« ការជ្រើសរើស និង ការទទួលខុសត្រូវ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៤៥–៥២
« ការជ្រើសរើស និង ការទទួលខុសត្រូវ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ៤៥–៥២
ការជ្រើសរើស និង ការទទួលខុសត្រូវ
ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ … តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ( យ៉ូស្វេ ២៤:១៥ ) ។
ខ្ញុំនឹងជ្រើសរើសអំពើល្អ ជាជាងអំពើអាក្រក់ ហើយខ្ញុំនឹងទទួលយកការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្ញុំ ។
បទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាន
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមានទាំងបីដូចខាងក្រោមនេះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
បុត្រីនៃព្រះម្នាក់អាចធ្វើការសម្រេចចិត្តដ៏វាងវៃ ហើយអាចដោះស្រាយបញ្ហាផ្សេងៗបាន ។ សូមអាន នីហ្វៃ ទី១ ១៥:៨; នីហ្វៃ ទី២ ៣២:៣; អាលម៉ា ៣៤:១៩–២៧; អេធើរ ២–៣; និង គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៩ ។ សូមធ្វើតាមគន្លងនៃការសិក្សាព្រះគម្ពីរ និងការអធិស្ឋានជាទៀងទាត់មួយដើម្បីទទួលបានជំនួយក្នុងការធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដូចជា ការជ្រើសរើសមិត្តល្អ ការធ្វើអំពើល្អដល់មនុស្សដទៃ ការក្រោកពីដំណេកទាន់ម៉ោង ឬការសម្រេចចិត្តផ្សេងៗទៀត ។ សូមពិភាក្សាជាមួយនឹងឪពុក/ម្ដាយ ឬអ្នកដឹកនាំម្នាក់ពីរបៀបដែលការសិក្សាព្រះគម្ពីរ និងការអធិស្ឋានជាទៀងទាត់បានជួយអ្នកឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ។
-
សូមអានកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ។ សូមសរសេរនូវបទដ្ឋាននៃអាកប្បកិរិយាសុចរិតនីមួយៗដែលមាននៅក្នុងសេចក្ដីសង្ខេបនៃកូនសៀវភៅនោះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ហើយកត់ត្រានូវមូលហេតុដែលវាសំខាន់ដើម្បីជ្រើសរើសរស់នៅតាមបទដ្ឋានទាំងនោះ ។ សូមអនុវត្តការរស់នៅតាមបទដ្ឋានដ៏សុចរិតទាំងនោះ តាមរយៈការជ្រើសរើសបទដ្ឋានបីដែលអ្នកត្រូវពង្រឹង ។ អ្នកអាចជ្រើសរើសដើម្បីប្រយ័ត្នប្រយែងជាងមុនក្នុងការមើលទូរទស្សន៍ ស្ដាប់តន្ដ្រី អានសៀវភៅ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ឬអ្នកអាចកែលម្អការស្លៀកពាក់របស់អ្នកឲ្យកាន់តែសមរម្យ ប្រើប្រាស់ភាសាកាន់តែមានសុជីវធម៌ ឬកាន់តែមានភាពស្មោះត្រង់ ។ បីសប្ដាហ៍ក្រោយមក សូមចែកចាយការរីកចម្រើនរបស់អ្នកជាមួយនឹងគ្រួសាររបស់អ្នក មិត្តក្នុងថ្នាក់របស់អ្នក ឬអ្នកដឹកនាំម្នាក់ ។
-
សិទ្ធិជ្រើសរើស ឬសមត្ថភាពដើម្បីជ្រើសរើសគឺជាអំណោយទានមួយដ៏មហិមារបស់ព្រះដល់កូនចៅរបស់ទ្រង់ ។ សូមអានអំពីសិទ្ធិជ្រើសរើសនៅក្នុង យ៉ូស្វេ ២៤:១៥; នីហ្វៃ ទី២ ២; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:២–១០ ។ សូមពិភាក្សាអំពីពរជ័យ និងការទទួលខុសត្រូវទាំងឡាយនៃសិទ្ធិជ្រើសរើសជាមួយនឹងឪពុក/ម្ដាយ ឬអ្នកដឹកនាំម្នាក់ ។ សូមកត់ត្រានូវការយល់ដឹងរបស់អ្នកអំពីសិទ្ធិជ្រើសរើស និងលទ្ធផលនៃការជ្រើសរើស និងសកម្មភាពទាំងឡាយនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
បទពិសោធន៍នៃគុណសម្បត្តិបន្ថែម
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិបន្ថែមទាំងបីនេះ ។ អ្នកអាចជ្រើសរើសចេញពីជម្រើសដូចខាងក្រោម ឬសរសេរចេញពីគំនិតរបស់អ្នកឲ្យបានចំនួនពីរ ។ មុនពេលអ្នកចាប់ផ្ដើម ឪពុក/ម្ដាយ ឬអ្នកដឹកនាំរបស់អ្នកត្រូវតែអនុមតិលើកិច្ចការដែលអ្នកសរសេរដោយខ្លួនឯងទាំងនោះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
សូមអានអំពីការប្រែចិត្តនៅក្នុង អេសាយ ១:១៨; អាលម៉ា ២៦:២២; ៣៤:៣០–៣៥; មរ៉ូណៃ ៨:២៥–២៦ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០; ៥៨:៤២–៤៣ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីអត្ថន័យនៃការប្រែចិត្តចំពោះអ្នក ។ សូមសិក្សាពីដំណើរការនៃការប្រែចិត្ត អធិស្ឋានសុំការដឹកនាំ និងអនុវត្តគោលការណ៍ទាំងឡាយនៃការប្រែចិត្តនៅក្នុងជីវិតរបស់អ្នក ។
-
ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកឲ្យធ្វើការជ្រើសរើសត្រឹមត្រូវ ។ សូមរៀនបន្ថែមអំពីព្រះវិញ្ញាណបរិសុទ្ធដោយការអាន និងពិភាក្សាជាមួយនឹងឪពុក/ម្ដាយ ឬអ្នកដឹកនាំ ឬមិត្តភក្ដិម្នាក់អំពី អេសេគាល ៣៦:២៦–២៧; យ៉ូហាន ១៤:២៦; ១៦:១៣; កាឡាទី ៥:២២–២៥; នីហ្វៃ ទី២ ៣២:៥; មរ៉ូណៃ ១០:៤–៥; និង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៤ ។ បន្ទាប់មក សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តបានល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។ សូមអធិស្ឋានសុំ និងរស់នៅដោយសក្ដិសមដើម្បីទទួលបានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។
-
សូមសិក្សាបាវចនារបស់ក្រុមយុវនារី និងអ្វីដែលវាបង្រៀនអ្នកអំពីខ្លួនអ្នក អ្វីដែលអ្នកត្រូវធ្វើ និងមូលហេតុដែលអ្នកត្រូវធ្វើការណ៍នោះ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអ្វីដែលអ្នកនឹងធ្វើរាល់ថ្ងៃទាក់ទងនឹងភាពសមរម្យ ការដើរលេងជាគូ និងប្រព័ន្ធផ្សព្វផ្សាយដើម្បីមានភាពស្អាតស្អំខាងសីលធម៌ និងមានភាពសក្ដិសមដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ។ សូមកត់ត្រានៅក្នុង សៀវភៅកំណត់ហេតុរបស់អ្នកអំពីរបៀបដែលជម្រើសទាំងនេះនឹងជួយអ្នកឲ្យបន្ដមានសេរីភាព និងសប្បាយរីករាយ ។
-
ការធ្វើការជ្រើសរើសគឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។ សូមអាន ម៉ូសេ ៤:១–៤; ៧:៣២; និង នីហ្វៃ ទី២ ៩:៥១ ។ សូមស្ថាបនាគំរូមួយនៃការគ្រប់គ្រងប្រាក់ដោយវាងវៃ តាមរយៈការធ្វើគម្រោងថវិកាក្នុងការសន្សំប្រាក់ និងការចំណាយប្រាក់របស់អ្នក រួមទាំងការបង់ដង្វាយមួយភាគក្នុងដប់ផងដែរ ។ សូមរស់នៅតាមគម្រោងថវិការបស់អ្នកឲ្យបានយ៉ាងតិចណាស់បីខែ ។ សូមដាក់អាទិភាពដែលអនុញ្ញាតឲ្យអ្នកបំពេញតាមតម្រូវការដ៏សំខាន់បំផុត ពីមុនបំពេញតាមចំណង់របស់អ្នក ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអ្វីដែលអ្នកបានរៀន និងពីរបៀបដែលការធ្វើតាមគន្លងទាំងនេះនឹងបន្ដប្រទានពរជ័យដល់ជីវិតរបស់អ្នក ។
បទពិសោធន៍នៃគុណសម្បត្តិផ្ទាល់ខ្លួន
គម្រោងនៃគុណសម្បត្តិ
បន្ទាប់ពីអ្នកបានបំពេញបទពិសោធន៍នៃគុណសម្បត្តិនៃការជ្រើសរើស និង ការទទួលខុសត្រូវទាំងប្រាំមួយរួចហើយ សូមបង្កើតគម្រោងមួយដែលនឹងជួយអ្នកឲ្យអនុវត្តនូវអ្វីដែលអ្នកបានរៀន ។ ការណ៍នេះគួរតែជាកិច្ចខិតខំដ៏សំខាន់មួយដែលនឹងធ្វើឡើងយ៉ាងតិចណាស់ដប់ម៉ោងដើម្បីបញ្ចប់វា ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធប្រកបដោយការអធិស្ឋាន ដើម្បីជ្រើសរើសគម្រោងដ៏មានអត្ថន័យមួយ ។
មុនពេលអ្នកចាប់ផ្ដើម សូមឲ្យឪពុក/ម្ដាយ ឬអ្នកដឹកនាំរបស់អ្នកអនុមតិលើគម្រោងនេះសិន ។ សូមសរសេរការវាយតម្លៃមួយ បន្ទាប់ពីអ្នកបានបញ្ចប់ ។ ខាងក្រោមនេះគឺជាយោបល់មួយចំនួនអំពីគម្រោងនៃគុណសម្បត្តិមួយ ។
-
ដោយប្រើសៀវភៅ ដើម្បីកម្លាំងនៃយុវជន និងក្រោមការដឹកនាំពីឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នក សូមរៀបចំ ឬចូលរួមនៅក្នុងការពិភាក្សាជាក្រុមមួយ ការបង្ហាញម៉ូតមួយ ឬព្រឹត្តិការណ៍ផ្សេងទៀតដែលជួយអ្នក និងយុវវ័យផ្សេងទៀតឲ្យជ្រើសរើសរស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ ។
-
នៅក្រោមការដឹកនាំពីឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នក សូមជួយដាក់ផែនការ ហើយដឹកនាំសកម្មភាពរបាំយុវវ័យមួយ ឬសកម្មភាពផ្សេងទៀតដែលបង្ហាញពីក្បាច់រាំដែលសមរម្យ និងមានតន្ដ្រី ការដាក់ភ្លើង និងបរិយាកាសដ៏ល្អប្រពៃ ។
-
សូមវាយតម្លៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិជ្ជារបស់អ្នក ។ សូមបង្កើត និងអនុវត្តផែនការមួយដើម្បីបញ្ចៀសប្រព័ន្ធផ្សព្វផ្សាយដែលមិនត្រឹមត្រូវចេញពីគេហដ្ឋានរបស់អ្នក ។ សូមធានាថា ផែនការរបស់អ្នកលើកទឹកចិត្តឲ្យមានការប្រើប្រាស់ទូរទស្សន៍ ខ្សែភាពយន្ដ តន្ដ្រី កុំព្យូទ័រ អ៊ិនធើរណិត ទូរសព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយតាមទម្រង់ផ្សេងទៀតនៅក្នុងគេហដ្ឋានឲ្យបានល្អប្រពៃ ។ សូមចែកចាយគំនិតរបស់អ្នកជាមួយនឹងគ្រួសាររបស់អ្នក និងមនុស្សដទៃ ។
-
សូមរៀនដេរប៉ាក់សំលៀកបំពាក់ និងរៀនពីវិធីប៉ះខោអាវបន្ដិចបន្ដួច កាលអ្នកត្រូវសម្របការស្លៀកពាក់របស់អ្នកតាមបទដ្ឋាននៃការស្លៀកពាក់ឲ្យបានសមរម្យ ។
-
សូមជ្រើសរើសដើម្បីកាន់តែមានសណ្ដាប់ធ្នាប់ជាមុននៅក្នុងគេហដ្ឋានរបស់អ្នក តាមរយៈការបំពេញគម្រោងសម្អាត ឬរៀបចំមួយ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីរបៀបដែលការធ្វើដូច្នេះបានជួយអ្នកក្នុងផ្នែកផ្សេងទៀតនៃជីវិតរបស់អ្នក ។
គម្រោងរបស់ខ្ញុំគឺ ៖
ផែនការរបស់ខ្ញុំដើម្បីអនុវត្តគម្រោងរបស់ខ្ញុំគឺ ៖
ការអនុមតិ
កាលបរិច្ឆេទបញ្ចប់ដែលប៉ាន់ស្មាន
ការវាយតម្លៃលើគម្រោងរបស់ខ្ញុំគឺ ( រួមបញ្ចូលទាំងអារម្មណ៍ និងការយល់ដឹងរបស់អ្នកអំពីការជ្រើសរើស និងការទទួលខុសត្រូវដែលបានរីកចម្រើនផង ) ៖
ហត្ថលេខារបស់ឪពុក/ម្ដាយ ឬអ្នកដឹកនាំ
កាលបរិច្ឆេទ
ម៉ោងដែលបានចំណាយ