« អំណាចដ៏អស្ចារ្យនៃការដឹងគុណ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
អំណាចដ៏អស្ចារ្យនៃ ការដឹងគុណ
ការដឹងគុណមិនត្រឹមតែល្អប៉ុណ្ណោះទេ—តែវាអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែង ៖ « ការរាប់ពរជ័យរបស់យើងគឺប្រសើរជាងការរាប់បញ្ហារបស់យើងឆ្ងាយណាស់ ។… [ ការដឹងគុណ ]ផ្តល់ឲ្យយើងនូវទស្សនវិស័យមួយកាន់តែធំអំពីគោលបំណង និងអំណរនៃជីវិត » ។១
វាជាការពិត ! ការមានអំណរគុណនាំមកនូវពរជ័យជាច្រើន ។ ការដឹងគុណអាចជួយអ្នកឲ្យរីករាយជាងមុន និងមានសុខភាពល្អជាងមុន អាចជួយអ្នកឲ្យគេងលក់ស្រួលជាងមុន ជួយពង្រឹងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ហើយជួយអ្នកឲ្យកាន់តែមានសុទិដ្ឋិនិយម និងមានចិត្តអាណិតអាសូរចំពោះអ្នកដទៃទៀតផងដែរ ។ អ្នកកាន់តែមានការដឹងគុណខ្លាំងប៉ុណ្ណា នោះអ្នកកាន់តែអាចដោះស្រាយបញ្ហាជីវិតបានកាន់តែល្អប៉ុណ្ណោះដែរ ។ ទីបំផុត ការមានការដឹងគុណអាចនាំអ្នកឲ្យខិតទៅជិតព្រះ ដែលជាអង្គប្រទាននូវគ្រប់អស់ទាំងសេចក្ដីល្អ ( សូមមើល យ៉ាកុប ១:១៧ ) ។
ចំពោះ អេសស្ទើរ ខារនែរ៉ូផនស៊ីយ៉ាណូ ដែលមកពីប្រទេសប្រេស៊ីលវិញ បានសរសេរបញ្ជីមួយអំពីអ្វីដែលនាងមានអំណរគុណ ដើម្បីធ្វើឲ្យនាងរីករាយ ហើយជួយនាងឲ្យមាននូវភាពរឹងមាំ និងភាពក្លាហាននៅក្នុងគ្រាលំបាកទាំងឡាយ ។
បញ្ជីនៃការដឹងគុណរបស់អេសស្ទើរ
១ ដំណឹងល្អ
នៅពេលខ្ញុំសិក្សាព្រះគម្ពីរ អធិស្ឋានជារៀងរាល់ថ្ងៃ ចូលរួមថ្នាក់សិក្ខាសាលា និងចូលរួមព្រះវិហារ ខ្ញុំមានអារម្មណ៍បំផុសគំនិតដើម្បីព្យាយាមឲ្យកាន់តែល្អឡើង ។ ដំណឹងល្អនាំមកនូវសេចក្ដីសង្ឃឹមថា ថ្ងៃល្អនឹងមកដល់ ។ វាពិតជាផ្ដល់នូវសុភមង្គលដ៏អស់កល្ប ។
២ គ្រួសាររបស់ខ្ញុំ
គ្រួសាររបស់ខ្ញុំមានគ្នាប្រាំមួយនាក់ ដូច្នេះផ្ទះរបស់យើងពេញដោយមនុស្សជានិច្ច ! យើងចំណាយពេលលេងល្បែងក្ដារជាមួយគ្នា ដើរលេងខាងក្រៅ ធ្វើម្ហូប និងសិក្សា ចូរមកតាមខ្ញុំ ជាមួយគ្នា ។ គ្រួសាររបស់ខ្ញុំគឺជាទីដ៏សុខសាន្ដរបស់ខ្ញុំ ។ ខ្ញុំអាចធ្វើជាខ្លួនរបស់ខ្ញុំនៅពេលនៅជាមួយនឹងពួកគេ ។ ពួកយើងមិនល្អឥតខ្ចោះទេ ប៉ុន្ដែពួកយើងរីករាយណាស់ ។ ខ្ញុំមានអំណរគុណដែលមានមនុស្សអាចទុកចិត្តបានជានិច្ច ។
៣ មិត្តភក្ដិ
សូម្បីតែជំងឺរាតត្បាតក៏មិនអាចបំបែកមិត្តភាពពិតប្រាកដរបស់ខ្ញុំបានដែរ ។ ពេលយើងមិនអាចជួបគ្នាផ្ទាល់ យើងនៅតែរកឃើញមធ្យោបាយ ដើម្បីជួបមុខគ្នាបានដដែល ។ ពួកយើងចូលចិត្តសើច និងច្រៀងជាមួយគ្នាណាស់ ។ ខ្ញុំចូលចិត្តចំណាយពេលជាមួយមិត្តភក្តិរបស់ខ្ញុំណាស់ ។ ខ្ញុំមានអំណរគុណសម្រាប់ពួកគេម្នាក់ៗ ។
៤ លំហាត់ប្រាណ
មួយរយៈកន្លងមក ការហាត់កីឡាមិនមាននៅលើបញ្ជីនៃការដឹងគុណរបស់ខ្ញុំទេ ។ ខ្ញុំអត់ចូលចិត្តហាត់កីឡាទេ ។ បន្ទាប់មក ខ្ញុំបានសាកជិះកង់ ហើយឃើញថា ខ្ញុំចូលចិត្តណាស់ ! នៅពេលខ្ញុំជិះកង់របស់ខ្ញុំ ខ្ញុំមានអារម្មណ៍រីករាយ ។ ខ្ញុំមានអារម្មណ៍ថា ពិភពលោកជុំវិញខ្ញុំ គឺជាកន្លែងដ៏ស្រស់ស្អាតមួយ ។ វាផ្ដល់ឱកាសឲ្យខ្ញុំគិត គយគន់មើលធម្មជាតិ និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ នៅពេលខ្ញុំបារម្ភ ឬកើតទុក្ខ វាជួយរំងាប់ចិត្តខ្ញុំ ។ នៅពេលខ្ញុំកំពុងជិះកង់ ខ្ញុំអាចឃើញរាប់ពាន់មូលហេតុដើម្បីរីករាយ និងមានអំណរគុណ ។
៥ តន្ត្រី
តន្ត្រីនាំមកនូវសុភមង្គលយ៉ាងខ្លាំងចំពោះខ្ញុំ ។ ពិភពលោកទាំងមូលរបស់ខ្ញុំ មិនអាចអត់តន្ត្រីបាន ។ ខ្ញុំចូលចិត្តច្រៀង និងស្ដាប់តន្រ្តីតាំងពីខ្ញុំនៅក្មេងមកម៉្លេះ ។ តន្រ្តីមានអំណាចដើម្បីលើកស្ទួយយើង ហើយវាអាចធ្វើឲ្យយើងមានអារម្មណ៍សន្តិភាពផងដែរ ។ ខ្ញុំពិតជាចូលចិត្តស្ដាប់តន្រ្តីយុវវ័យមកពីសាសនាចក្រណាស់ ។
ការដឹងគុណនាំមកនូវអំណរដ៏ពិតប្រាកដ
នៅពេលខ្ញុំមើលទៅជីវិតរបស់ខ្ញុំដោយកែវភ្នែកនៃការដឹងគុណ ខ្ញុំឃើញវត្តមានរបស់ព្រះអម្ចាស់នៅគ្រប់ពេលក្នុងជីវិតរបស់ខ្ញុំ ទោះបីជាមានរឿងពិបាកប៉ុណ្ណាក៏ដោយ ។ ខ្ញុំយល់ថា កិច្ចការដ៏សាមញ្ញអាចនាំសុភមង្គលដ៏អស្ចារ្យបំផុតមកដល់យើងបាន ។ នៅពេលអ្នកក្រឡេកមើលជុំវិញខ្លួន ហើយឃើញអ្វីដែលពិតជាការសំខាន់ នោះអ្នកក៏អាចរកឃើញនូវភាពរីករាយពិតប្រាកដផងដែរ ។
តើអ្នកមានអំណរគុណចំពោះអ្វីខ្លះ ?
រឿងដែលអស់សំណើចអំពីការធ្វើបញ្ជីនៃការដឹងគុណមួយ គឺថា នៅពេលដែលអ្នកចាប់ផ្ដើមធ្វើហើយ វាពិបាកដើម្បីឈប់ណាស់ ។ សូមសាកល្បងធ្វើវា ! សូមចំណាយពេលមួយភ្លែតដើម្បីសរសេរបញ្ជីការដឹងគុណរផ្ទាល់ខ្លួនរបស់អ្នក ។ សូមគិតអំពីរបៀបដែលអ្នកអាចបង្ហាញនូវការដឹងគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងអ្នកដទៃសម្រាប់អំណោយទានទាំងនេះ ។ អ្នកនឹងឃើញថា កាលណាអ្នកសរសេរកាន់តែច្រើន នោះអ្នកកាន់តែនឹកឃើញរឿងដែលត្រូវមានអំណរគុណកាន់តែច្រើនផងដែរ !