ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​មនុស្ស​ខ្ទើយ​ដែរ​ឬ​ទេ ?


« តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​មនុស្ស​ខ្ទើយ​ដែរ​ឬ​ទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​មនុស្ស​ខ្ទើយ​ដែរ​ឬ​ទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​មនុស្ស​ខ្ទើយ​ដែរ​ឬ​ទេ ?

ពរជ័យ​របស់​ព្រះ​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា

« ពួកយើង​ទាំងអស់គ្នា​ក្រឡេក​ទៅ​មើល​ជីវិត​របស់​យើង​នៅពេល​ខ្លះ ហើយ​ព្យាយាម​វាយតម្លៃ​ថា ‹ តើ​យើង​នៅ​ត្រង់ណា ? តើ​ខ្ញុំ​ស្ថិតនៅ​ត្រង់ណា​ក្នុង​ជីវិត​ខ្ញុំ ? › ខ្ញុំ​តែងតែ​និយាយ​ថា ពេល​អ្នក​ចាប់ផ្ដើម​ប្រៀបធៀប​ខ្លួន​អ្នក​ទៅនឹង​គ្នា​ទៅវិញ​ទៅមក នោះ​វា​នឹង​នាំ​ទៅរក​ការបាក់​ទឹកចិត្ត ឬ​វា​ដឹកនាំ​ទៅរក​អំនួត ។ ចំណុច​ទាំងពីរ​គឺ​មិនល្អ​ទេ ប៉ុន្ដែ​ជារឿយៗ នោះ​ជា​អ្វី​ដែល​កើតឡើង នៅពេល​មនុស្ស​ចាប់ផ្ដើម​ប្រៀបធៀប​គ្នា ។ ពួកគេ​ចាប់ផ្ដើម​គិត​ថា ‹ វាសនា​ខ្ញុំ​ល្អជាង​ក្នុង​ជីវិត​នេះ​ › ឬ ‹ វាសនា​ខ្ញុំ​កាន់តែ​អាក្រក់​ក្នុង​ជីវិត​នេះ › ។ ហេតុដូច្នេះ​ហើយ វា​មិនមែន​ជា​រឿង​ស្ថាបនា​នោះទេ ដែល​យើង​ត្រូវ​ប្រៀបធៀប​កាលៈទេសៈ​របស់​យើង​ទៅនឹង​កាលៈទេសៈ​របស់​អ្នកដទៃ​នោះ ។ ពរជ័យ​ខ្លះ​នឹង​កើតមាន​ក្នុង​ពេល​ខ្លី​ខាងមុខ ហើយ​ពរជ័យ​ខ្លះទៀត​នឹង​កើតមាន​ក្នុង​ពេល​ដ៏យូរ​ខាងមុខ ។ ខ្ញុំ​ជឿ​ថា ពេលខ្លះ​ពរជ័យ​នានា​កំពុង​រង់ចាំ​យើង បន្ទាប់ពី​យើង​ឆ្លងកាត់​វាំងនន​នោះ នៅក្នុង​ជីវិត​ក្រោយ​ឆាក​ជីវិត​នេះ​របស់​យើង ។ ហើយ​ជីវិត​បច្ចុប្បន្ន​របស់​យើង​គឺ​ខ្លី​ខ្លាំងណាស់​បើ​ប្រៀបធៀប​នឹង​ភាពអស់កល្ប​នោះ ហើយ​នៅក្នុង​ជីវិត​ដ៏ខ្លី​នេះ វា​គ្មាន​ប្រយោជន៍​ទេ ដែល​យើង​ព្យាយាម​ប្រៀបធៀប​ឧបសគ្គ​ដែល​យើង​បាន​ឆ្លងកាត់ ឬ​ព្យាយាម​ប្រៀបធៀប​ពរជ័យ​ដែល​យើង​មាន​នោះ ។

« យើង​ចាំពី​ពេល​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ចាកចេញ​ពី​សួនច្បារ​អេដែន រឿង​មួយ​ដែល​ត្រូវបាន​ណែនាំ នៅពេល​ពួកលោក​បាន​ចាកចេញ​គឺ​អំពី​បន្លា និង​អញ្ចាញ ហើយ​យើង​ទាំងអស់​គ្នា​មាន​បន្លា និង​អញ្ចាញ​នោះ​នៅក្នុង​ជីវិត​របស់​យើង ។ ប៉ុន្ដែ​យើង​អាច​មាន​ទំនុកចិត្ត​ថា យើង​អាច​យកឈ្នះ​លើ​ឧបសគ្គ​ទាំងអស់​នោះ​បាន មិន​ថា​វា​អាច​ជា​អ្វី​ដែល​នៅ​ចំពោះ​មុខ​យើង​នោះ​ទេ ។ ព្រះអម្ចាស់​មាន​បន្ទូល​មក​យើង​ថា យើង​នឹង​មាន​ឧបសគ្គ​នៅតាម​ផ្លូវ ហើយ​ទ្រង់​ថែមទាំង​មាន​បន្ទូល​ប្រាប់​យើង​ថា សេចក្ដី​ទុក្ខវេទនា​របស់​យើង​នឹងបាន​ទៅជា​ផល​ប្រយោជន៍​ដល់​យើង​វិញ ។ ឥឡូវនេះ ពេលខ្លះ​យើង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ឆ្នាំ​សិន​សម្រាប់​ការណ៍​នេះ ប៉ុន្ដែ​ទីបំផុត យើង​អាច​ជឿជាក់​ថា ការសន្យា​នៃ​ជីវិត​ដ៏អស់កល្ប​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា ។ មនុស្ស​គ្រប់គ្នា​នឹង​ទទួលបាន​រង្វាន់​សម្រាប់​ភាពស្មោះត្រង់​របស់​ពួកគេ​ស្មើៗគ្នា ។ ប្រសិនបើ​អ្នក​ស៊ូទ្រាំ​រហូត​ដល់​ទីបញ្ចប់ នោះ​អ្នក​នឹង​មាន​ពរជ័យ ។ វា​អាច​លំបាក​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក និង​ខែក្រោយ ប៉ុន្ដែ​វា​នឹង​មិន​លំបាក​រហូត​ឡើយ ។ អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន កាលណា​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ លើ​ដង្វាយធួន​របស់​ទ្រង់ ។

« ពេលខ្លះ​យើង​នឹង​មាន​ឧបសគ្គ និង​ការសាកល្បង ដែល​នឹង​កើត​មាន​ចំពោះ​យើង ដែល​មើលទៅ​ហាក់​ដូចជា​ពិបាក​ខ្លាំង​ណាស់ ស្ទើរតែ​មិន​អាច​ទ្រាំ​បាន ។ ប៉ុន្ដែ ទ្រង់​មាន​បន្ទូល​ថា ‹ ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា › ។ នោះ​គឺជា​ការសន្យា​មួយ​មកពី​ព្រះអម្ចាស់ ។ ចូរ​សង្ឃឹម​ឡើង ។ នៅកណ្ដាល​ឧបសគ្គ​របស់​អ្នក ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ដឹកនាំ​អ្នករាល់គ្នា​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ ដែល​អ្នករាល់គ្នា​មាន » ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « No Blessings Denied the Faithful » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។