២០២២
ការរត់ប្រណាំង​រើស​ឧស
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


ការរត់ប្រណាំង​រើស​ឧស

ព្យាការី​បាន​មាន​ប្រសាសន៍ថា យើង​ពុំគួរ​ឈប់​ត្រៀម​បម្រុង​ទុក​នោះឡើយ ។

boy holding firewood

លូកា​រត់​យ៉ាង​លឿន ។ គាត់​ក្រឡេក​មើលទៅ​បងប្អូន​គាត់ ។ ប្អូន​ប្រុសគាត់ រ៉ូប៊ើត កំពុង​ព្យាយាម​រត់​ឲ្យ​ទាន់​គាត់ !

« ចាប់បាន ! ដល់​វេណ​បងហើយ ! » រ៉ូប៊ើត​បាន​និយាយ ។

លូកា សើច​កក្អឹក ។ គាត់​បាន​រត់​ដេញ​តាម​បងស្រី​របស់​គាត់ មីលី ។

បន្ទាប់ពី​លេង​ល្បែង​រួចហើយ គ្រប់គ្នា​បាន​អង្គុយចុះ​សម្រាក ។

« តើ​យើង​អាច​លេង​អ្វីខ្លះ​ឥឡូវនេះ ? » មីលី បានសួរ ។

លូកា សប្បាយចិត្ត​ដែលគាត់​មាន​បងប្អូន​ដើម្បី​លេង​ជាមួយ ។ ប៉ុន្តែ​កូវីត-១៩ បាន​ផ្លាស់ប្ដូរ​អ្វីៗ​ជាច្រើន ។ ពួកគេ​ពុំ​អាច​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​បានទេ ។ ហើយ​ពេល​ខ្លះ ពួកគេ​ពុំ​ទាំង​បាន​អនុញ្ញាត​ឲ្យចេញ​ទៅក្រៅ​ផងដែរ ។

លូកា បាន​ព្យាយាម​គិត​អំពី​ល្បែង​មួយ​ដែល​ពួកគេ​អាច​លេង ។ បន្ទាប់មក គាត់​គិត​អំពី​អ្វីមួយ ដែល​គាត់បាន​ស្ដាប់​ឮ​នៅក្នុង​ថ្នាក់កុមារ ។

លូកា បាន​និយាយ​ថា « ខ្ញុំ​គិត​ថា​យើង​គួរ​ធ្វើ​អ្វី​មួយ​ដើម្បី​ត្រៀម​បម្រុង​ទុក » ។

« តើ​ឯង​ចង់​មាន​ន័យថា​យ៉ាងម៉េច ? » មីលី បានសួរ ។

លូកា បាន​មើល​ទៅដើម​ត្របែក​នៅ​ជុំវិញ​ផ្ទះរបស់​ពួកគេ ។ « ព្យាការី​បាន​មាន​ប្រសាសន៍ថា យើង​ពុំគួរ​ឈប់​ត្រៀម​បម្រុង​ទុកឡើយ ។ ប្រហែលជា​យើង​អាច​ប្រមូល​ឧស​ទុក​នៅថ្ងៃនេះ ។ យើងអាច​ធ្វើ​វា​ជា​ល្បែងកម្សាន្ដ ដើម្បី​សាកល្បង​មើលថា​នរណា​អាច​ប្រមូល​ឧស​បាន​ច្រើន​ជាងគេ ! »

boy and girl running and holding firewood

លូកា និង​បងប្អូន​របស់​គាត់ បាន​រត់ប្រណាំង​គ្នា​ទៅដើម​ឈើ​នៅជិត​ផ្ទះ​របស់​ពួកគេ ។ លូកា បាន​ដាក់​ឧស​ត្រកង​ក្នុង​ដៃ ហើយ​រត់ត្រឡប់​ទៅដាក់​ឧស​របស់គាត់​នៅក្នុង​រោង ។ នៅពេល​បងប្អូន​របស់​គាត់​ទៅដល់​ទីនោះ គាត់​បាន​ជួយ​ពួកគេ​ដាក់​តម្រៀប​ឧស​ផងដែរ ។ ពួកគេ​បាន​រត់​ត្រឡប់​ទៅវិញ​ទៅមក រហូតដល់​ពួកគេ​បាន​ប្រមូល​ឧស​ទុក​ជាគំនរ​មួយ​ដ៏ធំ ។

« វា​គ្រប់គ្រាន់​ដើម្បី​ចម្អិន​អាហារ​បាន​ពេញ​មួយ​សប្ដាហ៍​ហើយ ! » ម៉ាលី បាន​និយាយ ។

« ធ្វើ​អញ្ចឹង​សប្បាយ​ណាស់ » រ៉ូប៊ើត​បាន​និយាយ ។ « ខ្ញុំ​ចូលចិត្ត​ត្រៀម​​បម្រុងទុក ! »

លូកា​បាន​ឆ្លើយថា « បង​ផង​ដែរ » ។ គាត់​ចង់​ធ្វើអ្វី​មួយ​ទៀត​ដើម្បី​ត្រៀមបម្រុង​ទុក ។

បន្ទាប់មក គាត់ និង​បងប្អូន​ប្រុសស្រី​របស់គាត់ បានដាំ bele ( បន្លែ​បៃតង ) នៅក្នុង​សួន​របស់​ពួកគេ ។ លូកា បាន​កាត់​មែក​ពីដើម​ចាស់ៗ ដើម្បី​ពួកគេ​អាច​ដាំវា​ឲ្យ​ដុះ​បន្ថែមទៀត ។

ខណៈពេល​ដែល​ពួកគេ​កំពុង​ធ្វើការ នោះ​ជីដូនជីតា​របស់​ពួកគេ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​បានចេញ​មក ។

« តើ​ចៅ​ដាំ bele ដោយ​ខ្លួនឯង​ឬ ? » លោកតា​បានសួរ ។

លូកា​បាន​ឆ្លើយ​ថា « បាទ » ។ « ហើយ​ពួកយើង​បាន​ប្រមូល​ឧស​ទុក​ផងដែរ ! »

ប៉ា​បាន​និយាយថា « អរគុណ​កូន » ។ « ប៉ា​រវល់​ណាស់​ថ្ងៃនេះ ។ ប៉ា​នឹង​ពុំអាច​ធ្វើវា​បានទេ » ។

នៅ​រសៀល​នោះ លូកា បាន​អង្គុយ​នៅក្នុង​ផ្ទះ​ជាមួយ​គ្រួសារ​របស់​គាត់ ។ ពួកគេ​បាន​ស្ដាប់​ឮ​ពី​ការប្រកាស​ក្នុងវិទ្យុ​ថា គ្រប់គ្នា​ត្រូវ​នៅក្នុង​ផ្ទះ​រយៈពេល​បួន​ថ្ងៃ ដើម្បី​ទប់ស្កាប់​ជំងឺកូវីត-១៩ កុំ​ឲ្យ​រីករាលដាល ។ ពុំ​មាន​នរណា​ម្នាក់​ត្រូវ​អនុញ្ញា​ត​ឲ្យ​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ទេ ។

មីលី​បាន​និយាយថា « វាល្អណាស់ ដែលយើង​បាន​ប្រមូល​ឧស​ទុក​នៅ​ថ្ងៃនេះ ។ ឥឡូវ យើង​នឹង​មិនអាច​ធ្វើបានទេ » ។

លូកា បាន​ញញឹម ។ គាត់​រីករាយ​ដែល​ពួកគេ​បាន​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្យាការី​ដើម្បី​ត្រៀមបម្រុង​ទុក ។

រចនា​រូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី