« ការហាត់សម » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៣០-៣១ ។
ការហាត់សម
យ៉ារេឌ បានដឹងថាព្រះយេស៊ូវគ្រីស្ទបានគាំទ្រគាត់ ។
រឿងនេះបានកើតឡើងនៅក្នុងប្រទសបារាំង ។
យ៉ារេឌ បោះបាល់ពេញទីលាន ។ អ្នកលេងរត់ជុំវិញគាត់ ហើយស្បែកជើងរបស់ពួកគេលាន់សូរសំឡេង ។
« ខ្ញុំអាចទទួលបាល់បាន ! » កាព្រីអ៊ែលបានស្រែក ។
យ៉ារេឌបានបោះបាល់ទៅឲ្យកាព្រីអ៊ែល ហើយបន្តរត់ ។ បន្ទាប់មកកាព្រីអ៊ែលបានបោះបាល់ឲ្យវិញ ។ យ៉ារេឌបានបោះបាល់ចូលកន្រ្តក ។
ផាំង!
វាបានចូលក្នុងកន្រ្តក !
គ្រូបង្វឹករបស់គាត់បាននិយាយបន្ទាប់ពីបញ្ចប់ការលេង « យ៉ារេឌ ធ្វើបានល្អណាស់ » ។ « ឯងដឹងអត់ ការហាត់សមសម្រាប់ក្រុមក្នុងតំបន់គឺក្នុងរយៈពេលពីរសប្ដាហ៍ » ។
យ៉ារេឌបានញញឹម ។ មានអ្នកលេងតែពីរបីនាក់ប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឲ្យហាត់សមសម្រាប់ក្រុមនោះ ។
គ្រូបង្វឹកបាននិយាយថា « ការហាត់សមនោះគឺនៅថ្ងៃអាទិត្យ » ។ « តើឯងគិតថាឯងអាចធ្វើបានទេ ? »
ភាពរំភើបញាប់ញ័ររបស់យ៉ារេឌបានបាត់បង់ភ្លាមៗតែម្ដង ។
យ៉ារេឌបានសួរ ។ « នៅថ្ងៃអាទិត្យ ? » ។
« បាទ ។ តើមានបញ្ហាអីឬ ? »
យ៉ារេឌបានគិតអំពីវា ។ នេះជាឳកាសដែលគាត់អាចលេងនៅក្នុងក្រុមដ៏ល្អ ! ប៉ុន្តែថ្ងៃអាទិត្យជាថ្ងៃដែលគាត់ទៅព្រះវិហារ ហើយផ្ដោតអារម្មណ៍ទៅលើព្រះអង្គសង្គ្រោះ ។
យ៉ារេឌបាននិយាយថា « ថ្ងៃអាទិត្យគឺជាថ្ងៃពិសេសសម្រាប់ខ្ញុំ » ។ « ប៉ុន្តែខ្ញុំនឹងនិយាយជាមួយម្ដាយឪពុករបស់ខ្ញុំ្អំពីរឿងនេះ » ។
នៅយប់នោះ យ៉ារេឌបានអង្គុយនៅលើគ្រែជាមួយម្ដាយឪពុករបស់់គាត់ ។ គាត់បោះបាល់របស់គាត់ឡើងលើខណៈពេលដែលគាត់បានគិត ។ គាត់បានប្រាប់ម៉ាក់ និងប៉ាថា « កូនពិតជាចង់សាកល្បងសម្រាប់ក្រុមនោះណាស់ » ។ « ប៉ុន្តែកូនមិនចង់ធ្វើវានៅថ្ងៃអាទិត្យទេ ។ កូនដឹងថាព្រះសំខាន់ជាងបាល់បោះ » ។
« តើប៉ាម៉ាក់អាចធ្វើអ្វីខ្លះដើម្បីជួយដល់កូន ? » ម៉ាក់បានសួរ ។
យ៉ារេឌបានបង្វិលបាល់នៅក្នុងដៃរបស់គាត់ ។ « តើយើងអាចអធិស្ឋានជាមួយគ្នាបានទេ ? »
គាត់បានដាក់បាល់ចុះ ហើយលុតជង្គង់ជិតប៉ាម៉ាក់ ។ « ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ » គាត់បាននិយាយ « កូនពិតជា ពិតជា ចង់ហាត់សមសម្រាប់ក្រុមបាល់បោះនេះណាស់ ។ ប៉ុន្ដែការហាត់សមគឺនៅថ្ងៃអាទិត្យ ! កូនដឹងថាថ្ងៃអាទិត្យគឺជាថ្ងៃដែលកូនថ្វាយដល់ទ្រង់ ។ តើកូនអាចធ្វើអ្វីបាន ? »
បន្ទាប់ពីការអធិស្ឋាន យ៉ារេឌបានទទួលអារម្មណ៍លួងលោមចិត្ត ។
« តើកូនមានអារម្មណ៍បែបណា ? » ម៉ាក់បានសួរ ។
គាត់បាននិយាយថា « ប្រសិនបើការហាត់សមធ្វើនៅថ្ងៃអាទិត្យ នោះកូននឹងមិនចូលរួមទេ ។ « ប៉ុន្តែកូនមានអារម្មណ៍ថា វានឹងមិនអីទេ » ។
ពីរថ្ងៃបន្ទាប់ ម៉ាក់របស់យ៉ារេឌបានទទួលអ៊ីម៉ែលមួយ ។ វាបានប្រាប់ថា ឥឡូវការហាត់សមនឹងធ្វើនៅថ្ងៃសៅរ៍វិញ !
យ៉ារេឌអាចសាកល្បង និង រក្សាថ្ងៃអាទិត្យឲ្យបានបរិសុទ្ធ ! គាត់បានដឹងថាព្រះវរបិតាសួគ៌បានឮការអធិស្ឋានរបស់គាត់ ។
សម្រាប់ពីរសប្ដាហ៍បន្ទាប់ យ៉ារេឌបានហ្វឹកហាត់ច្រើនតាមដែលអាចធ្វើបាន ។ នៅពេលថ្ងៃដ៏ធំបានមកដល់ យ៉ារេឌបានធ្វើអស់ពីសមត្ថភាពរបស់គាត់ ។ គាត់បានរត់យ៉ាងលឿន បានស៊ុតចូលច្រើនដង ហើយបានលើកទឹកចិត្តដល់ក្រុមរបស់គាត់ ។
« កីឡាករដូចតទៅនេះនឹងបន្តហាត់សមសម្រាប់ក្រុមពួកគេ ។ « សូមស្ដាប់ឈ្មោះរបស់ប្អូនៗ » ។
បេះដូងរបស់យ៉ារេឌលោតខ្លាំងៗ ។ គ្រូបង្វឹកបានហៅឈ្មោះមួយ ។ បន្ទាប់មក ម្នាក់ទៀត ។ ហើយម្នាក់ទៀត ។ យ៉ារេឌបានមានអារម្មណ៍ថាក្ដីសង្ឃឹមក្នុងការចូលរួមក្រុមចាប់ផ្ដើមរលាយបន្តិចម្ដងៗហើយ ។
មិនយូរទេ គ្រូបង្វឹកនឹងបញ្ចប់បញ្ជីរបស់គាត់ហើយ ។ គាត់មិនទាន់បានហៅឈ្មោះរបស់យ៉ារេឌនៅឡើយទេ ។ យ៉ារេឌនឹងមិនបានទៅជុំបន្ទាប់សម្រាប់ការហាត់សមនោះទេ ។
យ៉ារេឌបានអង្គុយនៅលើបង់ខាងក្រៅកន្លែងហាត់កីឡា ហើយសម្លឹងមើលស្បែកជើងរបស់គាត់ ។ គាត់បានខំហ្វឹកហាត់ខ្លាំងណាស់ ។ ប៉ុន្តែគាត់មានអារម្មណ៍ថាកិច្ចខិតខំរបស់គាត់គឺគ្មានន័យទាល់តែសោះ ។
នៅពេលម៉ាក់មកទទួលគាត់ យ៉ារេឌបានក្រវីក្បាលរបស់គាត់ ។ « ខ្ញុំមិនបានចូលរួមក្រុមទេ » ។
ម៉ាក់បានឱបគាត់យ៉ាងណែន ។ គាត់បាននិយាយថា « ម៉ាក់សោកស្ដាយណាស់ដែលវាផ្ទុយពីបំណងកូន »។
យ៉ារេឌបានដកដង្ហើមធំ ។ បន្ទាប់មក គាត់បានទទួលអារម្មណ៍នៃការលួងលោមចិត្ត ។
គាត់បាននិយាយថា « គ្រប់យ៉ាងនឹងមិនតែងតែកើតឡើងដូចអ្វីដែលកូនចង់បានទេ » ។ « ប៉ុន្តែព្រះយេស៊ូវគ្រីស្ទជ្រាបដឹងថាតើខ្ញុំមានអារម្មណ៍បែបណា ។ » ទ្រង់គាំទ្រកូន »
ម៉ាក់បានញញឹម ។ « កូននិយាយត្រូវហើយ ! ទ្រង់ត្រាស់ដឹងថា កូនមានអារម្មណ៍យ៉ាងណា ។
យ៉ារេឌបានញញឹមតបវិញ ។ គាត់នៅតែមិនសប្បាយចិត្ត ប៉ុន្តែគាត់បានមានអារម្មណ៍ល្អជាងមុនពេលដឹងថា ព្រះអង្គសង្គ្រោះជ្រាបដឹងនូវអារម្មណ៍របស់គាត់។ យ៉ារេឌបានដឹងថា ព្រះយេស៊ូវនឹងតែងតែស្រឡាញ់ហើយគាំទ្រគាត់ជានិច្ច ។