« តើខ្ញុំគួរតែប្រកាស ឬប្រាប់មនុស្សដទៃដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើខ្ញុំគួរតែប្រកាស ឬប្រាប់មនុស្សដទៃដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើខ្ញុំគួរតែប្រកាស ឬប្រាប់មនុស្សដទៃដែរឬទេ ?
រឿងដែលត្រូវគិតដល់
សម្រាប់មនុស្សមួយចំនួន ការរក្សាអារម្មណ៍នៃការប្រតិព័ទ្ធភេទដូចគ្នាទុកជាការសម្ងាត់ អាចមកពីមានការខ្មាសអៀន ឬជាការសន្ទនាអវិជ្ជមាននៅខាងក្នុងខ្លួន ។ ការចែកចាយអារម្មណ៍ទាំងនោះជាមួយនឹងមនុស្សម្នាក់ដែលទុកចិត្តបាន អាចនឹងរំដោះខ្លួនឲ្យមានសេរីភាព ហើយមានការព្យាបាល ។ ទោះជាយ៉ាងណា មនុស្សមួយចំនួនចង់រង់ចាំឲ្យយូរ ឬយ៉ាងហោចណាស់កំណត់ចំនួនមនុស្សដែលពួកគេប្រាប់ពីអារម្មណ៍ទាំងឡាយ ដូច្នេះការសម្រេចចិត្តនេះមិនគួរផ្អែកទៅលើទំនោរសម្ពាធដើម្បី « ប្រកាស » ជាសាធារណៈ ឬប្រាប់គេឲ្យស្គាល់ថាខ្លួនជាមនុស្សខ្ទើយដោយបើកចំហនោះទេ ។ ប្រសិនបើអ្នកសម្រេចចិត្តថាចង់ប្រាប់គេពីអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា សូមពិចារណាដោយការអធិស្ឋានអំពីមនុស្សដែលអ្នកចង់ប្រាប់រឿងនេះ និងរបៀបដើម្បីចែកចាយទិដ្ឋភាពនៃបទពិសោធន៍ជីវិតរមែងស្លាប់របស់អ្នកនេះ ។
ប្រសិនបើអ្នកសម្រេចចិត្តថាចង់ចែកចាយបទពិសោធន៍របស់អ្នកអំពីអារម្មណ៍នៃការប្រតិព័ទ្ធភេទដូចគ្នា ឬប្រាប់ដោយបើកចំហថាខ្លួនជាមនុស្សខ្ទើយ នោះអ្នកគួរតែទទួលបាននូវការគាំទ្រ និងការរាប់អានដោយសណ្ដានចិត្តល្អ និងការគោរព ទាំងនៅក្នុងផ្ទះ និងនៅព្រះវិហារ ។ យើងទាំងអស់គ្នាចាំបាច់ត្រូវមានការអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក នៅពេលយើងដឹងអំពីរឿងទាំងនេះ ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងទាំងអស់គ្នាមានការទទួលខុសត្រូវមួយ ដើម្បីបង្កើតនូវបរិយាកាសមួយដែលមានការទ្រទ្រង់ និងមានសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីទាំងអស់របស់យើង ។ បណ្ដាញនៃការគាំទ្រគ្នាបែបនេះ ធ្វើឲ្យវាមានការងាយស្រួលកាន់តែខ្លាំងឡើងនៅក្នុងការរស់នៅតាមដំណឹងល្អ និងការស្វែងរកព្រះវិញ្ញាណ ខណៈដែលកំពុងឆ្លងកាត់ទិដ្ឋភាពនានានៃជីវិតរមែងស្លាប់នេះ ។