« នរណាម្នាក់ដែលយល់ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២៦-២៧ ។
នរណាម្នាក់ដែលយល់
មិត្តរបស់ប្លែរ មិនយល់ថាពេលមានជម្ងឺរលាកក្រពះពោះវៀនមានអារម្មណ៍បែបណានោះទេ ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
ប្លែរ បាននិយាយថា « ខ្ញុំមិនអាចទៅផ្ទះឯងបានទេនៅថ្ងៃនេះ » ។ មុខរបស់នាងមានអារម្មណ៍ក្ដៅដោយសារតែភាពអាម៉ាស់ ។
មិត្តរបស់នាងបានសម្លឹងទៅនាង ។ « តែឯងបាននិយាយថានឹងទៅ ! » សាមមីបាននិយាយ ។
« ខ្ញុំដឹង » ។ ប្លែរ បានសម្លឹងមើលទៅជើងរបស់នាង ។ « ខ្ញុំមិនសូវស្រួលខ្លួនទេ » ។ ខ្ញុំសូមទោស » ។
ចេស៊ីកាបាននិយាយថា « កាលពីមុនឯងក៏និយាយអ៊ីចឹងដែរ » ។
ប្លែរ គ្មានអ្វីនិយាយទៀតទេ ។ នាងបានប្រាថ្នាថា នាងអាចទៅផ្ទះរបស់សាមមី ។ ប៉ុន្តែនាងឈឺពោះខ្លាំងណាស់ថ្ងៃនេះ ។ នាងត្រូវទៅផ្ទះហើយសម្រាក ។
ប្លែរ មានជម្ងឺរលាកក្រពះពោះវៀន ។ វាធ្វើឲ្យក្រពះនាងឈឺ ហើយវាពិតជាឈឺណាស់ ។ សឹងតែរាល់ថ្ងៃ ក្រពះរបស់នាងឈឺយ៉ាងហោចណាស់ក៏តិចតួចដែរ ។ ប៉ុន្តែថ្ងៃខ្លះឈឺខ្លាំងជាងថ្ងៃផ្សេងទៀត ។ ថ្ងៃនេះគឺជាថ្ងៃដែលឈឺខ្លាំងណាស់ ។ នាងបានប្រាថ្នាថា នាងអាចរើសថ្ងៃដែលនាងឈឺខ្លាំងបាន ។ វាហាក់ដូចជាក្រពះរបស់នាងឈឺខ្លាំងរាល់ពេលណាដែលនាងចង់ធ្វើអ្វីសប្បាយៗ ។
សាមមីបាននិយាយទៅកាន់ចេស៊ីកាថា « តោះទៅហ្មងទៅ » ។
នៅពេលប្លែរ បានទៅដល់ផ្ទះ នាងបានលេបថ្នាំរបស់នាង ។ បន្ទាប់មក នាងព្យាយាមចូលគេង ។ ប៉ុន្តែនាងឈឺខ្លាំងណាស់ ។
ម៉ាក់ និងប៉ាបានចូលមកមើលនាង ។ ប៉ាបានអង្គុយនៅលើគ្រែរបស់នាង ។ « តើកូនមានអារម្មណ៍យ៉ាងណាដែរ ? »
ប្លែរបាននិយាយ « មិនអីទេ ថ្នាំបានជួយខ្លះៗហើយ » ។
ម៉ាក់បាននិយាយថា « ម៉ាក់សោកស្ដាយណាស់ដែលកូនមិនបានទៅលេងផ្ទះសាមមី » ។
ប្លែរ រលីងរលោងទឹកភ្នែក ។ « វាមិនយុត្តិធម៌សោះ ! មិត្តរបស់កូនមិនយល់ថាវាមានលក្ខណៈបែបណានោះទេ ។ ប្លែរ បានគប់ខ្នើយទៅជញ្ជាំង ។ « ខ្ញុំគ្រាន់តែចង់ស្រួលខ្លនប៉ុណ្ណោះ » ។
ប៉ាបានឱបប្លែរយ៉ាងណែន ។ « ប៉ាដឹង ។ តើកូនចង់បានការប្រសិទ្ធពរទេ ? »
ប្លែរ បានងក់ក្បាល ។ ការប្រសិទ្ធពរតែងតែជួយនាងឲ្យមានអារម្មណ៍សុខសាន្តជានិច្ច ។
ប៉ាបានដាក់ដៃរបស់គាត់លើក្បាលប្លែរ ហើយប្រសិទ្ធពរឲ្យនាងបានសម្រាក និងទទួលបានការលួងលោមចិត្ត ។ វាគឺជាការប្រសិទ្ធពរមួយដ៏ល្អ ។ វាបានជួយនាងចងចាំថាព្រះវរបិតាសួគ៌ស្រឡាញ់នាង ។ ប៉ុន្តែនាងនៅតែមិនសប្បាយចិត្តចំពោះមិត្តរបស់នាង ។
បន្ទាប់ពីការប្រសិទ្ធពរ ម៉ាក់ និងប៉ាបានថើបប្លែរពីមុនចូលគេង ។ ពួកគេចេញទៅដើម្បីឲ្យប្លែរអាចគេង ។
ប្លែរ បានដាក់ខ្នងចុះ ហើយបិទភ្នែករបស់នាង ។ ការប្រសិទ្ធពរបានជួយ ប៉ុន្តែនាងនៅតែឈឺចាប់ ។
នាងបានលុតជង្គង់ចុះអធិស្ឋាននៅក្បែរគ្រែរបស់នាង ។ មុនដំបូង វាដូចជាការអធិស្ឋាននានារបស់នាងអ៊ីចឹង ។ នាងបានប្រាប់ព្រះវរបិតាសួគ៌អំពីអ្វីដែលនាងមានអំណរគុណ និងបានទូលសុំឲ្យនាងបានធូរស្បើយ ។ ប៉ុន្តែលើកនេះនាងនៅបន្តទៅទៀត ។
« ព្រះវរបិតាសួគ៌ កូនមិនសប្បាយចិត្តទាល់តែសោះ ។ កូនខកខានមិនបានចូលរួមជាមួយមិត្តរបស់កូន » នាងបាននិយាយ ។ « កូនមានអារម្មណ៍ឯកា ។ គ្មាននរណាយល់ថាកូនឈឺចាប់ប៉ុណ្ណារាល់ថ្ងៃនោះទេ ។ កូននឹកពេលដែលកូនមិនទាន់ឈឺណាស់ ។
ប្លែរ អធិស្ឋានកាន់តែយូរ នាងកាន់តែមានអារម្មណ៍ថា ព្រះវរបិតាសួគ៏កំពុងស្ដាប់ការអធិស្ឋានរបស់នាង ។ នាងមិនអាចមើលឃើញ និងស្ដាប់ឭទ្រង់ទេ ប៉ុន្តែនាងបានទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។ នាងបានដឹងថា ទ្រង់ខ្វល់ព្រះទ័យអំពីអ្វីដែលនាងចង់និយាយ ។ ប្លែរ មិនចង់ឲ្យអារម្មណ៍នោះបញ្ចប់ទេ ។
ប្លែរ បានបន្តអធិស្ឋានរហូតដល់នាងបានទូលប្រាប់ព្រះវរបិតាសួគ៌នូវអារម្មណ៍ទាំងអស់ដែលនាងបានមាន ។ បន្ទាប់មក មានគំនិតមួយបានផុសឡើងនៅក្នុងចិត្តរបស់នាង ។ មិត្តរបស់ប្លែរ នឹងមិនអាចយល់ពីអារម្មណ៍នៃការមានជំងឺរលាកក្រពះពោះវៀននោះទេ ប៉ុន្តែព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានជ្រាបដឹង ។ ទ្រង់ទាំងទ្វេបានជ្រាបនូវភាពឈឺចាប់ និងភាពឯកាដែលនាងមាន ។ ទ្រង់នឹងតែងតែគង់នៅជិតនាងជានិច្ច ។
ប្លែរ បានមានអារម្មណ៍ថានាងទទួលបានការឳបដ៏ធំបំផុត ។ បន្ទាប់ពីការអធិស្ឋានរបស់នាង នាងបានទៅប្រាប់ឪពុកម្ដាយរបស់នាងអំពីអ្វីដែលបានកើតឡើង ។
« តើកូនបានយល់សបិ្តអាក្រក់ឬ ? » ម៉ាក់បានសួរ ។
ប្លែរ បានញញឹម ។ « អត់ទេ ។ កូនបានអធិស្ឋាន » ។
ម៉ាក់បានមើលដោយក្តីភ្ញាក់ផ្អើល ។ « យើងនិយាយរាត្រីសួស្ដីមួយសន្ទុះធំហើយ ។ កូននៅបន្តអធិស្ឋានរហូតមែន ?
តើវាពិតជាយូរណាស់មែនទេ ? ប្លែរ បានងក់ក្បាល ។ « វាហាក់ដូចជាការឱបយ៉ាងណែនមួយ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជ្រាបដឹងពីអារម្មណ៍របស់កូន ។ ដោយសារទ្រង់ទាំងទេ្វ កូនមិនមានអារម្មណ៍ឯកាទៀតឡើយ ! »