ឆ្នាំ​២០២២
អំណាច​ដែល​យើង​ហៅថា​ព្រះគុណ
ខែ កក្កដា ឆ្នាំ ២០២២


« អំណាច​ដែល​យើង​ហៅថា​ព្រះគុណ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ជំនួយជីវិត

អំណាច ដែល យើង​ហៅថា ព្រះគុណ

ព្រះគុណ​របស់​ព្រះ​អាច​ជួយ​យើង មិន​ថា​យើង​ជួប​នឹង​ឧបសគ្គ​អ្វី​នោះទេ ។

យុវនារី

រូបថត​មកពី Getty Images

ខ្ញុំ​បាន​ចូលរួម​ពិធី​បុណ្យសព​នៃ​អតីត​សមាជិក​វួដ​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​ការធ្វើ​អត្តឃាត បន្ទាប់ពី​ពុះពារ​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ជាយូរ​មក​ហើយ ។ ដួងចិត្ត​របស់​ខ្ញុំ​បាន​ខ្ទេចខ្ទាំ នៅពេល​ដែល​ខ្ញុំ​បាន​កាន់ទុក្ខ​ការបាត់បង់​គាត់​ជាមួយ​នឹង​មិត្តភក្តិ និង​គ្រួសារ​របស់​គាត់ ។

ជំងឺ​ធ្លាក់​ទឹកចិត្ត និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផ្សេងៗទៀត​អាច​ស្មុគស្មាញ និង​ពិបាក​សម្រាប់​អ្នក​ដែល​ត្រូវ​ប្រឈមមុខ​នឹង​វា និង​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​ផងដែរ ។ សារ​ដ៏​ល្អ​នៃ​ដំណឹងល្អ​គឺ​ថា ព្រះគ្រីស្ទ​ប្រទាន​សេចក្ដី​សង្ឈឹម និង​ជំនួយ​តាមរយៈ​អំណោយទាន​នៃ​ព្រះគុណ​របស់​ទ្រង់ ។

ការសិក្សា​មួយ​ដែល​បាន​ចូលរួម​ដោយ ពួក​យុវមជ្ឈិមវ័យ ៦០០ នាក់​នៅឯ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់​បាន​បង្ហាញ​ថា អស់​អ្នក​ដែល​យល់ពី​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ការថប់បារម្ភ ភាព​សុក្រឹត​និយម និង​ភាពអាម៉ាស់​ក្នុង​កម្រិត​ទាប ។ តើ​មនុស្ស​វ័យក្មេង​ទាំងនេះ​បាន​យល់ដឹង​អំពី​ព្រះគុណ​ដែល​ធ្វើឲ្យ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​ពួកគេ​អ្វីខ្លះ ?

ព្រះ​ស្រឡាញ់​យើង​ដោយ​គ្មាន​ទីបញ្ចប់​ឡើយ

នៅក្នុង​ការសិក្សា​មួយ មនុស្ស​មួយ​ចំនួន​បាន​ជឿថា ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ស្រឡាញ់ ហើយ​ជួយ​ដល់​ពួកគេ ទាល់តែ​ពួកគេ​ល្អ​ឥតខ្ចោះ​ជាមុនសិន​ប៉ុណ្ណោះ ។ មនុស្ស​ទាំងនោះ​បាន​ពុះពារ​ច្រើន​ជាង​អស់អ្នក​ដែល​យល់​ថា ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ពួកគេ​ដោយ​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​តែងតែ​នៅក្បែរ​ពួកគេ​ជានិច្ច ។

នៅក្នុង​ភាសា​អង់គ្លេស ពាក្យ ព្រះគុណ មាន​អត្ថន័យ​ច្រើនណាស់ ។ វា​អាច​មាន​ន័យថា ភាពស្រស់​ប្រណិត សន្ដាន​ចិត្តល្អ ឬ​ភាពគួរសម ។ ក្នុង​ភាសា​ហេព្រើរ ពាក្យ​នោះ​មាន​ន័យថា​ប្រោសប្រណី ឬ​សុច្ឆន្ទៈ​ដោយ​សេចក្ដី​អាណិតអាសូរ ។ ប្រហែល​ការពន្យល់​នេះ​គឺជា​មូលហេតុ​ដែល​ពួកគ្រីស្ទាន​តាំងពី​រាប់​សតវត្ស​មក បាន​ប្រើ​ពាក្យ ព្រះគុណ ដើម្បី​ពិពណ៌នា​ពី​ការប្រោសប្រណី សុច្ឆន្ទៈ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

ព្រះ​មាន​ព្រះទ័យ​ចង់​ជួយ​ដល់​យើង

ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​យល់​ថា ព្រះគុណ មាន​អត្ថន័យ​ច្រើន​ជាង​បុគ្គលិក​លក្ខណៈ​មួយ​នៃ​ព្រះ ។ ព្រះគុណ ក៏​ពិពណ៌នា​អំពី​របៀប​ដែល​ទ្រង់​ចូលរួម​ជាមួយនឹង​យើង នៅពេល​យើង​ពុះពារ​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ( សូម​មើល មរ៉ូណៃ ១០:៣២ ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ កាល​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ថា ព្រះគុណ គឺជា « ជំនួយ​ដ៏​ទេវភាព និង​អំណោយទាន​ពិសិដ្ឋ​នៃ​កម្លាំង ដោយ​តាម​កម្លាំង​ដដែល​នេះ យើង​អាច​រីកចម្រើន​ពី​បុគ្គល​ដែល​មាន​កំហុស និង​មាន​កម្រិត​ក្នុង​ពេល​នេះ ទៅ​ជា​បុគ្គល​ដែល​ត្រូវ​បាន​លើកតម្កើង » ។

នៅ​ក្នុង​ការសិក្សា​ដែល​បាន​រៀបរាប់​មុន​នេះ​ថា មនុស្ស​វ័យក្មេង​ដែល​បាន​យល់​ឃើញ​ថា ព្រះ និង​ព្រះគ្រីស្ទ​ត្រៀម​រួចរាល់ សព្វ​ព្រះទ័យ និង​អាច​ជួយ​ពួកគេ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​តិច​ជាង​អស់អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​ពឹង​លើ​​ខ្លួនឯង ។

ទ្រង់​ធ្វើការ​តាម​ស្ថានភាព​បច្ចុប្បន្ន​របស់យើង ។

មនុស្ស​ជាច្រើន​ណាស់​ដែល​មាន​អារម្មណ៍​ថា ជំនួយ​របស់​ព្រះ​គឺ​ពិបាក​ឈោង​ទៅរក​ណាស់ ដោយសារ​ពួកគេ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​ឡើយ ។ ការពិត​គឺថា ព្រះគុណ​គឺជា​អំណោយទាន​មួយ ។ ប្អូនៗ​ពុំ​ចាំបាច់​មាន លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​បាន​អំណោយទាន​មួយ​នោះទេ ។ ប្អូនៗ​គ្រាន់តែ​ត្រូវ​ជ្រើសរើស​ដើម្បី​ទទួល​បាន​វា​ប៉ុណ្ណោះ ។

នៅក្នុង​ការសិក្សា មាន​អ្នក​ដែល​ពុះពារ​ខាង​សុខភាព​ផ្លូវចិត្ត​តិច​នៅក្នុង​ចំណោម​អស់​អ្នក​ដែល​យល់ថា ព្រះ​ជួយ​យើង​គ្រប់ពេល មិនថា​យើង​នៅ​ទីណា និង​មិនថា​យើង​បាន​ធ្វើ​អ្វី​នោះទេ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « យើង​ពុំ​ចាំបាច់​ទទួល​បាន​សមត្ថភាព ឬ​សេចក្ដីល្អ​ក្នុង​កម្រិត​ទាបបំផុត ពីមុន​ពេល​ព្រះ​នឹង​ជួយ​នោះ​ទេ—ជំនួយ​ដ៏​ទេវភាព​អាចជា​របស់​យើង​នៅ​គ្រប់​ពេល​វេលា មិន​ថា​យើង​ នៅលើ​ចំនុចណា​នៃ​ផ្លូវ​នៃ​ការគោរព​ប្រតិបត្តិ​នោះទេ » ។

នៅឯ​ពិធី​បុណ្យសព​មិត្ត​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ទីបន្ទាល់​ដ៏​រឹងមាំ​នានា​ដែល​កើត​ចេញពី​សេចក្ដី​សង្ឈឹម និង​ការព្យាបាល ដែល​មាន​ចំពោះ​មនុស្ស​ទាំងអស់​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគ្រីស្ទ​គឺជា​ដំណោះស្រាយ​រាល់គ្រប់​បញ្ហា និង​ជា​ប្រភព​នៃ​អំណរ​ដ៏​ពិតប្រាកដ ។

កំណត់​ចំណាំ

  1. សូម​មើល ដានីយ៉ែល ខេ ជត ដបុលយូ ចាស្ទីន ដាយអ៊ើរ និង​ចាស្ទីន ប៊ី ថប់ « Grace, Legalism, and Mental Health: Examining Direct and Mediating Relationships, » Psychology of Religion and Spirituality វ៉ុល ១២ លេខ ១ ខែ កុម្ភៈ ឆ្នាំ ២០២០ ទំព័រ ២៦–៣៥ សូមមើល​ផងដែរ ដានីយ៉ែល ខេ ជត និង​ដបុលយូ ចាស្ទីន ដាយអ៊ើរ អំពី « Grace, Legalism, and Mental Health among the Latter-day Saints » BYU Studies វ៉ុល ៥៩ លេខ ១ ( ឆ្នាំ ២០២០ ) ទំព័រ ៥–២៣ ។

  2. ឌៀថើរ អេស្វ អុជដូហ្វ «The Gift of Grace » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៥ ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ) ។

  3. ឌី ថត គ្រីស្តូហ្វឺសិន សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៤EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៩ ) ។