« លើសពីថ្ងៃហ្វឹកហាត់ដ៏ល្អ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១៤-១៥ ។
លើសពី ថ្ងៃហ្វឹកហាត់ដ៏ល្អ
ស្ត្រីម្នាក់កំពុងមានអារម្មណ៍មិនល្អ ។ តើអ៊ីស្មាអែល អាចជួយបានឬទេ ?
រឿងនេះបានកើតឡើងនៅ បូលីវៀ ។
អ៊ីស្មាអែល ញញឹមពេលគាត់បានឈានជើងចេញក្រៅក្រោមពន្លឺព្រះអាទិត្យ ។ គាត់ និងប៉ាកំពុងទៅលេងនៅសួន ។ ពេលពួកគេកំពុងតែដើរ អ៊ីស្មាអែលកាន់ដៃប៉ា និងកាន់បាល់របស់គាត់ ។ អ៊ីស្មាអែល ចូលចិត្តចំណាយពេលជាមួយប៉ា—ជាពិសេសពេលពួកគេលេងបាល់ជាមួយគ្នា !
នៅពេលពួកគេទៅដល់សួន អ៊ីស្មាអែល បានមើលជុំវិញ ។ ស្ត្រីម្នាក់កំពុងបោចស្មៅនៅជិតទីលានបាល់ទាត់ ។ គ្រួសារមួយកំពុងដើរនៅលើចិញ្ចើមផ្លូវ ។ ប៉ុន្តែពុំមាននរណាម្នាក់លេងនៅលើទីលានបាល់ទាត់នោះទេ ។ អ៊ីស្មាអែល និងប៉ានឹងមានកន្លែងធំដើម្បីហ្វឹកហាត់ !
« ចាប់ផ្ដើមលេងបាននៅ ? » ប៉ាបានសួរ ។
« បាទប៉ា ! » អ៊ីស្មាអែល បានរត់ទៅកាន់ទីលានយ៉ាងលឿនតាមដែលគាត់អាចធ្វើបាន ។ គាត់បានធ្វើសមយុទ្ធហ្ស៊ីកហ្សាគ ទាត់បាល់ពិន័យ និងការស៊ុតពីជ្រុង ។
ប៉ាបានទាត់បាល់យ៉ាងខ្លាំង ។ វាហោះផុតក្បាលរបស់អ៊ីស្មាអែល !
អ៊ីស្មាអែលបាននិយាយថា « កូននឹងទៅរើសវា » ។ គាត់បានរត់ទៅជ្រុងទីលាន ហើយបានរើសបាល់ឡើង ។ គាត់បានឃើញស្រ្តីម្នាក់នោះនៅតែបន្តជីកដី ។ ស្រ្តីនោះមើលទៅអស់កម្លាំងណាស់ ។
ប៉ាបានស្រែកប្រាប់ថា « ឥឡូវប៉ានឹងធ្វើជាអ្នកចាំទី » ។ « ចាំមើលកូនអាចស៊ុតចូលអត់ ! »
អ៊ីស្មាអែល បានរត់ត្រលប់ទៅវិញ ហើយទាត់បាល់បញ្ចូលទី ។ ប៉ាបានឈោងទៅចាប់បាល់ ប៉ុន្តែចាប់មិនជាប់ ។
« ចូល ! » អ៊ីស្មាអែល បានហ៊ោពេលដែលបាល់បានប៉ះសំណាញ់ ។
មិនយូរប៉ុន្មាន មួយម៉ោងពេញបានកន្លងផុតទៅ ។ ប៉ាបាននិយាយថា « ដល់ម៉ោងទៅផ្ទះហើយ » ។
អ៊ីស្មាអែល បានងាកទៅមើលស្រ្តីដែលកំពុងបោចស្មៅនោះ ។ គាត់បានគិតថាការធ្វើការនៅក្រោមកម្តៅព្រះអាទិត្យគឺមិនសប្បាយដូចលេងបាល់នោះទេ ។ គាត់ចង់ធ្វើឲ្យស្រ្តីម្នាក់នោះសប្បាយចិត្ត ។ បន្ទាប់មក គាត់បានមានគំនិតមួយ ។
គាត់បានសួរថា « ប៉ា តើប៉ាមិនគិតថាស្រ្តីនោះកំពុងធ្វើការងារយ៉ាងល្អទេឬអី ? » ។
« អីគេកូន ? » ប៉ាបានមើលទៅស្រ្តីម្នាក់នោះ ។ « អូ បាទ » ។
អ៊ីស្មាអែល បាននិយាយថា « កូនគិតថាយើងគួរតែទៅប្រាប់គាត់ ! »
ប៉ាបាននិយាយ « តែយើងត្រូវតែប្រញាប់ទៅផ្ទះ ។ ម៉ាក់កំពុងរង់ចាំយើង » ។
អ៊ីស្មាអែលបានមើលស្រ្តីនោះជូតថ្ងាសរបស់គាត់ ។ គាត់កាន់តែមានអារម្មណ៍ថាចង់និយាយជាមួយស្រ្តីនោះ ។ គាត់បាននិយាយថា « កូនមានអារម្មណ៍ថាយើងគួរតែទៅនិយាយជាមួយគាត់ » ។ គាត់បានទាញដៃប៉ា ហើយដើរសំដៅទៅរកស្រ្ដីនោះ ។
« អរុណសួស្ដីអ្នកមីង » អ៊ីស្មាអែល បាននិយាយដោយគ្រវីដៃ ។
ស្ត្រីនោះមិនបានងើបមើលទេ ។ « តើក្មួយមានការអ្វី ? »
អ៊ីស្មាអែល អាចដឹងថាគាត់មិនសប្បាយចិត្តទេ ។ ប៉ុន្តែរឿងនោះមិនបានបញ្ឈប់គាត់ឡើយ ។ « ខ្ញុំចង់ប្រាប់អ្នកមីងថា អ្នកមីងធ្វើការបានល្អណាស់ ! »
ម្ដងនេះ ស្រ្តីនោះបានងើយមើលមុខគាត់ ។
អ៊ីស្មាអែល បានញញឹម ។ « ខ្ញុំអរគុណអ្នកមីងដែលបានថែទាំសួននេះ ! »
ស្រ្តីនោះក៏បានញញឹមតបវិញ ។ គាត់បាននិយាយថា « អរគុណក្មួយ » ។ បន្ទាប់មក គាត់បានញញឹមពព្រាយជាងមុន ។ « សូមអរគុណច្រើន » ។
អ៊ីស្មាអែល សប្បាយចិត្តពេលដែលគាត់បានដើរទៅផ្ទះវិញជាមួយប៉ា ។
ប៉ាបាននិយាយថា « ប៉ាគិតថាអ្វីដែលកូនបាននិយាយសំខាន់ណាស់សម្រាប់គាត់ » ។ « ប៉ារីករាយណាស់ដែលកូនបានស្ដាប់តាមអារម្មណ៍ដែលកូនបានទទួល » ។
« កូនក៏ដូចគ្នាដែរ » ។ អ៊ីស្មាអែល បានគិតមួយសន្ទុះ ។ បន្ទាប់មកគាត់បានសួរថា « តើប៉ាគិតថាអារម្មណ៍នោះមកពីព្រះវិញ្ញាណបរិសុទ្ធឬ ? »
ប៉ាបានងក់ក្បាល ។ « ជួនកាល ព្រះវិញ្ញាណបរិសុទ្ធប្រទានដល់យើងនូវគំនិតមួយដើម្បីជួយនរណាម្នាក់ ។ ហើយវាជាអ្វីដែលកូនធ្វើនោះហើយ » ។
អ៊ីស្មាអែល បានញញឹម ។ ការនិយាយជាមួយស្រ្តីម្នាក់នោះគឺជាកិច្ចការតូចតាចណាស់ ប៉ុន្តែអ៊ីស្មាអែលបានធ្វើឲ្យថ្ងៃរបស់ស្ត្រីនោះបានប្រសើរជាងមុន ។ ការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើឲ្យថ្ងៃរបស់គាត់បានប្រសើរដែរ !