« សេចក្ដីសង្ខេបសម្រាប់ឪពុកម្ដាយ និង ថ្នាក់ដឹកនាំ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៨៦–៩៤
« សេចក្ដីសង្ខេបសម្រាប់ឪពុកម្ដាយ និង ថ្នាក់ដឹកនាំ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ៨៦–៩៤
សេចក្ដីសង្ខេបសម្រាប់ឪពុកម្ដាយ និង ថ្នាក់ដឹកនាំ
គោលបំណងនៃការអភិវឌ្ឍខ្លួន
ការអភិវឌ្ឍខ្លួននៃក្រុមយុវនារីគឺជាកម្មវិធីបញ្ជាក់មួយដែលបានរចនាឡើងដើម្បីជួយដល់យុវនារីឲ្យ ៖
-
ពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ពង្រឹងដល់គ្រួសារបច្ចុប្បន្ន និងគ្រួសារនាពេលអនាគតរបស់ពួកគេ ។
-
រៀបចំខ្លួនឲ្យបានសក្ដិសមដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។
-
រៀបចំសម្រាប់តួនាទី និងការទទួលខុសត្រូវក្នុងពេលអនាគតទាំងឡាយរបស់ពួកគេ ។
យុវនារីធ្វើការជាមួយនឹងឪពុកម្ដាយ និងអ្នកដឹកនាំក្រុមយុវនារីរបស់ពួកគេ និងស្ដ្រីគំរូផ្សេងទៀតដើម្បីដាក់ និងសម្រេចនូវគោលដៅទាំងឡាយដោយផ្អែកលើគុណសម្បត្តិរបស់ក្រុមយុវនារីទាំងប្រាំបី ។ ការអភិវឌ្ឍខ្លួនអាចជួយឪពុកម្ដាយ និងអ្នកដឹកនាំឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងយុវនារី នៅពេលដែលពួកគេធ្វើការជាមួយគ្នា ។
ការទទួលខុសត្រូវទាំងឡាយរបស់ឪពុកម្ដាយ និងថ្នាក់ដឹកនាំក្រុមយុវនារី
ណែនាំឲ្យស្គាល់កម្មវិធីនេះ
ថ្នាក់ដឹកនាំក្រុមយុវនារីជួបជាមួយនឹងយុវនារីម្នាក់ៗដែលចូលរួមក្នុងកម្មវិធីក្រុមយុវនារីនេះ ហើយក៏ជួបជាមួយនឹងឪពុកម្ដាយរបស់នាងផងដែរ ។ សមាជិកមួយរូបនៃគណៈប្រធានថ្នាក់យុវនារីក៏អាចចូលរួមបានដែរ ។ ថ្នាក់ដឹកនាំនឹងបង្ហាញដល់យុវនារីនូវសៀវភៅ ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី មួយក្បាល សៀវភៅកំណត់ហេតុការអភិវឌ្ឍខ្លួន និងបន្ដោងខ្សែកគប់ភ្លើងរបស់ក្រុមយុវនារី ។ ថ្នាក់ដឹកនាំនឹងពន្យល់ពីកម្មវិធីនេះដល់នាង ហើយលើកទឹកចិត្តឲ្យឪពុកម្ដាយធ្វើការជាមួយនឹងកូនស្រីរបស់ពួកគេដើម្បីជ្រើសរើស និងបំពេញបទពិសោធន៍ និងគម្រោងការអភិវឌ្ឍខ្លួនទាំងឡាយ ។ ថ្នាក់ដឹកនាំក៏គួរតែអញ្ជើញឪពុកម្ដាយឲ្យមកកាន់ព្រឹត្តិការណ៍ពិសេសៗទាំងអស់ដែលពួកកូនស្រីរបស់គាត់ចូលរួមផងដែរ ។
ធានាឲ្យមានជំនួយគ្រប់គ្រាន់
យុវនារីម្នាក់ត្រូវការជំនួយ និងការលើកទឹកចិត្តជាទៀងទាត់នៅក្នុងការបំពេញការអភិវឌ្ឍខ្លួន ។ ជំនួយនេះអាចមកពីឪពុកម្ដាយ ថ្នាក់ដឹកនាំ មជ្ឈិមវ័យផ្សេងទៀត ព្រមទាំងយុវនារីរៀមច្បងដែលបានបញ្ចប់ការអភិវឌ្ឍខ្លួនរួចហើយ ។ ដោយបានប្រឹក្សាជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាព អ្នកអាចអញ្ជើញស្ដ្រីម្នាក់ផ្សេងទៀតឲ្យមកធ្វើជាអ្នកណែនាំ ហើយជួយដល់យុវនារី ប្រសិនបើយុវនារីនោះទទួលបានជំនួយតិចតួចពីគ្រួសាររបស់នាងដើម្បីជួយនាងឲ្យបំពេញការអភិវឌ្ឍខ្លួន ។ ស្ដ្រីមជ្ឈិមវ័យរូបនេះអាចអនុមតិលើបទពិសោធន៍ និងគម្រោងនៃគុណសម្បត្តិ ហើយចុះហត្ថលេខាលើសៀវភៅការអភិវឌ្ឍខ្លួនរបស់យុវនារីនោះ នៅពេលពួកគេបានបញ្ចប់ ។ យុវនារីផ្សេងទៀតដែលបានបញ្ចប់ការអភិវឌ្ឍខ្លួនរួចក៏អាចផ្ដល់ជំនួយ និងការលើកទឹកចិត្តបានដែរ ។
កត់ត្រា និងទទួលស្គាល់ការអភិវឌ្ឍ
ឪពុកម្ដាយ និងថ្នាក់ដឹកនាំត្រូវផ្ដល់ឱកាសនានាជាប្រចាំឲ្យយុវនារីបានរាយការណ៍ពីការអភិវឌ្ឍរបស់ពួកគេ ។ នៅពេលយុវនារីម្នាក់រាយការណ៍ជាប្រចាំ នោះនាងអាចទទួលខុសត្រូវលើការងាររបស់ខ្លួន និងអាចចែកចាយពីអ្វីដែលនាងបានរៀន និងរបៀបដែលទីបន្ទាល់របស់នាងត្រូវបានពង្រឹងឡើង ។ ឪពុកម្ដាយ និងថ្នាក់ដឹកនាំត្រូវទទួលស្គាល់ការសម្រេចបានរបស់នាង បញ្ជាក់ពីការយល់ដឹង និងការអនុវត្តតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់នាង ព្រមទាំងផ្ដល់ការលើកទឹកចិត្តឲ្យនាងបន្ដធ្វើការអភិវឌ្ឍ ។ កិច្ចសហការគ្នាទាំងនេះនឹងជួយអភិវឌ្ឍឲ្យមានទំនាក់ទំនងដ៏យកចិត្តទុកដាក់មួយ ។
ការទទួលខុសត្រូវទាំងឡាយរបស់ថ្នាក់ដឹកនាំបព្វជិតភាព
នៅពេលដែលយុវនារីម្នាក់បានបញ្ចប់កម្មវិធីការអភិវឌ្ឍខ្លួនទាំងស្រុងហើយ នោះប៊ីស្សពត្រូវធ្វើការសម្ភាសនាងដោយប្រើបទដ្ឋាននៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ធ្វើជាគោល ។ ប៊ីស្សពបញ្ជាក់ពីវត្តមានរបស់នាងនៅក្នុងការប្រជុំសាក្រាម៉ង់ ការចូលរៀនថ្នាក់សិក្ខាសាលារបស់នាង និងការអានព្រះគម្ពីរមរមនរបស់នាង ។ វាអាចជាការសម្ភាសប្រចាំឆ្នាំ ឬរាល់ប្រាំមួយខែម្ដងសម្រាប់នាង ។ ប៊ីស្សពសម្រេចពីភាពសក្ដិសមរបស់យុវនារីនោះដើម្បីទទួលបានការទទួលស្គាល់នូវភាពជាយុវនារី និងចុះហត្ថលេខាលើសៀវភៅការអភិវឌ្ឍខ្លួនរបស់នាងដើម្បីទទួលស្គាល់ពីការបានបំពេញតាមតម្រូវការចាំបាច់នានារបស់នាង ។ ប៊ីស្សពអាចជូនដល់នាងនូវការទទួលស្គាល់នូវភាពជាយុវនារីនៅក្នុងការប្រជុំសាក្រាម៉ង់ ឬនៅក្នុងការប្រជុំផ្សេងទៀត ។
ជោគជ័យរបស់យុវនារីម្នាក់នៅក្នុងការអភិវឌ្ឍខ្លួនក៏អាចត្រូវបានកត់សម្គាល់ នៅពេលនាងទទួលយកសញ្ញាបត្រប៊ីហៃ ម៉ៃម៉េត និងឡូរ៉ល កាលនាងប្ដូរពីថ្នាក់មួយទៅថ្នាក់មួយទៀតផងដែរ ។
សមាជិកនៃគណៈប៊ីស្សពអាចប្រើការសម្ភាសរបស់ពួកគាត់ជាមួយនឹងយុវនារីដើម្បីទទួលស្គាល់ និងលើកទឹកចិត្តដល់យុវនារីម្នាក់ៗឲ្យបន្ដអភិវឌ្ឍ ។ តារាងតាមដានការអភិវឌ្ឍខ្លួននៃក្រុមយុវនារីសម្រាប់ថ្នាក់ដឹកនាំ ដែលរក្សាទុកដោយគណៈប្រធានយុវនារី អាចមានប្រយោជន៍ដើម្បីជួយដល់សមាជិកគណៈប៊ីស្សព ។ ប្រធានស្ដេកគួរតែសួរប៊ីស្សពជាប្រចាំអំពីសុខុមាលភាព និងការអភិវឌ្ឍរបស់យុវនារីនៅក្នុងវួដរបស់ពួកគាត់ ។
សេចក្តីណែនាំទាំងឡាយ
គោលដៅ និងតម្រូវការទាំងឡាយនៃកម្មវិធីនេះត្រូវបានសង្ខេបនៅខាងដើមនៃសៀវភៅនេះ ។ សេចក្ដីណែនាំបន្ថែមខាងក្រោមនេះអាចមានប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំ ។
បទពិសោធន៍នៃគុណសម្បត្តិ
-
យុវនារីម្នាក់អាចបំពេញគុណសម្បត្តិទាំងឡាយតាមលំដាប់ណាក៏បាន ។
-
លើកលែងតែគុណសម្បត្តិនៃគុណធម៌ នោះយុវនារីត្រូវបានលើកទឹកចិត្តឲ្យបំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាន ពីមុននាងធ្វើការលើគម្រោងសម្រាប់គុណសម្បត្តិនោះ ។
គម្រោងនៃគុណសម្បត្តិ
-
គម្រោងនៃគុណសម្បត្តិមានគោលបំណងដើម្បីជួយយុវនារីម្នាក់ឲ្យអនុវត្តនូវអ្វីដែលនាងបានរៀនមកពីបទពិសោធន៍នៃគុណសម្បត្តិនោះ ។
-
យុវនារីគួរតែចំណាយពេលយ៉ាងតិចដប់ម៉ោងសម្រាប់គម្រោងនៃគុណសម្បត្តិនីមួយៗ ។ រយៈពេលដប់ម៉ោងតែមួយនេះមិនអាចរាប់សម្រាប់គម្រោងនៃគុណសម្បត្តិច្រើនជាងមួយបានទេ ។
-
យុវនារីអាចធ្វើការរួមគ្នានៅលើគម្រោងនានា ។ ទោះជាយ៉ាងណាក្ដី យុវនារីត្រូវតែចំណាយពេលរបស់នាងផ្ទាល់យ៉ាងតិចដប់ម៉ោង ប្រសិនបើនាងប្រើគម្រោងនោះដើម្បីបំពេញតាមតម្រូវការក្នុងសៀវភៅការអភិវឌ្ឍខ្លួនផ្ទាល់របស់នាង ។
-
ដោយមានការអនុមតិជាមុនមកពីឪពុកម្ដាយ ឬថ្នាក់ដឹកនាំក្រុមយុវនារី នោះកិច្ចការល្អដែលយុវនារីកំពុងធ្វើនៅឯគេហដ្ឋាន សាសនាចក្រ សាលារៀន ថ្នាក់សិក្ខាសាលា និងនៅក្នុងសហគមន៍នោះអាចបំពេញតាមតម្រូវការនៃសៀវភៅការអភិវឌ្ឍខ្លួននេះបាន ។
ការបញ្ចប់ការអភិវឌ្ឍខ្លួន
-
នៅពេលដែលយុវនារីម្នាក់បានបញ្ចប់សៀវភៅការអភិវឌ្ឍខ្លួនពីមុននាងចេញពីថ្នាក់យុវនារី នាងគួរតែត្រូវបានអញ្ជើញឲ្យជួយដល់យុវនារីផ្សេងទៀតដែលកំពុងធ្វើការអភិវឌ្ឍនេះនៅឡើយ ។ យុវនារីរូបនោះក៏គួរតែទទួលបានការលើកទឹកចិត្តឲ្យបន្ដអភិវឌ្ឍដើម្បីទទួលបានរង្វាន់សត្វឃ្មុំ ឬចាប់ផ្ដើមកម្មវិធីនេះម្ដងទៀត ។
-
ប្រសិនបើយុវនារីម្នាក់មិនបានបញ្ចប់តម្រូវការទាំងអស់ក្នុងសៀវភៅការអភិវឌ្ឍខ្លួនពីមុននាងចេញពីថ្នាក់យុវនារី នាងគួរតែត្រូវបានលើកទឹកចិត្តឲ្យបន្ដធ្វើឆ្ពោះទៅមុខដើម្បីទទួលបានការទទួលស្គាល់ភាពជាយុវនារី ។ អ្នកម្ដាយ អ្នកដឹកនាំ និងស្ដ្រីគំរូផ្សេងទៀតទាំងឡាយអាចត្រូវបានអញ្ជើញឲ្យគាំទ្រដល់នាងដើម្បីសម្រេចការណ៍នេះឲ្យបាន ។
ការតាមដាន និង ល្បឿន
-
តារាងកត់ត្រាការអភិវឌ្ឍខ្លួនដែលមាននៅទំព័រ ៧៧ នៃសៀវភៅនេះ សង្ខេបពីកិច្ចការរបស់យុវនារីម្នាក់ៗនៅក្នុងសៀវភៅការអភិវឌ្ឍខ្លួន ។
-
តារាងតាមដានការអភិវឌ្ឍខ្លួននៃក្រុមយុវនារីសម្រាប់ថ្នាក់ដឹកនាំក៏មានជាតារាងដាច់ដោយឡែកពីគ្នាផងដែរ ដើម្បីជួយដល់អ្នកដឹកនាំទាំងឡាយឲ្យតាមដានពីការអភិវឌ្ឍរបស់យុវនារីម្នាក់ៗបាន ( ៣៦៦៥៥ ) ។ តារាងនេះក៏អាចប្រើដើម្បីជួយដល់អ្នកដឹកនាំក្រុមយុវនារី និងបព្វជិតភាពក្នុងការធ្វើការជាមួយ និងការទទួលស្គាល់យុវនារីម្នាក់ៗផងដែរ ។
-
យុវនារីអាចធ្វើការលើកម្មវិធីការអភិវឌ្ឍខ្លួនតាមល្បឿនផ្ទាល់របស់ពួកគេ ប៉ុន្ដែយើងលើកទឹកចិត្តឲ្យយុវនារីបញ្ចប់បទពិសោធន៍នៃគុណសម្បត្តិយ៉ាងហោចណាស់មួយក្នុងមួយខែ និងគម្រោងនៃគុណសម្បត្តិមួយរាល់ប្រាំមួយខែ ( គម្រោងពីរក្នុងមួយឆ្នាំ ) ។ ប្រសិនបើនាងចាប់ផ្ដើមធ្វើការ នៅពេលនាងចូលថ្នាក់យុវនារីនៅអាយុ ១២ ហើយបន្ដធ្វើការអភិវឌ្ឍក្នុងល្បឿនដូចដែលបានផ្ដល់យោបល់នេះ នោះនាងនឹងបញ្ចប់នៅពេលនាងមានអាយុ ១៦ ឆ្នាំ ។ បន្ទាប់មក នាងនឹងមានពេលពីរឆ្នាំដើម្បីបន្ដអភិវឌ្ឍដើម្បីទទួលបានរង្វាន់សត្វឃ្មុំ ឬចាប់ផ្ដើមកម្មវិធីនេះម្ដងទៀតដូចដែលបានផ្ដល់យោបល់នៅលើទំព័រ ៨៣ ។
ការទទួលស្គាល់ការអភិវឌ្ឍរបស់បុគ្គលម្នាក់ៗ
-
នៅពេលដែលយុវនារីម្នាក់បានបញ្ចប់បទពិសោធន៍ និងគម្រោងទាំងឡាយសម្រាប់គុណសម្បត្តិនីមួយៗ នោះនាងនឹងទទួលបានបដិរូបមួយ ( ៣៦៦៥៤ ) និងខ្សែបូរព្រះគម្ពីរដែលទាក់ទងនឹងគុណសម្បត្តិនោះ ។ នាងនឹងបិទបដិរូបនោះនៅលើទំព័រការទទួលស្គាល់គុណសម្បត្តិការអភិវឌ្ឍខ្លួនក្នុងសៀវភៅរបស់នាង ( ទំព័រ ៧៨ ) ។ នាងនឹងប្រើខ្សែបូរនេះជាប្រដាប់ស៊កសៀវភៅមួយនៅក្នុងព្រះគម្ពីររបស់នាង ។ ការទទួលស្គាល់ពីការអភិវឌ្ឍរបស់នាងនេះអាចផ្ដល់ជូននៅក្នុងការប្រជុំក្រុមយុវនារី ។
-
រៀងរាល់ឆ្នាំ នៅក្នុងកម្មវិធីយុវនារីឆ្នើម យុវនារីគួរតែទទួលបានការទទួលស្គាល់ចំពោះការសម្រេចបានរបស់ពួកគេ ។
-
ជោគជ័យរបស់យុវនារីម្នាក់នៅក្នុងការអភិវឌ្ឍខ្លួនក៏អាចត្រូវបានកត់សម្គាល់ នៅពេលនាងទទួលយកសញ្ញាបត្រប៊ីហៃ ម៉ៃម៉េត និងឡូរ៉ល កាលនាងប្ដូរពីថ្នាក់មួយទៅថ្នាក់មួយទៀតផងដែរ ។ សញ្ញាបត្រទាំងនេះ ( ប៊ីហៃ ០៨៥៦៣, ម៉ៃម៉េត ០៨៥៦៥, ឡូរ៉ល ០៨៥៦៤ ) ត្រូវបានផ្ដល់ជូននៅក្រោមការដឹកនាំពីប៊ីស្សព ។ ពួកគាត់ទទួលស្គាល់ការប្ដូររបស់យុវនារីពីក្រុមអាយុមួយទៅក្រុមអាយុមួយទៀត ។
ការទទួលស្គាល់នូវភាពជាយុវនារី
-
នៅពេលយុវនារីបញ្ចប់កិច្ចការរបស់នាងទាំងអស់ក្នុងគុណសម្បតិ្តទាំងប្រាំបី និងត្រូវបានសម្ភាសដោយប៊ីស្សពហើយ នោះនាងនឹងទទួលបានការទទួលស្គាល់នូវភាពជាយុវនារី ។ ការទទួលស្គាល់នេះរួមមាននូវសញ្ញាបត្រមួយ ( ៣៦៦៥១ ) និងមេដាយមាសមួយ ឬមេដាយប្រាក់ ( មាស ០៨៦០២, ប្រាក់ ០៨៦០៣ ) ។ សមាជិកម្នាក់នៃគណៈប៊ីស្សពអាចជូនដល់នាងនូវការទទួលស្គាល់នូវភាពជាយុវនារីនៅក្នុងការប្រជុំសាក្រាម៉ង់ ។
-
បន្ទាប់ពីបានបញ្ចប់ការទទួលស្គាល់នូវភាពជាយុវនារីហើយ យុវនារីអាចបន្ដអភិវឌ្ឍដើម្បីទទួលបានរង្វាន់សត្វឃ្មុំជាទីស្រឡាញ់មួយ ( មាស ០៨៥៦២, ប្រាក់ ០៨៥៧៨, សូមមើលទំព័រ ៨៣ ) ។ ការទទួលស្គាល់ពីការអភិវឌ្ឍរបស់នាងនេះអាចផ្ដល់ជូននៅក្នុងការប្រជុំក្រុមយុវនារី ។
-
រង្វាន់ និងសញ្ញាបត្រអាចទទួលបាននៅឯមជ្ឈមណ្ឌលចែកចាយរបស់សាសនាចក្រដោយប្រើប្រាស់មូលនិធិរបស់វួដ ដោយមិនចំណាយថវិកាពីយុវនារី ឬឪពុកម្ដាយរបស់ពួកគេឡើយ ។
តម្រូវការការអភិវឌ្ឍខ្លួនសម្រាប់ថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តឲ្យធ្វើការអភិវឌ្ឍខ្លួនជាមួយនឹងយុវនារី ។ អស់អ្នកដែលចូលរួមនៅក្នុងកម្មវិធីការអភិវឌ្ឍខ្លួននេះដោយខ្លួនគេនឹងយល់ពីកម្មវិធីនេះកាន់តែច្បាស់ ហើយនឹងធ្វើជាគំរូដ៏ប្រពៃមួយសម្រាប់យុវនារីឲ្យធ្វើតាម ។ ពួកគេអាចទទួលបានការទទួលស្គាល់នូវភាពជាយុវនារីបាន បន្ទាប់ពីពួកគេ ៖
-
បម្រើជាអ្នកដឹកនាំក្រុមយុវនារីបានមួយឆ្នាំ ។
-
បំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាននៅក្នុងគុណសម្បត្តិនីមួយៗនៃគុណសម្បត្តិទាំងប្រាំបី ។
-
បំពេញគម្រោងនៃគុណសម្បត្តិបី រួមមានគម្រោងនៃគុណសម្បត្តិគុណធម៌ផង ។
ការចូលរួមរបស់ម្ដាយ
អ្នកម្ដាយទាំងឡាយត្រូវបានស្វាគមន៍ឲ្យចូលរួមជាមួយនឹងយុវនារីដើម្បីទទួលបានការទទួលស្គាល់នូវភាពជាយុវនារី ។ អ្នកម្ដាយទាំងឡាយធ្វើការក្នុងសៀវភៅការអភិវឌ្ឍខ្លួនរបស់ពួកគាត់ផ្ទាល់ ហើយអាចទទួលបានការទទួលស្គាល់ជាមួយនឹងកូនស្រីរបស់ពួកគេផងដែរ ។ យើងលើកទឹកចិត្តឲ្យកូនស្រីទទួលបានការទទួលស្គាល់របស់នាង ពីមុន ឬជាមួយនឹងម្ដាយរបស់នាង ។
អ្នកម្ដាយទាំងឡាយអាចបំពេញតាមតម្រូវការដូចគ្នានឹងកូនស្រីរបស់ពួកគាត់ ដែលមាន ៖
-
ចូលរួមការប្រជុំសាក្រាម៉ង់ជាប្រចាំ ( នៅកន្លែងដែលមាន ) ។
-
រស់នៅតាមបទដ្ឋាននៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។
-
បំពេញបទពិសោធន៍ និងគម្រោងនៃគុណសម្បត្តិនីមួយៗសម្រាប់គុណសម្បត្តិទាំងប្រាំបី ។
-
រក្សាសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ។
-
អានព្រះគម្ពីរមរមនជាប្រចាំ ។
-
កត់ត្រាទីបន្ទាល់របស់នាងអំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
អ្នកម្ដាយទាំងឡាយអាចរើសជម្រើសសម្រាប់បទពិសោធន៍នៃគុណសម្បត្តិ និងគម្រោងនៃគុណសម្បត្តិដែលអាចជ្រើសរើសបានខុសពីអ្វីដែលកូនស្រីរបស់ពួកគាត់ជ្រើសរើស ។ បទពិសោធន៍ និងគម្រោងនានាអាចចុះហត្ថលេខា និងចុះកាលបរិចេ្ឆទដោយកូនស្រីរបស់គាត់ ឬស្វាមីរបស់គាត់ ឬអ្នកដឹកនាំក្រុមយុវនារី ឬមជ្ឈិមវ័យណាម្នាក់ ។ ប៊ីស្សពនឹងបញ្ជាក់ថា តម្រូវការត្រូវបានបំពេញតាម ។ ការទទួលស្គាល់ និងការជាវសម្ភារទទួលស្គាល់គួរតែត្រូវសម្របសម្រួលជាមួយនឹងថ្នាក់ដឹកនាំក្រុមយុវនារី និងគណៈប៊ីស្សព ។
តម្រូវការនៃការអភិវឌ្ឍខ្លួនសម្រាប់មនុស្សដទៃ ដែលចង់ធ្វើតាមកម្មវិធីនេះ
ស្ដ្រីផ្សេងទៀតដែលមានបំណងចង់ចូលរួម និងបំពេញតាមការអភិវឌ្ឍខ្លួនអាចធ្វើដូច្នោះបាន តាមរយៈការបំពេញតម្រូវការដូចគ្នានឹងយុវនារីដែរ និងតាមរយៈការជួយយុវនារីម្នាក់ក្នុងចំណែកមួយនៃការអភិវឌ្ឍខ្លួនរបស់នាង ។ ( សូមមើលតម្រូវការទាំងឡាយសម្រាប់ម្ដាយនៅទំព័រ ៩២ ) ។
ការបញ្ចូលការអភិវឌ្ឍខ្លួនទៅក្នុងមេរៀនថ្ងៃអាទិត្យ និងនៅក្នុងថ្នាក់ម៉្ញូតឆល
ការធ្វើការរួមគ្នាលើបទពិសោធន៍ការអភិវឌ្ឍខ្លួនដើម្បីធ្វើជាផ្នែកមួយនៃមេរៀននៅថ្ងៃអាទិត្យ អាចផ្ដល់ឲ្យថ្នាក់ដឹកនាំ និងយុវនារីនូវឱកាសមួយដើម្បីពិភាក្សាអំពីគោលការណ៍នានាដែលត្រូវបានបង្រៀន ព្រមទាំងពីការអនុវត្តរបស់ពួកគេនៅក្នុងជីវិតរបស់យុវនារីផង ។ សេចក្ដីយោងចំពោះការអភិវឌ្ឍខ្លួនមាននៅក្នុងសម្ភារសិក្សាថ្នាក់យុវនារី ។
សកម្មភាពការអភិវឌ្ឍខ្លួនក៏អាចជាផ្នែកមួយនៃម៉្ញូតឆលបានផងដែរ ។ ឧទាហរណ៍ យុវនារីទាំងអស់អាចជួយយុវនារីម្នាក់ធ្វើគម្រោងនៃគុណសម្បត្តិមួយ ។ ការធ្វើការលើគម្រោងមួយរួមគ្នាអាចជួយលើកទឹកចិត្តយុវនារីឲ្យបន្ដអភិវឌ្ឍខ្លួន ។ សកម្មភាពជាក្រុមបែបនេះគួរតែដាក់ផែនការប្រកបដោយការអធិស្ឋាន និងជ្រើសរើសដោយប្រយ័ត្នដើម្បីធានាថា កម្មវិធីការអភិវឌ្ឍខ្លួនបន្ដមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់យុវនារីម្នាក់ៗ ។
ការសម្របតាមតម្រូវការរបស់បុគ្គល និងក្នុងមូលដ្ឋាន
បទពិសោធន៍នៃគុណសម្បត្តិ និងគម្រោងនៃគុណសម្បត្តិអាចសម្របសម្រួលតាមកាលៈទេសៈ ចំណាប់អារម្មណ៍ និងតម្រូវការរបស់បុគ្គល ឬតាមមូលដ្ឋាន ដោយមានការអនុមតិពីឪពុកម្ដាយ និងថ្នាក់ដឹកនាំជាមុន ។ នៅពេលធ្វើការផ្លាស់ប្តូរណាមួយ ឬមានករណីលើកលែងសម្រាប់បុគ្គលណាម្នាក់ នោះពួកអ្នកដឹកនាំគួរតែពិចារណាអំពីឥទ្ធិពលដែលការផ្លាស់ប្តូរទាំងនោះអាចមានទៅលើយុវនារីដទៃទៀត ។ បន្ទាប់ពីឪពុកម្ដាយ និងថ្នាក់ដឹកនាំធ្វើការពិចារណាឲ្យបានល្អិតល្អន់ហើយ នោះការសម្របសម្រួលអាចធ្វើឡើងទៅបានដើម្បីបំពេញតាមតម្រូវការរបស់យុវនារីដែលពិការ ឬមានការអប់រំតិចតួច ដើម្បីបំពេញតាមតម្រូវការខាងវប្បធម៌ ឬរបស់បុគ្គល ឬដើម្បីអនុញ្ញាតឲ្យយុវនារីដែលមិនមែនជាសមាជិកអាចចូលរួមបានដែរ ។
ប្រសិនបើយុវនារីម្នាក់ចូលរួមក្នុងសាសនាចក្រ ឬក្លាយជាសកម្មក្នុងក្រុមយុវនារីបន្ទាប់ពីអាយុ ១៦ ឆ្នាំ នោះតម្រូវការរបស់នាងដើម្បីបញ្ចប់កម្មវិធីការអភិវឌ្ឍខ្លួននេះមានដូចជា ៖
-
ចូលរួមការប្រជុំសាក្រាម៉ង់ជាប្រចាំ ( នៅកន្លែងដែលមាន ) ។
-
រស់នៅតាមបទដ្ឋាននៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។
-
បំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាននៅក្នុងគុណសម្បត្តិនីមួយៗនៃគុណសម្បត្តិទាំងប្រាំបី ។ ( នាងពុំចាំបាច់បំពេញបទពិសោធន៍ដែលអាចជ្រើសរើសបាននោះទេ ) ។
-
បំពេញគម្រោងនៃគុណសម្បត្តិមួយនៃគុណសម្បត្តិទាំងប្រាំបី ។
-
ចូលរៀនថ្នាក់សិក្ខាសាលា ( នៅកន្លែងដែលមាន ) ។
-
អានព្រះគម្ពីរមរមនជាប្រចាំ ។
-
កត់ត្រាទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
តម្រូវការទាំងនេះក៏អាចអនុវត្តបានចំពោះយុវនារីនៅក្នុងកាលៈទេសៈផ្សេងទៀត ដូចដែលបានសម្រេចដោយថ្នាក់ដឹកនាំក្រុមយុវនារីក្នុងមូលដ្ឋាន ។