« អំណាចដែលយើងហៅថាព្រះគុណ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
ជំនួយជីវិត
អំណាច ដែល យើងហៅថា ព្រះគុណ
ព្រះគុណរបស់ព្រះអាចជួយយើង មិនថាយើងជួបនឹងឧបសគ្គអ្វីនោះទេ ។
ខ្ញុំបានចូលរួមពិធីបុណ្យសពនៃអតីតសមាជិកវួដម្នាក់ដែលបានស្លាប់ដោយការធ្វើអត្តឃាត បន្ទាប់ពីពុះពារជាមួយនឹងជំងឺធ្លាក់ទឹកចិត្តជាយូរមកហើយ ។ ដួងចិត្តរបស់ខ្ញុំបានខ្ទេចខ្ទាំ នៅពេលដែលខ្ញុំបានកាន់ទុក្ខការបាត់បង់គាត់ជាមួយនឹងមិត្តភក្តិ និងគ្រួសាររបស់គាត់ ។
ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗទៀតអាចស្មុគស្មាញ និងពិបាកសម្រាប់អ្នកដែលត្រូវប្រឈមមុខនឹងវា និងសម្រាប់អស់អ្នកដែលស្រឡាញ់ពួកគេផងដែរ ។ សារដ៏ល្អនៃដំណឹងល្អគឺថា ព្រះគ្រីស្ទប្រទានសេចក្ដីសង្ឈឹម និងជំនួយតាមរយៈអំណោយទាននៃព្រះគុណរបស់ទ្រង់ ។
ការសិក្សាមួយដែលបានចូលរួមដោយ ពួកយុវមជ្ឈិមវ័យ ៦០០ នាក់នៅឯសាកលវិទ្យាល័យព្រិកហាំ យ៉ង់បានបង្ហាញថា អស់អ្នកដែលយល់ពីព្រះគុណនៃព្រះយេស៊ូវគ្រីស្ទមានជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ភាពសុក្រឹតនិយម និងភាពអាម៉ាស់ក្នុងកម្រិតទាប ។១ តើមនុស្សវ័យក្មេងទាំងនេះបានយល់ដឹងអំពីព្រះគុណដែលធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ពួកគេអ្វីខ្លះ ?
ព្រះស្រឡាញ់យើងដោយគ្មានទីបញ្ចប់ឡើយ
នៅក្នុងការសិក្សាមួយ មនុស្សមួយចំនួនបានជឿថា ព្រះ និងព្រះយេស៊ូវគ្រីស្ទនឹងស្រឡាញ់ ហើយជួយដល់ពួកគេ ទាល់តែពួកគេល្អឥតខ្ចោះជាមុនសិនប៉ុណ្ណោះ ។ មនុស្សទាំងនោះបានពុះពារច្រើនជាងអស់អ្នកដែលយល់ថា ព្រះ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេដោយគ្មានទីបញ្ចប់ឡើយ ហើយតែងតែនៅក្បែរពួកគេជានិច្ច ។
នៅក្នុងភាសាអង់គ្លេស ពាក្យ ព្រះគុណ មានអត្ថន័យច្រើនណាស់ ។ វាអាចមានន័យថា ភាពស្រស់ប្រណិត សន្ដានចិត្តល្អ ឬភាពគួរសម ។ ក្នុងភាសាហេព្រើរ ពាក្យនោះមានន័យថាប្រោសប្រណី ឬសុច្ឆន្ទៈដោយសេចក្ដីអាណិតអាសូរ ។ ប្រហែលការពន្យល់នេះគឺជាមូលហេតុដែលពួកគ្រីស្ទានតាំងពីរាប់សតវត្សមក បានប្រើពាក្យ ព្រះគុណ ដើម្បីពិពណ៌នាពីការប្រោសប្រណី សុច្ឆន្ទៈ និងសេចក្ដីស្រឡាញ់របស់ព្រះ ។
ព្រះមានព្រះទ័យចង់ជួយដល់យើង
ពួកបរិសុទ្ធថ្ងៃចុងក្រោយយល់ថា ព្រះគុណ មានអត្ថន័យច្រើនជាងបុគ្គលិកលក្ខណៈមួយនៃព្រះ ។ ព្រះគុណ ក៏ពិពណ៌នាអំពីរបៀបដែលទ្រង់ចូលរួមជាមួយនឹងយើង នៅពេលយើងពុះពារដើម្បីក្លាយដូចជាទ្រង់ ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ កាលជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានពន្យល់ថា ព្រះគុណ គឺជា « ជំនួយដ៏ទេវភាព និងអំណោយទានពិសិដ្ឋនៃកម្លាំង ដោយតាមកម្លាំងដដែលនេះ យើងអាចរីកចម្រើនពីបុគ្គលដែលមានកំហុស និងមានកម្រិតក្នុងពេលនេះ ទៅជាបុគ្គលដែលត្រូវបានលើកតម្កើង » ។២
នៅក្នុងការសិក្សាដែលបានរៀបរាប់មុននេះថា មនុស្សវ័យក្មេងដែលបានយល់ឃើញថា ព្រះ និងព្រះគ្រីស្ទត្រៀមរួចរាល់ សព្វព្រះទ័យ និងអាចជួយពួកគេ មានបញ្ហាសុខភាពផ្លូវចិត្តតិចជាងអស់អ្នកដែលមានអារម្មណ៍ថា ពួកគេត្រូវពឹងលើខ្លួនឯង ។
ទ្រង់ធ្វើការតាមស្ថានភាពបច្ចុប្បន្នរបស់យើង ។
មនុស្សជាច្រើនណាស់ដែលមានអារម្មណ៍ថា ជំនួយរបស់ព្រះគឺពិបាកឈោងទៅរកណាស់ ដោយសារពួកគេមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ ។ ការពិតគឺថា ព្រះគុណគឺជាអំណោយទានមួយ ។ ប្អូនៗពុំចាំបាច់មាន លក្ខណៈគ្រប់គ្រាន់ ដើម្បីបានអំណោយទានមួយនោះទេ ។ ប្អូនៗគ្រាន់តែត្រូវជ្រើសរើសដើម្បីទទួលបានវាប៉ុណ្ណោះ ។
នៅក្នុងការសិក្សា មានអ្នកដែលពុះពារខាងសុខភាពផ្លូវចិត្តតិចនៅក្នុងចំណោមអស់អ្នកដែលយល់ថា ព្រះជួយយើងគ្រប់ពេល មិនថាយើងនៅទីណា និងមិនថាយើងបានធ្វើអ្វីនោះទេ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « យើងពុំចាំបាច់ទទួលបានសមត្ថភាព ឬសេចក្ដីល្អក្នុងកម្រិតទាបបំផុត ពីមុនពេលព្រះនឹងជួយនោះទេ—ជំនួយដ៏ទេវភាពអាចជារបស់យើងនៅគ្រប់ពេលវេលា មិនថាយើង នៅលើចំនុចណានៃផ្លូវនៃការគោរពប្រតិបត្តិនោះទេ » ។៣
នៅឯពិធីបុណ្យសពមិត្តរបស់ខ្ញុំ ខ្ញុំមានអំណរគុណសម្រាប់ទីបន្ទាល់ដ៏រឹងមាំនានាដែលកើតចេញពីសេចក្ដីសង្ឈឹម និងការព្យាបាល ដែលមានចំពោះមនុស្សទាំងអស់តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគ្រីស្ទគឺជាដំណោះស្រាយរាល់គ្រប់បញ្ហា និងជាប្រភពនៃអំណរដ៏ពិតប្រាកដ ។