រឿងសម្ងាត់ និងរឿងភ្ញាក់ផ្អើល
អ្នកនិពន្ធរស់នៅរដ្ឋ អាយអូវ៉ា ស.រ.អា.
តើត្រឹមត្រូវទេក្នុងការលាក់រឿងសម្ងាត់របស់ខេត?
« ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ » ( មរ៉ូណៃ ៧:១៦ ) ។
« អេ៎ មើលនែ៎ ! » ខេត បានរើសតុក្កតាក្រដាសដែលនៅលើឥដ្ឋនៅហាងមួយ ។ « ណេះ ដាក់វាចូលក្នុងហោប៉ៅឯងទៅ » ។
« ឯងចង់ឲ្យខ្ញុំយកវាឬ ? » ម៉េឌឌី បានសួរ ។
ខេត បាននិយាយថា « ហាងនេះក៏មិនលក់តុក្កតាបែបនេះកើតដែរ » ។ « អ្នកលក់នឹងបោះវាចោលក្នុងធុងសម្រាមជាមិនខាន ។ វាជាបេសកកម្មជួយសង្រ្គោះ ។ យើងជួយដល់តុក្កតានេះ ! »
ខេត បានញញឹមដាក់ ម៉េឌឌី ។ ម៉េឌឌី បានញញឹមតបវិញ ។
« យល់ព្រម » ម៉េឌឌី ទាញយកតុក្កតាក្រដាសដាក់ក្នុងហោប៉ៅរបស់នាង ។ នាងមានអារម្មណ៍ពិសេសដែលចូលរួមក្នុងបេសកកម្មជួយសង្រ្គោះនេះ !
ប៉ុន្តែ នៅពេលពួកគេដើរចេញពីហាង នាងមានអារម្មណ៍ថា តុក្កតាក្រដាសនោះធ្ងន់ដូចជាដុំថ្មនៅក្នុងហោប៉ៅរបស់នាង ។ តើនោះគឺជាអារម្មណ៍នៃបេសកកម្មជួយសង្រ្គោះមែនទេ ?
នៅពេលពួកគេទៅដល់ផ្ទះរបស់ ម៉េឌឌី ខេត បានផ្គុំនិង បិទស្កុត តុក្កតាក្រដាសនោះចូលគ្នាវិញ អស់ពីលទ្ធភាពដែលនាងអាចធ្វើបាន ។
នាងរើស កូល័រទៀន ហើយសួរថា « តើខ្ញុំគួរតែគូសពណ៌សម្លៀកបំពាក់បែបណាឲ្យតុក្កតានេះ ? » « ចុះបើគូសពណ៌ជារ៉ូបរាត្រីដ៏ស្រស់ស្អាតមួយយ៉ាងម៉េចដែរ ? »
ម៉េឌឌី ងក់ក្បាលយ៉ាងអន្ទះសា ។ « បន្ទាប់មក យើងអាចបង្ហាញដល់ម៉ាក់របស់ខ្ញុំ ! »
« ទេ ! ខេត បាននិយាយថា « យើងមិនអាចនិយាយប្រាប់ដល់នរណាបានទេ » ។ « មិនប្រាប់ជារៀងរហូត ។ វាជារឿងសម្ងាត់របស់យើងណ៎ា ? សន្យានឹងខ្ញុំមកថា ឯងមិននិយាយរឿងនេះទេ » ។
ម៉េឌឌី បាននិយាយ « អូ៎ … យល់ព្រម ។ ខ្ញុំសន្យា » ។ « ប៉ុន្តែ ហេតុអ្វីខ្ញុំមិនអាចនិយាយប្រាប់បាន ? »
« ប្រសិនបើឯងប្រាប់ម៉ាក់របស់ឯងគាត់នឹងខឹងហើយ ប្រហែលជាគាត់មិនឲ្យយើងលេងជាមួយគ្នាទៀតទេ » ។
« ហេតុអ្វីគាត់ខឹង ? » ។ ម៉េឌឌី បានសួរ ។ នាងមានអារម្មណ៍បុកពោះ ហើយខ្លាច ។
ខេត បានដាក់កូល័រទៀនរបស់នាងចុះ ។ « ប្រសិនបើឯងមិននិយាយ ខ្ញុំនឹងឲ្យឯងទុកតុក្កតានេះ និងសម្លៀកបំពាក់ដែលខ្ញុំបានគូសទាំងប៉ុន្មានសម្រាប់តុក្កតានេះ » ។
ឥឡូវនេះ ម៉េឌឌី បានដឹងពីមូលហេតុដែលនាងបានមានអារម្មណ៍ភ័យខ្លាច ។ នាងបានខ្សឹប « យើង … យើងបានលួចតុក្កតានេះ មែនទេ ? »
« នែ ឯងគឺជាមនុស្សដែលដាក់វានៅក្នុងហោប៉ៅឯង ហើយលួចយកវាចេញពីហាង » ។
« ដោយសារឯងប្រាប់ខ្ញុំឲ្យធ្វើបែបហ្នឹង ! »
« ខ្ញុំមិនបានប្រាប់ទេ ! » ខេត បានតប ។ « ខ្ញុំទៅផ្ទះវិញហើយពីមុនឯងនាំបញ្ហាមកឲ្យខ្ញុំ » ។ នាងបានក្រោកឈរឡើង ហើយរត់ចេញតាមទ្វារ ។
នៅពេលនោះចំពេលម៉ាក់ចូលមកក្នុងបន្ទប់ល្មម ។ « ហេតុអ្វីបានជា ខេត ចេញទៅទាំងប្រញាប់ប្រញាល់ ? » គាត់បានឃើញ ម៉េឌឌី កាន់តុក្កតាក្រដាស ។ « ចុះតើបានវាមកពីណា ? »
ម៉េឌឌី បានខាំបបូរមាត់ ។ នាងមានអារម្មណ៍មិនល្អចំពោះការលាក់បាំងនឹងម៉ាក់របស់នាងឡើយ ។ ចុះបើ ខេត និយាយត្រូវ ហើយម៉ាក់ខឹងវិញនោះ ?
អារម្មណ៍មិនស្រួលក្នុងខ្លួន នៅតែមានមិនបាត់សោះ ។ នាងបានដកដង្ហើមធំ ហើយបានប្រាប់ពីដំណើររឿងទាំងស្រុង ។
នាងបានពោលថា « ខេត បានប្រាប់កូនឲ្យសន្យាកុំឲ្យនិយាយរឿងនេះ » ។ « ប៉ុន្តែកូនមានអារម្មណ៍ថាខុស » ។
ម៉ាក់បានអង្គុយក្បែរនាងនៅលើគ្រែ ។ « រឿងសម្ងាត់ភាគច្រើនគឺជារឿងខុសឆ្គង ។ ជាពិសេសបើកូនត្រូវបានប្រាប់កុំឲ្យនិយាយរឿងនោះ ។ ម្យ៉ាងវិញទៀត ភាពភ្ញាក់ផ្អើល ដូចជាអំណោយ ឬពិធីជប់លៀងមួយ អាចជារឿងល្អ ។ វាមានន័យថាមនុស្សគ្រប់គ្នារីករាយ » ។
ម៉េឌឌី បានងក់ក្បាល ។ នាងបាននិយាយថា « អរគុណម៉ាក់ដែលមិនបានខឹងនឹងកូន » ។ « ខេត ថាម៉ាក់នឹងខឹងកូន » ។
ម៉ាក់បានឱបនាងយ៉ាងណែន ។ « ម៉ាក់ពិតជាសរសើរកូនណាស់ដែលស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ ហើយប្រាប់ម៉ាក់នូវការពិត » ។
« តើម៉ាក់បើកឡានជូនកូនយកតុក្កតាទៅហាងនោះវិញបានទេ ? » ម៉េឌឌី បានសួរ ។
« ប្រាកដជាបាន ! » ម៉ាក់ បានញញឹម ។ « ហើយពេលយើងត្រឡប់មកវិញ កូនអាចជួយម៉ាក់ធ្វើនំឃេកដើម្បីធ្វើឲ្យប៉ាភ្ញាក់ផ្អើល » ។
ម៉េឌឌី បានសើច ។ « ឥឡូវនោះគឺជាអ្វីមួយដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ! »