ខែ មិថុនា
ខ្ញុំនឹងធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ តាមរយៈការទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
« ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក ដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានទទួលការផ្តាច់បាបទាំងឡាយនៃអ្នករាល់គ្នា ហើយបានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ » ( នីហ្វៃទី 3 30:2 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូមសួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ខ្ញុំនឹងធ្វើតាមព្រះយេស៊ូវគ្រីស្ទតាមរយៈការទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ហើយរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។
ពីមុនចាប់ផ្តើមថ្នាក់កុមារ សូមកាត់ស្នាមបាតជើងធំៗចំនួនពីរបិទលើក្រដាសពណ៌ខុសៗគ្នា ។ សូមសរសេរនៅលើស្នាមបាតជើងមួយថា « ទទួលបុណជ្រមុជទឹក និងពិធីបញ្ជាក់ » និងបាតជើងផ្សេងទៀតសរសេរ « ហើយរក្សាសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹក » ។ សូមរៀបចំស្នាមបាតជើងតូចៗជាពណ៌ផ្សេងៗ ។ សូមសរសេរពាក្យដូចខាងក្រោមណាមួយនៅលើស្នាមបាតជើងនៃពណ៌ទីមួយ ៖ អាយុ 8 ឆ្នាំ ប្រែចិត្ត សម្ភាសជាមួយប៊ីស្សព ពន្លិចក្នុងទឹក សិទ្ធិអំណាចបព្វជិតភាព សេចក្តីសញ្ញា សម្លៀកបំពាក់ពណ៌ស ព្រះវិញ្ញាណបរិសុទ្ធ ។ នៅលើស្នាមបាតជើងតូចៗនៃពណ៌ទីពីរ សូមសរសេរបទដ្ឋានចេញពី « បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ។ សូមបិទស្នាមបាតជើងតូចៗនៅក្នុងបន្ទប់ត្រង់នេះបន្តិច ត្រង់នោះបន្តិច ។
ស្វែងរកគោលលទ្ធិ ៖ សូមសរសេរនៅលើក្តារខៀន « ខ្ញុំនឹងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដោយ …» ។ សូមបិទស្នាមបាតជើងធំៗនៅលើក្តារខៀន មួយម្តងៗ ហើយសូមអានជាមួយគ្នា ។ សូមពន្យល់ថា អ្វីៗទាំងនេះគឺជាជំហានសំខាន់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ ប្រសិនបើចាំបាច់ សូមជួយកុមារឲ្យយល់ថា អ្វីជាសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹក។
លើកទឹកចិត្តឲ្យមានការយល់ដឹង( លេងល្បែងផ្គូផ្គង ) ៖ សុំឲ្យកុមារស្វែងរកស្នាមបាតជើងនៃពណ៌ដំបូង ។ សុំឲ្យកុមារអានពាក្យ ឬឃ្លានៅលើស្នាមបាតជើង ហើយបិទវានៅលើក្តារខៀន ដែលត្រូវគ្នាទៅនឹងស្នាមបាតជើងធំ ។ សុំសួរកុមារថា តើការណ៍នេះមានទំនាក់ទំនងនឹងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់អ្វីខ្លះ ។ សូមធ្វើឡើងវិញនៅលើស្នាមបាតជើងនៃពណ៌ដំបូងនីមួយៗ ។
សុំឲ្យកុមាររកស្នាមបាតជើងនៃពណ៌ទីពីរ ។ សុំឲ្យកុមារអានពាក្យ ឬឃ្លានៅលើស្នាមបាតជើង ហើយបិទវានៅក្តារខៀន ដែលត្រូវគ្នាទៅនឹងស្នាមបាតជើងធំៗ ។ សូមពិភាក្សាអំពីការរស់នៅតាមបទដ្ឋាននៃដំណឹងល្អដែលមានសរសេរនៅលើស្នាមបាតជើង ដែលនឹងជួយកុមាររក្សាសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹក ។ សូមធ្វើដូចគ្នាដដែលជាមួយនឹងស្នាមបាតជើងផ្សេងទៀត ។
សប្តាហ៍ទី 2 ៖ ប្រសិនបើយើងរស់នៅដោយមានភាពសក្តិសម នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយខ្ញុំជ្រើសរើសត្រឹមត្រូវ ។
ស្វែងរកគោលលទ្ធិ ( ច្រៀងចម្រៀង ) ៖ សុំសួរកុមារថាតើអំណោយទានអ្វីដែលយើងបានទទួល បន្ទាប់ពីយើងបានទទួលបុណ្យជ្រមុជទឹករួច ។ សូមច្រៀងឃ្លាទីពីរនៃបទ « The Holy Ghost » ( ច.ក. ទំព័រ 105 ) ។ ពីមុនអ្នកច្រៀង សុំឲ្យកុមារស្តាប់រកចម្លើយចំពោះសំណួរដូចខាងក្រោម ៖ តើព្រះវិញ្ញាណបរិសុទ្ធជួយយើងធ្វើអ្វី ? សូមជួយកុមារឲ្យយល់ថា សំឡេងតូចរហៀងគឺជាព្រះវិញ្ញាណបរិសុទ្ធ ហើយថា ទ្រង់ជួយយើងឲ្យជ្រើសរើសត្រឹមត្រូវ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង}( មើលគោលបំណងរបស់មេរៀន ) ៖ សូមពន្យល់ថា យើងបានរៀនស្តាប់តាមការបំផុសពីព្រះវិញ្ញាណ ដោយការយកចិត្តទុកដាក់នឹងគំនិត និងអារម្មណ៍ដែលមាននៅក្នុងចិត្តយើង ( សូមមើលគ. និង ស. 8:2 ) ។ សូមឲ្យកុមារដាក់កាក់នៅក្នុងដបកែវថ្លាមួយ ហើយក្រឡុកវា ។ សុំឲ្យកុមារសង្កេតមើលថាតើពួកគេអាចឮសម្លេងដោយរបៀបណា ។ សុំឲ្យកុមារបន្ថែមដី អង្ករ ខ្សាច់មួយស្លាបព្រា ឬដុំសំឡីចូលក្នុងដបកែវ ។ បន្ទាប់ពីដាក់ចូលហើយ សូមឲ្យកុមារក្រឡុកកែវនោះម្តងទៀត ហើយសុំឲ្យកុមារប្រាប់ពីសំឡេងនោះប្រែប្រួលយ៉ាងដូម្តេច ។ សូមបន្តដាក់បន្ថែមរហូតដល់កុមារមិនអាចស្តាប់ឮសម្លេងកាក់ ។ សូមធ្វើការប្រៀបធៀបពីភាពលំបាកនេះទៅនឹងការស្តាប់តាមសំឡេងនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលជីវិតរបស់យើងពោរពេញទៅដោយការរំខាន ឬអំពើបាបនោះ ។ សូមចាក់វត្ថុទាំងនោះចេញពីដបកែវវិញ ហើយបង្ហាញថាតើអាចស្តាប់ឮសម្លេងកាក់បានម្តងទៀតយ៉ាងដូម្តេចដែរ ។ សូមថ្លែងទីបន្ទាល់ថា ការរក្សាតាមបទបញ្ញត្តិ និងការប្រែចិត្តពីអំពើបាបរបស់យើង ជួយយើងឲ្យស្តាប់ព្រះវិញ្ញាណបរិសុទ្ធឮ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ចែកចាយគំនិត ) ៖ សូមបំបែកកុមារទៅជាក្រុម ហើយឲ្យក្រុមនីមួយៗហុចបណ្តាក់គ្នាជុំវិញនូវវត្ថុមួយខណៈដែលអ្នកច្រៀង ឬនិយាយពាក្យថា « ព្រះវិញ្ញាណបរិសុទ្ធ » ។ សូមឈប់ជាញឹកញាប់ ហើយឲ្យកុមារដែលកាន់វត្ថុនោះ ប្រាប់ពីអ្វីមួយដែលពួកគេអាចធ្វើ ដើម្បីស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធកាន់តែច្បាស់ ។ សូមបញ្ចប់ដោយច្រៀងបទ « The Holy Ghost » រួមគ្នា ។
សប្តាហ៍ទី 3 ៖ នៅពេលដែលខ្ញុំទទួលទានសាក្រាម៉ង់ ខ្ញុំរំឭកសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំឡើងវិញ ។
ស្វែងរកគោលលទ្ធិ( រកមើលរូបភាព ) ៖ សូមបង្ហាញរូបភាពពិធីបុណ្យជ្រមុជទឹក និងរូបភាពពិធីសាក្រាម៉ង់ រួចសួរកុមារពីរបៀបដែលរូបភាពទាំងពីរមានទំនាក់ទំនងគ្នា ។ រំឭកកុមារថា យើងធ្វើសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌ នៅពេលយើងទទួលបានបុណ្យជ្រមុជទឹក ហើយពន្យល់ថា នៅពេលយើងទទួលទានសាក្រាម៉ង់ យើងរំលឹកពីសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់យើងឡើងវិញ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង ( ស្តាប់ និងពិភាក្សា ) ៖ អញ្ជើញកុមារ មិនថាពន្យល់ពីខ្លួនឯង ឬចង្អុលទៅស្ថានសួគ៌ ដើម្បីបញ្ជាក់ថាតើអ្នកណាកំពុងធ្វើការសន្យានៅពេលដែលអ្នកអានអត្ថបទដកស្រង់ចេញពីការអធិស្ឋានក្នុងពិធីសាក្រាម៉ង់ ( សូមមើលគ. និង ស. 20:77 ) ៖ លើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ « ហើយចងចាំទ្រង់ជានិច្ច » « កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » « ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅជាមួយនឹងពួកគេជាដរាប » សូមពិភាក្សាពីអត្ថន័យនៃឃ្លានីមួយៗ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ការធ្វើសកម្មភាពទាំងឡាយ ) ៖ សុំឲ្យកុមារគិតអំពី សកម្មភាពដែលរំលឹកដល់ពួកគេនូវផ្នែកនៃសេចក្តីសញ្ញាដែលយើងឮនៅក្នុងការអធិស្ឋាននៃពិធីសាក្រាម៉ង់ ដូចជាការដាក់ដៃលើដើមទ្រូងរបស់ពួកគេ ( លើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ ); ចង្អុលទៅក្បាលរបស់ពួកគេ ( ហើយចងចាំទ្រង់ជានិច្ច ) លាដៃរបស់ពួកគេធ្វើដូចជាបើកសៀវភៅ ( កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ) ហើយឱបដៃរបស់គេជុំវិញខ្លួនឯង ( ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ជាដរាប ) ។ សូមរំលឹកដល់សេចក្តីសន្យាទាំងបួនដោយធ្វើសកម្មភាពពីរបីដង ។ សូមលើកទឹកចិត្តកុមារឲ្យរំឭកឡើងវិញពីសកម្មភាពទាំងនេះក្នុងគំនិតរបស់ពួកគេ នៅពេលដែលពួកគេស្តាប់ការអធិស្ឋាននៃពិធីសាក្រាម៉ង់ ។
សប្តាហ៍ទី 4 ៖ នៅពេលដែលខ្ញុំប្រែចិត្ត ខ្ញុំអាចទទួលបានការអភ័យទោស ។
ស្វែងរកគោលលទ្ធិ( ពាក្យសម្រាយ ): សុំឲ្យកុមារពន្យល់ពីអត្ថន័យនៃពាក្យប្រែចិត្ត និង អភ័យទោស ។ សុំឲ្យស្រោមសំបុត្រមួយទៅថ្នាក់នីមួយៗ ព្រមជាមួយនឹងពាក្យដូចខាងក្រោមនៅខាងក្នុង ហើយពាក្យនីមួយៗនៅក្នុងត្រូវសរសេរលើក្រដាសផ្សេងៗគ្នា ៖ នៅពេល ខ្ញុំ ប្រែចិត្ត ខ្ញុំ អាច ទទួល ការអភ័យទោស ។ អញ្ជើញថ្នាក់នីមួយៗតំរៀបពាក្យរបស់ពួកគេតាមលំដាប់លំដោយឲ្យបានត្រឹមត្រូវ ។ នៅពេលពួកគេតំរៀបរួច សូមឲ្យកុមារទាំងអស់អានឃ្លានោះរួមគ្នាឡើងវិញ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង ( សម្តែងតាមសាច់រឿងក្នុងបទគម្ពីរ ) ៖ សូមប្រាប់ដំណើររឿងនៃកូនខ្ជះខ្ជាយ ( សូមមើល លូកា 15:11–24 ) តាមពាក្យសម្ដីរបស់អ្នក សូមធ្វើកាយវិការផ្សេងៗតាមដែលអាចធ្វើទៅបាន ( ឧទាហរណ៍ លើកម្រាមដៃទាំងពីរឡើង ដើម្បីតំណាងឲ្យកូនពីរនាក់ ហើយអង្អែលក្បាលពោះរបស់អ្នក ដើម្បីតំណាងឲ្យការស្រេកឃ្លាន ) ។ អញ្ជើញកុមារឲ្យស្តាប់ដំណើររឿង ហើយធ្វើតាមកាយវិការរបស់អ្នកដោយស្ងប់ស្ងាត់ ។ សូមបង្ហាញរូបភាពដែលតំណាងឲ្យកូនខ្ជះខ្ជាយ ហើយសួរអំពីរបៀបដែលឪពុកនៅក្នុងសាច់រឿង ដូចជាព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ។ សូមពន្យល់ថា គឺដូចជាឪពុករូបនោះផងដែរ ព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយចង់ឲ្យយើងត្រឡប់ទៅកាន់ទ្រង់វិញ ទ្រង់នឹងអភ័យទោសដល់កំហុសឆ្គងរបស់យើងទាំងអស់ ប្រសិនបើយើងប្រែចិត្ត ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( អានព្រះគម្ពីរ ) ៖ អញ្ជើញកុមារម្នាក់ឲ្យអានម៉ូសាយ 26:30 ។ សុំឲ្យកុមារស្តាប់រក តើមនុស្សម្នាក់អាចទទួលបានការអភ័យទោសបានញឹកញាប់ដោយរបៀបណា ។ អញ្ជើញពួកគេឲ្យគិតយ៉ាងស្ងប់ស្ងាត់អំពីអ្វីដែលពួកគេនឹងធ្វើនៅពេលដែលពួកគេធ្វើខុសលើកក្រោយ ។