ឆ្នាំ​២០២២
ព្រះវរបិតាសួគ៌​ស្គាល់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២២


« ព្រះវរបិតាសួគ៌​ស្គាល់​ខ្ញុំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២២ ។

បាវចនា និង ខ្ញុំ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​រស់នៅតាម​ពាក្យពេចន៍​នៃ​បាវចនា​យុវនារី និង​កូរ៉ុម​បព្វជិតភាព

ព្រះវរបិតាសួគ៌​ស្គាល់ ខ្ញុំ

« ខ្ញុំ​ជា​បុត្រា​សំណព្វ​របស់​ព្រះ » ។

ផ្ទៃមេឃ​ពេលរាត្រី​នៅ​លើ​ភ្នំ

នៅពេល​ខ្ញុំ​បោះ​ជំរំ​ជាមួយ​ប៉ា​ខ្ញុំ ពួកយើង​បាន​ចែកចាយ​ពេលវេលា​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ ។ ខ្ញុំ និង​ប៉ា​បាន​ឡើង​តាម​ជើងភ្នំ​នៅ​ពេល​យប់​មួយ​ហើយ​ក៏​បាន​រកឃើញ​កន្លែង​មួយ​អង្គុយ​ជាមួយគ្នា ។ នៅពេល​ដែល​ខ្ញុំ និង​ប៉ាសម្លឹង​មើល​ទៅលើ​មេឃ​នៅពេល​យប់ នៅ​ជុំវិញ​ខ្លួន​ហ៊ុំព័ទ្ធ​ដោយ​ដួងតារា​ដ៏អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​មិនធ្លាប់​បានឃើញឡើយ ។ ខ្ញុំ និង​ប៉ាបាន​អង្គុយ​ជាមួយគ្នា​អស់​រយៈពេល​យ៉ាងយូរ​ ដោយ​ធ្វើការ​ដាក់​ឈ្មោះ​ឲ្យ​ភព និង​តារានិករ​ម្តងមួយៗ ។

ក្រឡេក​ទៅមើល​ពិភពលោក​នៅពី​មុខ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​តូច​ណាស់ ហើយ​មិន​សូវ​សំខាន់ ។ ខ្ញុំ​មិន​នឹកស្មាន​ថាតើ​មាន​ភព​ប៉ុន្មាន​ទៀត​ដែល​នៅទីនោះ—« ពិភព​ទាំង​ឡាយ​ដ៏​គ្មាន​ទី​បញ្ចប់ » មែនទេ ? ខ្ញុំ​ជា​អ្វីទៅ​បើ​ប្រៀបធៀប​ទៅនឹង​ភព​ទាំងអស់​នោះ ?

ខ្ញុំ​បាន​សួរ​ប៉ា​របស់​ខ្ញុំ​ថាតើ​មាន​ជីវិត​ផ្សេងទៀត​នៅលើ​ពិពភលោក​នេះ​ដែរឬទេ គ្រាន់តែ​គិត​ដល់​នោះ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ទៅហើយ ។ ប៉ា​ច្បាស់​ជា​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​គិត ពីព្រោះ​តែ​គាត់​បាន​និយាយ​យ៉ាង​សាមញ្ញ ៖ « នេះ​ជា​អ្វី​ដែល​ប៉ា​ដឹង ។ ព្រះវរបិតា​សួគ៌​បាន​បង្កើត​អ្វីៗ​ជាច្រើន ដូចជា​កូន​បាន​ឃើញ​ចឹង ។ ប៉ុន្តែ​ក្នុងចំណោមការបង្កបង្កើត​របស់​ទ្រង់​ទាំងអស់ ទ្រង់​សព្វព្រះទ័យ យើង ម្នាក់ៗ ។

« ទ្រង់​ជ្រាបដឹង​ពី​អ្វីគ្រប់យ៉ាង​ដែលកូន​ឆ្លងកាត់ ហើយ​សព្វ​ព្រះទ័យ​លើស​អ្វី​ទាំងអស់​ដើម្បី​ធ្វើ​ជា​ចំណែក​មួយ​នៅក្នុង​ជីវិត​របស់​កូន ។ ទ្រង់​មាន​ព្រះទ័យ​ចង់​នាំមក​នូវ​អំណរ ហើយ​ជួយ​កូន​ឲ្យ​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ទ្រង់​ជា​និរន្តរ​វិញ » ។

ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​ខ្លួនឯង​តូច​នៅក្រោម​ផ្ទៃមេឃ​ពេល​រាត្រី​ដ៏​សែន​ធំ ប៉ុន្តែ ខ្ញុំ​ជឿលើ​ទីបន្ទាល់​របស់​ប៉ា​ខ្ញុំ ។ ខ្ញុំ​មាន​សារៈសំខាន់​ចំពោះ​ព្រះវរបិតា​សួគ៌ ។ ហើយ​ទ្រង់​ចង់​មាន​ចំណែក​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

ខ្ញុំ​នៅចាំ​ពី​អ្វី​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​នៅពេល​នោះ​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖ « នេះ​គឺ​ជា​មតិផ្ទុយ​មួយ​របស់​មនុស្ស ៖ បើ​ប្រៀប​នឹង​ព្រះ មនុស្ស​គឺ​គ្មាន​ជា​អ្វី​សោះ ប៉ុន្តែ​យើង​គឺ​ជា​អ្វីៗ ទាំងអស់​ចំពោះ​ព្រះ » ។

ដូចជា​ផ្ទៃមេឃ​ដែល​មាន​រស្មីនោះ​ដែរ ការបង្ក​បង្កើត​របស់​ព្រះ​មិនចេះ​ចប់​ឡើយ—ដូចជា​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូនចៅ​ម្នាក់ៗ​របស់​ទ្រង់​ដែរ ។ សម្រាប់​យើង​ម្នាក់ ។ ពេលខ្លះ​ខ្ញុំ​គិត​ត្រឡប់​ទៅគ្រា​នោះ នៅពេល​ដែល​ខ្ញុំ​អង្គុយ​លើ​ភ្នំ​ដោយ​ភាពអស្ចារ្យ ។ ខ្ញុំ​ប្រហែល​ជា​គ្មាន​អ្វី​ដែល​ប្រៀបធៀប​នឹង​ព្រះ​បាន​ទេ ប៉ុន្តែ​ទ្រង់​មិន​គិត​ដូច្នេះ​ទេ ។ ខ្ញុំ​ជា​បុត្រា​របស់ទ្រង់ ហើយ​ទ្រង់​ស្គាល់​ខ្ញុំ ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « You Matter to Him » ខែ តុលា ឆ្នាំ ២០១១ សន្និសីទទូទៅ ( EnsignLiahona  ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២០ ) ។