« តើផែនការនៃសេចក្ដីសង្គ្រោះអនុវត្តចំពោះមនុស្សខ្ទើយដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើផែនការនៃសេចក្ដីសង្គ្រោះអនុវត្តចំពោះមនុស្សខ្ទើយដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើផែនការនៃសេចក្ដីសង្គ្រោះអនុវត្តចំពោះមនុស្សខ្ទើយដែរឬទេ ?
ព្រះមានផែនការសម្រាប់សុភមង្គលរបស់អ្នក
ផែនការរបស់ព្រះគឺល្អឥតខ្ចោះ ទោះបីជាការយល់ដឹងរបស់យើងនាពេលនេះអំពីផែនការរបស់ទ្រង់គឺមិនល្អឥតខ្ចោះក្ដី ។ តាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ យើងអាចរកឃើញសេចក្ដីសង្ឃឹម និងការព្យាយាម មិនថាជីវិតយើងមានឧបសគ្គច្រើនប៉ុណ្ណានោះទេ ។
ព្រះមានផែនការសម្រាប់សុភមង្គលរបស់យើង ។ ទ្រង់បានបញ្ជូនយើងមកផែនដីដើម្បីរៀនពីស្ថានភាពរបស់យើង ។ ទ្រង់បានបញ្ជូនយើងមកទីនេះដើម្បីធ្វើការជ្រើសរើស ។
យើងបានរស់នៅជាមួយព្រះ មុនពេលយើងបានចាប់កំណើត ។ យើងបានស្គាល់ទ្រង់ ហើយទ្រង់ក៏ស្គាល់យើងដែរ ។ ទ្រង់ជ្រាបពីភាពខ្លាំង និងភាពខ្សោយរបស់យើង ពីក្ដីស្រមៃរបស់យើង និងការភ័យខ្លាចរបស់យើង ។ ជីវិតរមែងស្លាប់គឺជាដំណើរផ្ទាល់ខ្លួនរបស់យើង ដើម្បីស្គាល់ព្រះជាថ្មីម្ដងទៀត ។ ទ្រង់ជ្រាបពីសក្តានុពលដ៏អស្ចារ្យរបស់យើង និងបុគ្គលដែលយើងអាចប្រែក្លាយទៅជា ។ ព្រះទ្រង់ស្រឡាញ់យើងលើសអ្វីៗទាំងអស់ ( សូមមើល នីហ្វៃទី២ ២:២៥ ) ។
យើងអាចបានភ្លេចពីគ្រាដែលយើងបានចំណាយពេលជាមួយនឹងព្រះ ប៉ុន្ដែទ្រង់មិនដែលភ្លេចយើងឡើយ ។ ទ្រង់ហៅពួកព្យាការីឲ្យរំឭកយើងពីមូលហេតុដែលយើងនៅទីនេះ និងរបៀបដើម្បីប្រែក្លាយដូចជាទ្រង់ ( សូមមើល លូកា ១១:៤៩ ) ។
យើងនៅទីនេះដោយសារមូលហេតុដ៏វាងវៃមួយ ។ ព្រះបានបញ្ជូនយើងមកនាពេលនេះ និងទីកន្លែងនេះ ។ ទ្រង់បានជ្រាបពីឧបសគ្គទាំងឡាយដែលយើងនឹងជួបប្រទះ ជម្រើសទាំងឡាយដែលយើងនឹងត្រូវជ្រើសរើស ។ ព្រះនឹងមិនបង្ខំបុត្រាបុត្រីរបស់ទ្រង់ណាម្នាក់ឲ្យគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ឡើយ ។ ទ្រង់សព្វព្រះទ័យឲ្យយើងជ្រើសរើសសម្រាប់ខ្លួនយើង មិនថាយើងស្ថិតក្នុងស្ថានភាពបែបណានោះទេ ដើម្បីរៀនចេញពីបទពិសោធន៍ ហើយប្រែក្លាយដូចជាទ្រង់ ។ ប៉ុន្ដែ ព្រះនឹងមិនបង្ខំយើងឲ្យគោរពតាមទ្រង់ឡើយ ។ ( សូមមើល នីហ្វៃទី២ ២:១៦ ) ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងរៀនស្ដាប់តាមព្រះវិញ្ញាណ ហើយដើរក្នុងពន្លឺរបស់ព្រះគ្រីស្ទ ។ យើងអាចបែងចែកអ្វីដែលត្រឹមត្រូវ ឬខុសឆ្គង ថ្វីបើចំណង់ និងការល្បួងខាងសាច់ឈាមវាផ្ទុយពីគោលការណ៍ដ៏ពិតក្ដី ។ ហើយតាមរយៈការជ្រើសរើសអ្វីដែលត្រឹមត្រូវ នោះយើងអាចរីកចម្រើនកាន់តែខ្លាំងឡើង ។ នៅពេលខ្លះ វាអាចមើលទៅហាក់ដូចជាយើងស្ថិតនៅក្នុងសង្គ្រាមជាមួយនឹងខ្លួនយើង ប៉ុន្ដែការយកឈ្នះលើការផ្ទុយគឺជាផ្នែកមួយនៃផែនការនេះ ដើម្បីធ្វើឲ្យយើងកាន់តែរឹងមាំ ។ ការផ្ទុយគឺមិនស្រួលទេ ប៉ុន្ដែវាចាំបាច់ ។
« ដ្បិតជាការចាំបាច់ ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើ ។ បើពុំនោះសោតទេ … សេចក្ដីសុចរិតពុំអាចកើតឡើងបានទេ ឯសេចក្ដីទុច្ចរិតក៏ដូច្នោះដែរ ទាំងសេចក្ដីបរិសុទ្ធ និងសេចក្ដីទុក្ខវេទនា ទាំងសេចក្ដីល្អ ឬក៏សេចក្ដីអាក្រក់ក៏គ្មានដែរ » ( នីហ្វៃទី២ ២:១១ ) ។
នៅពេលយើងធ្វើអំពើបាប—ហើយយើងទាំងអស់គ្នាពិតជាធ្វើអំពើបាប—យើងអាចប្រែចិត្តបាន ។ ដំណើរការនៃការប្រែចិត្តជួយសម្អាតព្រលឹងរបស់យើង ហើយអនុញ្ញាតឲ្យយើងខិតទៅកាន់តែជិតនឹងព្រះ ។ ការប្រែចិត្តពុំមែនជាការដាក់ទោសនោះទេ ។ វាគឺជាអំណោយមួយ ដែលបានទិញនៅឯសួនច្បារគែតសេម៉ានី និងនៅឯគាល់កូថាដោយព្រះអង្គសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទ ។
« តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ » ( អេសាយ ៥៣:៥ ) ។
ពលិកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើង—ដែលយើងហៅថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ—គឺហួសពីការបង់ថ្លៃសម្រាប់អំពើបាបរបស់យើងទៅទៀត ។ យើងអាចងាកទៅរកព្រះអង្គសង្គ្រោះដើម្បីព្យាបាលដួងចិត្តរបស់យើង ដើម្បីពង្រឹងវិញ្ញាណរបស់យើង ដើម្បីរកឃើញសេចក្ដីសុខសាន្ដ ។ យើងអាចទម្លាក់បន្ទុករបស់យើងនៅឯព្រះបាទារបស់ទ្រង់ ហើយទ្រង់នឹងលើកវាឡើង ។ ទ្រង់គឺជាព្រះប្រោសលោះរបស់យើង ។ ទ្រង់ស្គាល់យើង ។
« ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២ ) ។