មិត្តទៅកាន់មិត្ត
ផ្លែភីច ម្ដងមួយផ្លែ
ដកស្រង់មកពីការសម្ភាសមួយជាមួយ អែមប៊ើរ ហ៊ីលី ។
កាលខ្ញុំនៅក្មេង ឪពុកម្ដាយខ្ញុំបាននាំបងស្រីខ្ញុំ និងខ្ញុំទៅចម្ការមួយដែលជារបស់សាសនាចក្រ ។ យើងទៅទីនោះដើម្បីជួយបេះផ្លែភីច ។ យើងបានឡើងជណ្ដើរដ៏ខ្ពស់ ហើយឈោងដៃតាមស្លឹកឈើក្រាស់ៗដើម្បីបេះផ្លែភីចពីដើម ។
ដំបូងឡើយ យើងមានចិត្តរំភើប ។ ប៉ុន្តែរំពេចនោះ រោមនៅលើផ្លែភីចនោះបានធ្វើឲ្យដៃយើងរមាស់ ! យើងបានប្រាប់ម៉ាក់ថា « កូនមិនចង់ធ្វើកិច្ចការនេះទៀតទេ ។ កូនចង់ឈប់ហើយ » ។
ម្ដាយខ្ញុំបានសួរថាតើយើងដឹងពីកន្លែងដែលគេយកផ្លែភីចទាំងអស់ទៅដែរឬទេ ។ ពេលយើងនិយាយថាទេ គាត់បានពន្យល់យើង ។
« ផ្លែភីចទាំងនេះត្រូវយកទៅកាន់អគារមួយដែលពួកអ្នកស្ម័គ្រចិត្តដាក់វានៅក្នុងកំប៉ុង ។ បន្ទាប់មកកំប៉ុងទាំងនោះត្រូវបានផ្ដល់ឲ្យទៅមនុស្សដែលត្រូវការអាហារ ។ រៀងរាល់ឆ្នាំសាសនាចក្របរិច្ចាគអាហាររាប់ពាន់កំប៉ុង » ។
ស្រាប់តែពេលនោះ បងស្រីខ្ញុំ និងខ្ញុំបានឈប់ខ្វល់ពីការរមាស់ដៃរបស់យើង ។ យើងកំពុងជួយមនុសុ្សដែលត្រូវការអាហារ ! បន្ទាប់ពីនោះ យើងមានចិត្តរីករាយដើម្បីឡើងលើជណ្ដើរដើម្បីបេះផ្លែពណ៌ទឹកក្រូចដែលមានរោមនោះ ។
ឆ្នាំនេះយើងបានសូមអ្នកឲ្យចូលរួមនៅក្នុងការអញ្ជើញនៃដៃជំនួយ ( សូមមើលទស្សនាវដ្ដី ប្រិយមិត្តខែមករា ឆ្នាំ២០២១ ) ។ ការបម្រើមនុស្សដទៃតាមរបៀបដែលព្រះគ្រីស្ទបានបម្រើគឺជារឿងដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើ ។ កុមារមានរបៀបពិសេសមួយក្នុងការកត់សម្គាល់ឃើញមនុស្សដែលខ្វះខាត ហើយស្ម័គ្រចិត្តផ្ដល់ជំនួយ ។ ទង្វើនៃការបម្រើដ៏តូចមួយ ទំនងជាមិនធ្វើឲ្យមានភាពខុសប្លែកច្រើននោះទេ ។ ប៉ុន្តែបើកុមារគ្រប់រូបជុំវិញពិភពលោកស្វែងរកវិធីដើម្បីបម្រើ នោះពួកគេនឹងបង្កើតជារឿងដ៏អស្ចារ្យ !