ការទស្សនាព្រះវិហារបរិសុទ្ធ
តើនៅក្នុងព្រះវិហារបរិសុទ្ធមានទិដ្ឋភាពបែបណា ? សូមមើលនៅក្នុងព្រះវិហារបរិសុទ្ធ រីអូ ឌេ ចានីរ៉ូ ប្រេស៊ីល ដើម្បីស្វែងយល់ ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងមួយដែលមនុស្សទទួល ពិធីបរិសុទ្ធនានា ( ពិធីពិសិដ្ឋដែលបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ដូចជាពិធីបុណ្យជ្រមុជទឹក ) ។
តុពិនិត្យប័ណ្ណ ព្រះវិហារបរិសុទ្ធ
នៅពេលអ្នកចូលទៅក្នុងព្រះវិហារបរិសុទ្ធ មានអ្នកស្ម័គ្រចិត្តនឹងទទួលស្វាគមន៍អ្នក ។ បើអ្នកទៅទីនោះដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ឬពិធីបញ្ជាក់សម្រាប់អ្នកដទៃ នោះអ្នកនឹងត្រូវបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់អ្នក ។ វាបង្ហាញថា អ្នកបានត្រៀមខ្លួនដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកអាចទទួលបានប័ណ្ណមកពីប៊ីស្សព ឬប្រធានសាខា ពេលអ្នកឈានចូលដល់អាយុ ១២ ឆ្នាំ ។
ពិធីបុណ្យជ្រមុជទឹក
នៅក្នុងព្រះវិហារបរិសុទ្ធ អ្នកអាចធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់ជីដូនជីតារបស់អ្នកដែលបានស្លាប់ទៅពុំបានទទួលពិធីបុណ្យជ្រមុជទឹក ។ អ្នកក៏អាចធ្វើពិធីបញ្ជាក់សម្រាប់ពួកគាត់ផងដែរ ដើម្បីពួកគាត់អាចទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
បន្ទប់ពិធីបរិសុទ្ធ
នៅទីនេះ អ្នកនឹងរៀនបន្ថែមអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ និងគោលបំណងរបស់ទ្រង់សម្រាប់យើងនៅលើផែនដី ។ នៅថ្ងៃណាមួយ អ្នកអាចមកទីនេះដើម្បីធ្វើសេចក្ដីសញ្ញា ឬការសន្យាពិសេសជាមួយនឹងទ្រង់ ។
បន្ទប់សេឡេស្ទាល
បន្ទប់ដ៏ស្រស់ស្អាត និងសុខសាន្ដនេះ គឺជាកន្លែងមួយដើម្បីអធិស្ឋាន ហើយគិតអំពីរឿងដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ។ វារំឭកយើងថាផ្ទះសួគ៌ារបស់យើងមានលក្ខណៈស្រស់ស្អាតដូចគ្នានេះដែរ ។
បន្ទប់ផ្សារភ្ជាប់
នៅក្នុងបន្ទប់នេះ ស្វាមី និងភរិយា អាចរៀបការសម្រាប់ភាពអស់កល្បជានិច្ច ។ នេះហៅថា ការផ្សារភ្ជាប់ ។ គូស្វាមីភរិយាលុតជង្គង់នៅឯទីអាសនាដើម្បីត្រូវបានផ្សារភ្ជាប់ ។ កូនៗក៏អាចផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ពួកគេនៅទីនេះផងដែរ ទោះបីជាពួកគេជាកូនចិញ្ចឹម ឬកូនដែលបានកើតមកមុនពេលគ្រួសាររបស់ ពួកគេបានផ្សារភ្ជាប់ក្តី ។