« ទីពឹងលើទ្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២២ ។
ទីពឹងលើទ្រង់
( សុភាសិត ៣:៥–៦ )
ព្រះអញ្ជើញប្អូនៗឲ្យទីពឹងលើទ្រង់គ្រប់អ្វីៗទាំងអស់ ។
នៅពេលខ្លះនៅពេលរឿងលំបាកៗកើតឡើង យើងងឿងឆ្ងល់ថាតើយើងអាចទីពឹងលើនរណាម្នាក់បានឬអត់ រួមទាំងព្រះផងដែរ ។ យើងខ្លាចថាទ្រង់អាចធ្វើឲ្យយើងខកចិត្តដែរ ។ រឿងដែលល្អនោះគឺថាព្រះស្រឡាញ់យើងយ៉ាងឥតខ្ចោះ ។ ទ្រង់មានព្រះទ័យល្អ សប្បុរស និងស្មោះត្រង់ ។ ទ្រង់មិនផ្លាស់ប្តូរ និងអាចពឹងផ្អែកបាន ។
ហើយដោយសារមូលហេតុនោះ យើងអាចទីពឹងលើទ្រង់បាន មិនថាមានរឿងអ្វីកើតឡើងនោះទេ ។ បាវចនាយុវវ័យឆ្នាំនេះគឺ « ទីពឹងលើទ្រង់ » ( សុភាសិត ៣:៥–៦ ) ។
ទាំងនេះគឺជាឧទាហរណ៍មួយចំនួនពីរបៀបដែលយើងម្នាក់ៗនៅក្នុងគណៈប្រធានយុវនារី និងយុវជនទូទៅបានទីពឹងលើទ្រង់ ។
ទីពឹងលើការជំរុញរបស់ព្រះ
នៅប៉ុន្មានថ្ងៃពីមុនខ្ញុំចូលដល់អាយុ ១៦ ឆ្នាំ គ្រួសាររបស់ខ្ញុំបានប្តូរទីលំនៅទៅរស់នៅប្រទេសផ្សេង ។ ខ្ញុំគិតថាវាជាពេលវេលាដ៏គួរឲ្យរន្ធត់ ! បើក្រឡេកមើលទៅក្រោយវិញ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថាពរជ័យធំបំផុតមួយចំនួនសម្រាប់គ្រួសាររបស់យើង និងសម្រាប់ខ្លួនខ្ញុំផ្ទាល់បានកើតឡើងដោយសារតែការផ្លាស់ប្តូរនោះ នៅពេលខ្ញុំនៅជាយុវវ័យ ។ យើងប្រហែលជាមិនយល់ពីពេលវេលារបស់ព្រះអម្ចាស់ក្នុងពេលនេះទេ ប៉ុន្តែយើងទីពឹងលើទ្រង់ពីព្រោះយើងអាចទីពឹងលើព្រះទ័យ និងការជំរុញរបស់ទ្រង់បាន ។
មីឈែល ឌី ក្រេហ្គ
ទីពឹងលើពេលវេលារបស់ព្រះអម្ចាស់
ដោយសារឪពុករបស់ខ្ញុំត្រូវបានហៅឲ្យធ្វើជាប្រធានបេសកកម្ម ខ្ញុំបានទទួលការហៅរបស់ខ្ញុំផ្ទាល់ ឲ្យបម្រើបេសកកម្មមុនអាយុដែលបានកំណត់សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាស្រី ។ នោះមានន័យថាខ្ញុំអាចចូលមជ្ឈមណ្ឌលបំពាក់បំប៉ន់អ្នកផ្សព្វផ្សាយសាសនា ពីមុន ចូលរៀននៅថ្នាក់វិទ្យាល័យ ។ ចំពោះខ្ញុំតាមពេលវេលាកំណត់វាមិនសមហេតុផលចំពោះខ្ញុំទេ ប៉ុន្តែខ្ញុំបានទទួលការបញ្ជាក់ខាងវិញ្ញាណយ៉ាងមុតមាំក្នុងការទីពឹងលើទ្រង់ ។ ខ្ញុំបានធ្វើតាម ហើយអ្វីៗបានដំណើរការទៅយ៉ាងរលូន ។
ការទីពឹងលើទ្រង់មានន័យថាការឈានទៅមុខ សូម្បីតែផ្លូវមិនច្បាស់ទាំងស្រុងក៏ដោយ ។
បូនី អេច ខ័រឌុន
ទីពឹងលើទ្រង់នៅពេលលំបាក
កាលពីនៅតូចឪពុកខ្ញុំមានអាជីពជាមន្រ្តីយោធា ។ គុណវិបត្តិតែមួយគត់ចំពោះការងាររបស់គាត់គឺគាត់ត្រូវទៅធ្វើសង្គ្រាម ។ ខ្ញុំមានអាយុ ១៣ ឆ្នាំ ពេលឪពុកខ្ញុំចេញទៅប្រទេសវៀតណាមជាលើកទី ២ ។ ការភ័យខ្លាចដែលគាត់មិនអាចវិលត្រឡប់មកវិញមាននៅក្នុងគំនិតខ្ញុំជានិច្ច ប៉ុន្តែខ្ញុំទីពឹងលើទ្រង់ ។ មុនពេលចេញទៅ ឪពុកខ្ញុំបានឲ្យពរលោកឪពុកដល់ខ្ញុំដែលធានាខ្ញុំថា ព្រះអម្ចាស់នឹងនៅជាមួយខ្ញុំ ហើយជួយពេលឪពុកខ្ញុំនៅឆ្ងាយ ។ ខ្ញុំមានអារម្មណ៍សុខសាន្តក្នុងចិត្ត ។ ទោះបីខ្ញុំមិនបានដឹងច្បាស់ថាឪពុកខ្ញុំនឹងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពក៏ដោយ ប៉ុន្តែខ្ញុំទុកចិត្តថាអ្វីៗនឹងមិនអីទេ ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ ។
រ៉េប៊ីការ ក្រេវិន
ទីពឹងខ្លួនរបស់ប្អូនលើព្រះ
នៅពេលខ្ញុំចូលរួមក្នុងសាសនាចក្រកាលខ្ញុំវ័យជំទង់ ខ្ញុំបានសម្រេចចិត្តលះបង់ជីវិត ពេលវេលា និងដួងចិត្តខ្ញុំចំពោះព្រះអម្ចាស់ ។ ទោះបីការប្តេជ្ញាចិត្តបែបនោះជានិច្ចមានអារម្មណ៍គួរឲ្យខ្លាចបន្តិចក្តី ប៉ុន្តែខ្ញុំដឹងថាវាជារឿងត្រឹមត្រូវ ។ ខ្ញុំមានអារម្មណ៍ថាព្រះវរបិតាសួគ៌របស់ខ្ញុំសព្វព្រះទ័យផ្តល់ការងារនេះឲ្យខ្ញុំ ហើយខ្ញុំមានសេចក្តីសុខសាន្តក្នុងការធ្វើការងារនេះ ។ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានជ្រើសរើសទីពឹងលើទ្រង់ ហើយទុកឲ្យទ្រង់ឈ្នះលើជីវិតរបស់ខ្ញុំ ។ ខ្ញុំដឹងច្បាស់ថា ប្រសិនបើខ្ញុំពឹងផ្អែកលើការយល់ដឹងរបស់ខ្ញុំ នោះជីវិតរបស់ខ្ញុំនឹងមិនមានអំណរ សុភមង្គល និងសេចក្តីសុខសាន្តឡើយ ។
អាម៉េឌ អេស ខ័របីត
ទីពឹងលើការបំផុសគំនិតរបស់ព្រះអម្ចាស់
បន្ទាប់ពីខ្ញុំបានបញ្ចប់បេសកកម្ម ខ្ញុំមានចិត្តចង់ចូលបម្រើយោធាជាជាងត្រឡប់ទៅរៀននៅមហាវិទ្យាល័យវិញ ។ នេះគឺជារឿងចុងក្រោយដែលខ្ញុំចង់ធ្វើ ! ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ប៉ុន្តែខ្ញុំបានរៀនទីពឹងលើទ្រង់ ហើយខ្ញុំមានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីស្តាប់ និងគោរពប្រតិបត្តិទ្រង់ ។ ខ្ញុំបានបម្រើជាយោធាអស់បីឆ្នាំ ។
រឿងល្អៗជាច្រើននៅក្នុងជីវិតរបស់ខ្ញុំបានចេញពីការសម្រេចចិត្តនោះ រួមទាំងការជួបនឹងអនាគតភរិយារបស់ខ្ញុំផងដែរ ។
ស្ទេវីន ជេ ឡាន់
ទីពឹងលើការបំផុសរបស់ព្រះដើម្បីធ្វើសកម្មភាពក្នុងពេលឥឡូវនេះ
បន្ទាប់ពីខ្ញុំបង្រៀនថ្នាក់ទី ៦ អស់រយៈពេល ៣ ឆ្នាំមក ខ្ញុំបានដឹងថាប្រសិនបើខ្ញុំបង្រៀន ៤ ឆ្នាំទៀត សាលារៀននៅក្នុងស្រុកនឹងជួយបង់ថ្លៃសិក្សាខ្លះៗលើការរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ ។ វាហាក់ដូចជាផែនការល្អ—រហូតដល់ព្រះវិញ្ញាណបំផុសគំនិតខ្ញុំឲ្យឈប់ពីការងារ ហើយត្រឡប់មករៀនសូត្រដើម្បីទទួលសញ្ញាបត្ររបស់ខ្ញុំវិញភ្លាមៗ ។ ភរិយារបស់ខ្ញុំក៏មានការបំផុសគំនិតស្រដៀងគ្នានោះដែរ ដូច្នោះយើងក៏ឆ្ពោះទៅមុខ ។ នេះមានន័យថាយើងត្រូវបង់ថ្លៃសាលារៀនខ្លួនឯង ។ ប៉ុន្តែដោយសារតែយើងបានធ្វើដូច្នោះ ខ្ញុំក៏ត្រូវបានហៅឲ្យបង្រៀននៅសាកលវិទ្យាល័យ ប៊ី.វាយ.យូ.—ប្រូវ៉ូ ។ ឱកាសនោះបានបើកបង្អួចដែលយើងនឹងមិនទទួលបានឡើយ ប្រសិនបើយើងនៅរង់ចាំបួនឆ្នាំទៀតនោះ ។ យើងមិនបានដឹងនូវរឿងដែលនឹងកើតឡើងនោះទេ ប៉ុន្តែព្រះអម្ចាស់បានដឹកនាំផ្លូវរបស់យើង ដូចជាទ្រង់បានសន្យា ។
ប្រេតលី អ័រ វិលខ័ក