« គុណធម៌ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៦៩–៧៤
« គុណធម៌ » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ៦៩–៧៤
គុណធម៌
តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃជាជាងពួកត្បូងទទឹមទៅទៀត ( សុភាសិត ៣១:១០ ) ។
ខ្ញុំនឹងរៀបចំខ្លួនដើម្បីចូលព្រះវិហារបរិសុទ្ធ ហើយបន្ដបរិសុទ្ធ និងមានភាពសក្ដិសម ។
គំនិត និងសកម្មភាពរបស់ខ្ញុំនឹងផ្អែកលើបទដ្ឋាននៃសីលធម៌ដ៏ខ្ពង់ខ្ពស់ ។
បទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាន
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមានទាំងបួនដូចខាងក្រោមនេះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
គុណធម៌គឺជាគន្លងមួយនៃគំនិត និងអាកប្បកិរិយាដែលផ្អែកទៅលើបទដ្ឋានសីលធម៌ដ៏ខ្ពង់ខ្ពស់ ។ វារួមមាននូវព្រហ្មចារីភាព និងបរិសុទ្ធភាព ។ អំណាចដើម្បីបង្កើតជីវិតរមែងស្លាប់គឺជាអំណាចដ៏ធំបំផុតដែលព្រះបានប្រទានដល់កូនចៅរបស់ទ្រង់ ។ ទ្រង់បានបញ្ជាថា អំណាចនេះត្រូវបានប្រើសម្រាប់តែបុរសម្នាក់ និង ស្ត្រីម្នាក់ដែលបានរៀបអាពាហ៍ពិពាហ៍ជាស្វាមីភរិយាស្របច្បាប់ប៉ុណ្ណោះ ។ សូមសិក្សាពីអត្ថន័យ និងសារសំខាន់នៃព្រហ្មចារីភាព និងគុណធម៌ដោយការអាន យ៉ាកុប ២:២៨, « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( សូមមើលទំព័រ ១០១ ) និង វគ្គស្ដីពីបរិសុទ្ធភាពខាងផ្លូវភេទនៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ សូមអានមាត្រាទីដប់បីក្នុងមាត្រានៃសេចក្ដីជំនឿ និង សុភាសិត ៣១:១០–៣១ ផងដែរ ។ នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមសរសេរពីពរជ័យដែលបានសន្យានៃការធ្វើជាមនុស្សដែលមានភាពស្អាតស្អំ និងបរិសុទ្ធខាងផ្លូវភេទ និងការប្ដេជ្ញាចិត្តរបស់អ្នកដើម្បីនៅបរិសុទ្ធ ។
-
ការរស់នៅដោយមានគុណធម៌ « នៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ធ្វើឲ្យអ្នកមានភាពសក្ដិសមដើម្បីទទួលបាននូវភាពជាដៃគូដ៏ខ្ជាប់ខ្ជួនពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលដែលអ្នកទទួលបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់ នោះអ្នកត្រូវបានប្រទានឲ្យនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំអ្នកនៅគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរបស់អ្នក ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធពុំគង់នៅក្នុងរោងឧបោសថដែលពុំស្អាត នោះការរស់នៅក្នុងជីវិតដែលមានគុណធម៌មួយគឺជាអ្វីដែលយើងត្រូវមានជាមុន ដើម្បីទទួលបាននូវភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីទទួលបានពរជ័យនៃពិធីបរិសុទ្ធព្រះវិហារបរិសុទ្ធ ។ សូមអានសេចក្ដីយោងបទគម្ពីរខាងក្រោម ហើយរកមើលពរជ័យដែលបានសន្យាទាំងឡាយ ៖ យ៉ូហាន ១៤:២៦–២៧; ១៥:២៦; នីហ្វៃ ទី២ ៣២:១–៥; និង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៧–៥៩; ៨៨:៣–៤; ១២១:៤៥–៤៦ ។ នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមកត់ត្រាអ្វីដែលអ្នកបានរៀន ហើយសរសេរអំពីពេលវេលាដែលអ្នកបានទទួលអារម្មណ៍ថាត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមរៀបចំឲ្យមានភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ហើយចូលរួមក្នុងពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ សូមអាន អាលម៉ា ជំពូកទី ៥ ។ សូមធ្វើបញ្ជីមួយអំពីសំណួរទាំងឡាយដែលអាលម៉ាសួរ ។ សូមឆ្លើយនឹងសំណួរទាំងឡាយដោយខ្លួនអ្នក ហើយធ្វើបញ្ជីអំពីអ្វីៗដែលអ្នកអាច ហើយនឹងធ្វើដើម្បីរៀបចំខ្លួនអ្នកឲ្យមានភាពបរិសុទ្ធ និងភាពសក្ដិសមចូលក្នុងព្រះវិហារបរិសុទ្ធ និងទទួលពរជ័យទាំងអស់ដែលព្រះវរបិតាសួគ៌របស់យើងបានសន្យាដល់បុត្រីជាទីស្រឡាញ់របស់ទ្រង់ ។
-
ដោយសារព្រះអង្គសង្គ្រោះស្រឡាញ់អ្នក ហើយបានលះបង់ព្រះជន្មរបស់ទ្រង់សម្រាប់អ្នក នោះអ្នកអាចប្រែចិត្តបាន ។ ការប្រែចិត្តគឺជាទង្វើមួយនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមអាន មរ៉ូណៃ ១០:៣២–៣៣ គម្ពីរអេណុស និងវគ្គអំពីការប្រែចិត្តនៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ ពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះបានធ្វើឲ្យអ្នកអាចទទួលបានការអភ័យទោសពីបាបរបស់អ្នកបាន ។ សូមអានការអធិស្ឋានសាក្រាម៉ង់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ។ សូមប្ដេជ្ញាចិត្តដើម្បីទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ដោយមានភាពសក្ដិសម ហើយបំពេញជីវិតរបស់អ្នកដោយសកម្មភាពប្រកបដោយគុណធម៌ ដែលនឹងនាំមកនូវអំណាចខាងវិញ្ញាណ ។ កាលអ្នកធ្វើបែបនេះ នោះអ្នកនឹងកាន់តែមានសមត្ថភាពខ្លាំងឡើងដើម្បីតទល់នឹងការល្បួង កាន់ខ្ជាប់តាមព្រះបញ្ញត្តិទាំងឡាយ ហើយប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ សូមកំណត់អ្វីដែលអ្នកអាចធ្វើជារៀងរាល់ថ្ងៃដើម្បីបន្ដមានភាពបរិសុទ្ធ និងភាពសក្ដិសម ហើយសរសេរផែនការរបស់អ្នកក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
គម្រោងនៃគុណសម្បត្តិ
អ្នកអាចចាប់ផ្ដើមបំពេញគម្រោងនៃគុណសម្បត្តិដែលតម្រូវឲ្យមាននេះនៅពេលណាក៏បាន ។
ព្រះអង្គសង្គ្រោះបានជ្រើសរើសរស់នៅក្នុងព្រះជន្មមួយប្រកបដោយគុណធម៌ ។ សូមធ្វើតាមដំបូន្មានរបស់ទ្រង់ឲ្យ « រៀនអំពីយើង » ( គ. និង ស. ១៩:២៣ ) ដោយការអានព្រះគម្ពីរមរមនទាំងមូល ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមប្រៀបប្រដូចបទគម្ពីរទៅនឹងជីវិត ព្រមទាំងស្ថានភាពរបស់អ្នក ។ នៅពេលអ្នកអាន សូមកត់ត្រាគំនិតទាំងឡាយរបស់អ្នកជាប្រចាំនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមកត់ចំណាំពីគំរូរបស់ព្រះអង្គសង្គ្រោះ ។ តើទ្រង់ និងអស់អ្នកដែលបានដើរតាមទ្រង់បានធ្វើអ្វីខ្លះ ដើម្បីរស់នៅក្នុងជីវិតដែលមានគុណធម៌ ? នៅចុងបញ្ចប់នៃការអានរបស់អ្នក សូមកត់ត្រាទីបន្ទាល់របស់អ្នក ។
« ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមនគឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារការធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរដទៃទៀតទាំងអស់ » ( យ៉ូសែប ស្ម៊ីធ នៅក្នុងបុព្វកថានៃព្រះគម្ពីរមរមន ) ។
ទីបន្ទាល់របស់ខ្ញុំអំពីព្រះគម្ពីរមរមន
« ហើយកាលណាអ្នករាល់គ្នាបានទទួលនូវការណ៍ទាំងនេះ នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា ឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នា សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៤ ) ។
ហត្ថលេខារបស់ឪពុក/ម្ដាយ ឬអ្នកដឹកនាំ
កាលបរិច្ឆេទ
ម៉ោងដែលបានចំណាយ