ពួកអ្នកត្រួសត្រាយនៅគ្រប់ដែនដី
ការស្រាវជ្រាវដ៏យូររបស់ម៉ៃឃល
ម៉ៃឃល បានងឿងឆ្ងល់ថាតើព្រះវិហារណាមួយពិត ។
ម៉ៃឃល បានលើកស្ពាយកាបូបរបស់គាត់ ។ ជាថ្ងៃទីមួយដើម្បីទៅសាលារៀន ហើយគាត់សន្ទះសារណាស់ ! គាត់ និងគ្រួសារគាត់រស់នៅប្រទេសឥណ្ឌា ។ កុមារជាច្រើននៅក្នុងទីក្រុងគាត់ ពុំអាចទៅសាលារៀនបានទេ ។ ម៉ៃឃល មានអំណរគុណដែលគាត់មានឱកាសទៅរៀន ។
គាត់ចូលចិត្តរៀនណាស់— ជាពិសេសគណិតវិទ្យា ។ គាត់ក៏ចូលចិត្តអានទស្សនាវដ្តីផងដែរ ។ គាត់បានបើកទៅទំព័រផាត់ពណ៌ ។ គាត់បានអានអំពីសត្វ និងទីកន្លែងផ្សេងៗនៅជុំវិញពិភពលោក ។
ថ្ងៃមួយ ម៉ៃឃល បានអានទស្សនាវដ្ដីមួយប្រភេទទៀត ។ វាគឺជាទស្សនាវដ្ដីមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ម៉ៃឃល ចូលចិត្តអានវាណាស់ ។ គាត់ចង់រៀនបន្ថែមទៀត ។
ម៉ៃឃល បានទៅព្រះវិហារផ្សេងៗពីមុន ។ គាត់ចូលចិត្តរៀនអំពីព្រះយេស៊ូវ ។ ប៉ុន្តែពេលខ្លះ គាត់មានអារម្មណ៍ច្របូកច្របល់ ។ តើព្រះវិហារមួយណាជាព្រះវិហារពិត ?
ក្រោយមក គាត់បានអានកូនសៀវភៅមួយអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ គាត់មានអារម្មណ៍ពិសេសមួយពេលគាត់អានកូនសៀវភៅនោះ ។ យ៉ូសែប ស៊្មីធ ក៏បានទៅព្រះវិហារផ្សេងៗដើម្បីស្វែងរកសេចក្ដីពិតផងដែរ ។ ម៉ៃឃល បានគិតថា ប្រហែលជាខ្ញុំដូចជាយ៉ូសែបហើយមើលទៅ ។
ម៉ៃឃល បានទៅកាន់ព្រះវិហារថ្មីនេះ ដើម្បីមើលថាវាយ៉ាងណា ។ ប៉ុន្តែពុំមានព្រះវិហារពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេសឥណ្ឌាទេ ។ ម៉ៃឃល ខកចិត្តណាស់ ។ គាត់បានបន្ដរៀនទាំងអស់តាមដែលគាត់អាចធ្វើទៅបាន ។ គាត់បានអានព្រះគម្ពីរមរមន ហើយបានអធិស្ឋាន ។ គាត់បានដឹងថាវាគឺជាការពិត ។ គាត់ចង់ទទួលពិធីបុណ្យជ្រមុជទឹក ។ ប៉ុន្តែគាត់ត្រូវតែរងចាំ ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ។ នៅពេលម៉ៃឃល មានអាយុ ២១ ឆ្នាំ អ្នកផ្សព្វផ្សាយសាសនារៀមច្បងមួយគូរបានមកប្រទេសឥណ្ឌា ។ ទីបំផុត ម៉ៃឃលបានទទួលពិធីបុណ្យជ្រមុជទឹក ! មិនយូរប៉ុន្មាន គាត់អាចបម្រើបេសកកម្មរបស់ខ្លួនឯងនៅក្នុងរដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ។ ថ្ងៃមួយមានមិត្តម្នាក់បានទូរសព្ទទៅគាត់ ។ សាសនាចក្រកំពុងស្វែងរកអ្នកជួយបកប្រែសម្រាប់សន្និសីទទូទៅឲ្យប្រជាជនឥណ្ឌា ។ ដំបូងឡើយ ម៉ៃឃល មានការភ័យខ្លាច ។ ប៉ុន្តែគាត់រីករាយនឹងជួយ ។
នៅរសៀលខែតុលាមួយ ម៉ៃឃល បានបកប្រែសុន្ទរកថារបស់ប្រធាន ណិលសុន នៅក្នុងសន្និសីទទូទៅ ។ គាត់បានស្ដាប់ឮព្យាការីប្រកាសថា ព្រះវិហារបរិសុទ្ធមួយនឹងសាងសង់ឡើងនៅប្រទេសឥណ្ឌា ! ម៉ៃឃល ចង់ស្រែកហ៊ោដោយអំណរណាស់ ។ គាត់បានយំព្រោះរីករាយខ្លាំងពេក ។
ម៉ៃឃល មានអំណរគុណចំពោះអ្វីៗដែលគាត់បានរៀននៅសាលារៀន ។ ប៉ុន្តែលើសពីនោះ គាត់មានអំណរគុណដែលគាត់បានរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ គាត់រីករាយដែលមនុស្សកាន់តែច្រើននៅក្នុងប្រទេសរបស់គាត់ អាចរៀនអំពីទ្រង់ផងដែរ !