ចម្រៀងដែលហ្វាទីម៉ាស្រឡាញ់
ហ្វាទីម៉ា បានដើរលោតកញ្ឆឹកៗនៅតាមផ្លូវ ។ នាងបានដើរពីសាលារៀនទៅផ្ទះវិញជាមួយម្ដាយ ។ នាងបានគ្រហឹមចម្រៀងមួយបទ ពេលនាងដើរលោតកញ្ឆឹក ។
ហ្វាទីម៉ា បាននិយាយថា « អ្នកគ្រូ ឡូប៉េស សុំឲ្យពួកយើងរៀនច្រៀង » ។ « តើម៉ាក់អាចបង្រៀនកូនមួយបទបានឬទេ ? »
ម៉ាក់ បានញញឹម ។ « បានតើ ! »
នៅពេលពួកគាត់បានទៅដល់ផ្ទះ ហ្វាទីម៉ា និងម្ដាយ បានច្រៀងជាមួយគ្នា ។ ពួកគេច្រៀងច្រើនបទណាស់ ។ ប៉ុន្តែពួកគេពុំបានច្រៀងចម្រៀងដែលនាងស្រឡាញ់ទេ ។
« តើកូនអាចច្រៀងចម្រៀងកុមារមួយបទបានឬទេ ? » ហ្វាទីម៉ា បានសួរ ។
ម៉ាក់ បាននិយាយថា « ប្រាកដណាស់កូន » ។
ហ្វាទីម៉ា បានច្រៀងបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នានិរន្ត៍ » ។ នាងបានហាត់ទំនុកបទជាមួយនឹងម្ដាយ ។ បន្ទាប់មកនាងច្រៀងតែឯង ។ នាងច្រៀងរហូតដល់នាងចាំពាក្យទំនុកទាំងអស់ ។
នៅសាលារៀន ហ្វាទីម៉ា រំភើបចិត្តដើម្បីច្រៀងចម្រៀងដល់មិត្តរួមថ្នាក់របស់នាង ។
« តើមាននរណាចង់ឡើងច្រៀងឬទេ ? » អ្នកគ្រូ ឡូប៉េស បានសួរ ។
ហ្វាទីម៉ា បានលើកដៃឡើង ។ « ខ្ញុំនឹងច្រៀង ! »
នាងក៏ក្រោកឈរឡើង ហើយញញឹម ។ នាងច្រៀងថា « ខ្ញុំមានក្រុមគ្រួសារលើផែនដី ។ គេផ្ដល់ក្ដីសុខដល់ខ្ញុំ » ។
ខណៈពេលដែលនាងច្រៀង ហ្វាទីម៉ា មានអារម្មណ៍រីករាយណាស់ ។ ហើយនាងបានចងចាំចម្រៀងទាំងមូល ! សិស្សគ្រប់គ្នាបានទះដៃសារទឲ្យនាង ។
បន្ទាប់ពីថ្នាក់រៀន ម្ដាយ បានមកទទួលហ្វាទីម៉ា ។ អ្នកគ្រូ ឡូប៉េសបាននិយាយទៅអ្នកម្ដាយ ។
« នាងច្រៀងចម្រៀងពិរោះណាស់ ។ ហើយនាងហាក់ដូចជាមិនភ័យទាល់តែសោះ » ។
ហ្វាទីម៉ា ញញឹម ។ ម៉ាក់ក៏ញញឹមផងដែរ ។
« យើងច្រៀងចម្រៀងពិរោះៗជារៀងរាល់សប្ដាហ៍នៅព្រះវិហារ ! » ហ្វាទីម៉ា បាននិយាយ ។
ម្ដាយបាននិយាយថា « អ្នកគ្រូអាចមកចូលរួមជាមួយពួកយើងបានគ្រប់ពេល » ។
អ្នកគ្រូ ឡូប៉េស បានញញឹម ។ « អរគុណ » ។
ហ្វាទីម៉ា បានច្រៀង នៅពេលនាងដើរមកផ្ទះវិញជាមួយម្ដាយ ។ នាងចូលចិត្តច្រៀងចម្រៀងឲ្យមិត្តរួមថ្នាក់នាងស្ដាប់ ។ ការច្រៀងធ្វើឲ្យនាងមានអារម្មណ៍សប្បាយរីករាយ ។