« សេចក្ដីសង្ខេបសម្រាប់យុវនារី » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៦–១០
« សេចក្ដីសង្ខេបសម្រាប់យុវនារី » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ៦–១០
សេចក្ដីសង្ខេបសម្រាប់យុវនារី
គោលបំណងនៃការអភិវឌ្ឍខ្លួន
ការអភិវឌ្ឍខ្លួននឹងជួយអ្នកឲ្យពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នករៀនសូត្រពីការបង្រៀនទាំងឡាយរបស់ទ្រង់ និងអនុវត្តការបង្រៀនទាំងនោះនៅក្នុងជីវិតរបស់អ្នកជាប្រចាំ ។ វានឹងជួយអ្នកឲ្យពង្រឹងដល់គ្រួសារបច្ចុប្បន្នរបស់អ្នក និងគ្រួសារនាពេលអនាគតរបស់អ្នក ។ វានឹងជួយអ្នកឲ្យចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ហើយទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ ហើយវានឹងរៀបចំអ្នកឲ្យក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ដ៏ស្មោះត្រង់ និងចូលរួមចំណែក ។
កម្មវិធីការអភិវឌ្ឍខ្លួនប្រើប្រាស់នូវគុណសម្បត្តិទាំងប្រាំបីរបស់ក្រុមយុវនារីដើម្បីជួយអ្នកឲ្យយល់ពីខ្លួនអ្នកកាន់តែច្បាស់ មូលហេតុដែលអ្នកនៅលើផែនដីនេះ និងអ្វីដែលអ្នកគួរតែធ្វើក្នុងនាមជាបុត្រីនៃព្រះ ដើម្បីរៀបចំសម្រាប់ថ្ងៃដែលអ្នកនឹងទៅព្រះវិហារបរិសុទ្ធចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ វានឹងជួយអ្នកឲ្យរៀបចំសម្រាប់តួនាទីក្នុងពេលអនាគតរបស់អ្នកជាស្ដ្រី ភរិយា ម្ដាយ និងអ្នកដឹកនាំដ៏ស្មោះត្រង់ម្នាក់នៅក្នុងនគររបស់ព្រះ ។ ការចូលរួមក្នុងការអភិវឌ្ឍខ្លួនបង្រៀនអ្នកឲ្យចេះតាំងចិត្ត អនុវត្តតាមការតាំងចិត្តនោះ ហើយរាយការណ៍ពីការរីកចម្រើនរបស់អ្នកដល់ឪពុក/ម្ដាយ ឬអ្នកដឹកនាំម្នាក់ ។ លំនាំដែលអ្នកស្ថាបនា កាលអ្នកធ្វើតាមការអភិវឌ្ឍខ្លួននោះ—ដូចជា ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការបម្រើ និងការរក្សាសៀវភៅកំណត់ហេតុ—នឹងក្លាយជាទម្លាប់ផ្ទាល់ខ្លួនប្រចាំថ្ងៃ ។ ទម្លាប់ទាំងនេះនឹងពង្រឹងដល់ទីបន្ទាល់របស់អ្នក ហើយជួយអ្នកឲ្យរៀនសូត្រ និងរីកចម្រើនឡើងពេញមួយជីវិតរបស់អ្នក ។
តម្រូវការ
ដើម្បីបញ្ចប់កម្មវិធីការអភិវឌ្ឍខ្លួន នោះអ្នកនឹងត្រូវ ៖
-
ចូលរួមការប្រជុំសាក្រាម៉ង់ជាប្រចាំ ( នៅកន្លែងដែលមាន ) ។
-
រស់នៅតាមបទដ្ឋាននៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។
-
បំពេញបទពិសោធន៍ និងគម្រោងនៃគុណសម្បត្តិនីមួយៗសម្រាប់គុណសម្បត្តិទាំងប្រាំបី ។
-
រក្សាសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ។
-
ចូលរៀនថ្នាក់សិក្ខាសាលា ឬស្វ័យសិក្សា ( នៅកន្លែងដែលមាន ) ។
-
អានព្រះគម្ពីរមរមនជាប្រចាំ ។
-
កត់ត្រាទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីបានបំពេញតាមតម្រូវការទាំងនេះរួចហើយ អ្នកនឹងមានសិទ្ធិដើម្បីទទួលរង្វាន់ការទទួលស្គាល់នៃភាពជាយុវនារី បន្ទាប់ពីត្រូវបានសម្ភាសពីភាពសក្ដិសមជាមួយនឹងប៊ីស្សព ឬប្រធានសាខារួចមក ។
ការចាប់ផ្ដើម
អ្នកអាចចាប់ផ្ដើមធ្វើតាមកម្មវិធីការអភិវឌ្ឍខ្លួននៅអាយុ ១២ ឆ្នាំ ឬនៅពេលដែលអ្នកទទួលបុណ្យជ្រមុជទឹកហើយ ប្រសិនបើអ្នកទទួលនៅចន្លោះអាយុ ១២ និង ១៨ ឆ្នាំ ។ យុវនារីដែលពុំមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ត្រូវបានស្វាគមន៍ឲ្យចូលរួមផងដែរ ។
នៅពេលអ្នកចាប់ផ្ដើម អ្នកនឹងទទួលបានខ្សែកមានបន្ដោងគប់ភ្លើងមួយ ដែលមានស្លាកសញ្ញាគប់ភ្លើងក្រុមយុវនារីនៅលើនោះ ។ ការពាក់ខ្សែកនេះបង្ហាញពីការតាំងចិត្តរបស់អ្នកដើម្បីបញ្ចាំងពន្លឺរបស់អ្នកចេញទៅ ហើយឈរសម្រាប់សេចក្ដីពិត និងសេចក្ដីសុចរិត ។
សូមអញ្ជើញឪពុកម្ដាយរបស់អ្នកឲ្យជួយអ្នកក្នុងការដាក់ផែនការ និងការបំពេញតាមកម្មវិធីការអភិវឌ្ឍខ្លួននេះ ។ ការចែកចាយបទពិសោធន៍ទាំងនេះអាចពង្រឹងដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងពួកគាត់ ។ ម្ដាយរបស់អ្នក ឬស្ដ្រីគំរូណាម្នាក់អាចធ្វើការអភិវឌ្ឍខ្លួនជាមួយនឹងអ្នក ហើយអ្នកអាចទទួលបានការទទួលស្គាល់នូវភាពជាយុវនារីជាមួយគ្នា ។ អ្នកអាចសម្របបទពិសោធន៍ និងគម្រោងនានាឲ្យស្របតាមកាលៈទេសៈ ចំណាប់អារម្មណ៍ និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ដោយមានការអនុមតិពីឪពុក/ម្ដាយ អ្នកដឹកនាំក្រុមយុវនារី ឬមជ្ឈិមវ័យណាម្នាក់ជាមុន ។
ការអភិវឌ្ឍខ្លួនអាចជាផ្នែកមួយនៃកិច្ចការល្អដែលអ្នកកំពុងធ្វើនៅឯគេហដ្ឋាន សាសនាចក្រ សាលារៀន ថ្នាក់សិក្ខាសាលា និងនៅក្នុងសហគមន៍ ។ សូមប្រើលិបិក្រមប្រធានបទនៅចុងបញ្ចប់នៃសៀវភៅនេះដើម្បីស្វែងរកប្រធានបទជាក់លាក់ផ្សេងៗដែលអ្នកចាប់អារម្មណ៍ ហើយរៀនពីរបៀបដែលវាអាចយកមកប្រើជាផ្នែកនៃការអភិវឌ្ឍខ្លួន ។ សូមចងចាំថា ត្រូវសរសើរខ្លួនឯងចំពោះកិច្ចការល្អទាំងអស់ដែលអ្នកធ្វើរាល់ថ្ងៃ ។ « ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ( អាលម៉ា ៣៧:៦ ) ។
សេចក្តីណែនាំទាំងឡាយ
អ្នកនឹងបំពេញតាមបទពិសោធន៍ចំនួនប្រាំមួយ ( បីជាតម្រូវការ ហើយបីទៀតអាចជ្រើសរើសបាន ) ព្រមទាំងគម្រោងមួយដែលមានរយៈពេលដប់ម៉ោងពីក្នុងគុណសម្បត្តិនីមួយៗនៃគុណសម្បត្តិក្រុមយុវនារីទាំងប្រាំពីរដំបូង ។ សម្រាប់គុណសម្បត្តិនៃគុណធម៌ អ្នកនឹងបំពេញបទពិសោធន៍ដែលតម្រូវឲ្យមានចំនួនបួន និងគម្រោងដែលតម្រូវឲ្យមានក្នុងការអានព្រះគម្ពីរមរមន ។ អ្នកអាចចាប់ផ្ដើមជាមួយនឹងគុណសម្បត្តិណាក៏បាន ហើយធ្វើការតាមលំដាប់ណាក៏បាន ។
នៅពេលអ្នកបានបញ្ចប់បទពិសោធន៍នៃគុណសម្បត្តិមួយ ឬគម្រោងនៃគុណសម្បត្តិមួយ សូមរំឭកវាសារឡើងវិញជាមួយនឹងឪពុក/ម្ដាយ អ្នកដឹកនាំ ឬមជ្ឈិមវ័យម្នាក់ ។ សូមឲ្យបុគ្គលនោះចុះហត្ថលេខាលើបទពិសោធន៍ដែលបានបញ្ចប់នៅក្នុងសៀវភៅការអភិវឌ្ឍខ្លួនរបស់អ្នក ។ សូមរក្សាកំណត់ត្រានៃការរីកចម្រើនរបស់អ្នកនៅក្នុងតារាងកត់ត្រាការអភិវឌ្ឍខ្លួន ( សូមមើលទំព័រ ៧៧ ) ។
បទពិសោធន៍នៃគុណសម្បត្តិ
-
យើងលើកទឹកចិត្តឲ្យអ្នកបញ្ចប់បទពិសោធន៍ដែលតម្រូវឲ្យមាននៅក្នុងគុណសម្បត្តិមួយមុន មុនពេលអ្នកបន្ដទៅបំពេញបទពិសោធន៍ដែលអាចជ្រើសរើសបាននៅក្នុងគុណសម្បត្តិនោះ ។
-
ទាក់ទងនឹងបទពិសោធន៍នៃគុណសម្បត្តិដែលអាចជ្រើសរើសបាន អ្នកអាចសរសេរបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នករហូតដល់ទៅពីរនៅក្នុងគុណសម្បត្តិ ឬសម្របបទពិសោធន៍ដែលបានផ្ដល់ឲ្យនោះឲ្យត្រូវតាមចំណាប់អារម្មណ៍ គោលដៅ ឬកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក ។ មុនពេលអ្នកចាប់ផ្ដើម សូមឲ្យឪពុក/ម្ដាយ ឬអ្នកដឹកនាំ ឬមជ្ឈិមវ័យម្នាក់អនុមតិលើគម្រោងទាំងនេះសិន ។
គម្រោងនៃគុណសម្បត្តិ
-
សូមបំពេញបទពិសោធន៍ដែលតម្រូវឲ្យមាននៅក្នុងគុណសម្បត្តិមួយ ពីមុនអ្នកចាប់ផ្ដើមគម្រោងនៅក្នុងគុណសម្បត្តិនោះ លើកលែងតែគុណសម្បត្តិនៃគុណធម៌ ។ អ្នកអាចចាប់ផ្ដើមអានព្រះគម្ពីរមរមននៅពេលណាក៏បាន ។
-
មុនពេលអ្នកចាប់ផ្ដើម សូមឲ្យឪពុក/ម្ដាយ ឬអ្នកដឹកនាំ ឬមជ្ឈិមវ័យម្នាក់អនុមតិលើគម្រោងនៃគុណសម្បត្តិនីមួយៗជាមុនសិន ។
-
អ្នកអាចអញ្ជើញឲ្យមនុស្សដទៃជួយអ្នកជាមួយនឹងគម្រោងនៃគុណសម្បត្តិនានា ប៉ុន្ដែសម្រាប់គម្រោងនីមួយៗ អ្នកផ្ទាល់ត្រូវតែចំណាយពេលយ៉ាងតិចដប់ម៉ោង ។
ល្បឿន និង ការទទួលស្គាល់
-
អ្នកអាចធ្វើការតាមល្បឿនរបស់អ្នកផ្ទាល់ខ្លួន ប៉ុន្ដែអ្នកគួរតែធ្វើការយ៉ាងតិចលើបទពិសោធន៍ ឬគម្រោងមួយជានិច្ច ។ កិច្ចការខាងក្រោមនេះត្រូវបានលើកទឹកចិត្តឲ្យធ្វើ ៖
-
សូមបំពេញបទពិសោធន៍យ៉ាងហោចណាស់មួយក្នុងមួយខែ និងគម្រោងមួយរាល់ប្រាំមួយខែម្ដង ( គម្រោងពីរក្នុងមួយឆ្នាំ ) ។
-
សូមចូលរួមការប្រជុំសាក្រាម៉ង់ជាប្រចាំ និងចូលរួមក្នុងថ្នាក់សិក្ខាសាលា ( នៅកន្លែងដែលមាន ) ។
-
សូមជួបជាមួយនឹងសមាជិកម្នាក់ក្នុងគណៈប៊ីស្សពយ៉ាងហោចណាស់មួយឆ្នាំម្ដង ដើម្បីពិភាក្សាពីជោគជ័យរបស់អ្នកនៅក្នុងការអភិវឌ្ឍខ្លួន កិច្ចខំប្រឹងរបស់អ្នកដើម្បីរស់នៅតាមបទដ្ឋាននៅក្នុង ដើម្បីកម្លាំងនៃយុវជន ព្រមទាំងសួរសំណួរផ្សេងទៀតនានាដែលអ្នកអាចមាន ។
-
-
នៅពេលដែលបទពិសោធន៍ និងគម្រោងទាំងអស់នៅក្នុងគុណសម្បត្តិមួយបានបញ្ចប់ហើយ អ្នកដឹកនាំរបស់អ្នកនឹងទទួលស្គាល់ការសម្រេចបានរបស់អ្នកនៅក្នុងការប្រជុំក្រុមយុវនារីមួយ ហើយជូនដល់អ្នកនូវបដិរូបមួយដើម្បីបិទលើទំព័រការទទួលស្គាល់គុណសម្បត្តិការអភិវឌ្ឍខ្លួនរបស់អ្នកនៅក្នុងសៀវភៅនេះ ( សូមមើលទំព័រ ៧៨ ) ព្រមទាំងខ្សែបូរមួយដើម្បីដាក់ខ្ទាស់នៅក្នុងព្រះគម្ពីររបស់អ្នក ។
-
អ្នកនឹងមានឱកាសចែកចាយការសម្រេចបានរបស់អ្នកនៅក្នុងការអភិវឌ្ឍខ្លួនប្រចាំឆ្នាំក្នុងកម្មវិធីយុវនារីឆ្នើម ។
-
ជោគជ័យរបស់អ្នកនៅក្នុងការអភិវឌ្ឍខ្លួនក៏អាចត្រូវបានកត់សម្គាល់ នៅពេលអ្នកទទួលយកសញ្ញាបត្រប៊ីហៃ ម៉ៃម៉េត និងឡូរ៉ល កាលអ្នកប្ដូរពីថ្នាក់មួយទៅថ្នាក់មួយទៀត ។
ការបញ្ចប់ការអភិវឌ្ឍខ្លួន
-
នៅពេលអ្នកបានបញ្ចប់បទពិសោធន៍ និងគម្រោងនៃគុណសម្បត្តិការអភិវឌ្ឍខ្លួនទាំងអស់ហើយ សូមសរសេរនូវទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទនៅលើទំព័រ ៧៩ ។ សូមរំឭកវគ្គ « ការទទួលស្គាល់នូវភាពជាយុវនារី » ក្នុងសៀវភៅនេះជាមួយនឹងឪពុក/ម្ដាយ អ្នកដឹកនាំ ឬមជ្ឈិមវ័យម្នាក់ ( ទំព័រ ៧៦ ) ។ បន្ទាប់មក សូមរៀបចំណាត់ជួបទទួលការសម្ភាសពីប៊ីស្សពរបស់អ្នក ដើម្បីឲ្យគាត់អាចចុះហត្ថលេខាលើការបញ្ជាក់នៅទំព័រ ៨២ ហើយរៀបចំធ្វើការបង្ហាញសញ្ញាបត្រ និងមេដាយនៃការទទួលស្គាល់នូវភាពជាយុវនារី ។
-
យើងសូមលើកទឹកចិត្តអ្នកឲ្យបំពេញការអភិវឌ្ឍខ្លួននៅពេញឆ្នាំដែលអ្នកនៅក្នុងថ្នាក់យុវនារីរបស់អ្នក ទោះបីជាបន្ទាប់ពីអ្នកបានទទួលការទទួលស្គាល់នូវភាពជាយុវនារីហើយក្ដី ។ យោបល់ទាំងឡាយអំពីរបៀបបន្ដការរីកចម្រើនមាននៅក្នុងវគ្គ « តើខ្ញុំត្រូវធ្វើអ្វី នៅពេលដែលខ្ញុំបានបញ្ចប់ការអភិវឌ្ឍខ្លួន ? » ( ទំព័រ ៨៣ ) ។ សូមរំឭកវគ្គនេះជាមួយនឹងឪពុក/ម្ដាយ អ្នកដឹកនាំ ឬមជ្ឈិមវ័យម្នាក់ ។ អ្នកអាចជ្រើសរើសទទួលយករង្វាន់សត្វឃ្មុំជាទីស្រឡាញ់មកដាក់បន្ដោងខ្សែកជាមួយនឹងមេដាយរបស់អ្នក ឬអ្នកអាចចាប់ផ្ដើមកម្មវិធីនេះទាំងស្រុងម្ដងទៀត ។ អ្នកក៏ត្រូវបានលើកទឹកចិត្តឲ្យជួយយុវនារីផ្សេងទៀតជាមួយនឹងការអភិវឌ្ឍខ្លួនរបស់ពួកគេដែរ ។ តាមរយៈការបន្ដការរីកចម្រើនរបស់អ្នក អ្នកនឹងបន្ដនៅលើផ្លូវទៅព្រះវិហារបរិសុទ្ធ ហើយអភិវឌ្ឍគុណសម្បត្តិទាំងឡាយដែលនឹងជួយអ្នកពេញមួយជីវិតរបស់អ្នក ។