ទឹកតែ ឬក៏ទឹកផ្លែស្វាយ ?
អ្នកនិពន្ធរស់នៅរដ្ឋកាលីហ្វូញ៉ា ស.រ.អា. ។
ដំណើររឿងនេះកើតឡើងនៅប្រទេស តៃវ៉ាន់ ។
ជីរ៉ូ បានសួរថា « ហេតុអ្វីឯងមិនផឹកទឹកតែ ? »
« ឈរដោយសុចរិត » ( សៀវភៅ ចម្រៀងកុមារ ទំព័រ ៨១ ) ។
ជុង បានដើរទៅទីប្រជុំជននៅប្រទេស តៃវ៉ាន់ ។ ជីរ៉ូ មិត្តភក្តិរបស់គាត់បាននៅក្បែរគាត់ ។ មានមនុស្សម្នានៅគ្រប់ទីកន្លែង ! ពួកអ្នកដើរផ្សារបានរកមើលសម្លៀកបំពាក់ដែលបញ្ចុះតម្លៃ ក្មេងៗបានលេងល្បែង និងមនុស្សម្នានិយាយទូរសព្ទរបស់ពួកគេដោយប្រញាប់ប្រញាល់ ។ ជុង កាន់កាតាបសាលារបស់គាត់យ៉ាងជាប់ ខ្លាចវាជ្រុះបាត់ ។
« ខ្ញុំមិនចង់ជឿទេថាឆ្នាំសិក្សាជិតបញ្ចប់ហើយ ! » ជុង បាននិយាយខ្លាំងៗដើម្បីឲ្យ ជីរ៉ូ ឮ ។
ជីរ៉ូ បានថ្លែងថា « មែនហើយ ! ខ្ញុំបានត្រៀមខ្លួនសម្រាកពីការសិក្សារួចហើយ » ។
ជុង និងជីរ៉ូ បានដើរកាត់កន្លែងដែលលក់អាហារគ្រប់ប្រភេទ ។ ផ្លែស្រកានាគ និងស្រ្តប៊ែរី ។ នំប៉ាវក្តៅៗ ។ ការ៉េមរុំសណ្តែកដី ។ ក្លិនអាហារឈ្ងុយៗនៅគ្រប់ទីកន្លែង ! ប៉ុន្តែ អ្វីដែល ជុង អាចគិតដល់គឺថាគាត់មានអារម្មណ៍ថាក្តៅ និងស្អុះស្អាប់ ។
ជុង បាននិយាយថា « ខ្ញុំមានអារម្មណ៍ដូចជានៅក្នុងឡភ្លើងអញ្ចឹង ! » ។
ជីរ៉ូ បានឆ្លើយ « ខ្ញុំក៏អញ្ចឹងដែរ » ។ « តោះ ទិញទឹកផឹកបន្តិចសិន » ។
ពួកគេនាំគ្នាទៅតូបលក់ភេសជ្ជៈដែលមានពណ៌ភ្លឺចម្រុះ ។
ជីរ៉ូ បានដកលុយចេញមក ។ « សូមទឹកតែគុជពីរកែវមក » ។
ជុង ដឹងថា ទឹកតែគឺខុសនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ គាត់បានសួរថា « តាមពិតទៅ តើខ្ញុំសូមយកទឹកផ្លែស្វាយវិញបានទេ ? »
ជីរ៉ូ បានងាកទៅមើលមុខ ជុង ។ ជុង មានអារម្មណ៍រសាប់ រសល់ ។ តើ ជីរ៉ូ គិតថា ជុង ចម្លែកមែនទេ ដែលមិនផឹកទឹកតែនោះ ?
អ្នកលក់បានហុចតែគុជទៅឲ្យ ជីរ៉ូ និងទឹកផ្លែស្វាយទៅឲ្យ ជុង ។ កុមារាទាំងពីរនាក់បានដើរទៅផ្លូវត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។
ជីរ៉ូ បឺតភេសជ្ជៈរបស់គាត់ ។ « ម៉េចក៏ឯងមិនផឹកទឹកតែ ? វាឆ្ងាញ់ណាស់ ! »
ជុង បានខាំបបូរមាត់របស់គាត់ ។ « អឺ ខ្ញុំអត់ផឹកទឹកតែទេ » ។
« ហេតុអ្វីមិនផឹក ? »
ជុង បានគិតថាតើត្រូវឆ្លើយសំណួរនេះបែបណា ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគាត់ អំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ នៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់គាត់ គាត់បានរៀនថា ការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ បានជួយគាត់ឲ្យមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយគាត់ ។
ជុង បាននិយាយថា « ខ្ញុំជឿលើព្រះ ហើយទ្រង់មានព្រះទ័យចង់ឲ្យខ្ញុំថែរក្សារាងកាយរបស់ខ្ញុំ ។ ទ្រង់បង្គាប់យើងមិនឲ្យផឹកទឹកតែ ឬកាហ្វេ ឬសុរាឡើយ » ។
ជីរ៉ូ បានសួរថា « ហេតុអ្វីឯងមិនផឹកទឹកតែ ? »
« ខ្ញុំបានរៀនអំពីរឿងនេះនៅឯព្រះវិហារ » ។
ជីរ៉ូ បានបឺតភេសៈរបស់គាត់ម្តងទៀត ។ « រឿងនោះដូចជាមិនទំនងសោះ ។ គ្រាន់តែទឹកតែសោះហ្នឹង ! ទឹកតែវាមិនធ្វើឲ្យឯងឈឺនោះទេ » ។
ជុង មានអារម្មណ៍បុកពោះ ។ តើគាត់អាចជួយ ជីរ៉ូ យល់បានយ៉ាងដូចម្តេចទៅ? ប្រហែលជានរណាម្នាក់នៅឯព្រះវិហារអាចជួយគាត់ពន្យល់ដល់ ជីរ៉ូ បាន ។
« តើឯងចង់ទៅព្រះវិហារជាមួយខ្ញុំទេ ? ខ្ញុំទៅសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ឯងអាចរៀនអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ » ។
ជីរ៉ូ បានគិតមួយស្របក់ ។ « ខ្ញុំប្រហែលជាមិនអាចទៅបានទេ » ។
ជុង បាននិយាយថា « មិនអីទេចឹង » ។ គាត់មានអារម្មណ៍មិនសូវសប្បាយចិត្តតិចតួចដែល ជីរ៉ូ មិនចង់មកព្រះវិហារជាមួយគាត់ ។ ប៉ុន្តែ គាត់នៅតែមានអារម្មណ៍រីករាយដែលបានចែកចាយទីបន្ទាល់របស់គាត់ ។
ក្រោយមកនៅសប្តាហ៍នោះ នៅឯសាលារៀន គ្រូរបស់ ជុង លោក លីន បានសូមឲ្យសិស្សគ្រប់គ្នាប្រុងប្រៀបស្តាប់ ។ « ថ្ងៃស្អែក គឺជាថ្ងៃចុងក្រោយនៅសាលាហើយ ។ ពីព្រោះសិស្សគ្រប់គ្នាបានខិតខំយ៉ាងខ្លាំងនៅឆ្នាំនេះ លោកគ្រូមានការភ្ញាក់ផ្អើលណាស់ ។ យើងទាំងអស់គ្នានឹងទៅផឹកតែគុជជាមួយគ្នា ! »
សិស្សក្នុងថ្នាក់ទាំងអស់បានស្រែកហ៊ោ ។ សិស្សទាំងអស់ លើកលែងតែ ជុង ប៉ុណ្ណោះ ។ ជុង បានអង្គុយចុះនៅលើកៅអីរបស់គាត់ ។ ការជម្រាបដល់លោកគ្រូរបស់គាត់ថា គាត់មិនផឹកទឹកតែ រឹតតែពិបាកជាងប្រាប់ដល់ ជីរ៉ូ ទៅទៀត ! សិស្សគ្រប់គ្នានឹងគិតថា គាត់ជាមនុស្សចម្លែក ដូចជា ជីរ៉ូ បានគិតដែរហើយ ។
ជីរ៉ូ បានលើកដៃរបស់គាត់ឡើង ។ « លោកគ្រូ លីន ? ជុង មិនផឹកទឹកតែទេ ។ វាជាផ្នែកមួយនៃសាសនារបស់គាត់ ។ តើគាត់អាចហូបទឹកផ្លែស្វាយវិញបានទេ ? »
លោកគ្រូ លីន បានងាកទៅ ជុង ។ « តើនេះជាការពិតដែរឬទេ ជុង ? »
ជុង បានងក់ក្បាល ។
លោកគ្រូ លីន បានញញឹម ។ « មិនអីទេ » « លោកគ្រូនឹងកម្ម៉ង់ទឹកផ្លែស្វាយឲ្យឯវិញ » ។
ក្រោយពីរៀនចប់ ជុង និង ជីរ៉ូ បានដើរទៅផ្ទះវិញជាមួយគ្នា ។ ជុង បាននិយាយថា « អរគុណដែលឯងបានជួយ » ។
ជីរ៉ូ បានញញឹម ។ « ឯងជាមិត្តភក្តិរបស់ខ្ញុំ ។ បើមានអ្វីមួយសំខាន់ចំពោះឯង នោះវាក៏សំខាន់ចំពោះខ្ញុំដែរ » ។