២០២២
ផែនការ​នៃ​សុភមង្គល​របស់​ព្រះ និង​ជោគវាសនា​ដ៏​ទេវភាព​របស់​ប្អូន
ខែ មករា ឆ្នាំ ២០២២


« ផែនការ​នៃ​សុភមង្គល​របស់​ព្រះ និង​ជោគវាសនា​ដ៏​ទេវភាព​របស់​ប្អូនៗ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

ផែនការ​នៃ​សុភមង្គល​របស់​ព្រះ និង​ជោគវាសនា​ដ៏​ទេវភាព​របស់​ប្អូន

ការយល់ដឹង និង​ការរស់នៅ​ស្របតាម​ផែនការ​នៃ​សុភមង្គល​អនុញ្ញាត​ឲ្យ​ប្អូន​ឈោង​ទៅ​ដល់​ជោគវាសនា​ដ៏ទេវភាព​របស់​ប្អូន ។

រូបភាព
ឡើង​ភ្នំ

រចនា​រូបភាព​ដោយ អាល់ប៊ឺត អេសភី

តើ​ប្អូន​គិត​អ្វី​នៅពេល​ប្អូន​ឮ​ពាក្យ ជោគវាសនា ? តើ​ប្អូន​គិត​ពី​អ្វី​ដែល​បាន​កំណត់ទុក​ជាមុន និង​ជៀស​មិន​រួច​ដែរ​ឬ​ទេ ? អ្វី​ដែល​គួរ​ឲ្យ​ខ្លាច ឬ​អស្ចារ្យ​ដែល​មិន​អាច​ផ្លាស់ប្តូរ​បាន មិនថា​ប្អូន​ធ្វើ​អ្វី​ក៏ដោយ​នោះ ? ឬ ប្រហែល​ជា​ប្អូន​គិត​អំពី​វីរបុរស​នៅក្នុង​ខ្សែ​ភាពយន្ត ឬ​សៀវភៅ​មួយ​ដែល​មាន​គោលបំណង​ដើម្បី​បញ្ចប់​ដំណើរ​ស្វែងរក សង្រ្គោះ​ពិភពលោក ឬ​ក្លាយជា​ស្តេច ឬ​មហាក្សត្រី ?

វេចនានុក្រម​អាច​ឲ្យ​និយមន័យ​តាមការ​បកប្រែ​ទាំងនោះ ទោះជាយ៉ាងណា​ក្តី នៅពេល​យើង​និយាយ​ពី ជោគវាសនា​ដ៏​ទេវភាព យើង​សំដៅ​ទៅលើ​អ្វីមួយ​ផ្សេង ។ មិន​ដូច​ជោគវាសនា​ដែល​ប្អូន​បាន​អាន​នៅក្នុង​សៀវភៅ ឬ​មើល​ក្នុង​ខ្សែ​ភាពយន្ត​នោះ​ទេ ការសម្រេច​បាន​នូវ​ជោគ​វាសនា​ដ៏​ទេវភាព​របស់ប្អូន​គឺ​អាច​ទៅបាន ដោយសារ​ប្អូនជា​បុត្រ​របស់​ព្រះ ប៉ុន្តែ​វា​ក៏​តម្រូវ​ឲ្យ​ប្អូន​ប្រើ​សិទ្ធិជ្រើស​រើស​របស់​ប្អូនដែរ ។

ព្រះមាន​ព្រះចេស្តា​ទាំងអស់ ទាំងលើ​ស្ថានសួគ៌ និង​លើ​ផែនដី ។ សេចក្តីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ក្លាយ​ជា​ដៃគូ​របស់​យើង កាលដែល​យើង​ដើរ​ឆ្លងកាត់​ព្យុះភ្លៀង​ជីវិត ។ ជោគវាសនា​ដ៏​ទេវភាព​របស់​យើង—សក្តានុពល​របស់​យើង នៅពេល​យើង​ជាដៃគូ​ជាមួយ​ព្រះ—គឺ​វា​ធ្វើ​ឲ្យ​អាច​កើតឡើង​ទៅបាន​តាមរយៈ​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ។

ការយល់ដឹង​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សុភមង្គល​របស់​ប្អូនៗ​នឹង​អនុញ្ញាត​ឲ្យ​ប្អូន​ស្គាល់​អត្តសញ្ញាណ និង​គោលបំណង​ដ៏​នៅអស់កល្ប​ជានិច្ច​របស់​ប្អូន ។ ហើយ​ការជ្រើសរើស​ដើម្បី​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​ប្អូន​សម្រេច​បាន​គោលបំណង​នោះ ។

នៅក្នុង​គម្ពីរ​ម៉ូសេ យើង​អាន​ថា « ក្នុង​កាល​ម៉ូសេ​ត្រូវ​បាន​នាំ​ឡើង​ទៅ​លើ​ភ្នំ​ដ៏​ខ្ពស់​បំផុត ហើយ​គាត់​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​គាត់​បាន​ទូល​ជាមួយ​នឹង​ទ្រង់ » ( ម៉ូសេ ១:១–២ ) ។ តាមរយៈ​ការយាងមក​ដោយ​ផ្ទាល់​នេះ ព្រះ​បាន​បង្រៀន​ម៉ូសេ​អំពី​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់​លោក ។ ទោះបីជា​ម៉ូសេ​មាន​ជីវិត​មតៈ ហើយ​មិនមាន​ល្អ​ឥតខ្ចោះ​ក្តី ក៏​លោក​បាន​រៀន​អ្វីមួយ​ដែល​មាន​សារៈសំខាន់​អំពី​ខ្លួន​របស់​លោក​ដែរ ៖ ជាការពិត​ណាស់ លោក​ជា បុត្រ​របស់​ព្រះ ( សូមមើល ម៉ូសេ ១:៦ ) ។

សូម​ចងចាំ​ថា​ប្អូន​គឺ​ជា​នរណា

សាតាំង​ចង់​ឲ្យ​ប្អូន​ភ្លេច​ថា តើ​ខ្លួន​ប្អូន​ជា​នរណា ។ នៅពេល​សាតាំង​ព្យាយាម​បំបែក​ម៉ូសេ​ពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បានរៀបចំ​សម្រាប់​លោក ម៉ូសេបាន​ឆ្លើយតប​ដោយ​ក្លាហាន​ថា « តើ អ្នកជា​នរណា ? ដ្បិតមើលចុះ ខ្ញុំ​ជា​បុត្រ​នៃ ព្រះ » ( ម៉ូសេ ១:១៣; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។ ម៉ូសេ​បានប្រកាស​ថា « នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ចូរ​កុំ​បញ្ឆោត​ខ្ញុំ​អី » ( ម៉ូសេ ១:១៦; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

និយាយ​ម្យ៉ាង​ទៀត ម៉ូសេ​បាន​ពោល ៖ « អ្នក​មិន​អាច​បញ្ឆោត​ខ្ញុំ​បាន​ទេ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​នរណា ។ អ្នក​មិន​មាន​ពន្លឺ និង​សិរីល្អ​របស់​ទ្រង់​ឡើយ ។ ដូច្នេះ ហេតុអ្វី​ខ្ញុំ​គួរ​ថ្វាយ​បង្គំ​អ្នក ឬ​ជឿ​ការ​បញ្ឆោត​របស់​អ្នក ? »

សូម​កុំភ្លេច​ថា​ព្រះ​សព្វ​ព្រះទ័យ​លើ​ប្អូនៗ ហើយ​ទ្រង់​​មានព្រះរាជបំណង​ចង់​ជួយ និង​ប្រទានពរ​ដល់​ប្អូន ។ ទ្រង់​មាន​ចំណាប់​អារម្មណ៍​ដ៏ទេវភាព​ចំពោះ​ប្អូនៗ​ផ្ទាល់ ដោយសារ​ប្អូនៗ​គឺ​ជា​បុត្រ​ម្នាក់​របស់​ទ្រង់ ។ សូម​ចំណាយពេល​ខ្លះៗ​ដើម្បី​រៀន​អំពី​អត្ថន័យ​ពិត​នៃ​ការ​ធ្វើ​ជា​បុត្រ​របស់​ព្រះ ។ បន្ទាប់មក​សូម​ដាក់​គោលដៅ និង​ធ្វើ​ការជ្រើសរើស​ដែល​នឹង​ជួយ​ប្អូនៗ​ឲ្យ​រស់នៅ​តាម​ចំណេះ​ដឹង​នោះ​ជា​រៀងរាល់ថ្ងៃ ។

យើង​មាន​កិច្ចការមួយ​សម្រាប់​អ្នក

ប្អូន​មាន​បញ្ហា និង​កង្វល់​ជាច្រើន ។ ប្អូន​មាន​ការងារសាលា មិត្តភាព ទំនួលខុសត្រូវ​ក្នុង​គ្រួសារ និង​ប្រហែល​ការងារ​ផងដែរ ។ ប្រាកដណាស់ ឧបសគ្គ​របស់​ប្អូន​គឺ​ធ្វើ​ឲ្យ​តួនាទី​ដ៏​សំខាន់​ទាំង​នេះ​មាន​តុល្យភាព​ដោយ​មិន​បំភ្លេច​ពី​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​របស់​ប្អូន​ឡើយ ។ ព្រះ​មាន​កិច្ចការ​ឲ្យ​ប្អូន​សម្រេច​បាន ( សូមមើល ម៉ូសេ ១:៦ ) ។ នេះ​គឺជា​ចម្លើយ​ចំពោះ​សំណួរ​ដែល​ថា « ហេតុអ្វី​ខ្ញុំ​មក​ផែនដី ? »

ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ប្អូន​បាន​មក​ផែនដី​ដើម្បី​ទទួល​រូបកាយ​ជា​សាច់ឈាម ។ បើ​គ្មាន​រូបកាយ​របស់​ប្អូន​ទេ ប្អូន​មិន​អាច​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ប្អូន​អាច​ជ្រើសរើស​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ និង​ធ្វើ ហើយ​រក្សា​សេចក្តីសញ្ញា​នៃ​ដំណឹងល្អ ។ ការធ្វើ​អ្វីៗ​ទាំងអស់​នេះ​នឹង​រៀបចំ​ប្អូន​ឲ្យ​បំពេញ​ជោគវាសនា​ដ៏​ទេវភាព​របស់​ប្អូន ។

ដោយ​មាន​គោលបំណង​នេះ ច្បាស់លាស់​នៅក្នុង​ចិត្ត នោះប្អូន​អាច​មើលឃើញ​សារៈសំខាន់​នៃ​ការ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្តាហ៍ ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន​ប្រចាំថ្ងៃ ការដាក់​គោលដៅ​ល្អៗ និង​ការបម្រើ​អ្នក​ដទៃ ។ អ្វីៗ​ទាំងអស់​នេះ​ជួយ​រម្លឹក​ដល់ប្អូន​ពី​មូលហេតុ​ដែល​ប្អូន​មកទីនេះ ហើយ​វា​ជួយ​ប្អូន​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​ដែលប្អូន​ត្រូវការ​ដើម្បី​មាន​ក្តីរីករាយ និង​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ នៅពេល​ប្អូន​ប្រែចិត្ត និង​ខិតខំ​ធ្វើតាម​ព្រះអម្ចាស់ នោះ​ប្អូន​នឹង​ទទួល​ការណែនាំ​ផ្ទាល់ខ្លួន​នៅគ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់ប្អូន ។

រូបភាព
ឡើង​ភ្នំ​ឆ្លងកាត់​ព្រៃ​ក្បែរ​ទឹកជ្រោះ

សូម​ព្យាយាម​ក្លាយ​ជា​បុគ្គល​ដែល​ប្អូន​ប្រាថ្នា​ចង់​ធ្វើ

ការខ្វល់ខ្វាយ និង​ការព្រួយ​បារម្ភ​របស់​ពិភពលោក ឬ​អសន្ដិសុខ​ផ្ទាល់ខ្លួន​របស់​ប្អូន​អាច​បណ្តាល​ឲ្យ​ប្អូន​ភ្លេច​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្អូន​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់ព្រះ ។ ប្រសិនបើ​ការណ៍​នេះ​កើតឡើង ខ្ញុំ​សូម​អញ្ជើញ​ប្អូន​ឲ្យ​បន្ត​មក​ឯ​ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ គ្មាន​អ្វី​នៅក្នុង​ផែនការ​អស់កល្ប​ជានិច្ច​របស់​ព្រះ​ដែល​អាច​ធ្វើ​ទៅបាន​ដោយ​គ្មាន​ទ្រង់​នោះ​ទេ ហើយ​ជាមួយ​ទ្រង់​គ្រប់​ការណ៍​ល្អ​ទាំងអស់​អាច​សម្រេច​ទៅបាន ។

ការព្យាយាម​ធ្វើតាម​ព្រះ​អង្គ​សង្រ្គោះ​គឺ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​គោរពតាម​ទស្សនវិស័យ​នៃ​ដំណឹងល្អ ។ បើ​មាន​សេចក្តីជំនឿ និង​សេចក្តី​សង្ឃឹម​លើ​ទ្រង់ នោះ​ប្អូន​ប្រាកដ​ជា​អាច​ប្រឈមមុខ​នឹង​ការសាកល្បង​ក្នុង​ជីវិត ។ ប្អូន​ក៏​នឹង​មាន​ភាពច្បាស់​លាស់​ជាង​មុន​ដែរ កាល​ប្អូន​ធ្វើការ​ជ្រើសរើស ដោះ​ស្រាយបញ្ហា ធ្វើការ​ឆ្ពោះទៅ​រកគោល​ដៅ​ដ៏​សុចរិត និង​ប្រឈម​នឹង​ការល្បួង ។

ការសម្រេចចិត្ត​របស់​ប្អូន​នឹង​មាន​ឥទ្ធិពល​ដល់​ភាព​អស់កល្ប​ជានិច្ច ។ តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ និង​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់ ប្អូន​អាច​មាន​អំណរ​នៅក្នុង​ជីវិត​នេះ និង​នៅ​ជីវិត​បន្ទាប់ ។ ប្អូន​អាច​ស្គាល់​ពី​ជោគវាសនា​នៃ​ការទទួល​អ្វីៗ​ដែល​ទ្រង់​មាន និង​រស់នៅ​ក្នុង​ជីវិត​ដែល​ទ្រង់​ដឹកនាំ ដែល​ជា « ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច …​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៤:៧ ) ។

បោះពុម្ព