កណ្ឌទី ៧៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែមីនា ឆ្នាំ១៨៣២ (History of the Church, ១:២៥៥–២៥៧)។ របៀបត្រូវបានប្រទានពីព្រះអម្ចាស់ដល់ យ៉ូសែប ស៊្មីធ សម្រាប់គោលបំណងនៃការតាំងឃ្លាំងសម្រាប់មនុស្សទ័លក្រ។ វាមិនតែងតែសមប្រាប់ដល់ពិភពលោកពីមនុស្សនានា ដែលព្រះអម្ចាស់មានព្រះបន្ទូលដល់ នៅក្នុងវិវរណៈឡើយ; ម្ល៉ោះហើយ នៅក្នុងការបោះពុម្ពវិវរណៈនេះ ព្រមទាំងវិវរណៈក្រោយៗមក នោះពួកបងប្អូនប្រុសៗត្រូវបានហៅតាមឈ្មោះក្រៅពីឈ្មោះខ្លួន។ កាលដែលមិនចាំបាច់លាក់ឈ្មោះ នោះក្រោយមក ឈ្មោះពិតរបស់ពួកគេត្រូវបានដាក់នៅក្នុងវង់ដង្កៀប។ មកពីគ្មានសេចក្ដីត្រូវការដាក់ឈ្មោះលាក់ទៀតទេនៅសព្វថ្ងៃនេះ បានជាចាប់ពីពេលនេះតទៅ នោះឈ្មោះពិតត្រូវបានយកមកដាក់ក្នុងឯកសារដើម។
១–៤, ពួកបរិសុទ្ធត្រូវរៀបចំ ហើយតាំងឃ្លាំងមួយឡើង; ៥–១២, ការប្រើប្រាស់ទ្រព្យសម្បត្តិដោយឈ្លាសវៃនឹងនាំទៅរកសេចក្ដី សង្គ្រោះ; ១៣–១៤, សាសនាចក្រត្រូវនៅដោយឡែកពីអំណាចខាងផែនដី; ១៥–១៦, មីកែល (អ័ដាម) បម្រើនៅក្រោមការដឹកនាំពីព្រះដ៏បរិសុទ្ធ (ព្រះគ្រីស្ទ); ១៧–២២, មានពរហើយពួកស្មោះត្រង់ ត្បិតពួកគេនឹងបានគ្រងគ្រប់ទាំងអស់ទុកជាមរតក។
១ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅកាន់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ថា ៖ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាដែលបានតែងតាំងចំពោះបព្វជិតភាពដ៏ខ្ពស់នៃសាសនាចក្ររបស់យើង ដែលបានជួបជុំគ្នាអើយ ចូរប្រុងស្ដាប់ដល់យើងចុះ
២ហើយចូរស្ដាប់តាមពាក្យទូន្មាននៃទ្រង់ ដែលបានតែងតាំងអ្នកពីស្ថានដ៏ខ្ពស់ ដែលនឹងមានព្រះបន្ទូលដាក់ត្រចៀកអ្នកប្រាប់ពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ប្រយោជន៍ឲ្យសេចក្ដីសង្គ្រោះអាចមានដល់អ្នកដោយនូវការណ៍នោះ ដែលអ្នកបានថ្លែងចំពោះយើង ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣ត្បិតយើងប្រាប់អ្នកជាប្រាកដថា ពេលវេលាបានមកដល់ហើយ ហើយឥឡូវនេះនៅជិតដៃបង្កើយ ហើយមើលចុះ និងមើលន៏ គឺជាការចាំបាច់ថា ត្រូវមានអង្គការមួយពីរាស្ត្ររបស់យើងក្នុងការចាត់ចែង និងតាំងកិច្ចការឃ្លាំងសម្រាប់មនុស្សទ័លក្រក្នុងរាស្ត្រយើង ទាំងនៅកន្លែងនេះ ព្រមទាំងនៅដែនដីស៊ីយ៉ូនផង —
៤សម្រាប់ជាការតាំង និងរបៀបដ៏ស្ថាពរ និងដ៏អស់កល្បអស់កាលជានិច្ចចំពោះសាសនាចក្ររបស់យើង ដើម្បីបន្តគតិតទៅទៀត ដែលអ្នករាល់គ្នាបានប្រកាន់ ដើម្បីសេចក្ដីសង្គ្រោះដល់មនុស្ស ហើយដើម្បីសិរីល្អដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅលើស្ថានសួគ៌
៥ប្រយោជន៍ឲ្យអ្នកអាចបានស្មើគ្នាក្នុងចំណងទាំងឡាយ ពីអ្វីៗខាងស្ថានសួគ៌ មែនហើយ ព្រមទាំងអ្វីៗខាងផែនដីផង ដើម្បីឲ្យទទួលបានអ្វីៗខាងស្ថានសួគ៌។
៦ត្បិតបើសិនជាអ្នករាល់គ្នាពុំបានស្មើគ្នាក្នុងអ្វីៗខាងផែនដីទេ នោះអ្នករាល់គ្នាក៏ពុំអាចបានស្មើគ្នាក្នុងការទទួលអ្វីៗខាងស្ថានសួគ៌ដែរ
៧ត្បិតបើសិនជាអ្នករាល់គ្នាមានបំណងចង់ឲ្យយើងប្រទានដល់អ្នកនូវកន្លែងមួយនៅក្នុងពិភពសេឡេស្ទាល នោះអ្នកត្រូវរៀបចំខ្លួនដោយសារការប្រព្រឹត្តិនូវអ្វីៗដែលយើងបានបញ្ជាដល់អ្នក ហើយតម្រូវពីអ្នក។
៨ហើយឥឡូវនេះ ប្រាកដមែនព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា គឺជាការចាំបាច់ដែលគ្រប់ទាំងអស់ត្រូវបានប្រព្រឹត្ត ដើម្បីសិរីល្អរបស់យើង ដោយសារអ្នករាល់គ្នាដែលបានចូលរួមគ្នាក្នុងរបៀបនេះ
៩ឬក៏ម្យ៉ាងទៀត ចូរឲ្យ នូវល ខេ វិតនី ជាអ្នកបម្រើរបស់យើង និង យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង និង ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង អង្គុយប្រឹក្សាជាមួយពួកបរិសុទ្ធដែលនៅក្រុងស៊ីយ៉ូនចុះ
១០បើពុំនោះសោតទេ អារក្សសាតាំងកំពុងស្វែងរក ដើម្បីបំបែរចិត្តពួកគេចេញពីសេចក្ដីពិត ប្រយោជន៍ឲ្យពួកគេត្រឡប់ទៅជាខ្វាក់ ហើយពុំយល់នូវអ្វីៗដែលបានរៀបចំទុកសម្រាប់ពួកគេឡើយ។
១១ហេតុដូច្នោះហើយ យើងប្រទានបញ្ញត្តិមួយដល់អ្នក ដើម្បីឲ្យប្រុងប្រៀប ហើយរៀបចំខ្លួន ដោយនូវចំណង ឬសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ច ដែលពុំអាចបណ្ដាច់បានឡើយ។
១២ហើយអ្នកណាដែលបណ្ដាច់ចំណងនោះ នឹងត្រូវបាត់បង់តំណែង និងជំហរនៅក្នុងសាសនាចក្រ ហើយនឹងត្រូវបានប្រគល់ទៅឯការធ្វើទុក្ខរបស់អារក្សសាតាំង រហូតដល់ថ្ងៃប្រោសលោះ។
១៣មើលចុះ នេះហើយជាការរៀបចំ ដែលយើងយកមករៀបចំអ្នក និងគ្រឹះស្ថាន និងគំរូ ដែលយើងប្រទានដល់អ្នក ដើម្បីឲ្យអ្នកអាចសម្រេចនូវបញ្ញត្តិទាំងឡាយ ដែលបានប្រទានដល់អ្នក
១៤ប្រយោជន៍ថាតាមរយៈទិព្វញ្ញាណរបស់យើង ទោះជាមានសេចក្ដីវេទនាចុះមកលើអ្នកក៏ដោយ ប្រយោជន៍ឲ្យសាសនាចក្រអាចបានឈរដោយឡែកលើសត្វលោកទាំងអស់ ដែលនៅក្រោមពិភពសេឡេស្ទាល
១៥ប្រយោជន៍ឲ្យអ្នកអាចឡើងទៅរកមកុដ ដែលបានរៀបចំទុកសម្រាប់អ្នក ហើយត្រូវបានធ្វើឲ្យកើតជាអ្នកគ្រប់គ្រងលើនគរជាច្រើន ព្រះអម្ចាស់ដ៏ជាព្រះ ជាព្រះដ៏បរិសុទ្ធនៃក្រុងស៊ីយ៉ូន ដែលបានតាំងគ្រឹះស្ថាននៃក្រុងអ័ដាមអុនដៃអាម៉ាន ទ្រង់មានព្រះបន្ទូលថាដូច្នោះ
១៦ដែលបានចាត់ មីកែល ជាចៅហ្វាយរបស់អ្នក ហើយតាំងជើងលោកឡើង ហើយដាក់លោកនៅលើកន្លែងខ្ពស់ ហើយប្រទានដល់លោកនូវកូនសោទាំងឡាយនៃសេចក្ដីសង្គ្រោះ នៅក្រោមការទូន្មាន និងការដឹកនាំពីព្រះដ៏បរិសុទ្ធ ដែលគ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ។
១៧ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នាជាកូនក្មេងតូច ហើយអ្នករាល់គ្នាពុំទាន់យល់នៅឡើយទេ អំពីព្រះពរដ៏ធំណាស់ហ្ន៎ ដែលព្រះវរបិតាមាននៅក្នុងព្រះហស្តរបស់ទ្រង់ ហើយបានរៀបចំទុកសម្រាប់អ្នក
១៨ហើយអ្នករាល់គ្នាពុំអាចទ្រាំគ្រប់ទាំងអស់បានឡើយនៅពេលនេះ ទោះជាយ៉ាងណាក៏ដោយ ចូរសង្ឃឹមឡើង ត្បិតយើងនឹងដឹកនាំអ្នករាល់គ្នា។ នគរជារបស់ផងអ្នករាល់គ្នា ហើយព្រះពរទាំងឡាយនៃនគរជារបស់ផងអ្នករាល់គ្នា ហើយទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ចជារបស់ផងអ្នករាល់គ្នា។
១៩ហើយអ្នកណាដែលទទួលគ្រប់ទាំងអស់ដោយអំណរអរគុណ នោះនឹងត្រូវបានធ្វើឲ្យរុងរឿង ហើយការខាងផែនដីនេះនឹងត្រូវបានប្រទានដល់អ្នកនោះថែមទៀត គឺមួយរយភាគថែមទៀត មែនហើយ គឺច្រើនជាងនោះទៅទៀត។
២០ហេតុដូច្នោះហើយ ចូរប្រព្រឹត្តនូវអ្វីៗដែលយើងបានបញ្ជាដល់អ្នកចុះ ព្រះដ៏ប្រោសលោះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ គឺជាព្រះរាជបុត្រាអាម៉ាន ដែលបានរៀបចំគ្រប់ទាំងអស់មុនទ្រង់យកអ្នកទៅ
២១ត្បិតអ្នករាល់គ្នាជាសាសនាចក្រនៃកូនច្បង ហើយទ្រង់នឹងលើកអ្នកឡើងទៅក្នុងពពក ហើយចែកដល់មនុស្សគ្រប់រូបនូវចំណែករបស់ខ្លួន។
២២ហើយអ្នកណាដែលជាអ្នកកាន់កាប់ត្រួតត្រាដ៏ស្មោះត្រង់ ហើយឈ្លាសវៃ នោះនឹងគ្រងគ្រប់ទាំងអស់ទុកជាមរតក។ អាម៉ែន៕