« ខ្ញុំដឹងថាខ្ញុំនឹងជួបគាត់ម្ដងទៀត » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
បាវចនា និង ខ្ញុំ
យុវវ័យចែកចាយពីរបៀបដែលពួកគេកំពុងរស់នៅតាមពាក្យពេចន៍នៃបាវចនារបស់ក្រុមយុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន
ខ្ញុំ ដឹងថា ខ្ញុំនឹង ជួប គាត់ម្ដងទៀត
« ខ្ញុំនឹងសមដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ និងអំណរដ៏ឋិតថេរនៃដំណឹងល្អ » ។
ខ្ញុំជឿថាព្រះប្រទានដល់យើងនូវក្រុមគ្រួសារ ដើម្បីយើងអាចជួយពង្រឹង និងគាំទ្រគ្នាទៅវិញទៅមក ។ ព្រះអម្ចាស់ក៏ប្រទានដល់យើងនូវក្រុមគ្រួសារ ដើម្បីកុំឲ្យយើងនៅឯកោផងដែរ ។ ប៉ុន្ដែនៅពេលដែលប៉ារបស់ខ្ញុំបានទទួលមរណភាពទៅ ខ្ញុំមានអារម្មណ៍ឯកោណាស់ ។ ប៉ានិងខ្ញុំស្និទ្ធស្នាលគ្នាខ្លាំងណាស់ ហើយខ្ញុំបានបាត់បង់គំរូដ៏ឥតឈប់ឈររបស់គាត់ ។ ខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំអាចធ្វើបានគឺមានតែយំប៉ុណ្ណោះ ។
ប៉ុន្ដែនៅយប់មួយ ខ្ញុំបានសម្រេចចិត្តអធិស្ឋាន ។ នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបានប្រាប់ខ្ញុំថា ខ្ញុំមិននៅឯកោនោះទេ ។ ខ្ញុំដឹងពីផែនការនៃសេចក្តីសង្រ្គោះ ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងអាចជួបប៉ារបស់ខ្ញុំម្តងទៀត ។ ការយល់ដឹងដែលថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តន៍ គឺសំខាន់ណាស់ចំពោះខ្ញុំ ។ ហើយខ្ញុំដឹងថា យើងអាចក្លាយជាគ្រួសារដ៏អស់កល្បមួយ ដោយសារប៉ាម៉ាក់របស់ខ្ញុំបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធរួចហើយ ។
នៅពេលខ្ញុំគ្រប់អាយុ ១២ ឆ្នាំ ខ្ញុំបានរៀបផែនការដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនជាលើកដំបូង ។ ប៉ុន្ដែព្រះវិហារបរិសុទ្ធបានបិទដោយសារជំងឺរាតត្បាត ។ ខ្ញុំពិតជាទន្ទឹងរង់ចាំដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធជាលើកដំបូង ដើម្បីទទួលអារម្មណ៍នៃសេចក្ដីអំណរនៅទីនោះណាស់ ។
នៅពេលបងប្រុសរបស់ខ្ញុំបានផ្សារភ្ជាប់នឹងភរិយារបស់គាត់ ខ្ញុំបាននៅខាងក្រៅព្រះវិហារបរិសុទ្ធ ។ ប៉ុន្តែទោះបីជានៅខាងក្រៅក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ល្អណាស់នៅក្នុងដួងចិត្តរបស់ខ្ញុំ ។ ដូច្នេះខ្ញុំអាចស្រមៃថា តើពេលបានចូលទៅខាងក្នុងមានអារម្មណ៍បែបណាទៅ ។ គ្រួសាររបស់ខ្ញុំបានប្រាប់ខ្ញុំថា ព្រះវិហារបរិសុទ្ធគឺជាកន្លែងដែលយើងអាចរីករាយនៅក្នុងផែនការដ៏ឥតខ្ចោះ ដែលព្រះបានរៀបចំសម្រាប់យើង ។
ខ្ញុំក៏បានរៀនមកពីការបង្រៀនរបស់ព្យាការីទាំងឡាយថា ខ្ញុំអាចចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ រាល់សេចក្ដីសញ្ញាដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ គឺសំខាន់ចាំបាច់ណាស់ ។ ខ្ញុំបានទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយខ្ញុំចង់ប្រើវាខ្លាំងណាស់ ។ ហើយខ្ញុំដឹងថា ថ្ងៃណាមួយនៅពេលខ្ញុំបានផ្សារភ្ជាប់ជាមួយអនាគតភរិយារបស់ខ្ញុំ នោះខ្ញុំនឹងអាចមានគ្រួសារដ៏អស់កល្បផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ ។
អ្នកនិពន្ធរស់នៅក្នុងទីក្រុងគុយលីកាន ប្រទេសម៉ិកស៊ិក ។