« តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ហើយតើវាជួយខ្ញុំដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ហើយតើវាជួយខ្ញុំដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ហើយតើវាជួយខ្ញុំដោយរបៀបណា ?
ហេតុអ្វីយើងត្រូវការដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ក្នុងនាមជាកូនចៅរបស់អ័ដាម និងអេវ៉ា មនុស្សទាំងអស់គ្រងមរតកដែលជាផលនៃការធ្លាក់ ។ នៅក្នុងស្ថានភាពធ្លាក់របស់យើង យើងស្ថិតនៅក្រោមអំណាចនៃភាពផ្ទុយ និងការល្បួង ។ នៅពេលយើងចុះចាញ់តាមការល្បួង នោះយើងចាកចេញពីព្រះ ហើយប្រសិនបើយើងបន្ដនៅក្នុងអំពើបាប នោះយើងនឹងបាត់បង់ភាពជាដៃគូ និងឥទ្ធិពលនៃព្រះវិញ្ញាណរបស់ទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងជីវិតរបស់យើង ។
មាគ៌ាតែមួយគត់ដើម្បីយើងបានសង្គ្រោះ គឺត្រូវមាននរណាម្នាក់មកជួយសង្គ្រោះយើង ។ យើងត្រូវការមនុស្សម្នាក់ ដែលអាចបំពេញការទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌—ដើម្បីឈរជំនួសយើងក្នុងការទទួលបន្ទុកនៃការធ្លាក់ និងដើម្បីបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ ដែលមានសមត្ថភាពធ្វើពលិកម្មបែបនេះបាន ។
ចាប់តាំងពីមុនការបង្កបង្កើតផែនដីមក ព្រះអង្គសង្គ្រោះបានធ្វើជាសេចក្ដីសង្ឃឹមតែមួយគត់របស់យើងសម្រាប់ « សេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងបរលោក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣ ) ។
ព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទដែលព្យាបាល និងធ្វើឲ្យរឹងមាំ
« ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះពិតជាបញ្ជាក់ដល់យើងហួសពីអមតភាព តាមរយៈការរស់ឡើងវិញជាសកល ហើយផ្តល់ឱកាសដល់ពួកយើងឲ្យបានជ្រះស្អាតពីអំពើបាប តាមរយៈការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក ។ ដង្វាយធួនរបស់ទ្រង់ក៏ប្រទានដល់យើងនូវឱកាស ដើម្បីអំពាវនាវរកទ្រង់ដែលបានដកពិសោធន៍ពីគ្រប់ជំងឺនៃជីវិតរមែងស្លាប់របស់យើង ដើម្បីចម្រើនកម្លាំងដល់យើងឲ្យទ្រាំទ្រនឹងបន្ទុកនៃជីវិតរមែងស្លាប់នេះ ។ ទ្រង់ជ្រាបពីការថប់អារម្មណ៏របស់យើង ហើយទ្រង់គង់នៅទីនោះសម្រាប់យើង ។ គឺដូចជាសាសន៍សាម៉ារីចិត្តល្អម្នាក់នោះដែរ នៅពេលទ្រង់ទតឃើញថា យើងមានរបួសនៅតាមផ្លូវ នោះទ្រង់នឹងរុំរបួសឲ្យយើង ហើយថែទាំយើង ( សូមមើល លូកា ១០:៣៤ ) ។ ព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទដែលព្យាបាល និងធ្វើឲ្យរឹងមាំ ព្រមទាំងដង្វាយធួនរបស់ទ្រង់គឺសម្រាប់ពួកយើងទាំងអស់គ្នាដែលនឹងទូលសូមពីទ្រង់ » ( ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៤ ) ។
ជីវិតនេះគឺជាឱកាសមួយ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌របស់យើង ។ នៅពេលយើងឱបក្រសោបយកជោគវាសនាដ៏អស់កល្បរបស់យើងជាបុត្រាបុត្រីរបស់ព្រះ នោះយើងចូលទៅក្នុងដំណើរការមួយនៃការរីកចម្រើន និងការអភិវឌ្ឍដ៏ខ្ជាប់ខ្ជួន ។ ដូចដែលអែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖
« ដំណើរនៃជីវិតរមែងស្លាប់គឺការចេញពីអាក្រក់ទៅល្អ ពីល្អទៅជាប្រសើរជាង និងដើម្បីធ្វើឲ្យលក្ខណៈធម្មជាតិរបស់យើងបានផ្លាស់ប្ដូរ ។ ព្រះគម្ពីរពោរពេញដោយគំរូរបស់ពួកអ្នកសិស្ស និងពួកព្យាការីដែលបានស្គាល់ យល់ និងត្រូវបានផ្លាស់ប្តូរដោយអំណាច ដែលធ្វើឲ្យកើតមាននៃដង្វាយធួននៅក្នុងការធ្វើដំណើរនោះ ។ នៅពេលដែលយើងយល់ពីអំណាចដ៏ពិសិដ្ឋនេះកាន់តែប្រសើរឡើង នោះទស្សនវិស័យខាងដំណឹងល្អរបស់យើងត្រូវបានពង្រីក និងវិវឌ្ឍកាន់តែខ្លាំង ។ ទស្សនវិស័យបែបនោះនឹងផ្លាស់ប្តូរយើងតាមរបៀបដ៏អស្ចារ្យទាំងឡាយ ។ …
« … នៅពេលដែលអ្នក ហើយនិងខ្ញុំចាប់ផ្ដើមយល់ និងទទួលបានអំណាចដែលធ្វើឲ្យកើតមាននៃដង្វាយធួននៅក្នុងជីវិតផ្ទាល់ខ្លួន នោះយើងនឹងអធិស្ឋាន ហើយស្វែងរកកម្លាំង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់យើង ជាជាងការអធិស្ឋានសុំឲ្យស្ថានភាពរបស់យើងត្រូវបានផ្លាស់ប្តូរ ។ យើងនឹងក្លាយជាភ្នាក់ងារដែលធ្វើសកម្មភាព ជាជាងវត្ថុដែលទទួលសកម្មភាព ( សូមមើល នីហ្វៃទី២ ២:១៤ ) » ( « The Atonement and the Journey of Mortality » Liahona ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៥–១៦ ) ។
ការផ្លាស់ប្ដូរដួងចិត្ត
នៅពេលយើងទទួលបានព្រះចេស្ដាពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីពង្រឹងយើង និងព្យាបាលយើង នោះទ្រង់អាចផ្លាស់ប្ដូរដួងចិត្តយើងបាន ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានចែកចាយដំណើររឿងដូចតទៅនេះ ៖
« ខ្ញុំនិយាយពីយុវជនម្នាក់ ដែលបានចូលក្នុងតំបន់បេសកកម្មដោយភាពស័ក្ដិសម ប៉ុន្ដែដោយសារជម្រើសផ្ទាល់ខ្លួនរបស់គាត់ គាត់បានត្រឡប់ទៅផ្ទះវិញមុនកំណត់ ដោយសារតែការប្រតិព័ទ្ធភេទដូចគ្នា និងការប៉ះទង្គិចខ្លះៗដែលគាត់បានជួបនៅក្នុងស្ថានភាពនោះ ។ គាត់នៅតែមានភាពស័ក្ដិសម ប៉ុន្តែគាត់សង្ស័យចំពោះសេចក្ដីជំនឿរបស់គាត់ បន្ទុកខាងសតិអារម្មណ៍របស់គាត់មានកាន់តែខ្លាំងឡើងៗ ហើយការឈឺចាប់ខាងវិញ្ញាណរបស់គាត់មានកាន់តែធ្ងន់ធ្ងរទៅៗ ។ សតិអារម្មណ៍របស់គាត់បានប្រែទៅជាឈឺចាប់ ច្របូកច្របល់ ខឹង ហើយអស់សង្ឃឹម ។
« ប្រធានបេសកកម្ម ប្រធានស្ដេក និងប៊ីស្សពរបស់គាត់ បានចំណាយពេលរាប់ម៉ោងស្រាវជ្រាវ ទាំងទឹកភ្នែក ហើយប្រសិទ្ធពរដល់គាត់ នៅពេលពួកគេព្យាយាមជួយគាត់ ប៉ុន្តែដំបៅភាគច្រើនរបស់គាត់មានលក្ខណៈផ្ទាល់ខ្លួនខ្លាំងពេក រហូតធ្វើឲ្យគាត់ត្រូវលាក់វាទុកក្នុងចិត្ត ។ ឪពុកជាទីស្រឡាញ់ក្នុងរឿងនេះ បានជួយស្រោចស្រង់កូនរូបនេះដោយអស់ពីដួងចិត្តរបស់គាត់ ប៉ុន្តែដោយស្ថានភាពដ៏មមាញឹកនៃការងាររបស់គាត់ ជាញឹកញាប់ក្មេងប្រុសម្នាក់នេះ និងម្ដាយរបស់គាត់គឺជាអ្នកដែលត្រូវពុះពារនឹងបញ្ហាខាងវិញ្ញាណ ដែលកើតមានដ៏យូរអង្វែងនោះ ។ ពួកគេបានស្វែងរកការព្យាបាលរួមគ្នាទាំងយប់ទាំងថ្ងៃ ដែលដំបូងឡើយអស់រាប់សប្ដាហ៍ បន្ទាប់មករាប់ខែ ហើយក្លាយទៅជារាប់ឆ្នាំ ។ អំឡុងពេលដ៏ជូរចត់នោះ ( ភាគច្រើន គាត់តូចចិត្ត ប៉ុន្តែពេលខ្លះម្ដាយក៏តូចចិត្តដែរ ) ហើយមានការភ័យខ្លាចមិនចេះចប់ ( ភាគច្រើនជារបស់ម្ដាយ ប៉ុន្តែពេលខ្លះក៏ជារបស់គាត់ដែរ ) ម្ដាយរូបនោះបានថ្លែងទីបន្ទាល់ម្តងទៀត—គាត់បានថ្លែងទីបន្ទាល់ទៅកូនរបស់ខ្លួនអំពីព្រះចេស្ដារបស់ព្រះ សាសនាចក្ររបស់ទ្រង់ ជាពិសេសអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះកូនរូបនេះ—ហើយនេះជាគំរូដ៏ល្អមួយទៀត ជារបៀបទទួលបន្ទុកដ៏ស្រស់ស្អាត ដែលម្ដាយមានចំពោះកូន ។ ក្នុងពេលដំណាលគ្នានោះ គាត់បានថ្លែងទីបន្ទាល់អំពីក្ដីស្រឡាញ់មិនល្អៀង និងជាអមតៈផ្ទាល់ខ្លួនគាត់ចំពោះកូនផងដែរ ។ ដើម្បីនាំផ្នែកសំខាន់ដ៏ចាំបាច់ទាំងពីរនោះមករួមគ្នាក្នុងជីវិតរបស់គាត់—ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងគ្រួសារគាត់—គាត់បានចាក់ស្រោចព្រលឹងរបស់គាត់នៅក្នុងការអធិស្ឋានពុំចេះចប់ពុំចេះហើយ ។ គាត់បានតមអាហារ ហើយបានយំ ហើយគាត់បានយំ ហើយបានតមអាហារ បន្ទាប់មកគាត់ស្ដាប់ហើយស្ដាប់ទៀត នៅពេលកូនប្រុសរូបនេះប្រាប់គាត់ដដែលៗថា ដួងចិត្តរបស់គាត់ត្រូវបានខ្ទេចខ្ទាំនោះ ។ ដូច្នេះ ម្តាយរូបនោះបានពពោះគាត់—ម្ដងទៀត—តែពេលនេះ វាពុំមែនមានរយៈពេលប្រាំបួនខែឡើយ ។ គ្រានេះ គាត់បានគិតថា ការជួយកូនគាត់ឲ្យឆ្លងផុតការសាកល្បងខាងវិញ្ញាណដ៏ធ្ងន់ធ្ងរនេះត្រូវចំណាយពេលដ៏យូរ ។
« ប៉ុន្តែដោយព្រះគុណនៃព្រះ ការតស៊ូផ្ទាល់ខ្លួនរបស់គាត់ និងជំនួយពីថ្នាក់ដឹកនាំសាសនាចក្រ មិត្តភក្ដិ សមាជិកគ្រួសារ និងអ្នកជំនាញទាំងឡាយ ម្ដាយដ៏គួរឲ្យអាណិតរូបនេះបានមើលឃើញកូនរបស់ខ្លួនត្រឡប់មកផ្ទះវិញ មកកាន់ដែនដីសន្យាវិញ ។ ប៉ុន្តែគួរឲ្យសោកស្ដាយ យើងទទួលស្គាល់ថា ពរជ័យដូច្នេះពុំអាច ឬយ៉ាងហោចណាស់ពុំកើតមានចំពោះឪពុកម្ដាយគ្រប់រូប ដែលឈឺចាប់យ៉ាងខ្លាំងក្រៃលែងដោយសារស្ថានភាពរបស់កូនៗពួកគេនោះទេ ប៉ុន្តែក្នុងករណីនេះមាននូវសេចក្តីសង្ឃឹមមួយ ។ ហើយខ្ញុំត្រូវតែនិយាយថា ស្ថានភាពខាងផ្លូវភេទរបស់កូនប្រុសរូបនេះ ពុំមែនជាការផ្លាស់ប្ដូរដោយអព្ភូតហេតុទេ—គ្មាននរណារំពឹងថានឹងកើតឡើងទេ ។ ប៉ុន្ដែបន្ដិចម្ដងៗ ដួងចិត្តរបស់កូនប្រុសនេះបានផ្លាស់ប្ដូរ » ( « Behold Thy Mother » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៩ ) ។