ខែ កញ្ញា
ខ្ញុំនឹងបម្រើព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់ខ្ញុំ
« អ្នកត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃអ្នកឲ្យអស់ពីចិត្តនៃអ្នក អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងនៃអ្នក ហើយដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើទ្រង់ » ( គ. & ស. 59:5 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូមសួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ព្រះយេស៊ូវគ្រីស្ទបង្រៀនយើងពីរបៀបដើម្បីបម្រើអ្នកដទៃ ។
ស្វែងរកគោលលទ្ធិ( មើលរូបភាព ) ៖សូមដាក់តាំងរូបភាពពីរបីរបស់ព្រះយេស៊ូវគ្រីស្ទធ្វើការបម្រើដល់អ្នកដទៃ ។ ឧទាហរណ៍ សូមប្រើ ក. រ. ដ.រូបភាព 41, 42, 46, 47 និង 55 ។ សុំឲ្យកុមារពិពណ៌នានូវអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនីមួយៗ ។ សូមពន្យល់ថា ព្រះយេស៊ូវគឺកំពុងធ្វើការបម្រើដល់អ្នកដទៃនៅក្នុងរូបភាពនីមួយៗ ។ សូមសរសេរនៅលើក្តារខៀន « ព្រះយេស៊ូវគ្រីស្ទបានបង្រៀនយើងឲ្យចេះបម្រើដល់អ្នកដទៃ » ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( អានព្រះគម្ពីរ និងការដើរតួ ) ៖ សុំឲ្យកុមារផ្លាស់ប្តូរវេនគ្នាសម្តែងទៅតាមតម្រូវការមួយដែលបានពិពណ៌នានៅក្នុងម៉ាថាយ 25:35–36 ។ ឧទាហរណ៍ កុមារអាចសម្តែងធ្វើជាស្រេកឃ្លាន ស្រេកទឹក ធ្វើជាមនុស្សចម្លែក ឬឈឺ ។ សុំឲ្យកុមារផ្សេងទៀតទស្សន៍ទាយពីសេចក្តីត្រូវការនោះ ហើយបន្ទាប់មកសូមសម្តែងពីរបៀបដែលពួកគេអាចបម្រើនរណាម្នាក់ដែលកំពុងទីទ័លក្រ ។ សូមអានម៉ាថាយ 25:35–40 ជាមួយគ្នា ហើយសុំឲ្យកុមាររកមើលថាតើព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលសួរថាតើយើងកំពុងបម្រើដល់អ្នកណា នៅពេលដែលយើងបម្រើដល់អ្នកដទៃ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ៖សូមឲ្យក្រដាសដល់កុមារ ហើយប្រាប់ឲ្យពួកគេសរសេររៀបរាប់ ឬគូររូបភាពនៃមនុស្សដែលពួកគេអាចបម្រើ ហើយសម្តែងធ្វើជាការបម្រើដែលពួកគេអាចសម្តែងចំពោះមនុស្សទាំងនោះ ។ សុំឲ្យពួកគេចែកចាយក្រដាសជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។
សប្តាហ៍ទី 2 ៖ ពួកព្យាការី និងសាវកបង្ហាញយើងពីរបៀបដើម្បីបម្រើ ។
ស្វែងរកគោលលទ្ធិ ៖ដាក់តាំងរូបភាពម៉ូសេ ស្ដេចបេនយ៉ាមីន យ៉ូសែប ស្ម៊ីធ និងថូម៉ាស អេស. ម៉នសុន ។ ប្រាប់កុមារថា ពួកព្យាការីទាំងនេះ គឺដូចជាព្យាការី និងសាវកគ្រប់រូបទាំងអស់ដែរ គឺបង្ហាញយើងឲ្យចេះពីរបៀបដើម្បីបម្រើដល់អ្នកដទៃ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( លេងល្បែងទស្សន៍ទាយ ) ៖ រៀបចំតម្រុយពីរបៀបដែលម៉ូសេ ស្ដេចបេនយ៉ាមីន យ៉ូសែប ស្ម៊ីធ និងថូម៉ាស អេស. ម៉នសុន បង្ហាញយើងពីរបៀបដើម្បីធ្វើការបម្រើ ។ ឧទាហរណ៍ តម្រុយខ្លះៗអំពីប្រធានថូម៉ាស អេស. ម៉នសុន អាចជា « មកសួរសុខទុក្ខស្រ្តីមេម៉ាយនៅវួដរបស់ខ្ញុំជាប្រចាំ » « ពេលខ្ញុំនៅក្មេង ខ្ញុំបានចែកប្រដាប់លេងដែលខ្ញុំចូលចិត្តជាងគេទៅក្មេងប្រុសដទៃទៀត » ហើយ « ខ្ញុំទៅសួរសុខទុក្ខដល់អ្នកដែលសម្រាកនៅមន្ទីរពេទ្យ » ។ អ្នកអាចប្រើប្រាស់សេចក្តីយោងដូចខាងក្រោមដើម្បីរៀបចំពីតម្រុយទាំងនោះ ។ ម៉ូសេ ៖ និក្ខមនំ 2:16–17; នីហ្វៃទី 1 17:24–29 ។ ស្ដេចបេនយ៉ាមីន៖ ម៉ូសាយ 2:12–19 ។ យ៉ូសែប ស្ម៊ីធ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:62, 67; គ. និង ស. 135:3 ។ ថូម៉ាស អេស. ម៉នសុន ៖ Ensignខែ កញ្ញា ឆ្នាំ1994 ទំព័រ 12–17; ខែ ធ្នូ ឆ្នាំ 1995 ទំព័រ 2–4 ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 56–59 ។
សូមជ្រើសរើសកុមារបួននាក់ឲ្យសម្តែងធ្វើជាព្យាការីទាំងនេះ ហើយអញ្ជើញកុមារម្នាក់ឲ្យអាននូវតម្រុយដែលអ្នកបានរៀបចំ ។ អញ្ជើញកុមារផ្សេងទៀតឲ្យលើកដៃឡើង នៅពេលពួកគេដឹងថា ពួកគេស្គាល់ព្យាការីរូបនោះថាជានរណា ។ បន្ទាប់មក សុំឲ្យពួកគេស្វែងរករូបភាពរបស់ព្យាការីនោះ ។ សូមធ្វើដូចគ្នាដដែលនឹងព្យាការីដទៃទៀត ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ស្តាប់សន្និសីទ ) ៖អញ្ជើញកុមារឲ្យមើល ឬស្តាប់សន្និសីទទូទៅនៅខែក្រោយ ។ សូមលើកទឹកចិត្តពួកគេឲ្យស្តាប់សាច់រឿងអំពីរបៀបដើម្បីបម្រើដល់អ្នកដទៃ ។ សូមផ្តល់ឱកាសឲ្យពួកគេចែកចាយពីអ្វីដែលពួកគេរៀន ។
សប្តាហ៍ទី 3 និង4 ៖ នៅពេលខ្ញុំបម្រើអ្នកដទៃ ខ្ញុំបម្រើព្រះ ។
ស្វែងរកគោលលទ្ធិ( ទន្ទេញបទគម្ពីរ ) ៖ជួយកុមារឲ្យទន្ទេញបទគម្ពីរផ្នែកចុងក្រោយនៃម៉ូសាយ 2:17ដោយសរសេរនៅលើក្តារខៀន « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » អញ្ជើញកុមារឲ្យអានឃ្លាសារឡើងវិញពីរ ឬបីដង ។ សុំឲ្យកុមារលុបពាក្យមួយ ឬពីរចេញ ហើយឲ្យកុមារអានឃ្លានោះសារឡើងវិញ។ ធ្វើសារចុះឡើង រហូតទាល់តែគ្មានពាក្យនៅសល់លើក្តារខៀន ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ស្តាប់ករណីសិក្សា ) ៖ពេលកំពុងរៀបចំមេរៀន សូមសិក្សាសុន្ទរកថារបស់ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ 2010 ដោយយកចិត្តទុកដាក់ « អ្នកជាដៃរបស់យើង » ( សូមមើល Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 68–70, 75 ) ។ សុំសួរកុមារអំពីរបៀបដែលយើងបម្រើព្រះ នៅពេលយើងបម្រើអ្នកទាំងឡាយណាដែលនៅជុំវិញយើង ( យើងកំពុងតែធ្វើអ្វីដែលទ្រង់នឹងធ្វើ ប្រសិនបើទ្រង់គង់នៅទីនេះ ) ។ សូមចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួនស្តីពីការបម្រើ ហើយពន្យល់ពីរបៀបដែលវាប្រទានពរដល់ទាំងអ្នកផ្តល់ឲ្យ និងអ្នកដែលទទួល ។ ( អ្នកអាចរកសាច់រឿងអំពីការបម្រើបាននៅក្នុងប្រិយមិត្តឬ លីអាហូណា ។) សូមរៀបចំករណីសិក្សា (សូមមើល TNGC 161–62 ) ដែលបង្ហាញអំពីរបៀបដែលកុមារអាចបម្រើអ្នកដទៃ ។ ឧទាហរណ៍ ៖ « អានីបានជំពប់ជើងដួល ហើយធ្លាក់ ពេលចេញពីសាលារៀន ហើយសៀវភៅរបស់គាត់បានធ្លាក់រាយប៉ាយនៅពេលដី ។ ដាវីឌ បានឈប់ដើម្បីជួយលើកនាងឡើង ហើយជួយរើសសៀវភៅ » ។ « អ្នកជិតខាងរបស់ម៉ារី បានជួបប្រទះនឹងការលំបាកក្នុងការយកឥវ៉ាន់ដែលទិញចូលក្នុងផ្ទះ ខណៈដែលកូនតូចរបស់គាត់កំពុងយំ ។ ម៉ារីបានជួយកាន់ឥវ៉ាន់របស់គាត់ » ។ សុំឲ្យកុមារសម្តែងនូវករណីនេះ ហើយប្រាប់ថាតើអ្នកណាដែលបានទទួលការបម្រើ ( ទាំងអ្នកដែលបានទទួលការបម្រើ និងព្រះ ) ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( លេងល្បែងផ្គូផ្គង ) ៖ សូមស្វែងរក ឬគូរគំនូរនៃមនុស្សដែលកុមារអាចបម្រើ ដូចជា ឪពុកម្តាយ បងប្អូន លោកយាយលោកតា មិត្តភក្តិ និងអ្នកជិតខាង ។ សូមថតចម្លងរូបភាពជាពីរ ហើយលេងល្បែផ្គូផ្គងជាមួយពួកគេ ( សូមមើលTNGC 169 ) ។ នៅពេលដែលផ្គូផ្គងរួច អញ្ជើញគាត់ ឬនាងឲ្យប្រាប់ពីវិធីមួយដើម្បីបម្រើបុគ្គលដែលនៅក្នុងរូបភាព ។ សូមសរសេរគំនិតរបស់កុមារនៅលើក្តារខៀន ។ សម្រាប់គំនិតអំពីរបៀបនៃការបម្រើមួយចំនួន សូមមើលអង្គការបឋមសិក្សា 4 ទំព័រ 166 ។