ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 112


កណ្ឌ​ទី ១១២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ថូម៉ាស ប៊ី ម៉ាស នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​១៨៣៧ (History of the Church, ២:៤៩៩–៥០១)។ វិវរណៈ​នេះ​មាន​ព្រះ​បន្ទូល​ដែល​ព្រះ​អម្ចាស់​មាន​ចំពោះ​ថូម៉ាស ប៊ី ម៉ាស ស្ដី​អំពី​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម។ ព្យាការី​កត់​ថា​វិវរណៈ​នេះ​ត្រូវ​បាន​ទទួល នៅ​ថ្ងៃ​ដែល​ដំណឹង​ល្អ​បាន​ផ្សាយ​មុនដំបូង នៅ​ប្រទេស​អង់គ្លេស។ នៅ​គ្រា​នោះ ថូម៉ាស ប៊ី ម៉ាស ត្រូវ​ជា​ប្រធាន​នៃ​កូរ៉ុម​សាវក​១២​នាក់។

១–១០, ពួក​១២​នាក់​ត្រូវ​បញ្ជូន​ដំណឹង​ល្អ ហើយ​បន្លឺ​សំឡេង​ព្រមាន​ដល់​អស់​ទាំង​សាសន៍ និង​ប្រជាជន; ១១–១៥, ពួក​គេ​ត្រូវ​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់; ១៦–២០, អស់​អ្នក​ណា​ដែល​ទទួល​គណៈប្រធាន​ទី​មួយ នោះ​ទទួល​ព្រះ​អម្ចាស់​ដែរ; ២១–២៩, សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​ផែនដី ហើយ​មាន​តែ​ពួក​អ្នក​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ដែល​នឹង​បាន​សង្គ្រោះ; ៣០–៣៤, គណៈប្រធាន​ទី​មួយ និង​ពួក​១២​នាក់ កាន់​កូន​សោ​ទាំង​ឡាយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក ថូម៉ាស ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ​ថា ៖ យើង​បាន​ឮ​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក​ហើយ ហើយ​ការ​ដាក់​ទាន​ទាំង​ឡាយ​របស់​អ្នក បាន​ឡើង​មក​ជា​ការ​រំឭក​នៅ​ចំពោះ​យើង​ជំនួស​ពួក​អ្នក​ទាំង​នោះ ដែល​ជា​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា ដែល​ត្រូវ​បាន​រើស​ដើម្បី​ថ្លែង​ទី​បន្ទាល់​ពី​ព្រះ​នាម​របស់​យើង ហើយ​ដើម្បី​ចាត់​ទី​បន្ទាល់​របស់​យើង​ឲ្យ​ទៅ​ទី​ឆ្ងាយ ក្នុង​ចំណោម​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ហើយ​ត្រូវ​បាន​តែងតាំង តាម​រយៈ​ឧបករណ៍​នៃ​ពួក​អ្នក​បម្រើ​របស់​យើង។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​ការណ៍​បន្តិចបន្តួច​នៅ​ក្នុង​ចិត្ត​របស់​អ្នក ហើយ​នៅ​នឹង​អ្នក ដែល​យើង​ជា​ព្រះ​អម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដរាបណា​អ្នក​បាន​បន្ទាប​ខ្លួន នោះ​អ្នក​នឹង​បាន​តម្កើង​ឡើង ហេតុ​ដូច្នេះ​ហើយ អំពើ​បាប​ទាំង​អស់​របស់​អ្នក ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ។

ចូរ​ឲ្យ​មាន​សង្ឃឹម​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​យើង​ចុះ ហើយ​អ្នក​នឹង​ត្រូវ​ថ្លែង​ទី​បន្ទាល់​ពី​ព្រះ​នាម​របស់​យើង មិន​គ្រាន់តែ​ដល់​ពួក​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​ពួក​សាសន៍​យូដា​ផង ហើយ​អ្នក​នឹង​ត្រូវ​បញ្ជូន​ព្រះ​បន្ទូល​របស់​យើង​ទៅ​ដល់​ចុង​បំផុត​ផែនដី។

ហេតុ​ដូច្នេះ​ហើយ ចូរ​ខំ​ប្រយុទ្ធ ចាប់​តាំង​ពី​ព្រលឹម​ទៅ​ដល់​ព្រលឹម ហើយ​ជា​រៀង​រាល់​ថ្ងៃ ចូរ​បន្លឺ​សំឡេង​ព្រមាន​របស់​អ្នក​ចេញ​ទៅ ហើយ​កាល​ពេល​យប់​មក​ដល់ ចូរ​កុំ​បណ្ដោយ​ឲ្យ​បណ្ដាជន​នៅ​លើ​ផែនដី​លង់លក់​ឡើយ ព្រោះ​តែ​ពាក្យ​ពេចន៍​របស់​អ្នក។

ចូរ​ឲ្យ​ទីលំនៅ​របស់​អ្នក​បាន​ស្គាល់​នៅ​ក្នុង​ស៊ីយ៉ូន ហើយ​ចូរ​កុំ​ដូរ​ផ្ទះ​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ មាន​កិច្ចការ​ដ៏​ធំ​សម្រាប់​ឲ្យ​អ្នក​ប្រតិបត្តិ​ក្នុង​ការ​ផ្សាយ​ព្រះ​នាម​របស់​យើង នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស។

ហេតុ​ដូច្នេះ​ហើយ ចូរ​ក្រវាត់​ចង្កេះ​សម្រាប់​កិច្ច​ការ​ចុះ។ ចូរ​ឲ្យ​ជើង​អ្នក​បាន​ពាក់​ស្បែក​ជើង​ផង ព្រោះ​អ្នក​ត្រូវ​បាន​រើស​ហើយ ហើយ​ផ្លូវ​របស់​អ្នក​នៅ​ចំណោម​ភ្នំ​ទាំង​ឡាយ និង​នៅ​ចំណោម​សាសន៍​ជា​ច្រើន។

ហើយ​ដោយ​សារ​ពាក្យ​សម្ដី​របស់​អ្នក ទើប​ពួក​អ្នក​ខ្ពង់​ខ្ពស់​ជា​ច្រើន​ត្រូវ​បាន​បន្ទាប​ចុះ ហើយ​ដោយ​សារ​ពាក្យ​សម្ដី​របស់​អ្នក ទើប​ពួក​អ្នក​ទាប​ត្រូវ​បាន​តម្កើង​ឡើង។

សំឡេង​របស់​អ្នក​នឹង​ទៅ​ជា​ការ​បន្ទោស​ដល់​អ្នក​រំលង​ច្បាប់ ហើយ​ដោយ​សារ​ការ​បន្ទោស​របស់​អ្នក ចូរ​ឲ្យ​អណ្ដាត​នៃ​ពួក​អ្នក​និយាយ​ដើម​គេ​ឈប់​ពី​ការ​ខូច​អាក្រក់​ចុះ។

១០ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក។

១១យើង​ជ្រាប​នូវ​ចិត្ត​របស់​អ្នក​ហើយ ហើយ​បាន​ឮ​បទ​អធិស្ឋាន​ទាំង​ឡាយ​ដែល​អ្នក​មាន​អំពី​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា។ ចូរ​កុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួក​គេ​លើស​ជាង​មនុស្ស​ឯ​ទៀត​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ដល់​ពួក​គេ ដូច​ជា​ដល់​ខ្លួន ហើយ​ចូរ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​បរិបូរ​ដល់​មនុស្ស​លោក​ទាំង​អស់ ហើយ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​នាម​របស់​យើង។

១២ហើយ​ចូរ​អធិស្ឋាន​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​ពួក​១២​នាក់។ ចូរ​ព្រមាន​ដាស់តឿន​ដល់​ពួក​គេ​ដោយ​តឹង​រឹង ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង ហើយ​ចូរ​ឲ្យ​ពួក​គេ​ទទួល​ការ​ព្រមាន​ដាស់តឿន​ចំពោះ​អំពើ​បាប​ទាំង​អស់​របស់​ពួក​គេ ហើយ​ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស្មោះត្រង់ ចំពោះ​ព្រះ​នាម​របស់​យើង នៅ​ចំពោះ​យើង​ចុះ។

១៣ហើយ​បន្ទាប់​ពី​សេចក្ដី​ល្បួង និង​សេចក្ដី​វេទនា​ជា​ច្រើន​របស់​ពួក​គេ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​នឹង​រាវរក​ពួក​គេ ហើយ​បើ​សិន​ជា​ពួក​គេ​មិន​ពង្រឹង​ចិត្ត​របស់​ពួក​គេ ហើយ​ធ្វើ​ក្បាល​រឹងរូស​ទាស់​នឹង​យើង​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។

១៤ឥឡូវ​នេះ យើង​ប្រាប់​ដល់​អ្នក ហើយ​អ្វីៗ​ដែល​យើង​ប្រាប់​ដល់​អ្នក គឺ​យើង​ប្រាប់​ដល់​គ្រប់​ពួក​១២​នាក់​ថា ៖ ចូរ​ក្រោក​ឡើង ហើយ​ក្រវាត់​ចង្កេះ ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ដើរ​តាម​យើង ហើយ​ឲ្យ​ចំណី​ដល់​ចៀម​យើង​ចុះ។

១៥ចូរ​កុំ​តម្កើង​ខ្លួន ចូរ​កុំ​បះបោរ​ទាស់​នឹង​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​គង់នៅ​ជាមួយ​លោក ហើយ​ព្រះ​ហស្ត​របស់​យើង​នឹង​នៅ​លើ​លោក ហើយ​កូន​សោ​ទាំង​ឡាយ​ដែល​យើង​បាន​ប្រទាន​ដល់​លោក ព្រម​ទាំង​ដល់​អ្នក​ផង នោះ​នឹង​មិន​ត្រូវ​បាន​ដក​ចេញ​ពី​លោក​ឡើយ រហូត​ដល់​យើង​យាង​មក។

១៦ប្រាកដ​មែន យើង​ប្រាប់​អ្នក ថូម៉ាស ជា​អ្នក​បម្រើ​របស់​យើង​ថា អ្នក​ជា​បុរស​ដែល​យើង​បាន​រើស​ឲ្យ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​របស់​យើង ដូច​ជា​ពួក​១២​នាក់​នៅ​ក្នុង​ចំណោម​សាសន៍​ទាំង​អស់ —

១៧ប្រយោជន៍​ឲ្យ​អ្នក​អាច​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​បើកទ្វារ​នគរ​នៅ​គ្រប់​កន្លែង​នានា ដែល​យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង និង​ស៊ីឌនី ជា​អ្នក​បម្រើ​របស់​យើង និង​ហៃរុម ជា​អ្នក​បម្រើ​របស់​យើង ពុំ​អាច​ម​ក​បាន

១៨ត្បិត​នៅ​លើ​ពួក​គេ នោះ​យើង​បាន​ដាក់​បន្ទុក​នៃ​អស់​ទាំង​សាសនាចក្រ​មួយ​រដូវ​ខ្លី។

១៩ហេតុ​ដូច្នេះ​ហើយ ទីណា​ក៏​ដោយ​ដែល​ពួក​គេ​នឹង​ចាត់​ឲ្យ​អ្នក​ទៅ នោះ​អ្នក​រាល់​គ្នា​ទៅ​ចុះ ហើយ​យើង​នឹង​គង់នៅ​ជាមួយ​អ្នក ហើយ​នៅ​កន្លែង​ណា​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​របស់​យើង នោះ​ទ្វារ​ដ៏​មាន​ផល​ប្រយោជន៍​នឹង​ត្រូវ​បាន​បើកចំហ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​ព្រះ​បន្ទូល​របស់​យើង។

២០អស់​អ្នក​ណា​ដែល​ទទួល​ព្រះ​បន្ទូល​របស់​យើង នោះ​ទទួល​យើង ហើយ​អស់​អ្នក​ណា​ដែល​ទទួល​យើង នោះ​ទទួល​ពួក​អ្នក​ទាំង​នោះ គឺ​គណៈប្រធាន​ទី​មួយ ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ ដែល​យើង​បាន​ធ្វើ​ជាទី​ប្រឹក្សា​ទាំង​ឡាយ​ដល់​អ្នក ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង។

២១ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា នរណា​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​នឹង​ចាត់​ឲ្យ​ទៅ ដោយ​នូវ​ព្រះ​នាម​របស់​យើង ដោយ​សំឡេង​នៃ​ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា គឺ​ពួក​១២​នាក់ គឺ​បាន​រ៉ាប់​រង និង​អនុញ្ញាត​ដោយ​អ្នក​ពេញ​ច្បាប់ នោះ​នឹង​មាន​អំណាច ដើម្បី​បើកទ្វារ នគរ​របស់​យើង ដល់​សាសន៍​ណា​មួយ​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​ចាត់​ឲ្យ​ពួក​គេ​ទៅ —

២២ដរាបណា​ពួក​គេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​របស់​យើង ហើយ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង។

២៣ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​លើ​ផែនដី ហើយ​សេចក្ដី​ងងឹត​ដ៏​ធំ​គ្រប​លើ​គំនិត​នៃ​ប្រជាជន ហើយ​សាច់​ឈាម​ទាំង​អស់​ត្រឡប់​ជា​ពុករលួយ នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​យើង។

២៤មើល​ចុះ សេចក្ដី​សងសឹក​នឹង​ឆាប់​មក​លើ​បណ្ដាជន​នៅ​លើ​ផែនដី គឺជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ ជា​ថ្ងៃ​នៃ​ការ​ឆេះ​ឆាប ជា​ថ្ងៃ​នៃ​សេចក្ដី​ហិនហោច នៃ​ការ​យំ​នៃ​ការ​ទួញ​សោក និង​នៃ​ទំនួញ ហើយ​ដូច​ជា​ព្យុះសង្ឃរា​នឹង​មក​លើ​ផ្ទៃ​ផែនដី​ទាំង​អស់ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២៥ហើយ​មក​លើ​ដំណាក់​របស់​យើង នោះ​វា​នឹង​ចាប់​ផ្ដើម ហើយ​ចេញ​ពី​ដំណាក់​របស់​យើង​ទៅ នោះ​វា​នឹង​ចេញ​ទៅ​ព្រះ​អម្ចាស់​ទ្រង់ មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២៦ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មុនដំបូង គឺ​នៅ​ចំណោម​ពួក​គេ​ដែល​នៅ​ក្នុង​ចំណោម​អ្នក ដែល​បាន​រាប់​ខ្លួន​ថា​ស្គាល់​ព្រះ​នាម​របស់​យើង ហើយ​ពុំ​បាន​ស្គាល់​ព្រះ​នាម​របស់​យើង​ឡើយ ហើយ​បាន​ពោល​ពាក្យ​ប្រមាថ​ជំទាស់​ដល់​យើង នៅ​កណ្ដាល​វង្សា​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២៧ហេតុ​ដូច្នេះ​ហើយ ចូរ​មើល​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​មិនបាច់​ខ្វល់​ខ្វាយ​ចិត្ត​អំពី​កិច្ចការ​នៃ​សាសនាចក្រ​របស់​យើង​នៅ​ទី​នេះ​ឡើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២៨ប៉ុន្តែ​ចូរ​ជំរះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ​នៅ​ចំពោះ​យើង​ចុះ រួច​ហើយ ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​ពិភពលោក ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​ដល់​សត្វ​លោក​គ្រប់​រូប​ណា ដែល​ពុំ​ទាន់​បាន​ទទួល​នៅ​ឡើយ​នោះ

២៩ហើយ​អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ ហើយ​អ្នក​ណា​ដែល​មិន​ជឿ ហើយ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​នឹង​ជាប់​ទោស។

៣០ត្បិត​ចំពោះ​អ្នក គឺ​ពួក​១២​នាក់ និង​ពួក​អ្នក​ទាំង​នោះ គឺ​គណៈប្រធាន​ទី​មួយ ដែល​ត្រូវ​បាន​តាំង​ជាមួយ​អ្នក​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​អ្នក និង​ជា​មេដឹកនាំ​របស់​អ្នក នោះ​នឹង​ត្រូវ​ប្រទាន​អំណាច​នៃ​បព្វជិតភាព​នេះ​ឲ្យ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​បង្អស់ និង​សម្រាប់​ពេល​ចុង​ក្រោយ បង្អស់ ដែល​ជា​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់។

៣១ជា​អំណាច​ដែល​អ្នក​កាន់​ជាមួយ​អ្នក​អស់​ទាំង​នោះ ដែល​បាន​ទទួល​គ្រា​កាន់កាប់​ត្រួតត្រា នៅ​គ្រា​ណា​មួយ​ក៏​ដោយ ចាប់​តាំង​ពី​ដើមកំណើត​មនុស្ស​មក​ម្ល៉េះ

៣២ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កូន​សោ​ទាំង​ឡាយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល បាន​ចុះ​មក​ពី​ពួក​អយ្យកោ ហើយ​នៅ​ចុង​ក្រោយ​បំផុត ត្រូវ​បាន​បញ្ជូន​មក​ពី​ស្ថាន​សួគ៌​ដល់​អ្នក។

៣៣យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មើល​ចុះ ការងារ​របស់​អ្នក​ធំ​ណាស់​ហ្ន៎។ ចូរ​សំអាត​ចិត្ត​អ្នក និង​សំលៀកបំពាក់​អ្នក​ចុះ ក្រែង​ឈាម​នៃ​តំណ​មនុស្ស​នេះ​តម្រូវ​ពី​ដៃ​អ្នក។

៣៤ចូរ​មាន​ចិត្ត​ស្មោះត្រង់ រហូត​ដល់​យើង​យាង​មក ត្បិត​យើង​យាង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ​ផង ដើម្បី​សង​ដល់​មនុស្ស​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ។ យើង​ជា​អាលផា និង​អូមេកា។ អាម៉ែន៕