កណ្ឌទី ២១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ (History of the Church, ១:៧៤–៧៩)។ វិវរណៈនេះត្រូវបានប្រទានឲ្យមក ក្នុងកាលរៀបចំសាសនាចក្រឡើង នៅថ្ងៃដែលបានពោលមកហើយនោះ នៅក្នុងផ្ទះរបស់ពេត្រុស វិតមើរ ស៊ីញ្ញ័រ។ មានបុរសប្រាំមួយនាក់បានចូលរួម ជាពួកអ្នកដែលបានទទួលបុណ្យជ្រមុជទឹករួចមកហើយ។ ដោយការចេញសំឡេងជាឯកច្ឆន្ទ ពួកបុគ្គលទាំងនេះបានសម្ដែងប្រាប់សេចក្ដីប៉ងប្រាថ្នា និងសេចក្ដីប្ដេជ្ញារបស់ពួកគេ ដើម្បីរៀបចំសាសនាចក្រ ស្របតាមព្រះបញ្ញត្តិនៃព្រះ (សូមមើលកណ្ឌទី ២០)។ ពួកគេក៏បានបោះឆ្នោត ដើម្បីទទួលស្គាល់ ហើយគាំទ្រ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង អូលីវើរ ខៅឌើរី ឲ្យធ្វើជាអ្នកដឹកនាំដ៏ជាអធិបតីនៃសាសនាចក្រ។ ដោយសារការដាក់ដៃលើរួចហើយ យ៉ូសែបបានតែងតាំងអូលីវើរ ឲ្យធ្វើជាអែលឌើរនៃសាសនាចក្រ ហើយតាមរបៀបដដែលនោះ អូលីវើរបានតែងតាំងយ៉ូសែបវិញ។ បន្ទាប់ពីការចាត់ចែងបុណ្យសាក្រាម៉ង់រួចហើយ នោះយ៉ូសែបនិងអូលីវើរបានដាក់ដៃលើពួកអ្នកដែលចូលរួមម្នាក់ៗ សម្រាប់ការប្រគល់នូវព្រះវិញ្ញាណបរិសុទ្ធ និងសម្រាប់ការបញ្ជាក់សមាជិកនីមួយៗនៃសាសនាចក្រ។
១–៣, យ៉ូសែប ស៊្មីធ ត្រូវបានហៅឲ្យធ្វើជាអ្នកមើលឆុត ជាអ្នកបកប្រែ ជាព្យាការី ជាសាវក និងជាអែលឌើរ; ៤–៨, ពាក្យសម្ដីរបស់លោកនឹងណែនាំគតិនៃស៊ីយ៉ូន; ៩–១២, ពួកបរិសុទ្ធនឹងជឿតាមពាក្យសម្ដីរបស់លោក នៅពេលលោកនិយាយតាមការបំភ្លឺពីព្រះដ៏ជាជំនួយ។
១មើលចុះ នឹងមានបញ្ជីមួយកត់ទុកនៅក្នុងចំណោមអ្នករាល់គ្នា ហើយនៅក្នុងបញ្ជីនោះ អ្នកនឹងត្រូវបានហៅថាជាអ្នកមើលឆុត ជាអ្នកបកប្រែ ជាព្យាការី ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ជាអែលឌើរនៃសាសនាចក្រ តាមព្រះហឫទ័យនៃព្រះដ៏ជាព្រះវរបិតា និងព្រះគុណនៃព្រះអម្ចាស់របស់អ្នកដ៏ជាព្រះយេស៊ូវគ្រីស្ទ។
២ដោយបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្កើតគ្រឹះនៃសាសនាចក្រ ហើយដើម្បីសាងវាឡើងចំពោះសេចក្ដីជំនឿដ៏បរិសុទ្ធបំផុត។
៣ជាសាសនាចក្រដែលត្រូវបានរៀបចំ និងតាំងឡើង នៅក្នុងឆ្នាំនៃព្រះអម្ចាស់របស់យើង គឺមួយពាន់ប្រាំបីរយសាមសិប នៅខែទីបួន និងនៅថ្ងៃទីប្រាំមួយ នៃខែដែលហៅថា មេសា។
៤ហេតុដូច្នោះហើយ និយាយពីសាសនាចក្រ អ្នកត្រូវស្ដាប់តាមគ្រប់អស់ទាំងពាក្យសម្ដី និងបញ្ញត្តិទាំងឡាយរបស់លោក ដែលលោកនឹងឲ្យដល់អ្នក នៅពេលលោកបានទទួលពាក្យទាំងនោះ ដោយដើរក្នុងបរិសុទ្ធភាពទាំងអស់នៅចំពោះយើង
៥ត្បិតពាក្យសម្ដីរបស់លោកនោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង។
៦ត្បិតដោយសារការធ្វើការទាំងនេះហើយ ទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ មែនហើយ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក និងសិរីល្អដល់ព្រះនាម របស់ទ្រង់។
៧ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានមានព្រះបន្ទូលដូច្នោះថា ៖ អ្នកនោះហើយដែលយើងបានបំភ្លឺឲ្យកម្រើកគតិនៃស៊ីយ៉ូនដោយអំណាចដ៏ធំ ដើម្បីសេចក្ដីល្អ ហើយសេចក្ដីព្យាយាម របស់លោក នោះយើងដឹង រីឯសេចក្ដីអធិស្ឋានរបស់លោក នោះយើងបានឮហើយ។
៨មែនហើយ ការយំសោករបស់លោកសម្រាប់ស៊ីយ៉ូន យើងបានឃើញ ហើយយើងនឹងមិនបណ្ដាលឲ្យលោកយំសម្រាប់ស៊ីយ៉ូនទៀតឡើយ ត្បិតថ្ងៃនៃសេចក្ដីត្រេកអររបស់លោកទាំងឡាយនឹងមកដល់ចំពោះសេចក្ដីផ្ដាច់បាបរបស់លោក ហើយសេចក្ដីបើកសម្ដែងនៃព្រះពរទាំងឡាយរបស់យើង មកលើកិច្ចការទាំងឡាយរបស់លោក។
៩ត្បិតមើលចុះ យើងនឹងប្រទានពរដល់អស់អ្នកណា ដែលធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់យើងដោយព្រះពរដ៏ធំ ហើយពួកគេនឹងជឿដល់ពាក្យពេចន៍របស់លោក ដែលបានប្រទានដល់លោក តាមរយៈយើង ដោយសារព្រះដ៏ជាជំនួយដែលបើកសម្ដែងប្រាប់ថា ព្រះយេស៊ូវត្រូវឆ្កាងដោយពួកមនុស្សបាប ជំនួសអំពើបាបទាំងឡាយនៃពិភពលោក មែនហើយ គឺដើម្បីសេចក្ដីផ្ដាច់បាបទាំងឡាយចំពោះពួកអ្នកមានចិត្តសង្រេង។
១០ហេតុដូច្នោះហើយ គឺជាការចាំបាច់ដល់យើង ដែលលោកគប្បីបានទទួលការតែងតាំងដោយអ្នក អូលីវើរ ខៅឌើរី ជាសាវករបស់យើង
១១នេះគឺជាការតែងតាំងចំពោះអ្នក ដើម្បីឲ្យអ្នកក្លាយទៅជាអែលឌើរ នៅក្រោមដៃរបស់លោក ព្រោះលោកជាអែលឌើរទី១ដល់អ្នក ដើម្បីឲ្យអ្នកអាចបានទៅជាអែលឌើរដល់សាសនាចក្រនៃព្រះគ្រីស្ទ ដែលមាននាមរបស់យើង —
១២ហើយជាអ្នកផ្សាយសាសនាទី១ នៃសាសនាចក្រនេះដល់សាសនាចក្រ និងចំពោះពិភពលោក មែនហើយ គឺចំពោះពួកសាសន៍ដទៃ មែនហើយ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានមានព្រះបន្ទូលដូច្នោះថា ៖ មើលន៏ មើលន៏! គឺដល់ពួកសាសន៍យូដាផង។ អាម៉ែន៕