« និស្ស័យនៃព្រះ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ២១–២៨
« និស្ស័យនៃព្រះ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ២១–២៨
និស្ស័យនៃព្រះ
ដើម្បីឲ្យ … បានចំណែកជានិស្ស័យនៃព្រះ ។ … បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់ ឲ្យសេចក្តីទៀងត្រង់បានតម្រិះ ឲ្យតម្រិះបានចេះអត់សង្កត់ ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ ឲ្យសេចក្តីគោរពប្រតិបត្តិបានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្តីរាប់អានគ្នាបានសេចក្តីស្រឡាញ់ថែមទៀត ( ពេត្រុស ទី២ ១:៤–៧ ) ។
ខ្ញុំបានគ្រងនូវគុណសម្បត្តិដ៏ទេវភាព ដែលខ្ញុំនឹងព្យាយាមអភិវឌ្ឍបន្ថែម ។
បទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាន
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមានទាំងបីដូចខាងក្រោមនេះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
តើបុត្រីរបស់ព្រះម្នាក់មានគុណសម្បត្តិដ៏ទេវភាពអ្វីខ្លះ ? សូមអាន « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( សូមមើលទំព័រ ១០១ ); ពេត្រុស ទី២ ១; អាលម៉ា ៧:២៣–២៤; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥ ។ សូមសរសេរនូវគុណសម្បត្តិដ៏ទេវភាពទាំងឡាយដែលបានរៀបរាប់នៅក្នុងការអានរបស់អ្នកជាពាក្យពេចន៍ផ្ទាល់របស់អ្នក ។ សូមគិតអំពីរបៀបដែលអ្នកអាចស្វែងរក និងអភិវឌ្ឍគុណសម្បត្តិទាំងនេះនីមួយៗ ។ សូមកត់ត្រាពីគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
ក្នុងនាមជាយុវនារីមួយរូប អ្នកត្រូវបានប្រទានពរជ័យដោយមានគុណសម្បត្តិដ៏ទេវភាពជាមនុស្សស្រី ។ សូមបង្កើនការយល់ដឹង និងការកោតសរសើររបស់អ្នកដល់ភាពជាស្ដ្រី ។ សូមអាន សុភាសិត ៣១:១០–៣១ និងសុន្ទរកថាពីរទៀតស្ដីពីភាពជាស្ដ្រីដកស្រង់ចេញពីការចុះផ្សាយសន្និសីទក្នុងទស្សនាវដ្ដីសាសនាចក្រ ។ សូមរំឭកអ្វីដែល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( សូមមើលទំព័រ ១០១ ) ថ្លែងអំពីការធ្វើជាភរិយា និងម្ដាយមួយរូប ។ បន្ទាប់មក សូមសាកសួរម្ដាយរបស់អ្នក ឬអ្នកម្ដាយណាដែលអ្នកស្ងើចសរសើរពីអ្វីដែលគាត់គិតថាជាឥរិយាបថដ៏សំខាន់ក្នុងការធ្វើជាម្ដាយមួយរូប ។ សូមកត់ត្រាពីឥរិយាបថទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ រួចសូមជ្រើសរើសឥរិយាបថទាំងនោះមួយ ហើយខិតខំអភិវឌ្ឍវា ។ សូមរាយការណ៍ពីជោគជ័យរបស់អ្នកដល់ឪពុក/ម្ដាយ ឬអ្នកដឹកនាំម្នាក់បន្ទាប់ពីធ្វើបានពីរសប្ដាហ៍ ។
-
សូមធ្វើឲ្យជីវិតក្នុងគេហដ្ឋានរបស់អ្នកបានប្រសើរឡើង ។ សូមធ្វើការខិតខំប្រឹងប្រែងជាពិសេសក្នុងរយៈពេលពីរសប្ដាហ៍ដើម្បីពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងសមាជិកគ្រួសារម្នាក់ ដោយការបង្ហាញសេចក្ដីស្រឡាញ់តាមរយៈសកម្មភាពរបស់អ្នក ។ សូមចៀសវាងពីការកាត់សេចក្ដី ការតិះទៀត ឬការនិយាយពាក្យមិនល្អ ប៉ុន្ដែសូមរកមើលគុណសម្បត្តិវិជ្ជមានដែលសមាជិកគ្រួសារនោះមានវិញ ។ សូមសរសេរសំបុត្រលើកទឹកចិត្ត អធិស្ឋានសម្រាប់សមាជិកគ្រួសារនោះ ស្វែងរកមធ្យោបាយជួយដល់គាត់ ហើយបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកជាពាក្យសម្ដី ។ សូមចែកចាយបទពិសោធន៍របស់អ្នក និងគុណសម្បត្តិដ៏ទេវភាពដែលអ្នកបានរកឃើញនោះជាមួយនឹងសមាជិកគ្រួសារនោះ ឬជាមួយនឹងឪពុក/ម្ដាយ ឬអ្នកដឹកនាំម្នាក់ ។
បទពិសោធន៍នៃគុណសម្បត្តិបន្ថែម
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិបន្ថែមទាំងបីនេះ ។ អ្នកអាចជ្រើសរើសចេញពីជម្រើសដូចខាងក្រោម ឬសរសេរចេញពីគំនិតរបស់អ្នកឲ្យបានចំនួនពីរ ។ មុនពេលអ្នកចាប់ផ្ដើម ឪពុក/ម្ដាយ ឬអ្នកដឹកនាំរបស់អ្នកត្រូវតែអនុមតិលើកិច្ចការដែលអ្នកសរសេរដោយខ្លួនឯងទាំងនោះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
សូមទន្ទេញឲ្យចាំការអធិស្ឋានសាក្រាម៉ង់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ។ នៅអំឡុងម៉ោងសាក្រាម៉ង់ សូមស្ដាប់ពាក្យអធិស្ឋានដោយយកចិត្តទុកដាក់ ហើយគិតអំពីអត្ថន័យនៃការលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលការធ្វើដូច្នេះជះឥទ្ធិពលទៅលើសកម្មភាព និងការសម្រេចទាំងឡាយរបស់អ្នក ។ សូមអនុវត្តការរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ។ សូមចាប់ផ្ដើមដោយការធ្វើអ្វីមួយរាល់ថ្ងៃដើម្បីទទួលស្គាល់ និងអភិវឌ្ឍគុណសម្បត្តិដ៏ទេវភាពទាំងឡាយរបស់អ្នកបន្ថែមទៀត ហើយដើម្បីជួយអ្នកឲ្យចងចាំដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទជានិច្ចផងដែរ ។ ពីរសប្ដាហ៍ក្រោយមក សូមកត់ត្រាបទពិសោធន៍ទាំងឡាយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
ការគោរពប្រតិបត្តិគឺជាគុណលក្ខណៈមួយរបស់ព្រះអង្គសង្គ្រោះ ។ សូមព្យាយាមគោរពប្រតិបត្តិដល់ឪពុកម្ដាយរបស់អ្នកបន្ថែមទៀត ។ សូមអាន លូកា ២:៤០–៥១ និង យ៉ូហាន ៦:៣៨ ។ សូមអភិវឌ្ឍលំនាំនៃការគោរពប្រតិបត្តិមួយ កាលអ្នកខិតខំប្រឹងប្រែងជាពិសេសដើម្បីប្រព្រឹត្តចំពោះឪពុកម្ដាយរបស់អ្នកដោយសេចក្ដីគោរព និងសណ្ដានចិត្តល្អ ហើយធ្វើអ្វីដែលឪពុកម្ដាយរបស់អ្នកសុំឲ្យអ្នកធ្វើដោយមិនចាំបាច់ឲ្យគាត់រំឭកឡើយ ។ ពីរសប្ដាហ៍ក្រោយមក សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីរបៀបដែលការកាន់តែគោរពប្រតិបត្តិនេះបានជម្រុញទឹកចិត្តអ្នកឲ្យចង់បន្ដធ្វើដូច្នោះ និងពីរបៀបដែលវាបានជួយអ្នកឲ្យយល់ពីនិស្ស័យនៃព្រះរបស់អ្នក ព្រមទាំងយល់ពីតួនាទីដ៏ទេវភាពរបស់អ្នកម្ដាយ និងលោកឪពុកទាំងឡាយ ។
-
សូមអភិវឌ្ឍគុណសម្បត្តិដ៏ទេវភាពទាំងឡាយរបស់អ្នក ។ សូមអាន ម៉ាថាយ ៥:៩; យ៉ូហាន ១៥:១២; កាឡាទី ៥:២២–២៣; កូល៉ុស ៣:១២–១៧; យ៉ូហាន ទី១ ៤:២១; និង មរ៉ូណៃ ៧:៤៤–៤៨ ។ សូមទន្ទេញឲ្យចាំនូវខគម្ពីរដែលអ្នកចូលចិត្តមកពីវគ្គបទគម្ពីរទាំងនេះមួយ ។ សូមស្វែងរកគុណសម្បត្តិដ៏ទេវភាពនានាដែលបានលើកឡើងនៅក្នុងបទគម្ពីរទាំងអស់នេះ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមជ្រើសរើសយកគុណសម្បត្តិមួយ ហើយក្នុងរយៈពេលពីរសប្ដាហ៍ សូមព្យាយាមធ្វើឲ្យគុណសម្បត្តិមួយនេះក្លាយជាទៅផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក ។ សូមកត់ត្រាពីការរីកចម្រើន និងបទពិសោធន៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
សូមរៀនពីនិយមន័យពាក្យ អ្នកផ្សះផ្សា ។ បន្ទាប់មក សូមស្វែងរក និងអានបទគម្ពីរចំនួនប្រាំដែលបង្រៀនអំពីអ្នកផ្សះផ្សា ។ សូមធ្វើជាគំរូនៃអ្នកផ្សះផ្សាម្នាក់នៅក្នុងគេហដ្ឋាន និងនៅ សាលារៀនរបស់អ្នក កាលអ្នកចៀសវាងពីការរិះគន់ ការរអ៊ូរទាំ ឬការនិយាយពាក្យមិនល្អទៅកាន់ ឬអំពីមនុស្សដទៃ ។ សូមអធិស្ឋានជារៀងរាល់ព្រឹក និងរាល់ល្ងាចដើម្បីសូមជំនួយពីព្រះវរបិតាសួគ៌ក្នុងការធ្វើកិច្ចការនេះ ។ ពីរសប្ដាហ៍ក្រោយមក សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីទម្លាប់ថ្មីទាំងឡាយដែលអ្នកចង់អភិវឌ្ឍ ពីរបៀបដែលការធ្វើជាអ្នកផ្សះផ្សាគឺជាផ្នែកមួយនៃនិស្ស័យនៃព្រះរបស់អ្នក និងពីរបៀបដែលអ្នកនឹងបន្ដធ្វើជាអ្នកផ្សះផ្សា ។
បទពិសោធន៍នៃគុណសម្បត្តិផ្ទាល់ខ្លួន
គម្រោងនៃគុណសម្បត្តិ
បន្ទាប់ពីអ្នកបានបំពេញបទពិសោធន៍នៃគុណសម្បត្តិនិស្ស័យនៃព្រះទាំងប្រាំមួយរួចហើយ សូមបង្កើតគម្រោងមួយដែលនឹងជួយអ្នកឲ្យអនុវត្តនូវអ្វីដែលអ្នកបានរៀន ។ ការណ៍នេះគួរតែជាកិច្ចខិតខំដ៏សំខាន់មួយដែលនឹងធ្វើឡើងយ៉ាងតិចណាស់ដប់ម៉ោងដើម្បីបញ្ចប់វា ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធប្រកបដោយការអធិស្ឋាន ដើម្បីជ្រើសរើសគម្រោងដ៏មានអត្ថន័យមួយ ។
មុនពេលអ្នកចាប់ផ្ដើម សូមឲ្យឪពុក/ម្ដាយ ឬអ្នកដឹកនាំរបស់អ្នកអនុមតិលើគម្រោងនេះសិន ។ សូមសរសេរការវាយតម្លៃមួយ បន្ទាប់ពីអ្នកបានបញ្ចប់ ។ ខាងក្រោមនេះគឺជាយោបល់មួយចំនួនអំពីគម្រោងនៃគុណសម្បត្តិមួយ ។
-
សូមអភិវឌ្ឍជំនាញមួយដែលអ្នកអាចប្រើប្រាស់នៅក្នុងគេហដ្ឋាននាពេលអនាគតរបស់អ្នកដូចជា ការធ្វើម្ហូប ការដេរប៉ាក់ ការជួសជុល ការៀបចំ ឬការចេះតុបតែង ។ សូមបង្រៀនជំនាញនោះដល់នរណាម្នាក់ ហើយពន្យល់ពីរបៀបដែលការរៀបចំគេហដ្ឋានមួយឲ្យមានសណ្ដាប់ធ្នាប់ ( សូមមើល គ. និង ស. ១០៩:៨ ) គឺជាតួនាទីដ៏ទេវភាពមួយរបស់អ្នក ។
-
សូមបម្រើក្នុងរយៈពេលយូរមួយដល់នរណាម្នាក់ដែលខ្វះខាតដូចជាម្ដាយវ័យក្មេងម្នាក់ ជនពិការម្នាក់ ឬមនុស្សចាស់ម្នាក់ ។ សូមកត់ត្រាពីរបៀបដែលការបម្រើរបស់អ្នកបានជួយអ្នកឲ្យស្គាល់ពីនិស្ស័យនៃព្រះដែលមាននៅក្នុងខ្លួនអ្នក និងនៅក្នុងមនុស្សដទៃទៀតនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
សូមសរសេរពីឥរិយាបថ និងតួនាទីដ៏ទេវភាពទាំងឡាយរបស់ស្ដ្រីដូចដែលបានបង្រៀននៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( សូមមើលទំព័រ ១០១ ) ហើយអនុវត្តគម្រោងមួយដែលនឹងជួយអ្នកឲ្យរៀនបន្ថែមទៀតអំពីតួនាទីមួយក្នុងចំណោមតួនាទីទាំងនោះ ។
-
ដោយប្រើប្រាស់ជំនាញសិល្បៈ ឬគ្រឿងសិប្បកម្មដែលអ្នកបានរៀនមួយ សូមធ្វើអ្វីមួយដាក់ក្នុងគេហដ្ឋានបច្ចុប្បន្ន ឬនាពេលអនាគតរបស់អ្នក ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីរបៀបដែលគំនិតច្នៃប្រឌិតគឺជាផ្នែកមួយនៃនិស្ស័យនៃព្រះរបស់អ្នក និងពីរបៀបដែលគំនិតច្នៃប្រឌិតរបស់អ្នកបានផ្តល់ពរដល់មនុស្សដទៃ ។
-
ការចេះធ្វើការងារដោយចុះសម្រុងនឹងមនុស្សដទៃគឺជាឥរិយាបថដ៏ទេវភាពមួយ ( សូមមើល គ. និង ស. ៣៨:២៧ ) ។ សូមអនុវត្តគម្រោងមួយដែលនឹងជួយឲ្យមានសាមគ្គីភាពនៅក្នុងគ្រួសារធំរបស់អ្នក សាលារៀនរបស់អ្នក ឬសហគមន៍របស់អ្នក ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីរបៀបដែលអ្នកអាចធ្វើឲ្យមានភាពខុសគ្នា នៅពេលអ្នកធ្វើការជាមួយនឹងមនុស្សដទៃដោយសាមគ្គីភាព ។
គម្រោងរបស់ខ្ញុំគឺ ៖
ផែនការរបស់ខ្ញុំដើម្បីអនុវត្តគម្រោងរបស់ខ្ញុំគឺ ៖
ការអនុមតិ
កាលបរិច្ឆេទបញ្ចប់ដែលប៉ាន់ស្មាន
ការវាយតម្លៃលើគម្រោងរបស់ខ្ញុំគឺ ( រួមបញ្ចូលទាំងអារម្មណ៍ និងការយល់ដឹងរបស់អ្នកអំពីនិស្ស័យនៃព្រះដែលបានរីកចម្រើនផង ) ៖
ហត្ថលេខារបស់ឪពុក/ម្ដាយ ឬអ្នកដឹកនាំ
កាលបរិច្ឆេទ
ម៉ោងដែលបានចំណាយ