រ៉ូម ២–៣
ការរាប់ជាសុចរិតតាមរយៈសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ
ប៉ុលស្រឡាញ់ពួកបរិសុទ្ធនៅក្រុងរ៉ូម ហើយចង់ជួយពួកគេឲ្យរួបរួមគ្នាតាមរយៈសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ ទាំងអ្នកប្រែចិត្តជឿជាសាសន៍យូដា និងសាសន៍ដទៃត្រូវការជំនួយឲ្យយល់ពីការពឹងផ្អែករបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងរបៀបទទួលយកពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីតម្រូវការដែលយើងទាំងអស់គ្នាមាន ដើម្បីទទួលបានការលើកលែងទោសពីអំពើបាបរបស់យើង ឬបានរាប់ជា សុចរិតតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
យើងទាំងអស់គ្នាត្រូវការព្រះយេស៊ូវគ្រីស្ទ
សមាជិកសាសនាចក្រនៅជំនាន់របស់ប៉ុលមកពីវប្បធម៌ និងសាវតារខុសៗគ្នា ។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលពួកគេទាំងអស់គ្នាមានដូចគ្នានោះគឺថាពួកគេបានធ្វើអំពើបាប ដូច្នេះហើយមិនស័ក្តិសមក្នុងការចូលទៅក្នុងវត្តមានរបស់ព្រះនោះទេ ។ នៅពេលអ្នកសិក្សា រ៉ូម ២–៣ សូមព្យាយាមយល់ពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់បានធ្វើ ដើម្បីឲ្យមនុស្សទាំងអស់អាចយកឈ្នះលើឧបសគ្គដែលរារាំងពួកគេមិនឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញបាន ។
ដើម្បីយល់កាន់តែច្បាស់អំពីការបង្រៀនរបស់ប៉ុលទៅកាន់សាសន៍រ៉ូម និយមន័យខាងក្រោមអាចមានប្រយោជន៍ ៖
-
ការរាប់ជាសុចរិត រាប់ជាសុចរិត បានរាប់ជាសុចរិត ៖ « ដើម្បីឲ្យបានលើកលែងពីការដាក់ទោសចំពោះអំពើបាប ហើយរាប់ថាឥតមានទោស ។ មនុស្សម្នាក់ៗត្រូវបានរាប់ជាសុចរិត ដោយសារព្រះគុណនៃព្រះអង្គសង្គ្រោះ តាមរយៈសេចក្ដីជំនឿជឿដល់ទ្រង់ ។ សេចក្ដីជំនឿនេះគឺបានបង្ហាញដោយសារការប្រែចិត្ត និងការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យមនុស្សលោកប្រែចិត្ត ហើយបានរាប់ជាសុចរិត ឬលើកលែងពីការដាក់ទោសដែលគេនឹងត្រូវទទួល » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ការរាប់ជាសុចរិត រាប់ជាសុចរិត » scriptures.ChurchofJesusChrist.org ) ។
-
សេចក្តីជំនឿ ៖ សេចក្ដីទុកចិត្ត និងទីទុកចិត្តដល់ព្រះយេស៊ូវគ្រីស្ទ ដែលនាំជនណាម្នាក់ឲ្យគោរពតាមទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្តីជំនឿ » មាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
ក្រឹត្យវិន័យ ៖ ពាក្យនេះសំដៅទៅលើក្រឹត្យវិន័យរបស់ម៉ូសេ និងសកម្មភាពខាងក្រៅដែលទាក់ទងនឹងវា ឬ « កិច្ចការទាំងឡាយ » ( សូមមើល « ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ › » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ក្រឹត្យវិន័យលោកម៉ូសេ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
ព្រះគុណ ៖ ពរជ័យ សេចក្ដីមេត្តាករុណា ជំនួយ និងកម្លាំងដែលមានសម្រាប់យើង ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » ) ។
សូមអាន រ៉ូម ៣:១០–១២, ២០–២៣ ហើយរកមើលពីរបៀបដែលប៉ុលពិពណ៌នាអំពីរបាំងរវាងយើង និងព្រះ ។
-
តើឃ្លាអ្វីខ្លះមកពីការបង្រៀនរបស់ប៉ុល ដែលជួយយើងឲ្យយល់ថាអ្វីជារបាំង ?
សូមសរសេរឃ្លាទាំងនេះនៅលើរបាំងនៅក្នុងគំនូររបស់អ្នក ។ សូមអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះដោយប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ ហើយស្វែងរកការយល់ដឹងបន្ថែមអំពីអ្វីដែលរបាំងតំណាងឲ្យ ៖
ដោយសារតែយើងទាំងអស់គ្នា « បានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » [រ៉ូម ៣:២៣ ] ហើយដោយសារតែ « គ្មានរបស់អ្វីដែលមិនស្អាតអាចចូលទៅក្នុងនគររបស់ព្រះ » បាន [ នីហ្វៃ ទី១ ១៥:៣៤ ] ទើបយើងគ្រប់គ្នាពុំស័ក្ដិសមនឹងត្រឡប់ទៅកាន់វត្តមាននៃព្រះវិញបានឡើយ ។
ទោះជាយើងបម្រើព្រះដោយអស់ពីព្រលឹងរបស់យើងក្ដី ក៏វាពុំគ្រប់គ្រាន់ដែរ ដ្បិតយើងនៅតែជា « បាវឥតប្រយោជន៍ » ដដែល [ ម៉ូសាយ ២:២១ ] ។ យើងពុំអាចរកវិធីរបស់យើងត្រឡប់ទៅស្ថានសួគ៌ទេ ព្រោះតម្រូវការនៃយុត្តិធម៌ឈរជារបាំង ដែលយើងគ្មានអំណាចដើម្បីយកឈ្នះដោយខ្លួនឯងឡើយ ។
( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )
សូមគិតអំពីផ្នែកដែលអ្នកខ្វះខាត ឬអំពើបាបដែលអ្នកកំពុងព្យាយាមយកឈ្នះ ។
សូមអាន រ៉ូម ៣:២៤–២៨ ( សូមកត់ចំណាំការបកប្រែដោយយ៉ូសែប ស្ម៊ីធនៅក្នុង ខទី ២៤ footnote a ) ហើយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីវិធីតែមួយគត់ដែលយើងអាចត្រូវបានរាប់ជាសុចរិត ឬអត់ទោសពីអំពើបាបរបស់យើងបាន ។
សេចក្តីពិតមួយដែលអ្នកអាចរៀនមកពីខគម្ពីរទាំងនេះគឺថា តាមរយៈការទទួលយកព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ នោះមនុស្សជាតិទាំងអស់អាចត្រូវបានរាប់ជាសុចរិតតាមរយៈព្រះគុណរបស់ទ្រង់ ។
-
តើអ្នកមានគំនិតអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាដែរ ពេលអ្នកសញ្ជឹងគិតអំពីសេចក្ដីពិតនេះ ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូររបៀបដែលយើងមើលទៅអំពើបាប និងភាពមិនល្អឥតខ្ចោះរបស់យើង ៖
ដង្វាយធួនដ៏និរន្ដរ៍របស់ព្រះអង្គសង្គ្រោះផ្លាស់ប្ដូរទាំងស្រុង នូវរបៀបដែលយើងអាចមើលទៅការរំលង និងភាពមិនឥតខ្ចោះរបស់យើង ។ ជំនួសឲ្យការបន្ដនៅក្នុងសភាពនេះ និងគ្មានអារម្មណ៍ថាបានប្រោសលោះ ឬអស់សង្ឃឹម នោះយើងអាចរៀនពីវា ហើយមានក្ដីសង្ឃឹមបាន ។ អំណោយទាននៃការប្រែចិត្តដែលសម្អាតអំពើបាបនេះ អនុញ្ញាតឲ្យយើងទម្លាក់អំពើបាបរបស់យើងចោល ហើយកើតជាថ្មី ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះកំហុសរបស់យើងមិនកំណត់ពីយើងឡើយ ។ កំហុសនោះអាចបន្សុទ្ធយើងវិញ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « God among Us » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨–៩ )
-
តើទស្សនៈរបស់អ្នកស្ដីពីកំហុស និងភាពមិនល្អឥតខ្ចោះរបស់អ្នកផ្ទាល់មានលក្ខណៈយ៉ាងដូចម្ដេចដែរ បើប្រៀបធៀបនឹងអ្វីដែលអែលឌើរ អុជដូហ្វ បានពិពណ៌នា ?
សូមបន្ថែមលើគំនូររបស់អ្នកដោយបង្ហាញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យយកឈ្នះលើរបាំង ឬឧបសគ្គនេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចយល់កាន់តែច្បាស់អំពីការរាប់ជា សុចរិតដោយរបៀបណា ?
អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីអត្ថន័យនៃពាក្យ ការរាប់ជាសុចរិត ដូចខាងក្រោមនេះ ៖
ដោយសារតែ « តម្លៃជានិរន្ដរនៃពលិកម្មធួនដ៏មហិមារបស់ទ្រង់ » នោះព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យស្កប់ស្កល់ ឬ « ឆ្លើយតបនឹងចម្លើយចុងបំផុតនៃច្បាប់ » ជំនួសយើងបាន ។ ការលើកលែងទោសកើតឡើងដោយសារព្រះគុណរបស់ទ្រង់ដែលបានបំពេញតាមតម្រូវការនៃសេចក្ដីយុត្តិធម៌តាមរយៈការរងទុក្ខរបស់ទ្រង់ផ្ទាល់ ។ … ទ្រង់បានដកយកការដាក់ទោសរបស់យើង ដោយពុំដកច្បាប់ចេញនោះទេ ។ យើងត្រូវបានអត់ទោស ហើយបានដាក់នៅក្នុងស្ថានភាពនៃសេចក្ដីសុចរិតជាមួយទ្រង់ ។ យើងប្រែក្លាយដូចជាទ្រង់ ដោយគ្មានអំពើបាប ។ យើងត្រូវបានគាំទ្រ និងបានការពារដោយច្បាប់ ដោយសេចក្ដីយុត្តិធម៌ ។ និយាយឲ្យខ្លីទៅ យើងត្រូវ បានរាប់ជាសុចរិត ។
ហេតុដូច្នេះហើយ យើងអាចនឹងនិយាយដោយសមរម្យថាមនុស្សដែលត្រូវបានរាប់ជាសុចរិតគឺជាមនុស្សដែលទទួលបានការអភ័យទោស គ្មានអំពើបាប ឬគ្មានកំហុស ។
( ឌី ថត គ្រីស្តូហ្វឺសិន « Justification and Sanctification » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ២០ )
ហេតុអ្វីបានជាពិភពលោកនេះត្រូវការព្រះយេស៊ូវគ្រីស្ទ ?
សូមមើលវីដេអូ « Why We Need a Savior » ( ២:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើអំពើបាបបានជ្រៀតជ្រែកផែនការរបស់ព្រះវរបិតាសួគ៌ដែរឬទេ ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ព្រះវរបិតាសួគ៌របស់យើងបានជ្រាបដឹង តាំងពីមុនពេលដែលយើងមកក្នុងជីវិតរមែងស្លាប់នេះម៉្លេះ ថាកម្លាំងនៃភាពអវិជ្ជមាននឹងល្បួងយើង ឲ្យរសាត់អណ្តែតចេញពីផ្លូវរបស់យើង « ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » [ រ៉ូម ៣:២៣ ] ។ ហេតុនេះហើយបានជាទ្រង់បានរៀបចំផ្លូវមួយសម្រាប់យើងធ្វើការកែប្រែ ។ តាមរយៈដំណើរការដ៏មានក្តីមេត្តាករុណានៃការប្រែចិត្តដ៏ពិត និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះអំពើបាបរបស់យើងអាចត្រូវបានអភ័យទោសឲ្យ ហើយយើងនឹង « មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » [ យ៉ូហាន ៣:១៦ ] ។
( ឌៀថើរ អេហ្វ អុជដូហ្វ « A Matter of a Few Degrees » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦០ )
តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកមានប្រសាសន៍ថា « សាសន៍ដទៃ … គេបានប្រព្រឹត្តតាមក្រឹត្យវិន័យពីបវេណី » ? ( រ៉ូម ២:១៤ )
« ប៉ុលបានទទួលស្គាល់ថាសាសន៍ដទៃមួយចំនួនបានរស់នៅដោយអព្ភន្ដរញ្ញាណប្រកបដោយសីលធម៌ ។ … សាសន៍ដទៃទាំងនេះបានដើរតាមពន្លឺនៃព្រះគ្រីស្ទ ដែលជា ‹ ឥទ្ធិពលចំពោះអំពើល្អនៅក្នុងជីវិតនៃមនុស្សទាំងអស់ ( យ៉ូហាន ១:៩; គ&ស ៨៤:៤៦–៤៧ ) › [ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពន្លឺ, ពន្លឺនៃព្រះគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ] ។ ទោះជាពួកគេមិនមានក្រឹត្យវិន័យរបស់លោកម៉ូសេក៏ដោយ ក៏ប៉ុលបាននិយាយថា ពួកគេមាន ‹ របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ › ដែរ ( រ៉ូម ២:១៥ ) » ( « រ៉ូម ១–៣ » នៅក្នុង សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] ទំព័រ ៣៣៧ ) ។