« ឥទ្ធិពលរបស់មិត្តម្នាក់ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២២ ។
ឥទ្ធិពលរបស់ មិត្តម្នាក់
ជីវិតកាលនៅវ័យជំទង់របស់ខ្ញុំជួបការលំបាកណាស់ ប៉ុន្តែព្រះបានបញ្ជូនមិត្តម្នាក់មកជួយខ្ញុំ ។
ខ្ញុំតែងតែមានអារម្មណ៍ឯកោនៅក្នុងពិភពលោកនេះ ។ ឪពុកម្តាយខ្ញុំបានលែងលះគ្នានៅពេលខ្ញុំនៅជាទារក ហើយពីរបីឆ្នាំក្រោយមកម្តាយរបស់ខ្ញុំបានរៀបការ ហើយបានប្តូរទីលំនៅទៅរស់នៅ ៤០០០ ម៉ែលពីរដ្ឋចចចារ ស.រ.អា. ទៅអូរីហ្គោន ស.រ.អា. ។ វាជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្មេងស្រីអាយុប្រាំបួនឆ្នាំត្រូវឆ្លងកាត់ ជាពិសេសក្មេងស្រីដែលនិយាយសំឡេងជាភាសាប្រជាជនភាគខាងត្បូង ដែលក្មេងៗដទៃមិនចូលចិត្ត ។
នៅពេលខ្ញុំចូលរៀនថ្នាក់អនុវិទ្យាល័យ ខ្ញុំបានស្គាល់ នីកូល ។* ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍វិជ្ជមាន អារម្មណ៍សុខសាន្តអំពីនាង—ជាអ្វីមួយដែលខ្ញុំបានបាត់បង់ ។ ខ្ញុំដឹងថាខ្ញុំត្រូវធ្វើជាមិត្តនឹងក្មេងស្រីម្នាក់នេះ !
នៅពេលយើងដើរលេងជាមួយគ្នាកាន់តែច្រើន នីកូល បានក្លាយជាកន្លែងដែលមានសុវត្ថិភាពពីភាពឯកោរបស់ខ្ញុំ ។ ការដើរចូលក្នុងផ្ទះរបស់នាង គឺហាក់ដូចជាដើរនៅទីកន្លែងផ្សេងក្នុងជីវិតដូច្នោះ ៖ ព្រះវិញ្ញាណនៃព្រះបំពេញគ្រប់ជ្រុងក្នុងផ្ទះ ។ មានរូបភាពរបស់ព្រះអង្គសង្រ្គោះ និងសំណង់អគារធំៗនៅគ្រប់ទីកន្លែង ។ ( ក្រោយមកខ្ញុំរៀនថា សំណង់អគារនេះគឺជាព្រះវិហារបរិសុទ្ធ ) ។ កិច្ចការផ្សព្វផ្សាយសាសនារបស់នីកូល បានចាប់ផ្តើម តាមរយៈការគ្រាន់តែអញ្ជើញខ្ញុំមក ហើយនាងពុំទាំងដឹងខ្លួនផង ។
ការរាប់អាន និងសេចក្តីជំនឿ
ការងារបម្រើរបស់នីកូល ចំពោះខ្ញុំតាមរយៈការធ្វើជាមិត្តភក្តិរបស់ខ្ញុំ ។ នាងបានឲ្យព្រះគម្ពីរមរមនមកខ្ញុំ ហើយបានចាប់ផ្តើមអានជាមួយគ្នានៅក្នុងឡានរបស់នាងបន្ទាប់ពីរៀនចប់ ។
ព្រះគម្ពីរមរមនចាប់ផ្តើមបំពេញចំណុចខ្វះខាតនៅក្នុងជីវិតរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ឯកោ ។ ខ្ញុំពុំមែនជាសមាជិកព្រះវិហាររបស់ នីកូល ទេ ប៉ុន្តែខ្ញុំក៏ពុំមែនជាសមាជិកនៃសាសនារបស់ឪពុកម្តាយខ្ញុំពេញលេញដែរ ។
នីកូល បានលើកទឹកចិត្តដោយសណ្តានចិត្តល្អឲ្យខ្ញុំអធិស្ឋាន ហើយទូលសួរទៅព្រះថាតើព្រះគម្ពីរមរមនពិតឬអត់ ។ ខ្ញុំមិនដែលអធិស្ឋានឮៗនោះទេ ដូច្នេះខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេ ។ ប៉ុន្តែខ្ញុំក៏ចេញទៅក្រៅ ហើយចាប់ផ្តើមនិយាយ ។ ខ្ញុំបានទូលសួរទៅព្រះ ប្រសិនបើព្រះវិហាររបស់ នីកូល ជាព្រះវិហារត្រឹមត្រូវសម្រាប់ខ្ញុំដែរនោះ ។ នៅពេលខ្ញុំបញ្ចប់សំណួររបស់ខ្ញុំភ្លាម ខ្ញុំមានអារម្មណ៍រីករាយពេញមួយថ្ងៃ ។ ដោយគ្មានការសង្ស័យខ្ញុំបានដឹងថាព្រះគម្ពីរមរមនពិត ហើយសាសនាចក្រនេះគឺជាសាសនាចក្រត្រឹមត្រូវសម្រាប់ខ្ញុំ ។
ខ្ញុំមានអាយុ ១៥ ឆ្នាំនៅពេលខ្ញុំបានទទួលសាក្សីនេះ ។ បន្ទាប់ពីខ្ញុំជឿ រយៈពេលពីរបីឆ្នាំ ទោះជាឪពុកម្តាយរបស់ខ្ញុំមិនចាប់អារម្មណ៍លើសាសនាចក្រនេះក៏ដោយ ។ ប៉ុន្តែខ្ញុំមិនឯកោនៅក្នុងជំនឿនេះឡើយ ពីព្រោះ នីកូល នៅតែជួយគាំទ្រខ្ញុំដដែល ។
ជំនឿថ្មី សំណួរថ្មី
បន្ទាប់ពីរៀនចប់ថ្នាក់វិទ្យាល័យ ខ្ញុំប្តូរទីលំនៅទៅរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។ នីកូល បានទៅរស់នៅទីនោះរួចទៅហើយ ហើយនាងមានចិត្តអន្ទះសាទន្ទឹងរង់ចាំខ្ញុំឲ្យទៅដល់ទីនោះ ដើម្បីខ្ញុំចាប់ផ្តើមរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំមានផែនការដើម្បីទទួលបុណ្យជ្រមុជទឹកនៅថ្ងៃខួបកំណើតក្នុងវ័យ ១៩ ឆ្នាំរបស់ខ្ញុំ—នៅតែប្រាំមួយសប្តាហ៍ទៀតប៉ុណ្ណោះ—ហើយនីកូល បានបញ្ជាក់ដល់ខ្ញុំថា នាងនឹងនៅទីនោះជាមួយខ្ញុំរហូត ។
នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាចាប់ផ្តើមបង្រៀនខ្ញុំ បានដឹងភ្លាមថាខ្លួនខ្ញុំមានចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះអំពីសាសនាចក្រនេះ ។ ខ្ញុំបានអានព្រះគម្ពីរមរមន ហើយមានចិត្តស្រឡាញ់ជាខ្លាំង ប៉ុន្តែមួយរំពេចនោះពួកគាត់បានប្រាប់ខ្ញុំអំពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ផែនការណ៍នៃសេចក្តីសង្គ្រោះ ការប្រែក្លាយដូចជាព្រះ និងអ្វីៗជាច្រើនទៀត ។ វាច្រើនពេកដើម្បីស្វែងយល់អ្វីៗទាំងអស់ក្នុងពេលតែមួយ ។
ប៉ុន្តែ នីកូល ស្គាល់ខ្ញុំច្បាស់ណាស់ ។ នាងនឹងជួយពន្យល់ពីអ្វីដែលពួកអែលឌើរកំពុងបង្រៀន តាមរបៀបមួយដែលនាងដឹងថាខ្ញុំងាយយល់ ។ នៅក្នុងមេរៀនដំបូងប៉ុន្មាននោះ ចិត្តអំណត់ខិតខំពន្យល់របស់នាងគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំបន្តរៀនទៀត ។
នៅទីបំផុតក្លាយជាសមាជិក
ការជួយជ្រោមជ្រែងខាងវិញ្ញាណពី នីកូល ចំពោះខ្ញុំបែបនោះ រហូតដល់ថ្ងៃខ្ញុំបានទទួលបុណ្យជ្រមុជទឹក—និងបន្តទៅទៀត ។ នាងបានជួយសមាជិកវួដ និងពួកអ្នកផ្សព្វផ្សាយសាសនាដាក់ផែនការដើម្បីខ្ញុំបានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃខួបកំណើត ១៩ ឆ្នាំរបស់ខ្ញុំ ។ នៅពេលខ្ញុំងើបចេញពីទឹក ហើយបានឃើញមនុស្សជាច្រើនមើលមកខ្ញុំ ខ្ញុំមិនមានអារម្មណ៍ឯកោទៀតនោះទេ ។ ខ្ញុំនឹងមិនបំភ្លេចអារម្មណ៍ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់នៅទីបំផុតឡើយ ។
ខ្ញុំនៅតែរៀនពីសេចក្តីជំនឿដ៏ខ្ជាប់ខ្ជួន និងមិត្តភាពរបស់ នីកូល ។ នាងបានបង្ហាញខ្ញុំតាំងពីពេលចាប់ផ្តើមថាកិច្ចការផ្សព្វផ្សាយសាសនាមិនតម្រូវឲ្យពាក់ស្លាកឈ្មោះទើបអាចធ្វើបាននោះទេ ។ កិច្ចការផ្សព្វផ្សាយសាសនារបស់ នីកូល បានចាប់ផ្តើមនៅក្នុងចិត្តរបស់នាង នៅពេលនាងឈោងទៅជួយដល់ក្មេងស្រីដែលនិយាយសំឡេងភាសាប្រជាជនភាគខាងត្បូង ដែលត្រូវការស្នាមញញឹមរូបនេះ ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។