« តើខ្ញុំជានរណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើខ្ញុំជានរណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើខ្ញុំជានរណា ?
អ្នកគឺជាបុត្ររបស់ព្រះ
របៀបដែលអ្នកកំណត់ពីខ្លួនឯង អាចផ្លាស់ប្ដូរពេញមួយជីវិតរបស់អ្នក ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះគឺ អ្នកគឺជាបុត្រសំណព្វរបស់ព្រះ ។ ទ្រង់គឺជាព្រះវរបិតាខាងវិញ្ញាណរបស់អ្នក ( សូមមើល ជនគណនា ១៦:២២; ២៧:១៦; ហេព្រើរ ១២:៩ ) ។
នៅក្នុងជីវិតរមែងស្លាប់របស់យើង យើងអាចប្រសិទ្ធនាម ឬហៅខ្លួនឯងតាមរហ័សនាមជាច្រើន ។ រហ័សនាមមួយចំនួនអាចពិពណ៌នាពីសម្ព័ន្ធភាព ឬដំណាក់កាលនៃជីវិត ហើយរហ័សនាមផ្សេងទៀតអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈខាងរាងកាយដូចជា « ខ្ពស់ » « ទាប » « ពណ៌ទង់ដែង » « ទំពែក » ឬ « ក្បាលខ្មៅ » ។
រហ័សនាមមានអំណាច ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានពិពណ៌នាពីបទពិសោធន៍ដំបូងរបស់លោកជាមួយនឹងអំណាចនៃរហ័សនាម ៖
« ពេលខ្លះ ទីក្រុង និងប្រជាជាតិនានាមានរហ័សនាមនៃអត្តសញ្ញាណដ៏ពិសេស ។ ដូចជាទីក្រុងដ៏សែនត្រជាក់ និងចំណាស់មួយនៅភាគខាងកើតនៃប្រទេសកាណាដា ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានហៅទីក្រុងនេះថា ‹ ស្ដូនី ឃីងស្ដូន › ។ ក្នុងរយៈពេលប្រាំមួយឆ្នាំ មានអ្នកប្រែចិត្តជឿលើសាសនាចក្រតែម្នាក់ប៉ុណ្ណោះ ទោះបីជាពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានចាត់តាំងទៅទីនោះជាបន្ដបន្ទាប់ ក្នុងអំឡុងពេលនោះទាំងស្រុងក្ដី ។ គ្មាននរណាម្នាក់ជ្រមុជទឹកទេនៅឃីងស្ដូន ។ …
« ខណៈខ្ញុំកំពុងអធិស្ឋាន និងសញ្ជឹងគិតអំពីស្ថានភាពដ៏ក្រៀមក្រំនេះ សម្រាប់ការទទួលខុសត្រូវក្នុងនាមជាប្រធានបេសកកម្មម្នាក់នាពេលនោះ ដែលតម្រូវឲ្យខ្ញុំអធិស្ឋាន និងសញ្ជឹងគិតអំពីរឿងបែបនេះ ភរិយារបស់ខ្ញុំបានដាស់ការយកចិត្តទុកដាក់របស់ខ្ញុំទៅកាន់សេចក្ដីដកស្រង់មួយពីសៀវភៅដែលមានចំណងជើងថា A Child’s Story of the Prophet Brigham Young ដោយ Deta Petersen Neeley ( ទីក្រុងសលត៍ លេក ៖ ការបោះពុម្ពកាសែតដេសឺរ៉ែត ឆ្នាំ ១៩៥៩ ទំព័រ ៣៦ ) ។ គាត់បានអានឮៗថា ព្រិកហាំ យ៉ង់ បានទៅកាន់ទីក្រុងឃីងស្ដូន រដ្ឋអនតារីអូ នៅថ្ងៃមួយដ៏សែនត្រជាក់ និងធ្លាក់ព្រិល ។ លោកបានបម្រើនៅទីនោះប្រហែលជាសាមសិបថ្ងៃ ហើយបានជ្រមុជទឹកឲ្យព្រលឹងចំនួនសែសិបប្រាំនាក់ ។ នេះគឺជាចម្លើយ ។ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនា ព្រិកហាំ យ៉ង់ អាចសម្រេចកិច្ចការច្រូតកាត់នេះបាន ដូច្នេះពួកអ្នកផ្សព្វផ្សាយសាសនាសព្វថ្ងៃក៏អាចធ្វើបានដែរ ។
« ដោយមិនបានផ្ដល់ការពន្យល់អ្វីទាំងអស់ ខ្ញុំបានដកពួកអ្នកផ្សព្វផ្សាយសាសនាចេញពីឃីងស្ដូន វដ្ដនៃភាពបរាជ័យនោះអាចត្រូវបានបំបែក ។ បន្ទាប់មក បានលេចឮពាក្យផ្សាយដ៏ប្រុងប្រយ័ត្នមួយ ៖ ‹ មិនយូរប៉ុន្មាន ទីក្រុងថ្មីមួយនឹងត្រូវបើកសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា គឺជាទីក្រុងដែលព្រិកហាំ យ៉ង់ បានផ្សព្វផ្សាយ និងបានជ្រមុជទឹកឲ្យមនុស្សសែសិបប្រាំនាក់ក្នុងរយៈពេលសាមសិបថ្ងៃ › ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានប៉ាន់ស្មានពីទីតាំង ។ សំបុត្រប្រចាំសប្ដាហ៍របស់ពួកគេបានអង្វរសូមឲ្យមានការចាត់តាំងទៅតំបន់ស្ថានសួគ៌អាថ៌កំបាំង សាងហ្គ្រី-ឡា នេះ ។ ពេលវេលាថែមទៀតបានកន្លងទៅ ។ បន្ទាប់មក ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នចំនួនបួននាក់—ពីរនាក់ថ្មី ពីរនាក់មានបទពិសោធន៍—ត្រូវបានជ្រើសរើសឲ្យទៅកាន់ដំណើរផ្សងព្រេងដ៏ខ្ពស់នេះ ។ សមាជិកនៃសាខាដ៏តូចមួយបានសន្យាថានឹងផ្ដល់ការគាំទ្ររបស់ពួកគេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានសន្យាថានឹងផ្ដល់ជីវិតរបស់ពួកគេ ។ ព្រះអម្ចាស់បានគោរពដល់ការតាំងចិត្តទាំងពីរនោះ ។
« នៅក្នុងរយៈពេលបីខែ ទីក្រុងឃីងស្ដូន បានក្លាយជាទីក្រុងដែលមានផលិតភាពខ្លាំងបំផុតក្នុងបេសកកម្មនៅប្រទេសកាណាដា ។ អគារថ្មកំបោរពណ៌ប្រផេះនៅតែឈរមាំនៅឡើយ ទីក្រុងនេះមិនបានប្រែប្រួលរូបរាងរបស់ខ្លួនទេ ចំនួនប្រជាជនក៏បន្ដនៅថេរដែរ ។ ការផ្លាស់ប្ដូរនេះគឺដោយសារឥរិយាបថមួយ ។ រហ័សនាមនៃការសង្ស័យបន្ទន់ទៅតាមរហ័សនាមនៃសេចក្ដីជំនឿ » ( « Labels » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៣ ទំព័រ ១៩–២០ ) ។
ពេញមួយជីវិតរបស់យើង ទិដ្ឋភាពនៃអត្តសញ្ញាណរបស់យើងនឹងផ្លាស់ប្ដូរ ។ យើងចៀសមិនរួចពីការផ្លាស់ប្ដូរពីក្មេងទៅជាចាស់ឡើយ ។ ទស្សនៈរបស់យើងអាចផ្លាស់ប្ដូរ ហើយស្របតាមទស្សនៈទាំងនោះ យើងអាចផ្លាស់ប្ដូរសម្ព័ន្ធភាពរបស់យើងបាន ។
អត្តសញ្ញាណរបស់យើងអាចប្រែប្រួល ប៉ុន្ដែមានផ្នែកមួយនៃខ្លួនយើង ដែលមិនប្រែប្រួលដ៏អស់កល្ប ៖ យើងគឺជាបុត្រាបុត្រីរបស់ព្រះជានិច្ច ។
អត្តសញ្ញាណ និងរហ័សនាម
យើងគួរតែមានការប្រុងប្រយ័ត្នពីរបៀបដែលយើងដាក់រហ័សនាមឲ្យខ្លួនឯង ។ រហ័សនាមគួរតែប្រើដោយចេះគិតគូរឲ្យបានវែងឆ្ងាយ និងដោយមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ រហ័សនាមអាចមានឥទ្ធិពលលើរបៀបដែលយើងគិតអំពីខ្លួនឯង និងរបៀបដែលមនុស្សដទៃប្រព្រឹត្តដាក់យើង ហើយអាចពង្រីក ឬដាក់កម្រិតលើសមត្ថភាពរបស់យើង ក្នុងការធ្វើតាមផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ។ រហ័សនាមអាចមានឥទ្ធិពលលើគោលដៅរបស់យើង ការយល់ដឹងពីអត្តសញ្ញាណរបស់យើង និងមនុស្សដែលយើងហៅថាជាមិត្តភក្ដិ ។ ប្រសិនបើរហ័សនាមជ្រៀតជ្រែកដល់ការរីកចម្រើនដ៏អស់កល្បរបស់យើង នោះយើងអាចជ្រើសរើសដើម្បីផ្លាស់ប្ដូរវាបាន ។ ប្រធាន ដាល្លិន អេក អូក បានពន្យល់ថា
« ខ្ញុំគិតថា វាគឺជាការថ្លែងមួយត្រឹមត្រូវ ដែលនិយាយថា មនុស្សមួយចំនួនចាត់ទុកថា អារម្មណ៍នៃការប្រតិព័ទ្ធភេទដូចគ្នាគឺជាការកំណត់ភាពពិតនៃវត្តមានរបស់ពួកគេ ។ … យើងមានសិទ្ធិជ្រើសរើស ដើម្បីរើសយកចរិកលក្ខណៈណាមួយ ដែលនឹងកំណត់បង្ហាញពីខ្លួនយើង ដែលការជ្រើសរើសទាំងនោះពុំបង្ខំយើងឡើយ ។
« ការកំណត់ភាពពិតដ៏គ្មានទីបញ្ចប់អំពីយើងទាំងអស់គ្នានោះគឺថា ពួកយើងគឺជាបុត្រាបុត្រីរបស់ព្រះវរមាតាបិតាសួគ៌ យើងបានកើតមកលើផែនដីនេះក្នុងគោលបំណងមួយ ហើយបានកើតមកជាមួយនឹងជោគវាសនាសួគ៌ា ។ នៅពេលណាដែលពាក្យសោ្លកផ្សេងទៀតទាំងនោះណាមួយ មិនថាវាជាអ្វីនោះទេ ដែលជ្រៀតជ្រែកដល់ការពិតដ៏មហិមាដែលបានកំណត់មកនេះ នោះវាគឺជាពាក្យដែលបំផ្លាញ ហើយវានាំយើងឲ្យធ្លាក់ទៅក្នុងផ្លូវដែលខុសឆ្គង » ( ការសម្ភាសជាមួយអែលឌើរ ដាល្លិន អេក អូក និងអែលឌើរ លែន ប៊ី វីកមែន ៖ « Same-Gender Attraction » [ ឆ្នាំ ២០០៦ ] ) ។
ប្រសិនបើមនុស្សម្នាក់មានការប្រតិព័ទ្ធភេទដូចគ្នា នោះគាត់ ឬនាងអាចជ្រើសរើសថាត្រូវប្រើពាក្យកំណត់អត្តសញ្ញាណខាងផ្លូវភេទដែរឬអត់ ។ ការកំណត់ខ្លួនឯងថាជាមនុស្សខ្ទើយប្រុស ឬខ្ទើយស្រីមិនបានប្រឆាំងនឹងគោលនយោបាយ ឬគោលលទ្ធិរបស់សាសនាចក្រឡើយ ប៉ុន្ដែវាអាចមានលទ្ធផលដែលមិនចង់បានណាមួយ តាមរបៀបដែលគេប្រព្រឹត្តដាក់បុគ្គលនោះ ។ គ្មានអ្នកដើរតាមដ៏ពិតរបស់ព្រះគ្រីស្ទណាម្នាក់អាចដោះសារក្នុងការឈប់ផ្ដល់ក្ដីស្រឡាញ់បាន ដោយសារតែអ្នកសម្រេចចិត្តកំណត់អត្តសញ្ញាណតាមរបៀបនេះឡើយ ។
ប្រធាន រ័សុល អិម ណិលសុន បានរំឭកយើងថា « នៅថ្ងៃមួយ អ្នកនឹងត្រូវបានសួរថា តើអ្នកបានលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះគ្រីស្ទឬទេ ហើយថាតើអ្នកបានស្មោះត្រង់នឹងសេចក្ដីសញ្ញានោះដែរឬទេ » ( « Identity, Priority, and Blessings » Ensign ខែ សីហា ឆ្នាំ ២០០១ ទំព័រ ១០ ) ។
ដូចដែលប៉ុលបានថ្លែងមកថា « ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ ។ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ » ( កាឡាទី ៣:២៧–២៨ ) ។
នៅថ្ងៃមួយ នៅទីបញ្ចប់នៃដំណើររមែងស្លាប់ដ៏ខ្លីនេះ យើងនឹងត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរមាតាបិតាសួគ៌យើងវិញ ។ នៅថ្ងៃមួយ រហ័សនាមផ្សេងទៀតទាំងអស់នឹងត្រូវបានលេបនៅក្នុងអត្តសញ្ញាណដ៏អស់កល្បរបស់យើង ពោលគឺបុត្រាបុត្រីនៃព្រះ ។