« តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំធ្លាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬមានគំនិតចង់ធ្វើអត្តឃាតនោះ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំធ្លាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬមានគំនិតចង់ធ្វើអត្តឃាតនោះ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំធ្លាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬមានគំនិតចង់ធ្វើអត្តឃាតនោះ ?
ខ្សែទូរសព្ទជំនួយខាងវិបត្តិ
សូមចូលទៅ « In Crisis? Talk Now. » សម្រាប់ការធ្វើអន្ដរាគមន៍ដល់ការធ្វើអត្តឃាត និងឧបករណ៍ផ្ដល់ការងារបម្រើបន្ថែមទៀត ។
ការធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត
មនុស្សដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬកំណត់ខ្លួនគេថាជាមនុស្សខ្ទើយអាចស្ថិតក្នុងហានិភ័យដ៏ខ្លាំងក្នុងការកើតមានជំងឺធ្លាក់ទឹកចិត្ត ឬការចង់ធ្វើអត្តឃាត ។ មនុស្សដែលធ្លាក់ទឹកចិត្ត ឬដែលអាចគិតដល់ការធ្វើអត្តឃាតត្រូវដឹងថា មានគេស្រឡាញ់ពួកគេ ហើយគួរតែបញ្ជូនទៅអ្នកមានវិជ្ជាជីវៈសុខភាពផ្លូវចិត្តដែលមានសមត្ថភាព ។ ធនធានបន្ថែមទៀតដែលលើកឡើងពីការធ្វើអត្តឃាត ដូចជា ការធ្វើអត្តឃាត អាចរកបាននៅក្នុងផ្នែក ជួយដល់ជីវិត និងភាពខ្លួនទីពឹងខ្លួន នៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
អារម្មណ៍គឺពិត
អារម្មណ៍នៃការធ្លាក់ទឹកចិត្តគឺពិត ហើយអាចមានអារម្មណ៏ថាលើសលប់ និងធ្វើឲ្យទន់ខ្សោយបាន ។ ជាញឹកញាប់ ការប្រឹក្សាដែលមានវិជ្ជាជីវៈ និងការថែទាំផ្នែកវេជ្ជសាស្ត្រអាចជួយមនុស្សឲ្យតទល់នឹងជំងឺធ្លាក់ទឹកចិត្តបាន ។ នៅពេលអារម្មណ៍ធ្លាក់ទឹកចិត្តប្រែទៅជាការគិតចង់ធ្វើអត្តឃាត នោះវាជារឿងដ៏សំខាន់បំផុតដើម្បីនិយាយជាមួយនរណាម្នាក់ ។ មនុស្សដែលធ្វើអត្តឃាត មានការឈឺចាប់ខាងរូបកាយ ខាងស្មារតី ឬខាងសតិអារម្មណ៍យ៉ាងដំណំ ហើយជារឿយៗពួកគេនៅដាច់ពីគេពីឯង ហើយអាចមានអារម្មណ៍ថា ពួកគេគ្មានសេចក្ដីសង្ឃឹមសម្រាប់ពេលអនាគតឡើយ ។ ពួកគេអាចមានអារម្មណ៍ថា ពុំមានរបៀបណាផ្សេងទៀតដើម្បីបញ្ចប់ការឈឺចាប់ដ៏ព្រៃផ្សៃនេះបានទេ លើកលែងតែតាមរយៈការផ្ដាច់ជីវិតរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ ។ ជាញឹកញាប់ គំនិតនៃការស្លាប់ដោយការធ្វើអត្តឃាតត្រូវបានគិតបម្រុងទុក និងពិចារណាម្ដងហើយម្ដងទៀត មុនពេលការប៉ុនប៉ងណាមួយបានធ្វើឡើង ។ អំឡុងពេលនៃការគិតទុកនេះ ការធ្វើអន្ដរាគមន៍អាចសង្គ្រោះជីវិតបាន ។
ការធ្វើអន្តរាគមន៍ដល់ការធ្វើអត្តឃាតចាប់ផ្ដើមដោយការស្គាល់សញ្ញាព្រមាននានា ។ សម្រាប់បញ្ជីស្ដីពីសញ្ញាព្រមានទាំងឡាយ សូមចូលទៅកាន់ American Foundation of Suicide Prevention ។
និយាយជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត
ប្រសិនបើអ្នកឃើញថា នរណាម្នាក់អាចនឹងរងគ្រោះថ្នាក់ នោះរឿងដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺ ការនិយាយជាមួយពួកគេអំពីបញ្ហានេះ ។ វាអាចមើលទៅឆ្គង ឬឥតកោតក្រែងបន្ដិច ប៉ុន្ដែជារឿយៗ មនុស្សដែលធ្លាក់ទឹកចិត្តពិតជាត្រូវការនរណាម្នាក់ដើម្បីនិយាយជាមួយខ្លាំងណាស់ ជានរណាម្នាក់ដែលអាចជួយពួកគេឲ្យពិចារណាពីគំនិត និងអារម្មណ៍នានាឡើងវិញ ។ ការសន្ទនាទាំងនោះអាចពិបាក ប៉ុន្ដែវាសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយអារម្មណ៍ឯកោ និងអស់សង្ឃឹម ដែលអាចនាំទៅរកការធ្វើអត្តឃាតបាន ។ ប្រសិនបើអ្នកឃើញថា បុគ្គលម្នាក់រងគ្រោះនឹងការប៉ុនប៉ងធ្វើអត្តឃាតភ្លាមៗ នោះសូមទូរសព្ទទៅ ខ្សែបណ្ដាញជីវិត ការធ្វើអន្ដរាគមន៍ការធ្វើអត្តឃាតថ្នាក់ជាតិ តាមរយៈលេខ ១-៨០០-២៧៣-TALK ( ៨២៥៥ ) ។
ចិត្តមេត្តាករុណាគឺជាគន្លឹះ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានមានប្រសាសន៍អំពីការតទល់នឹងជំងឺធ្លាក់ទឹកចិត្តដោយចិត្តមេត្តាករុណា ៖
« បងប្អូនប្រុសស្រី មិនថាភាពស្មុគស្មាញរបស់បងប្អូនជាអ្វីនោះទេ—ទោះជាផ្នែកស្មារតី ឬអារម្មណ៍ ឬខាងរូបកាយ ឬទោះជាអ្វីក្តី—សូមកុំបោះបង់ចោលអ្វី ដែលមានតម្លៃបំផុតក្នុងជីវិតដោយការបញ្ចប់ជីវិតឡើយ ! សូមទុកចិត្តលើព្រះ ។ សូមតោងឲ្យជាប់នឹងសេចក្តីស្រឡាញ់របស់ទ្រង់ ។ សូមគិតថា នៅថ្ងៃណាមួយ ភាពខ្មៅងងឹតនឹងចេញជាពន្លឺ ហើយស្រមោលនៃជីវិតរមែងស្លាប់នឹងរសាយបាត់ទៅ ។ ទោះបីជាយើងអាចមានអារម្មណ៍ថា « ដូចជាឆ្នាំងដែលបែកធ្លាយ » ដូចដែលទំនុកដំកើងបានលើកឡើងក្ដី ក៏សូមឲ្យយើងចងចាំថា ឆ្នាំងនោះគឺក្នុងព្រះហស្ដនៃអ្នកស្មូនឆ្នាំងដ៏ទេវភាព » ( « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។