សាលាថ្មី មិត្តថ្មី
តើ អាដា អាចបង្កើតមិត្តច្រើន នៅពេលនាងពុំចេះនិយាយភាសាចិនដោយរបៀបណា ?
អាដា បាននិយាយថា « ខ្ញុំខ្លាច » ។ ថ្ងៃដំបូងរបស់នាងនៅសាលារៀននៅក្នុងកោះតៃវ៉ាន់ ។ ប៉ុន្តែនាងពុំនិយាយភាសាចិនដូចជាសិស្សដទៃទេ ។ តើនាងអាចបង្កើតមិត្តច្រើនដោយរបៀបណា ? តើនរណានឹងលេងជាមួយនាងពេលម៉ោងចេញលេង ?
ម្ដាយរបស់ អាដា បានឱបនាងយ៉ាងណែន ។ « វាមិនអីទេ កុំខ្លាចអី » ។
អាដា ធ្វើមុខស្រពោន ។ « ខ្ញុំអត់ដឹងថាត្រូវបង្កើតមិត្តច្រើននៅទីនេះដោយរបៀបណាទេ » ។
ម្ដាយរបស់នាង បានឱបនាងម្ដងទៀត ។ « បើកូនភ័យខ្លាច ប្រហែលជាកូនអាចគិតអំពីចម្រៀងថ្នាក់កុមារមួយបទ ។ តើវានឹងជួយឬទេ ? »
អាដា បានងក់ក្បាល ។ បន្ទាប់មក នាងបានដើរទៅថ្នាក់រៀនជាមួយម្ដាយនាង ។ គ្រូបង្រៀនកំពុងរង់ចាំនាង ។ « នី ហោ ! » អ្នកគ្រូនិយាយ ។ អាដា ព្យាយាមញញឹម ។ នាងពុំដឹងថាពាក្យនោះមានន័យយ៉ាងណាទេ ។
អាដា បានលាម្ដាយនាង ។ បន្ទាប់មក នាងទៅអង្គុយនៅតុមួយ ។
នាងបានមើលទៅកុមារផ្សេងទៀត ។ ពួកគេមួយចំនួនកំពុងនិយាយគ្នា ។ អ្នកផ្សេងទៀត អង្គុយដោយស្ងាត់ស្ងៀមដូចជា អាដា ដែរ ។ អាដា ភ័យណាស់ ។ នាងមានអារម្មណ៍ថាដូចជាមានសត្វឃ្មុំកំពុងយំនៅក្នុងពោះនាងអញ្ជឹង ។
បន្ទាប់មក អាដា បានឃើញក្មេងស្រីម្នាក់កំពុងយំ ។ អាដា ចង់ជួយនាង ។ ប៉ុន្តែតើនាងអាចជួយបានដោយរបៀបណា បើនាងពុំអាចនិយាយភាសាចិនផងហ្នឹង ? ចុះបើក្មេងនោះពុំត្រូវការជំនួយវិញធ្វើម៉េចទៅ ?
ប៉ុន្តែអាដា បានធ្វើនូវអ្វីដែលម្ដាយនាងបាននិយាយ ។ នាងបានគិតអំពីទំនុកបទកុមារដែលនាងចូលចិត្ត ៖ « ចូរស្រឡាញ់គ្នាទៅវិញទៅមកដូចជាព្រះយេស៊ូវស្រឡាញ់អ្នក » ។ អាដា បានដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងសុំឲ្យនាងជួយ ។
អាដា បានទៅអង្គុយជិតក្មេងស្រីនោះ ។ នាងបានដាក់ដៃឱបក្មេងស្រីនោះ ។ បន្ទាប់មក នាងបានអង្អែលខ្នងក្មេងស្រីនោះ ដូចជាម្ដាយនាង បានធ្វើ នៅពេលនាងមានអារម្មណ៍សោកសៅ ។ ក្មេងស្រីនោះឈប់យំ ! នាងបានឱប អាដា វិញ ។
អាដា ចង្អុលមកខ្លួនឯង ។ « អាដា » ។
ក្មេងស្រីនោះចង្អុលទៅខ្លួនឯង ។ នាងបាននិយាយថា « ម៉ី » ។
អាដា បានញញឹម ។ នាងបានអង្គុយជិត ម៉ី ពេញមួយថ្ងៃ ។ ទោះជាពួកគេពុំចេះនិយាយភាសាដូចគ្នាក្ដី ក៏ពួកគេបានរីករាយជាមួយគ្នាដែរ ។ ពួកគេបានញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ។ ពួកគេបានលេងជាមួយគ្នានៅម៉ោងសម្រាក ។ ហើយ ម៉ី បានជួយអាដា រៀនពាក្យថ្មីជាភាសាចិន !
អាដា អន្ទះសារចង់ប្រាប់ម្ដាយនាងអំពីមិត្តថ្មីរបស់នាង ។ នាងបានដឹងថា បើនាងធ្វើតាមព្រះយេស៊ូវ នោះនាងនឹងមិនខ្លាចអ្វីឡើយ ។