម្លើយ​នៅក្នុង​នោះ ។ ( ឧទាហរណ៍ ៖ តើ​ទីកន្លែង​ដែល​ព្រះ​យេស៊ូវ បាន​ទៅ​អធិស្ឋាន មាន​ឈ្មោះ​អ្វី ? ម៉ាថាយ 26:36 ) ។ សូម​បំបែក​កុមារ​ទៅ​ជា​ក្រុម​តូចៗ ហើយ​ស្នើ​ឲ្យ​ក្រុម​នីមួយៗ​មើល​បទ​គម្ពីរ រួច​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​នោះ ។ សូម​ឲ្យ​ក្រុម​ទាំងឡាយ​ចែកចាយ​ពី​ចម្លើយ​ដែល​ពួក​គេ​រក​ឃើញ ហើយ​បើក​បំណែក​ក្រដាស​ដែល​បិទ​បាំង​នោះ ដើម្បី​មើល​រូបភាព ។

កុមារ​អាន​ព្រះ​គម្ពីរ

ដើម្បី​កែ​សម្រួល​សកម្មភាព​ការអាន​ព្រះ​គម្ពីរ​សម្រាប់​កុមារ​តូចៗ សុំ​ឲ្យ​ពួក​គេ​ស្តាប់ នៅ​ពេលដែល​អ្នក​អាន ហើយ​បន្ទាប់​មក​ក្រោក​ឈរ នៅ​ពេល​ពួក​គេ​ស្តាប់​ឮ​ពាក្យ ឬ​ឃ្លា​ដែល​ត្រូវ​នឹង​សំណួរ​ណា​មួយ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( មើល​គោល​បំណង​មេរៀន ) ៖ សូម​ពិភាក្សា​ជា​មួយ​កុមារ​ពី​អត្ថន័យ​នៃ​ពាក្យដង្វាយ​ធួន និងការ​ប្រែ​ចិត្ត ហើយ​ពន្យល់​អំពី​របៀប​ដែល​ដង្វាយ​ធួន​អាច​ប្រសិទ្ធ​ពរ​ជ័យ​ដល់​យើង ( សូម​មើលពិត​ចំពោះ​សេចក្តី​ជំនឿ ៖ សេចក្តី​យោង​ដល់​បទ​គម្ពីរ​ទាំង​ឡាយ [ 2004 ] ទំព័រ 14–20, 132–35 ) ។ សូម​បង្ហាញ​អំណោយ​មួយ​ដល់​កុមារ ។ សូម​ឲ្យ​កុមារ​ម្នាក់​ព្យាយាម​ឲ្យ​អំណោយ​ដល់​កុមារ​ម្នាក់​ទៀត ហើយ​ឲ្យ​កុមារ​ម្នាក់​ទៀត​នោះ​ធ្វើ​ជា​បដិសេធ​មិន​ទទួល​យក​អំណោយ ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​មិន​ទទួល​យក​អំណោយ​មួយ​ដែល​បាន​ផ្តល់​ឲ្យ​យើង នោះ​យើង​មិន​អាច​រីករាយ​នឹង​ពរជ័យ​នៃ​អំណោយ​នោះ​ទេ ។ សូម​ឲ្យ​កុមារ​ស្តាប់​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ដើម្បី​ទទួល​អំណោយ​ទាន​នៃ​ដង្វាយ​ធួន នៅ​ពេល​ដែល​អ្នក​អាន​ជា​មួយ​គ្នា​នូវ គោលលទ្ធិ និង​សេចក្តី​សញ្ញា 19:16 ។

សប្តាហ៍​ទី 3 ៖ ពីព្រោះ​តែ​ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ផង​ដែរ ។

ស្វែងរក​គោលលទ្ធិ( ស្តាប់​រឿង ) ៖ សូម​ប្រើ​រូបភាព​នៅ​ទំព័រ 123 ក្នុង​សៀវភៅ​ទារក​ដ្ឋាន ( សូម​មើល​រូប​ភាព​នៅ​ទំព័រ 121 ) ដើម្បី​ប្រាប់​រឿង​ពី​ការ​រស់​ឡើង​វិញ ( សូម​មើលយ៉ូហាន 19:41–42; 20:1, 11–18 ) ។ សូម​ពន្យល់​ថា នៅ​ពេល ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រស់​ឡើង​វិញ រូបកាយ និង​វិញ្ញាណ​របស់​ទ្រង់​បាន​ផ្គុំ​គ្នា​ឡើង​វិញ ការណ៍​នេះ​អាច​កើតមាន​ដល់​មនុស្ស​គ្រប់​រូប ។ សូម​ឲ្យ​កុមារ​និយាយ​ថា « ពីព្រោះ​តែ​ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ផង​ដែរ » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង ( ពិភាក្សា​ពី​អារម្មណ៍ ) ៖ នៅ​លើ​ក្តារខៀន សូម​សរសេរ​នូវ​ពាក្យ​ដែល​ពិពណ៌​នា​ថា​តើ​ពួក​សិស្ស​របស់​ទ្រង់​អាច​មាន​អារម្មណ៍​បែប​ណា នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​សុគត ( ដូច​ជាទុក្ខ​សោក សោក​សៅ មិនសប្បាយ​ចិត្ត​ និងអស់​សង្ឃឹម ) ។ សូម​ឲ្យ​កុមារ​លើក​ឡើង​នូវ​ពាក្យ​ផ្ទុយ​គ្នា​នោះ ( ដូច​ជា សុភមង្គល រីករាយ សង្ឃឹម និងសេចក្តី​ជំនឿ ) ហើយ​សរសេរ​ពាក្យ​ទាំង​នោះ​នៅ​លើ​ក្តារ​ខៀន ។ ពន្យល់​ថា អារម្មណ៍​ទាំង​នេះ​គឺ​ជា​អារម្មណ៍​ដែល​ពួក​សាវក​មាន​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ ។ សូម​ពិភាក្សា​នូវ​ពរជ័យ​មួយ​ចំនួន ដែល​បាន​មក​ពីការ​ដឹង​ថា​យើង​នឹង​បាន​រស់​ឡើង​វិញ ( សូម​មើលអេសាយ 25:8; អាលម៉ា 22:14 ) ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការអនុវត្តន៍( ចែកចាយ​ពី​អារម្មណ៍ ) ៖ សូម​សរសេរ​នៅ​លើ​ក្តារ​ខៀន « ខ្ញុំ​មាន​អំណរ​គុណ​ដែល​ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ ដោយ​សារ … » សូម​អញ្ជើញ​សមាជិក​វួដ​ម្នាក់​ដែល​មាន​មនុស្ស​ជា​ទីស្រឡាញ់​ខ្លួន បាន​ទទួល​មរណភាព​ឲ្យ​មក​ចូល​រួម​នៅ​ក្នុង​ថ្នាក់​កុមារ ហើយ​សុំ​ឲ្យ​ចែកចាយ​ខ្លីៗ​ពី​អ្វី​ដែល​គាត់​មាន​អំណរ​គុណ​ចំពោះ​ការ​រស់​ឡើង​វិញ ។ សួរ​ដល់​កុមារ ប្រសិន​បើ​ពួក​គេ​ស្គាល់​នរណា​ម្នាក់​ដែល​បាន​ទទួល​មរណភាព ហើយ​សុំ​ឲ្យ​ពួក​គេ​បិទ​ភ្នែក ហើយ​គិត​អំពី​មនុស្ស​ម្នាក់​នោះ ។ សុំ​ឲ្យ​កុមារ​មួយ​ក្រោក​ឈរ ហើយ​បំពេញ​ឃ្លា​ដែល​មាន​នៅ​លើ​ក្តារ​ខៀន ហើយ​ចែកចាយ​ថា​តើ​ការ​រស់​ឡើង​វិញ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ពួក​គេ ។

សប្តាហ៍​ទី 4 ៖ ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ។

ស្វែងរក​​គោលលទ្ធិ ( ពិភាក្សា​ពាក្យ « ព្រះ​សង្រ្គោះ » ៖ សូម​បង្ហាញ​នូវ​វត្ថុ ឬ​រូប​ភាព​មួយ​ចំនួន​ដែល​តំណាង​ឲ្យ​អ្នក​ដែល​អាច​សង្រ្គោះ​ដល់​ជីវិត​របស់​យើង ( ដូច​ជា​ វេជ្ជបណ្ឌិត នគរបាល ឬ​សន្តិសុខ ) ហើយ​ពិភាក្សា​ពី​របៀប​ដែល​ពួក​គេ​អាច​សង្រ្គោះ​ដល់​យើង ។ សូម​បង្ហាញ​រូប​ភាព​របស់​ព្រះ​យេស៊ូវ និង​ពន្យល់​ថា ទ្រង់​គឺ​ជា​តួ​អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​សង្រ្គោះ​យើង​ពី​ផល​នៃ​សេចក្តី​ស្លាប់ និង​អំពើ​បាប​ដ៏​អស់​កល្បនិច្ច ។ សរសេរ​នៅ​លើ​ក្តារ​ខៀន នូវ​ពាក្យ​ថា « ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង » ហើយ​សូម​អាន​វា​ជា​មួយ​នឹង​កុមារ ដោយ​សង្កត់​ន័យ​ទៅ​លើ​ពាក្យ « ព្រ​អង្គ​សង្រ្គោះ » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង ( ស្តាប់​រឿងក្នុង​ព្រះ​គម្ពីរ ) ៖ ប្រាប់​ដល់​កុមារ​ពី​​រឿងនិទាន​មួយ​ចំនួន​នៅ​ក្នុង​ព្រះ​គម្ពីរអំពី​ប្រជាជន​ដែល​ត្រូវ​បាន​សង្រ្គោះ​ពី​អំពើ​បាប​ដោយ​ព្រះអង្គ​សង្រ្គោះ ( ឧទាហរណ៍ អាលម៉ា​ជា​កូន [ សូម​មើលអាលម៉ា 36:6–24], អេណុស [ សូម​មើល អេណុស 1:1–8] , ស៊ីអែសរ៉ុម [ សូម​មើល អាលម៉ា 15:3-12] ,បិតា​របស់​ឡាម៉ូណៃ [ សូម​មើល អាលម៉ា 22:1–26] បុរស​ដែល​ត្រូវ​បាន​មក​ជួប​ព្រះ​យេស៊ូវ [ សូម​មើល លូកា 5:17–26] ) ។ ពន្យល់​ថា តាម​រយៈ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​បាន​សង្រ្គោះពី​អំពើ​បាប ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ ហើយ​អញ្ជើញ​កុមារ​ពីរ​បី​នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ពួក​គេ​អំពី​ទ្រង់ ។