« ការជួយប្អូនប្រុសតូច » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១៦-១៧ ។
ការជួយប្អូនប្រុសតូច
គ្មាននរណាម្នាក់មានពេលសម្រាប់ឡាស្ស៊ីអាក្នុងពេលនេះទេ ។
ដំណើររឿងនេះបានកើតឡើងនៅអាហ្រ្វិចខាងត្បូង ។
ឡាស្ស៊ីអា មានប្អូនប្រុសតូចម្នាក់ ។ គាត់ឈ្មោះ លៀម ។ គាត់មានសក់ខ្មៅ ហើយមានដៃជើងតូចៗ ។ គាត់គឺគួរឲ្យស្រឡាញ់ណាស់ !
ប៉ុន្តែពេលខ្លះការមានទារកទើបកើតនៅក្នុងគ្រួសារគឺពិបាកណាស់ ។ ឥឡូវម៉ាក់ និងប៉ាគឺរវល់ជានិច្ច ។ ហើយលៀម យំរហូត ។
« ម៉ាក់ តើម៉ាក់អាចអានរឿងនិទានឲ្យកូនស្ដាប់បានទេ ? » ឡាស្ស៊ីអា បានសួរ ។
ម៉ាក់បានឆ្លើយថា « ម៉ាក់ត្រូវងូតទឹកឲ្យលៀម » ។ « ប្រហែលកូនអាចអានរឿងនិទានជាមួយអារីអាណា » ។
ឡាស្ស៊ីអា បានអង្គុយនៅលើឥដ្ឋជាមួយប្អូនស្រីរបស់នាង ។ ពួកគេបានបើកសៀវភៅគ្រប់ទំព័រ ។ ប៉ុន្តែវាមិនដូចពេលអានជាមួយម៉ាក់ទេ ។
« ប៉ា តើប៉ានឹងលេងហ្គេមជាមួយកូនឬទេ ? » ឡាស្ស៊ីអា បានសួរ ។
ប៉ាបានឆ្លើយថា « ប៉ាត្រូវជួយម៉ាក់មើលកូនតូចពីមុនប៉ាចេញទៅធ្វើការ »។
នាងធ្វើមុខក្រម៉ូវ ។ ម៉ាក់ និងប៉ាមិនមានពេលសម្រាប់នាងឡើយពេលនេះ ! ពួកគាត់តែងតែជួយលៀមជានិច្ច ។
បន្តិចទៀត ប៉ាទៅធ្វើការហើយ ។ ម៉ាក់បានដាក់លៀមឲ្យគេង ។ គាត់បានអង្គុយជាមួយឡាស្ស៊ីអា និងអារីអាណានៅលើសាឡុង ។ គាត់មើលទៅអស់កម្លាំងណាស់ ។
ម៉ាក់បាននិយាយថា ៖ «ពួកយើងរវល់ជាមួយលៀមណាស់ » « តើកូនមានអារម្មណ៍ថាឯកាដែរឬទេ ?
ឡាស្ស៊ីអា បានងក់ក្បាល ។ នាងមានអារម្មណ៍ថាចង់យំ ។
ម៉ាក់បានឳបឡាស្ស៊ីអា និងអារីអាណា ។ « លៀមត្រូវការជំនួយច្រើនឥឡូវនេះ ពីព្រោះគាត់នៅតូចណាស់ ។ គាត់មិនអាចធ្វើអ្វីដោយខ្លួនឯងដូចកូននោះទេ » ។
ឡាស្ស៊ីអា បាននិយាយថា « កូនដឹង » ។
« ប៉ុន្តែ ប្រសិនបើកូនចង់ កូនអាចជួយម៉ាក់មើលថែលៀមបាន » ។ ម៉ាក់ញញឹម ។
« ពិតមែនឬម៉ាក់ ? » ឡាស្ស៊ីអា បានសួរ ។ នាងពេញចិត្តនឹងគំនិតនោះ ។
« កូនក៏ដូចគ្នាដែរឬ ? » អារីអាណាបានសួរ ។
ម៉ាក់បាននិយាយថា « កូនក៏អាចជួយបានដែរ » ។
ក្រោយមក លៀមបានចាប់ផ្ដើមយំ ។ នៅពេលម៉ាក់ផ្លាស់ប្ដូរខោទឹកនោមឲ្យគាត់ ឡាស្ស៊ីអាបានយកក្រដាសជូតឲ្យគាត់ ។
ម៉ាក់បាននិយាយថា « អរគុណកូន » ។
នៅថ្ងៃបន្ទាប់ នៅពេលលៀមងូតទឹក ឡាស្ស៊ីអា និងអារីអាណាបានរើសសម្លៀកបំពាក់ឲ្យគាត់សម្រាប់ស្លៀក ។ វាមានរូបសត្វតូចៗគួរឲ្យស្រឡាញ់នៅលើសម្លៀកបំពាក់នោះ ! ពួកគេយកវាទៅឲ្យម៉ាក់ដើម្បីស្លៀកឲ្យលៀម ។
ម៉ាក់បាននិយាយថា « អរគុណកូន » ។
ឡាស្ស៊ីអា និងអារីអាណាបានគិតពីរបៀបផ្សេងៗទៀតដើម្បីជួយ ។ ពួកគេរៀបចំគ្រែគេងរបស់ពួកគេជារៀងរាល់ព្រឹកដោយមិនចាំបាច់ត្រូវប្រាប់ឲ្យរៀបចំឡើយ ។ ពេលខ្លះ ពួកគេរៀបចំគ្រែឲ្យប៉ាម៉ាក់ទៀតផង ! ហើយពេលញ៉ាំអាហារពេលល្ងាច ពួកគេបានជួយប៉ានៅក្នុងផ្ទះបាយ ។
ប៉ា និងម៉ាក់បាននិយាយថា « អរគុណកូនៗ » ។
នៅពេលលៀមយំ ឡាស្ស៊ីអាជួយលួងប្អូនឲ្យឈប់យំ ។ នាងពរប្អូន ហើយនិយាយជាមួយប្អូនដោយសំឡេងទន់ភ្លន់ ។ លៀមមិនទាន់ចេះនិយាយអរគុណនៅឡើយទេ ។ ប៉ុន្ដែនៅថ្ងៃមួយ គាត់បានញញឹមដាក់ឡាហ្ស៊ីអា !
ឡាស្ស៊ីអា ក៏បានញញឹមដាក់ប្អូនវិញ ។ នាងសប្បាយចិត្តដែលនាងអាចជួយប្អូនប្រុសតូចព្រមទាំងប៉ាម៉ាក់របស់នាងផងដែរ !