« តើច្បាប់ព្រហ្មចារីភាពអនុវត្តចំពោះអស់អ្នកដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើច្បាប់ព្រហ្មចារីភាពអនុវត្តចំពោះអស់អ្នកដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើច្បាប់ព្រហ្មចារីភាពអនុវត្តចំពោះអស់អ្នកដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ?
ច្បាប់ព្រហ្មចារីភាពអនុវត្តចំពោះមនុស្សគ្រប់គ្នា
ភាពបរិសុទ្ធខាងផ្លូវភេទគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ។ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រកាស ៖
« ព្រះបញ្ញត្តិទីមួយដែលព្រះបានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា គឺទាក់ទងទៅនឹងសមត្ថភាពរបស់ពួកគេសម្រាប់ភាពជាឪពុកម្ដាយ ក្នុងនាមជាស្វាមី និងភរិយា ។ យើងសូមប្រកាសថា ព្រះបញ្ញត្តិរបស់ព្រះសម្រាប់ឲ្យបុត្រាបុត្រីរបស់ទ្រង់បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីនេះនៅតែឲ្យប្រតិបត្តិនៅឡើយ ។ យើងក៏សូមប្រកាសផងដែរថា អំណាចដ៏ពិសិដ្ឋនៃការបង្កើតជីវិត គឺត្រូវបានប្រើរវាងបុរស និងស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ជាស្វាមីភរិយាប៉ុណ្ណោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។
« ច្បាប់ព្រហ្មចារីយភាពរបស់ព្រះអម្ចាស់គឺ ៖
-
តំណមចៀសចេញពីទំនាក់ទំនងខាងផ្លូវភេទ នៅខាងក្រៅចំណងអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់ស្របតាមក្រឹត្យវិន័យរបស់ព្រះ ។
-
ភក្តីភាពនៅក្នុងចំណងអាពាហ៍ពិពាហ៍ » ( « ព្រហ្មចារីភាព និងភក្តីភាព » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣៨.៦.៥ ) ។
នៅក្នុងបរិបទអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ ការបញ្ចេញអារម្មណ៍ខាងផ្លូវភេទគឺជាផ្នែកដ៏សំខាន់មួយនៃចំណងរវាងគូស្វាមីភរិយា ។ ទោះជាយ៉ាងណា ប្រសិនបើយើងបញ្ចេញអារម្មណ៍យើងខាងផ្លូវភេទនៅក្រៅដែនកំណត់ដែលព្រះអម្ចាស់បានដាក់មក នោះយើងមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សមត្ថភាពរបស់យើងក្នុងការជ្រើសរើសល្អត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏បដិសេធនូវគន្លងដែលព្រះអម្ចាស់បានដាក់មក សម្រាប់ជាសុភមង្គលដ៏អស់កល្បរបស់យើងផងដែរ ។
ប្រធាន ដាល្លិន អេក អូក បានពន្យល់ថា « អំណាចដើម្បីបង្កើតជីវិតរមែងស្លាប់ គឺជាអំណាចដ៏លើកតម្កើងបំផុតដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ ។ វាគឺជាសេចក្ដីបង្គាប់នៅក្នុងបទបញ្ញត្តិទីមួយ ប៉ុន្តែបទបញ្ញត្តិសំខាន់ដទៃទៀតត្រូវបានផ្ដល់ឲ្យដើម្បីហាមប្រាមការប្រើប្រាស់វាដោយខុសឆ្គង ។ ការសង្កត់ធ្ងន់របស់យើងលើច្បាប់ព្រហ្មចារីភាព ត្រូវបានពន្យល់តាមរយៈការយល់ដឹងរបស់យើងអំពីគោលបំណងនៃអំណាចបង្កបង្កើតកូនរបស់យើង ដើម្បីសម្រេចផែនការរបស់ព្រះ ។ …
« រាល់ការប្រើប្រាស់អំណាចនៃការបង្កបង្កើតក្រៅពីចំណងអាពាហ៍ពិពាហ៍ គឺជាការបន្ទាបបន្ថោក និងការមានៈប្រកបដោយអំពើបាបមួយកម្រិត ឬផ្សេងទៀត ទៅលើលក្ខណៈដ៏ទេវភាពបំផុតរបស់បុរស និងស្ត្រី » ( « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៤ ) ។
ព្រហ្មចារីភាព និងការណ៍អាសគ្រាម
« ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ » ( សុភាសិត ២៣:៧ ) ។
« សាសនាចក្រថ្កោលទោសការណ៍អាសគ្រាមគ្រប់ទម្រង់ ។ ការប្រើប្រាស់ការណ៍អាសគ្រាមគ្រប់ប្រភេទ បំផ្លាញដល់ជីវិតបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសង្គម ។ វាក៏បណ្តេញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញផងដែរ ។ សមាជិកសាសនាចក្រគួរតែចៀសវាងពីសម្ភារការណ៍អាសគ្រាមគ្រប់ទម្រង់ ហើយប្រឆាំងនឹងការផលិត ការចែកចាយ និងការប្រើប្រាស់វា » ( « ការណ៍អាសគ្រាម » ក្បួនខ្នាតទូទៅ ៣៨.៦.១១ ) ។
ការមើលរូបភាពដែលបង្ហាញកេរខ្មាសច្បាស់ៗ ទោះបីជាដោយសារតែការងឿងឆ្ងល់ក្ដី ក៏រំលងបទបញ្ញត្តិរបស់ព្រះដែរ ។ ការធ្វើឲ្យមានអារម្មណ៍រំភើបខាងផ្លូវភេទមានឥទ្ធិពលដ៏ខ្លាំងមកលើយើង ។ សូម្បីតែការមើលរូបភាព ឬការគិតអំពីការបញ្ចេញអារម្មណ៍ខាងផ្លូវភេទក៏បណ្ដាលឲ្យយើងមានអារម្មណ៍រំភើបញាប់ញ័រ ហើយចង់បានបន្ថែមទៀតដែរ ។ ពេលលើកកម្ពស់ដល់ការធ្វើឲ្យមានអារម្មណ៍រំភើបខាងផ្លូវភេទតាមរយៈការណ៍អាសគ្រាម វាបានសម្លាប់សតិរបស់មនុស្សម្នាក់ក្នុងការគោរពតាមក្រឹត្យវិន័យរបស់ព្រះ ។ អ្វីដែលសំខាន់បំផុតគឺ វារារាំងព្រះវិញ្ញាណ ហើយទុកចោលមនុស្សម្នាក់មិនឲ្យមានការដឹកនាំ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ ។
សាសនាចក្រផ្ដល់នូវធនធានខាងក្រោមនេះដើម្បីជួយប៊ីស្សព និងប្រធានស្ដេក កាលពួកលោកប្រឹក្សាយោបល់ដល់សមាជិក ដែលពាក់ព័ន្ធក្នុងការណ៍អាសគ្រាមនេះ ៖
-
Help for Me នៅលើគេហទំព័រ ChurchofJesusChrist.org
-
ធនធានការប្រឹក្សា នៅលើគេហទំព័រ ChurchofJesusChrist.org
-
« កម្មវិធីព្យាបាលការញៀន នៅលើគេហទំព័រ ChurchofJesusChrist.org
-
Let Virtue Garnish Thy Thoughts ( កូនសៀវភៅ )
នៅពេលយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង ដើម្បីធ្វើការជ្រើសរើសធ្វើតាមក្រឹត្យវិន័យរបស់ព្រះ នោះវិញ្ញាណរបស់យើងនឹងរីកចម្រើនកាន់តែរឹងមាំឡើង ។ ប្រសិនបើយើងឃើញថាខ្លួនយើងទន់ខ្សោយខាងវិញ្ញាណ—ហើយពេលខ្លះយើងទាំងអស់គ្នាក៏ទន់ខ្សោយ—នោះព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ គង់នៅទីនោះដើម្បីពួកយើង ។ តាមរយៈការប្រែចិត្ត នោះយើងអាចត្រឡប់ទៅកាន់ជីវិតមួយដែលមានចរិតលក្ខណៈចេះគ្រប់គ្រងលើខ្លួនឯងបានល្អ ។
ការប្រែចិត្ត
មនុស្សដែលមានទំនោរខាងផ្លូវភេទណាមួយ ដែលល្មើសនឹងច្បាប់ព្រហ្មចារីភាព អាចត្រូវបានផ្សះផ្សារជាមួយនឹងព្រះតាមរយៈការប្រែចិត្ត ។
ដូចដែលអែលឌើរ ដេវីឌ អេ បែដណា បានពន្យល់ ៖
« បងប្អូនមួយចំនួនដែលទទួលបានសារលិខិតនេះ ត្រូវតែប្រែចិត្តពីអំពើបាបខាងផ្លូវភេទ ឬអំពើបាបផ្សេងៗទៀត ។ ជាញឹកញាប់ ព្រះអង្គសង្គ្រោះត្រូវបានគេហៅថាគ្រូពេទ្យទេវតា ហើយព្រះបរមងារនេះមានន័យជានិមិត្តរូបផង និងមានន័យត្រង់ផង ។ យើងទាំងអស់គ្នាធ្លាប់មានការឈឺចាប់ដែលទាក់ទងទៅនឹងការរងរបួសខាងផ្លូវកាយ ។ ពេលយើងឈឺចាប់ ជាធម្មតាយើងស្វែងរកការធូរស្បើយ ហើយមានអំណរគុណសម្រាប់ថ្នាំសង្កូវ និងការព្យាបាល ដែលបន្ថយការឈឺចាប់របស់យើង ។ សូមពិចារណាដល់អំពើបាបថាជារបួសខាងវិញ្ញាណ ដែលបណ្ដាលឲ្យមានកំហុស ឬដូចដែលបានពិពណ៌នាដោយអាលម៉ាទៅកាន់កូនប្រុសរបស់លោក កូរីអានតុនថា ‹ ការសោកស្ដាយនៅក្នុងស្មារតី › ( អាលម៉ា ៤២:១៨ ) ។ កំហុសចំពោះវិញ្ញាណយើងស្រដៀងគ្នានឹងការឈឺចាប់ក្នុងរូបកាយយើងដែរ—វាជាការព្រមានពីគ្រោះថ្នាក់ និងជាការការពារពីការខូចបង់បន្ថែមទៀត ។ ក្នុងដង្វាយធួននៃព្រះអង្គសង្គ្រោះមាននូវក្រមួនសម្រាប់ព្យាបាល ដែលអាចព្យាបាលរបួសខាងវិញ្ញាណយើង ហើយដកយកកំហុសចេញ ។ ប៉ុន្តែ ក្រមួននេះអាចប្រើតែតាមរយៈគោលការណ៍នៃសេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និងការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជួនប៉ុណ្ណោះ ។ លទ្ធផលនៃការប្រែចិត្តដោយស្មោះគឺជាភាពសុខសាន្តក្នុងមនសិការ ការលួងលោម ព្រមទាំងជាការព្យាបាល និងការរំឭកជាថ្មីខាងវិញ្ញាណ » ( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៤ ) ។
ការប្រែចិត្តតម្រូវឲ្យមានការផ្លាស់ប្តូរនៅក្នុងដួងចិត្ត ។ អំណោយទានដ៏មានតម្លៃនៃការប្រែចិត្ត និងការអភ័យទោសកើតមានដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាអាចផ្ដល់ការចាប់ផ្ដើមជាថ្មីដែលគ្មានអំពើបាប ហើយពង្រឹងសមត្ថភាពរបស់យើងក្នុងការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើងសម្រាប់ការណ៍ល្អ ។