ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ?


« តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ?

ព្រះ​ស្រឡាញ់​អ្នក​យ៉ាង​ពេញបរិបូរ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​ពិពណ៌នា​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដូច្នេះ ៖

« ព្រះ​មិន​បាន​ទត​មើល​មនុស្ស​តែ​សំបក​ក្រៅ​នោះ​ទេ ។ ខ្ញុំ​ជឿជាក់​ថា ទ្រង់​មិន​ខ្វល់​ឡើយ ទោះជា​យើង​រស់នៅ​ក្នុង​វិមាន ឬ​ខ្ទម ទោះជា​យើង​មាន​រូបរាង​សង្ហា ឬ​មិន​ស្រស់ស្អាត ទោះបី​ជា​យើង​ជា​មនុស្ស​ល្បីឈ្មោះ ឬ​គ្មាន​កេរ្តិ៍ឈ្មោះ​ក្ដី ។ ទោះជា​យើង​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្ដី ក៏​ព្រះ​ស្រឡាញ់​យើង​អស់ពី​ព្រះទ័យ​ទ្រង់​ដែរ ។ ទោះជា​យើង​មិន​បាន​ល្អ​ឥតខ្ចោះ​ក្ដី ក៏​ព្រះ​ស្រឡាញ់​យើង​យ៉ាងល្អ​ឥតខ្ចោះ​ដែរ ។ ទោះជា​យើង​មាន​អារម្មណ៍​ថា​វង្វេង​ផ្លូវ ហើយ​គ្មាន​ត្រីវិស័យ​នាំ​ផ្លូវ​ក្ដី ក៏​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឱបក្រសោប​យើង​ទាំងស្រុង​ដែរ ។

« ទ្រង់​ស្រឡាញ់​យើង ដោយសារ​ទ្រង់​ពោរពេញ​ដោយ​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏បរិសុទ្ធ សុទ្ធសាធ និង​ពុំ​អាច​ពិពណ៌នា​បាន​ឡើយ ។ យើង​សំខាន់​ចំពោះ​ព្រះ ពុំ​មែន​ដោយសារ​តែ​ប្រវត្តិរូប​របស់​យើង​នោះទេ ប៉ុន្ដែ​ដោយសារ​យើង​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់ ។ ទ្រង់​ស្រឡាញ់​យើង​គ្រប់ៗគ្នា » ( « The Love of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២២–២៣ ) ។

ព្រះ​ស្រឡាញ់​យើង​ទាំងអស់​គ្នា ។ ទ្រង់​ស្រឡាញ់​ទាំង​អ្នក​ដែល​មាន​ជំនឿ​ផ្សេង និង​អ្នក​ដែល​គ្មាន​ជំនឿ ។ ទ្រង់​ស្រឡាញ់​អ្នក​ដែល​រងទុក្ខ ។ ទ្រង់​ស្រឡាញ់​អ្នក​មាន ក៏​ដូចជា​អ្នកក្រីក្រ ។ ទ្រង់​ស្រឡាញ់​មនុស្ស​គ្រប់​ជាតិសាសន៍ និង​វប្បធម៌ ទាំង​អ្នក​រៀបការ​រួច ឬ​នៅលីវ និង​អ្នក​ដែល​មាន​ជាប់​ទាក់ទង​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ស្គាល់​ថាជា​ខ្ទើយ​ប្រុស ខ្ទើយ​ស្រី ឬ​ខ្ទើយ​ទាំងពីរ​ភេទ ។ ហើយ​ព្រះអម្ចាស់​រំពឹងឲ្យ​យើង​ធ្វើ​តាម​គំរូ​ទ្រង់ ។

ព្រះ​បាន​ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ឲ្យ​អ្នក

« ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ( យ៉ូហាន ៣:១៦ ) ។

គ្មាន​អ្វី​ដែល​បង្ហាញ​ពី​ជម្រៅ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការជួយ​របស់​ព្រះ​បាន​ពេញលេញ​ជាង​ព្រះឆន្ទៈ ដើម្បី​លះបង់​ព្រះរាជបុត្រា​របស់​ទ្រង់​ដើម្បី​ឲ្យ​យើង ដែល​ជា​បុត្រា​បុត្រី​របស់​ទ្រង់ អាច​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ហើយ​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នោះ​ទេ ។

គ្មាន​អ្វី​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រសើរ​ជាង​ព្រះឆន្ទៈ​លះបង់​ព្រះជន្ម​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​របស់​មនុស្ស​លោក បង់​ថ្លៃ​សង​រាល់​ការរងទុក្ខ និង​ភាពអយុត្តិធម៌ ហើយ​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់​របស់​មនុស្ស​ទាំងអស់​នោះទេ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។