ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ?


« តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ?

យើង​ចង់​មាន​អ្នក​នៅ​ទីនេះ

« យើង​បាន​ធ្វើការ​ពិចារណា និង​ខ្វល់ខ្វាយ​ច្រើន​ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​ពី​បទពិសោធន៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។ ហើយ​ការធ្វើឲ្យ​ប្រាកដ​ថា បុគ្គល​ម្នាក់ៗ​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​បែបនោះ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​ស្វាគមន៍ និង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏ធំ​ទូទាំង​ពិភពលោក​នេះ ពោល​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

« ឥឡូវ​នេះ ខ្ញុំ​សូម​និយាយ​ដោយ​ចំៗ​ទៅកាន់​សមាជិក​សាសនាចក្រ ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ដែល​កំណត់​អត្តសញ្ញាណ​ថាជា​មនុស្ស​ខ្ទើយ​ប្រុស ខ្ទើយ​ស្រី ឬ​ខ្ទើយ​ទាំងពីរ​ភេទ ។ ពួក​យើង​ចង់​ឲ្យ​អ្នក​ដឹង​ថា យើង​ស្រឡាញ់​អ្នក ។ យើង​ស្វាគមន៍​អ្នក ។ យើង​ចង់ឲ្យ​អ្នក​មក​ចូលរួម​ជាផ្នែក​មួយ​នៃ​សាលាប្រជុំ​របស់​យើង ។ អ្នក​មាន​ទេពកោសល្យ និង​សមត្ថភាព​ដ៏អស្ចារ្យ​ដើម្បី​ផ្ដល់ជូនដល់​នគរ​របស់​ព្រះ​នៅលើ​ផែនដី ហើយ​យើង​ទទួល​ស្គាល់​ការរួម​ចំណែក​ដ៏មាន​តម្លៃ​ជាច្រើន​ដែល​អ្នក​បាន​ធ្វើ ។ ប្រសិនបើ​អ្នកណាម្នាក់​ក្នុង​ចំណោម​ពួកអ្នក​មិន​ច្បាស់​ថា តើ​សាសនាចក្រ​មាន​គោលជំហរ​យ៉ាងណា​ស្ដីពី​បញ្ហា​ទាំងនេះ នោះ​យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចំណាយ​ពេលវេលា ដើម្បី​អាន​ឯកសារ​ដែល​បាន​ចេញផ្សាយ​នៅ [ ជួយ​ដល់​ជីវិត និង​ភាពខ្លួន​ទីពឹង​ខ្លួន នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ] ។ សូម​ស្វែងរក​ព្រះវិញ្ញាណ​នៅក្នុង​ការអធិស្ឋាន ដើម្បី​ទទួលបាន​ចម្លើយ​ទាំងឡាយ​ដែល​អ្នក​ស្វែងរក ។ ហើយ​សូម​ប្រាកដ​ថា ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់ » ( អិល វិតនី ក្លេតុន « God Loveth His Children » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

តើ​ខ្ញុំ​អាច​ចូលរួម​បាន​យ៉ាង​ដូចម្ដេច ?

ព្រះ​សន្យា​ថា ប្រសិនបើ​យើង​គោរព​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ នោះ​យើង​នឹង​មាន​អំណរ​ដ៏អស់កល្ប​ជានិច្ច ហើយ​ទ្រង់​នឹង​រក្សា​ការសន្យា​របស់​ទ្រង់​ជានិច្ច ។ មនុស្ស​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ស្គាល់​ថាជា​មនុស្ស​ខ្ទើយ​អាច​ធ្វើ និង​រក្សា​ការសន្យា​ទាំងឡាយ​ចំពោះ​ព្រះ​បាន ។ ពួកគេ​អាច​ដើរ​នៅក្នុង​ពន្លឺ​របស់​ទ្រង់​បាន ។ ពួកគេ​អាច​ចូលរួម​នៅក្នុង​សាសនាចក្រ​យ៉ាង​ពេញលេញ​បាន ។

« ប្រសិនបើ​សមាជិក​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ហើយ​ពុះពារ​ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព នោះ​ថ្នាក់ដឹកនាំ​គាំទ្រ និង​លើក​ទឹកចិត្ត​ពួកគេ​នៅក្នុង​ការខិតខំ​របស់​ពួកគេ ។ សមាជិក​ទាំងនេះ​អាច​ទទួល​បាន​ការហៅ​ក្នុង​សាសនាចក្រ កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ប្រសិនបើ​ពួកគេ​មាន​ភាពស័ក្ដិសម ។ សមាជិក​បុរស​ទាំងឡាយ​អាច​ទទួល និង​ប្រើប្រាស់​បព្វជិតភាព​បាន » ( « ការប្រតិព័ទ្ធ​លើ​ភេទ​ដូចគ្នា និង​អាកប្បកិរិយា​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា » ​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៦.១២ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ដូច្នេះ ៖

« យើង​ស្រឡាញ់​ពួកគេ​ជា​បុត្រា​បុត្រី​របស់​ព្រះ ។ ពួកគេ​អាច​មាន​ទំនោរ​ការល្បួង​មួយ​ចំនួន ដែល​មាន​អានុភាព ហើយ​ដែល​អាច​ពិបាក​នឹង​គ្រប់គ្រង ។ មនុស្ស​ភាគច្រើន​មាន​ការល្បួង​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ នៅពេល​ផ្សេងៗ​គ្នា ។ ប្រសិនបើ​ពួកគេ​ពុំ​ទោរទន់​ទៅតាម​ការល្បួង​នោះ​ទេ នោះ​ពួកគេ​អាច​ឈាន​ឆ្ពោះ​ទៅមុខ​ដូចជា​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​សាសនាចក្រ​ផងដែរ ។ ប្រសិនបើ​ពួកគេ​ល្មើស​ច្បាប់​ព្រហ្មចារីភាព និង​បទដ្ឋាន​សីលធម៌​របស់​សាសនាចក្រ នោះ​ពួកគេ​ស្ថិត​នៅក្រោម​ការដាក់​វិន័យ​របស់​សាសនាចក្រ ដូចជា​អ្នកដទៃ​ដែរ » ( « What Are People Asking about Us ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១ ) ។

មនុស្ស​គ្រប់គ្នា​មាន​អំណោយទាន

មិន​ថា​មនុស្ស​ម្នាក់​នោះ​មាន​ស្ថានភាព​យ៉ាងណា​ទេ គាត់ ឬ​នាង​អាច​រួមចំណែក​ចំពោះ​បុព្វហេតុ​របស់​ព្រះអម្ចាស់​នៅក្នុង​ពេល​បច្ចុប្បន្ន​បាន ហើយ​អាច​រំពឹង​ទុក​ថា ភាពស្មោះត្រង់​របស់​គាត់ ឬ​នាង​នឹង​នាំមក​នូវ​ពរជ័យ​ដូចគ្នា ទាំង​នៅ​ទីនេះ និង​នៅពេល​ខាង​មុខ ដែលព្រះ​បាន​សន្យា​ដល់​មនុស្ស​ណា​ដែល​មាន​ភាពស្មោះត្រង់​ស្រដៀង​គ្នា​នេះ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​សង្កេត​មើលឃើញ​ថា

« មនុស្ស​គ្រប់រូប​មាន​អំណោយទាន មនុស្ស​គ្រប់រូប​មាន​ទេពកោសល្យ មនុស្ស​គ្រប់រូប​អាច​រួមចំណែក​ដើម្បី​បើក​បង្ហាញ​អំពី​ផែនការ​របស់​ព្រះ​នៅក្នុង​ជំនាន់​នីមួយៗ ។ មាន​អ្វី​ជាច្រើន​ដែល​ល្អ ហើយ​សំខាន់—ទោះ​ពេលខ្លះ​អ្វីៗ​ទាំងអស់​នោះ​ចាំបាច់​ក្នុង​ពេលនេះ​ក្ដី—ក៏​យ៉ាង​ហោច​ណាស់ វាអាច​សម្រេច​បាន​ដែរ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ល្អ​ក្ដី ។ ដូច្នេះ​បងប្អូន​ជាច្រើន​កំពុង​ខិតខំ​អស់​ពី​សមត្ថភាព​ហើយ ។ ហើយ​នៅពេល​បងប្អូន​ដែល​រែក​បន្ទុក​ដ៏​ធ្ងន់​នៃ​ជីវិត​រមែង​ស្លាប់ ក្រោកឈរ​ឡើង​ការពារ​ផែនការ​របស់​ព្រះ ដើម្បី​តម្កើង​បុត្រា​បុត្រី​ទ្រង់ នោះ​យើង​ទាំងអស់​គ្នា​ត្រៀមខ្លួន​ដើម្បី​គាំទ្រ ។ យើង​សូម​ថ្លែង​ទីបន្ទាល់​ដោយ​មាន​ទំនុក​ចិត្ត​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រំពឹង​រង់ចាំ​ជាមុន ហើយ​នៅ​ទីបំផុត នឹង​បង់សង​រាល់​ការខូចខាត និង​ការខ្វះខាត និង​ការបាត់បង់​ទាំងអស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ងាក​ទៅរក​ទ្រង់ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​កំណត់​វាសនា​មក​ឲ្យ​ទទួល​តិច​ជាង​អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតា​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​នោះទេ » ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។