ខែ វិច្ឆិកា
យើងអរគុណព្រះសម្រាប់អ្វីគ្រប់យ៉ាងទាំងអស់
« លោកបានបញ្ជាពួកគេថា … ជារៀងរាល់ថ្ងៃ ពួកគេត្រូវថ្លែងអំណរគុណដល់ព្រះអម្ចាស់ជាព្រះរបស់គេ » ( ម៉ូសាយ 18:23 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូមសួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ខ្ញុំមានអំណរគុណសម្រាប់រូបកាយរបស់ខ្ញុំ ហើយខ្ញុំដឹងថា រូបកាយខ្ញុំជាព្រះវិហារបរិសុទ្ធ ។
ស្វែងរកគោលលទ្ធិ( មើលរូបភាព និងអានខគម្ពីរ ) ៖ ដាក់តាំងរូបភាពរបស់កុមារម្នាក់ និងរូបភាពមួយនៃព្រះវិហារបរិសុទ្ធ ។ សូមអាន កូរិនថូសទី 1 3:16 ជាមួយគ្នាឲ្យឮៗ ។ សួរថា ៖ « តើយើងរៀនអ្វីអំពីរូបកាយរបស់យើងដែលដកស្រង់ចេញពីព្រះគម្ពីរ ? » សរសេរថា « រូបកាយរបស់ខ្ញុំជាព្រះវិហារបរិសុទ្ធ » ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការអានព្រះគម្ពីរ ) ៖ ពិភាក្សាពីរបៀបដែលយើងបង្ហាញដល់ព្រះវរបិតាសួគ៌ថា យើងមានអំណរគុណសម្រាប់រូបកាយរបស់យើង ។ ឧទាហរណ៍ យើងថែរក្សារូបកាយរបស់យើង ហើយយើងរក្សារូបកាយយើងឲ្យបានស្អាត ។ សូមពន្យល់ថា ព្យាការីបានទូន្មានដល់យើងឲ្យថែរក្សារូបកាយរបស់យើង ដោយមិនជក់បារី មិនផឹកសុរា ឬទទួលឱសថខុសច្បាប់ ឬការសាក់លើរូបកាយ ។ បែកចែកកុមារទៅជាក្រុម ហើយសុំឲ្យក្រុមនីមួយៗ អាន និងពិភាក្សាពីខគម្ពីរមួយ ឬច្រើនជាងនេះទៀតដូចខាងក្រោម ៖ គោលលទ្ធិ និងសេចក្តីសញ្ញា 88:124; 89:7, 8, 9, 10–11, 12, 16–17 ។ សូមអញ្ជើញក្រុមនីមួយៗ ឲ្យចែកចាយពីអ្វីដែលពួកគេបានរៀនចេញពីខគម្ពីរទាំងនេះ អំពីរបៀបដែលពួកគេអាចថែរក្សារូបកាយរបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ដាក់គោលដៅ ) ៖សូមឲ្យកុមារសរសេរ ឬគូររូបពីអ្វីមួយចំនួន ដែលពួកគេនឹងធ្វើក្នុងអំឡុងសប្តាហ៍ ដើម្បីថែរក្សាដល់រូបកាយរបស់ពួកគេ ។
សប្តាហ៍ទី 2 ៖ ខ្ញុំមានអំណរគុណចំពោះពរជ័យទាំងឡាយខាងសាច់ឈាម ។
ស្វែងរកគោលលទ្ធិ ៖សូមសរសេរនៅលើក្តារខៀន « ខ្ញុំមានអំណរគុណចំពោះពរជ័យទាំងឡាយខាងសាច់ឈាម » ។ សុំឲ្យកុមារអានឃ្លានេះឡើងវិញ ។ ពន្យល់ថា ពរជ័យទាំងឡាយខាងសាច់ឈាម គឺជាពរជ័យដែលយើងអាចមើលឃើញ ប៉ះ ស្តាប់ ភ្លក់ ឬហិតក្លិនបាន ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការលេងល្បែងទស្សន៍ទាយមួយ ) ៖ សូមដាក់តាំងវត្ថុ ឬរូបភាពដែលតំណាងឲ្យពរជ័យទាំងឡាយខាងសាច់ឈាមរបស់យើង ( ឧទាហរណ៍ រូបកាយ គេហដ្ឋាន អាហារ ទឹក សម្លៀកបំពាក់ សុខភាព ព្រះអាទិត្យ ព្រះច័ន្ទ តារា សត្វពាហនៈ រុក្ខជាតិក្រុមគ្រួសារ មិត្តភក្តិ ប្រដាប់លេង សៀវភៅ និងសាលារៀន ) ។ សុំឲ្យតម្រុយដែលពិពណ៌នាពីពរជ័យមួយ ហើយសួរកុមារឲ្យទស្សន៍ទាយថាតើពរជ័យណាមួយដែលអ្នកកំពុងពិពណ៌នា ។ សម្រាប់កុមារធំៗ សូមសរសេរពរជ័យនីមួយៗនៅលើក្រដាសដាច់ពីគ្នា ហើយដាក់ក្រដាសចូលទៅក្នុងប្រអប់មួយ ។ សូមអញ្ជើញកុមារឲ្យរើសក្រដាសមួយ ហើយប្រាប់ជាតម្រុយដល់កុមារផ្សេងទៀត ។ ពេលកុមារទស្សន៍ទាយពីពរជ័យនោះ សូមសរសេរនៅលើក្តារខៀន ហើយសុំឲ្យកុមារចែកចាយថា តើហេតុអ្វីពួកគេមានអំណរគុណចំពោះពរជ័យនោះ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ការចែកចាយគំនិត ) ៖សុំឲ្យកុមារគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីបង្ហាញអំណរគុណចំពោះពរជ័យមួយដែលអ្នកបានពិភាក្សា ។ សុំឲ្យកុមារពីរបីនាក់ចែកចាយពីគំនិតរបស់ពួកគេ ។
សប្តាហ៍ទី 3 ៖ ខ្ញុំមានអំណរគុណចំពោះពរជ័យទាំងឡាយខាងវិញ្ញាណ ។
ស្វែងរកគោលលទ្ធិ និងលើកទឹកចិត្តឲ្យមានការយល់ដឹង( ការអានព្រះគម្ពីរ ) ៖ សូមរៀបចំអំណោយមួយដែលមានរូបភាពព្រះអង្គសង្រ្គោះ និងសេចក្តយោងបទគម្ពីរដូចខាងក្រោមនៅក្នុង ៖ ម៉ូសាយ 10:8–17 ។ សូមសរសេរនៅលើក្តារខៀន « ខ្ញុំមានអំណរគុណចំពោះពរជ័យទាំងឡាយខាងវិញ្ញាណ » ។ សូមពន្យល់ថា មានពរជ័យខាងវិញ្ញាណជាច្រើន ដែលព្រះអម្ចាស់បានប្រទានឲ្យយើង ទ្រង់ប្រទានពរជ័យទាំងនេះតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមឲ្យកុមារបើកអំណោយ ហើយប្រាប់ពីអ្វីដែលមានក្នុងអំណោយនោះ ។ សុំឲ្យកុមារមើលក្នុងព្រះគម្ពីរ ហើយស្វែងរកពរជ័យខាងវិញ្ញាណដែលព្រះអម្ចាស់អាចប្រទានឲ្យយើង ហើយសរសេរពរជ័យនោះនៅលើក្តារខៀន ។ សូមពិភាក្សាពីពរជ័យទាំងនេះ ហើយពន្យល់ពីអ្វីដែលយើងអាចប្រើវាសម្រាប់ជួយអ្នកដទៃ ។
សប្តាហ៍ទី 4 ៖ យើងគួរតែអរព្រះគុណដល់ព្រះវរបិតាសួគ៌ចំពោះពរជ័យគ្រប់យ៉ាងទាំងអស់របស់យើង ។
ស្វែងរកគោលលទ្ធិ ៖សូមបង្ហាញកុមារនូវវត្ថុមួយ ឬពីរដែលមានអ្នកណាម្នាក់បានឲ្យអ្នក ។ សូមពន្យល់ថា អំណោយទាំងនេះគឺសំខាន់ចំពោះអ្នក ហើយថាអ្នកបាននិយាយថា « អរគុណ » ចំពោះពួកគេ ។ សុំឲ្យកុមារចែកចាយពីរបៀបទាំងឡាយដែលយើងអាចបង្ហាញអំណរគុណរបស់យើងចំពោះអំណោយទាំងឡាយដែលយើងទទួល ។ សូមសួរកុមារថា តើនរណាដែលយើងគួរតែអរគុណចំពោះពរជ័យទាំងអស់ ។ ពិភាក្សាពីមូលហេតុដែលយើងគួរតែអរព្រះគុណដល់ព្រះវរបិតាសួគ៌ចំពោះពរជ័យគ្រប់យ៉ាងទាំងអស់របស់យើង ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ធ្វើបញ្ជី ) ៖នៅក្នុងថង់ខុសគ្នាចំនួនប្រាំ សូមដាក់ក្រដាស ប៊ិច និងវត្ថុមួយៗចូលដូចខាងក្រោម ៖ រូបភាពសាលាប្រជុំរបស់សាសនាចក្រ និងក្រណាត់ ព្រះគម្ពីរ រូបភាពក្រុមគ្រួសារ និងរូបភាពព្រះអង្គសង្រ្គោះ ។ បំបែកកុមារទៅជាក្រុម ហើយឲ្យថង់មួយដល់ក្រុមនីមួយៗ ។ សុំឲ្យក្រុមនីមួយៗមើលវត្ថុដែលមាននៅក្នុងថង់ ហើយសរសេរនៅលើក្រដាសនូវអ្វីដែលពួកគេអាចបង្ហាញអំណរគុណចំពោះវា ។ បន្ទាប់មក សុំឲ្យពួកគេដាក់វត្ថុ ក្រដាស និងប៊ិច ចូលថង់វិញ ហើយហ៊ុចឲ្យក្រុមផ្សេងទៀត ។ សូមឲ្យក្រុមនីមួយៗមានឱកាសទទួលថង់នីមួយៗ បន្ទាប់មកអញ្ជើញក្រុមនីមួយៗចែកចាយពីអ្វីដែលបានសរសេរនៅក្នុងបញ្ជីក្នុងថង់របស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ការចែកចាយពីគំនិតទាំងឡាយ ) ៖សុំឲ្យកុមារពីរបីនាក់ចែកចាយពីអ្វីដែលពួកគេបានរៀនចេញពីសកម្មភាពនេះ និងពីអ្វី ដែលពួកគេនឹងធ្វើ ដើម្បីអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ ។